ព្រះសង្ឃដែលមានសង្ឃដីកាឥតសំចៃមួយអង្គដែលត្រូវបានទុកពេល៤៨ម៉ោងឲ្យនិមន្តចេញពីវត្តមួយក្នុងរាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍នោះ ត្រូវបានអនុញ្ញាតឲ្យគង់នៅវិញ ប៉ុន្តែត្រូវបានដកតួនាទីជាមេកុដិ។
យោងតាមព្រះតេជគុណ ងិន ឃីម ព្រះចៅអធិការវត្តបានឲ្យដឹងថា ព្រះតេជគុណ កែវ សុម៉ាលី ព្រះជន្ម៣៤វស្សា ជាសមាជិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមត្រូវបានបង្គាប់ឲ្យនិមន្តចេញនៅពាក់កណ្ដាលយប់ថ្ងៃសៅរ៍ ដែលតាមចោទថា បានដាល់និងធាក់ព្រះសង្ឃ ឡុង ឆេងហ៊ី ព្រះជន្ម២៩វស្សា។
ព្រះតេជគុណ កែវ សុម៉ាលី អះអាងថា ព្រះអង្គមិនបានវាយព្រះតេជគុណ ឡុង ឆេងហ៊ី ទេ ហើយបានចោទព្រះគ្រូចៅអធិការថា បានប្រើប្រាស់ការវាយនេះជាលេសដើម្បីដាក់ទោសព្រះអង្គចំពោះការសាកសួរពីការដឹនាំរបស់ព្រះតេជគុណ ងិន ឃីម និងការចូលរួមនៅក្នុងការតវ៉ានៅខាងក្រៅវត្ត។
ព្រះតេជគុណ កែវ សុម៉ាលី ដែលត្រូវបានអនុញ្ញាតឲ្យគង់នៅវត្តនាគវ័ន្តវិញ បន្ទាប់ពីជួបប្រជុំជាមួយព្រះតេជគុណ ងិន ឃីម កាលពីថ្ងៃសៅរ៍ ហើយបានសូមខមាទោសចំពោះអធិករណ៍កន្លងមកនោះបានមានសង្ឃដីកាថា “ព្រះគ្រូចៅអធិការបានព្រមានអាត្មាប្រាំប្រាំមួយដងមកហើយកុំឲ្យចូលរួមធ្វើការតវ៉ា”។
ព្រះអង្គបានមានសង្ឃដីកាថា “អាត្មាបានសូមខមាទោស ប៉ុន្តែមិនមែនមានន័យថា អាត្មាបានធ្វើខុសឡើយ។ អាត្មាសូមខមាទោសព្រះគ្រូចៅអធិការចំពោះការប្រើពាក្យសម្ដីមិនសមរម្យ ដែលអាត្មាធ្លាប់បានធ្វើលើសលោះមកលើព្រះអង្គពីមុនមក”។
យោងតាមព្រះតេជគុណ កែវ សុម៉ាលី បានឲ្យដឹងថា ព្រះអង្គត្រូវបានព្រះតេជគុណ ងិន ឃីម ហៅមកជួបកាលពីថ្ងៃព្រហស្បតិ៍ឲ្យពន្យល់ពីការសម្រេចបណ្ដេញព្រះតេជគុណ ឡុង ឆេងហ៊ី ចេញពីកុដិដែលព្រះអង្គគ្រប់គ្រង។
ព្រះអង្គបានមានសង្ឃដីកាថា នៅពេលនោះព្រះតេជគុណ ឡុង ឆេងហ៊ី បានបង្ហាញខ្លួននៅកន្លែងប្រជុំនោះជាមួយនិស្សិតម្នាក់ដែលបានចាប់ផ្ដើមយក iPad ថតយកការសន្ទនានោះ ព្រះអង្គមានកំហឹង ហើយបានប្រាប់និស្សិតរូបនោះឲ្យយក iPad នោះចេញ។ ព្រះតេជគុណ កែវ សុម៉ាលី បានមានសង្ឃដីកាថា នៅពេលព្រះអង្គទៅជិតនិស្សិតរូបនោះ ព្រះតេជគុណ ឡុង ឆេងហ៊ី បានវាយព្រះអង្គ ហើយពេលនោះបានបុកព្រះកេសជាមួយ iPad នោះ។
ព្រះតេជគុណ ស៊ឹម សន គ្រូសូត្រឆ្វេងបានមានសង្ឃដីកាថា ការដាក់វិធានការវិន័យលើព្រះតេជគុណ កែវ សុម៉ាលី មិនទាក់ទងនឹងសកម្មភាពសង្គមរបស់ព្រះអង្គទេ។
ព្រះអង្គបានមានសង្ឃដីកាថា “យើងបានដកតួនាទីព្រះអង្គជាមេកុដិចេញ ពីព្រោះព្រះអង្គមិនមានសាមគ្គីភាពជាមួយព្រះសង្ឃដទៃទៀត” ដោយព្រះអង្គបញ្ជាក់ថា ព្រះតេជគុណ កែវ សុមា៉ាលី ត្រូវបានអនុញ្ញាតឲ្យគង់នៅវត្តនេះ ដោយសារការសូមខមាទោសរយៈពេល១១ម៉ោង។ ព្រះគ្រូចៅអធិការ ងិន ឃីម មិនអាចទាក់បានទេ៕ សារុន