ប័ណ្ណសារ

CPP ​​លើក​ឡើង​ថា ការ​​ហាម​មិន​ឲ្យ​អ្នក​មាន​សញ្ជាតិ​ពីរ​ធ្វើ​ជា​សមាជិក​ ​​គ.ជ.ប. ​មិន​មែន​មាន​គោល​ដៅលើ​លោកស្រី ពុង ឈីវកេក ​ទេ​

By

November 18, 2014

លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បាន​លើក​ឡើង​​កាលពី​ម្សិលមិញ​ថា ការ​ទាម​ទារ​របស់គណបក្ស​ប្រជា​ជន​កម្ពុជា​​​ឲ្យ​មាន​ការ​រារាំង​​អ្នក​​មាន​សញ្ជាតិ​ពីរ​មិន​ឲ្យ​​ឈរ​ឈ្មោះ​ជា​សមាជិក​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​​ ដែល​ត្រូវ​បាន​ធ្វើ​កំណែទម្រង់​​ គឺ​មិន​មែន​មាន​បំណង​រារាំង​លោកស្រី ពុង ឈីវកេក ប្រធាន​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​មិន​ឲ្យ​ក្លាយជា​សមាជិក​ទី៩​ “អព្យាក្រឹត” ​នៃ​ស្ថាប័ន​ថ្មី​នេះនោះ​ទេ​។

អ្នកស្រី មាជ ជេមី​ ភរិយារបស់លោក មាជ សុវណ្ណរ៉ា ផ្តល់បទសម្ភាស​នៅ​ឯពន្ធនាគារ​ព្រៃស​កាលពីម្សិលមិញ។ ស៊ីវ ចាន់ណា​

លោក សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​​កាលពី​ថ្ងៃទី​២២ ខែ​កក្កដា ដែល​​ធ្វើ​ឲ្យ​សមាជិក​សភា​ចំនួន​៥៥​រូប​របស់​គណបក្ស​ប្រឆាំង​បញ្ចប់​ការ​ធ្វើ​ពហិការ​មិន​ចូល​សភា​របស់​ខ្លួន​ជា​ថ្នូរ​នឹង​ការ​​រៀបចំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.) ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា​ឡើង​វិញ​។

យោង​តាម​​កិច្ច​ព្រមព្រៀង​នេះ​ គណបក្ស​នីមួយៗ​នឹង​មាន​សិទ្ធិ​ជ្រើស​​រើស​សមាជិក​ចំនួន​បួន​រូប​​​របស់​ខ្លួន​ធ្វើ​ជា​សមាជិក​ គ.ជ.ប. ដោយ​សមាជិក​ទី​៩​ត្រូវ​ជ្រើសរើស​ដោយ​គណបក្ស​ទាំង​ពីរ​។ លោកស្រី ពុង ឈីវកេក ​ត្រូវ​បាន​គេ​យល់​ព្រម​ឲ្យ​ទទួល​តំណែង​​ជា​សមាជិក​ទី៩​នេះ​កាលពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទទួល​អាសនៈ​របស់​ខ្លួននៅ​សប្ដាហ៍​បន្ទាប់​។

កិច្ច​ពិភាក្សា​លើក​ក្រោយៗ​ដើម្បី​ធ្វើ​សេចក្ដី​ព្រាងច្បាប់​​សម្រាប់​ស្ថាប័ន​ថ្មី​បាន​ជាប់​គាំង​​ចាប់​តាំង​ពី​ដើម​ខែ​តុលាមក​ម្លេ៉ះ ដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា​ឥឡូវ​នេះ​ទាម​ទារ​ឲ្យ​សមាជិក​ គ.ជ.ប.​ មិន​ត្រូវ​កាន់​លិខិត​​ឆ្លង​ដែន​បរទេស​​។ លោកស្រី ពុង ឈីវកេក​ មាន​សញ្ជាតិ​បារំាំង​ផង និង​កាណាដា​ផង​។

លោក ប៊ិន ឈិន ដែល​​ដឹកនាំ​មន្ត្រី​​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​នៅ​ក្នុង​ការ​ចរចា​ស្ដីពី​កំណែទម្រង់​ការ​បោះ​ឆ្នោត​ បាន​មាន​ប្រសាសន៍​ទាក់​ទិន​នឹង​ការ​ទាម​ទារ​របស់​គណបក្ស​លោក​ បន្ទាប់​ពីកិច្ច​ប្រជុំ​ប្រចាំ​សប្ដាហ៍កាលពី​ម្សិលមិញ​ថា ” វា​មិន​មែន​មាន​គោល​ដៅ​លើ​បុគ្គល​ណាមួយ​នោះ​ទេ​។ សេចក្ដី​ព្រាង​ច្បាប់​នេះ ​​យើង​ធ្វើ​ឡើង​ជាទូទៅ​។ យើង​មិន​មែន​​ធ្វើ​ឡើង​ដើម្បី​មាន​គោលដៅ​លើ​អ្នក​នេះ​ឬអ្នក​នោះ​ឡើយ​។ ហេតុដូច្នេះ​ សូម​​​បញ្ជាក់​ឲ្យ​ច្បាស់​ថា វា​មិន​មែន​មាន​គោលដៅ​ដូច្នេះ​ទេ”។

លោក ប៊ិន ឈិន បាន​លើក​ឡើង​ថា គណបក្ស​កាន់​អំណាច​នៅ​តែ​គាំទ្រ​លោកស្រី ពុង ឈីវកេក ជា​បេក្ខភាព​ទី៩នៃ​ គ.ជ.ប.ថ្មី​ដដែល​។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “យើង​​​គាំទ្រ​ [លោកស្រី] ប៉ុន្តែ​យើង​មិន​ដឹង​ថា គាត់​មាន​សញ្ជាតិ​ពីរ​ ឬយ៉ាង​មេ៉ច​នោះ​ទេ​។ កុំធ្វើ​ការ​សន្និដ្ឋាន​អំពី​បញ្ហា​នេះ​។ វា​គឺ​ជា​ការ​វាយ​តម្លៃ​ខុស​ យើង​​បាន​ធ្វើ [​សេចក្ដី​ព្រាង] ដោយ​​គ្មាន​គោលដៅ​ទៅលើអ្នក​នេះ​ឬ​អ្នក​នោះ​ឡើយ​។ សូម​កុំយល់​ច្រឡំ”។

លោក​បាន​ពន្យល់​ទៀត​ថា ” យើង​​ចង់​បាន​អ្នក​ណា​ដែល​មាន​សញ្ជាតិ​មួយ​ ព្រោះ​​ពួកគេ​អាច​បញ្ជាក់​បាន​ថា ខ្លួន​ជាពល​រដ្ឋ​ខ្មែរ​ ហើយពួកគេ​អាច​ធ្វើ​ការ​ដោយ​គ្មាន​ទំនាក់​ទំនង​ទៅ​នឹង​តំបន់​ផ្សេងៗ​។ យើង​ចង់​ឲ្យ​ពួកគេ​មាន​អព្យាក្រឹត្យ ព្រោះ​ថា យើង​មិន​ចង់​ឮពាក្យ​ថា មាន​ឥទ្ធិពល​ពី​ខាង​ក្រៅ​​ណាមួយ​ឡើយ​”។

លោក​បាន​បន្ថែម​ថា លោកស្រី ពុង ឈីវកេក ​នៅ​តែ​មាន​ជម្រើស​​បោះ​បង់​ចោល​លិខិត​ឆ្លង​ដែន​បរទេស​របស់​លោកស្រី​​ប្រសិន​បើ​ចាំបាច់​។ លោក​បាន​មាន​ប្រសាសន៍​​បន្ត​ទៀត​ថា “យើង​​គ្រាន់​តែ​សន្និដ្ឋាន​ថា គាត់​​នឹង​ធ្វើ​​ដូច្នេះ​តែ​ប៉ុណ្ណោះ។ ជួន​កាល​គេ​អាច​បោះ​បង់​​វា​បាន​ យើង​មិន​ដឹង​នោះ​ទេ”។

លោក គួយ ប៊ុនរឿន ​​មន្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ដឹកនាំ​គណបក្ស​ប្រឆំាំង​នៅ​ក្នុង​​ការ​ចរចា​ស្ដីពី​កំណែ​​​ទម្រង់​ស្ដីពី​កំណែទម្រង់​ការ​បោះ​ឆ្នោត​នេះ​បាន​លើក​ឡើង​ថា គណ​បក្ស​របស់​លោក​​នឹង​មិន​​​​ដក​ការ​ច្រាន​ចោល​​របស់​ខ្លួន​ចំពោះ​​ការ​​ទាមទារ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​នេះ​​វិញ​ឡើយ។

លោក​​​បាន​មាន​ប្រសាសន៍​បន្ទាប់ពី​កិច្ចប្រជុំ​កាលពី​ម្សិលមិញ​ថា “យើង​ចង់​ឲ្យ​មាន​ការ​បើក​ចំហ​ច្រើន​ជាង​មុន។ យើង​ដឹង​ថា ​ដោយ​សារ​តែ​កាលៈទេសៈ​ អ្នក​ខ្លះត្រូវ​​បង្ខំ​ចិត្ត​​ទទួល​យក​​ [លិខិត​ឆ្លង​ដែន​បរទេស​]។ ទី២​នោះ ​យើង​ចង់​ឲ្យអ្នក​ដែល​រស់​នៅ​ក្រៅ​ប្រទេស​ និង​អ្នក​កាន់​សញ្ជាតិ​ផ្សេងៗ​​​ ដែល​​មាន​បទ​ពិសោធន៍ និង​ចំណេះ​ដឹង​មក​បម្រើ​ការ​នៅ​ទីនេះ”។

យោង​តាម​កិច្ច​ព្រមព្រៀង​កាលពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ប្រសិន​បើ​គណបក្ស​ទាំង​ពីរ​​មិន​អាច​ឈាន​ទៅ​រក​កិច្ច​ព្រមព្រៀង​មួយ​ដើម្បី​បង្កើត​ គ.ជ.ប. ដែល​ត្រូវ​បាន​ធ្វើ​កំណែទម្រង់​​នោះ​ទេ គ.ជ.ប. ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា​ក្នុងពេល​បច្ចុប្បន្ន​នឹង​បន្ត​រៀបចំ​ការ​បោះ​ឆ្នោត​បន្ត​ទៀត​។

កាលពី​ថ្ងៃ​សុក្រ លោកស្រី ពុង ឈីវកេក ​បាន​បដិសេធ​មិនធ្វើ​អត្ថាធិប្បាយ​ឡើយ​នៅ​ពេល​ត្រូវ​បាន​សួរ​ថា តើ​​លោកស្រី​នឹង​ពិចារណា​​បោះ​បង់​​លិខិត​ឆ្លង​ដែន​បរទេស​របស់​លោក​ស្រី​​ឬយ៉ាង​ណា​ ប្រសិន​បើ​​វា​តម្រូវ​ឲ្យ​លោកស្រី​ត្រូវ​ធ្វើ​ដូច្នេះ​​ដើម្បី​ចូល​រួម​ជាមួយ​ គ.ជ.ប.នោះ​។ លោកស្រី​បាន​មាន​ប្រសាសន៍​តាម​រយៈ​អុីម៉េល​មួយ​ថា “វា​​នៅ​តែ​លឿន​ពេក​ក្នុង​ការ​ធ្វើ​អត្ថាធិប្បាយ​នៅ​ពេល​នេះ”។

កាលពី​សប្ដាហ៍​មុន​លោក មាជ សុវណ្ណរ៉ា មន្ត្រី​គណបក្ស​ប្រឆាំង​ដ៏លេច​ធ្លោ​​មួយ​រូប​ត្រូវ​បាន​ចាប់​ខ្លួន​​អំឡុង​ពេល​ព្រឹក​​បន្ទាប់ពី​ការ​ចរចា​ស្ដីពី​កំណែទម្រង់​ការ​បោះ​ឆ្នោត​ជុំចុង​ក្រោយ​បាន​បរាជ័យ​ ដោយ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​​​បាន​បញ្ជូន​លោក​​ទៅ​​ពន្ធនាគារ​​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​​ធ្វើ​ “​កុបកម្ម” ដែល​អូស​បន្លាយ​អស់រយៈ​ពេល​៤​ខែ​​។

មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​បាន​អះអាង​ថា ​ការ​បញ្ជូន​លោក​ទៅ​​ពន្ធនាគារ​នេះ​ គឺ​ជា​ផែន​ការ​មួយ​ដើម្បី​បង្ខំ​ឲ្យ​ខ្លួន​ព្រមធ្វើ​តាម​ការ​ទាម​ទារ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ ប៉ុន្តែ​​ភរិយា​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​រូប​នេះ​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា គណបក្ស​មិន​គួរ​​យល់​ព្រម​ធ្វើ​តាម​នោះ​ទេ។ ​

អ្នកស្រី មាជ ជេមី ​ដែល​រស់​នៅ​ក្នុង​សហរដ្ឋអាមេរិក​បាន​ប្រាប់​​ក្រុម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​​បន្ទាប់ពី​ទៅ​សួរ​សុខទុក្ខ​​លោក មាជ សុវណ្ណរ៉ា ​​នៅ​ពន្ធនាគារ​ព្រៃស​ថា “ប្រសិន​បើ​ការ​ជាប់​ពន្ធនាគារ​របស់​គ្រួសារ​ខ្ញុំ​គឺ​ជា​ថ្នូរ​នឹង​ឯករាជ្យ​ភាព​នៃ​ គ.ជ.ប.នោះ អ៊ីចឹង​ខ្ញុំ​​​សុខចិត្ត​ឲ្យ​គ្រួសារ​របស់​ខ្ញុំ​ជាប់​ពន្ធនាគារ​។ ខ្ញុំ​​លះបង់​អ្វីៗ​ទាំង​អស់​​​”។

អ្នកស្រី​ មាជ ជេមី បាន​និយាយ​តាមទូរស័ព្ទ​ថា ស្វាមី​ដែល​កំពុង​ជាប់​ពន្ធនាគារ​របស់​អ្នកស្រី​ និង​ដែល​ក៏​ជា​ពល​រដ្ឋ​អាមេរិក​មួយ​រូប​ដែរ​នោះ​បាន​ប្រាប់​អ្នកស្រី​​​​ថា កុំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​សម្បទាន​​នៅ​ក្នុង​ការ​ចរចា​​ស្ដីពី​កំណែទម្រង់​ គ.ជ.ប. ​ដើម្បី​​ជា​ថ្នូរ​នឹង​​ការ​ដោះ​លែង​ឲ្យ​សោះ។

អ្នកស្រី​ មាជ ជេមី បាន​និយាយ​ទៀត​ថា “គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​នឹង​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​​ប្រើ​ប្រាស់​គាត់​ជា​ចំណាប់​ខ្មាំង​នយោបាយ​​ជា​ថ្នូរ​នឹង​អ្វី​ ដែល​​​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​​ដល់​ គ.ជ.ប.ថ្មី​ ឬ​​ដើម្បី​​​​បញ្ហា​​នយោបាយ​ផ្សេង​ណាមួយ​នោះ​ឡើយ​”។

លោក Jay Raman អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​​​បាន​លើក​ឡើង​ថា មន្ត្រី​ស្ថានទូត​បាន​ទៅ​សួរ​សុខ​ទុក្ខ​លោក​ សុវណ្ណរ៉ា នៅ​ពន្ធនាគារ​កាលពី​សប្ដាហ៍​មុន ហើយ​បាន​ផ្ដល់​ជំនួយ​​​ជា​ប្រចាំ​​ដល់​លោក​ដូច​ដែល​ស្ថានទូត​ធ្លាប់​ផ្ដល់​ទៅ​ឲ្យ​ពលរដ្ឋ​អាមេរិក​ផ្សេង​ទៀត​។

នៅ​ខាង​មុខ​ពន្ធនាគារ​​កាលពី​ម្សិលមិញ លោក កឹម សុខា អនុប្រធាន​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា លោក​ក៏​បាន​ជួប​ជាមួយ​លោក សុវណ្ណរ៉ា​ ដែរ​ ហើយ​នឹង​ធ្វើ​តាម​ការ​ស្នើ​​របស់​លោក ដែល​សុំ​ឲ្យ​គណបក្ស​ប្រឆាំង​កុំ​​ធ្វើ​តាម​​​ការ​ទាម​ទារ​គណបក្ស​ប្រជា​ជន​កម្ពុជា​នោះ​។

មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា “សារ​របស់​គាត់​​​គឺ​ចង់​បង្ហាញ​ថា គាត់​បន្ត​​ទាម​ទារ​យុត្តិធម៌​សម្រាប់​ជាតិ​ ហើយ​គាត់​បាន​ស្នើ​ឲ្យ​គណបក្ស​កុំ​យក​បញ្ហា​នៃ​ការ​ចាប់​ខ្លួន​​គាត់​​​ធ្វើ​ជា​បញ្ហា​ធំ​ដែល​នាំ​ឲ្យ​កិច្ច​ចរចា​ដើរ​ថយ​ក្រោយ​ឲ្យ​សោះ។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​គឺ​ថា ការ​ចាប់​ខ្លួន​របស់​គាត់​នេះ​មិន​អាច​​​​យក​មក​ធ្វើ​ជា​ថ្នូរ​នៅ​ក្នុង​ការ​ចរចា​បាន​ឡើយ​”។

លោក​ កឹម សុខា បាន​​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ខ្ញុំ​បាន​ឲ្យ​យោបល់​ដល់​ក្រុម​អ្នក​ចរចា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​ដែល​គ្រោង​នឹង​ជួប​គ្នា​នៅ​ម៉ោង​៣​​រសៀល​រួច​ហើយ​ថា ​ជំហរ​ចរចា​របស់​យើង​គឺ​ថា យើង​នឹង​​​មិន​​បន្ទន់​​​គោល​ជំហរ​ដើម្បី​​ជា​ថ្នូរ​នឹង​អ្វី​មួយ​ឡើយ”។

ប៉ុន្តែ​លោក​បានលើក​ឡើង​ថា គណបក្ស​ប្រឆាំង​នឹង​បន្ត​​ធ្វើ​ការ​ចរចា​​ដាច់​ដោយ​ឡែក​​​មួយ​ផ្សេង​ទៀត​ ដើម្បី​ឲ្យ​មាន​ការ​ដោះ​លែង​មន្ត្រី​គណបក្ស​ប្រឆាំង​រូប​នេះ​ឲ្យ​បាន​ឆាប់​។ លោក​បាន​មាន​ប្រសាសន៍​ថា “ប៉ុន្តែ​យើង​​ចង់​បាន​ដំណោះ​ស្រាយ​ដូច​ដែល​យើង​ធ្លាប់​មាន​កាលពី​មុន​មក។ ខ្ញុំ​សង្ឃឹម​ថា លោក មាជ សុវណ្ណរ៉ា នឹង​​ត្រូវ​បាន​ដោះ​លែង​​​ក្នុង​ពេល​ឆាប់ៗ”៕ ស៊ុយឈាង (រាយការណ៍​​បន្ថែម​ដោយ Alex Willemyns)​​​​​​​​​​​​​