35 C
Phnom Penh

សាលា​​​ក្តី​​​ខ្មែរ​​​ក្រហម​​​ផ្តល់​​​ឱសានវាទ​​​ឲ្យ​​​ ខៀវ សំផន បញ្ចប់​​​ការ​​​ធ្វើ​​​ពហិការ​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ សាលា​​​ក្តី​​​ខ្មែរ​​​ក្រហម​​​បាន​​​ផ្ដល់​​​ឱសានវាទ​​​ដល់ ខៀវ សំផន​​​  ដោយ​​​ប្រាប់​​​ឲ្យ​​​មេធាវី​​​របស់​​​គាត់​​​បញ្ចប់​​​ការ​​​ធ្វើ​​​ពហិការ​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​ក្តី​​​គាត់ ប្រសិន​​​បើ​​​មិន​​​ដូច្នេះ​​​ទេ​​​ ចៅ​​​ក្រម​​​​​​នឹង​​​ចាត់​​​វិធាន​​​ការ​​​ពន្លឿន​​​នីតិវិធី ដែល​​​អាច​​​រួម​​​មាន​​​​​​ការ​​​តែង​​​តាំង​​​ក្រុម​​​មេធាវី​​​ការ​​​ពារ​​​ក្តី​​​ថ្មី​​​មួយ​​​ក្រុម​​ផង​​​ដែរ​​​។

មេធាវី​​​ការ​​​ពារ ខៀវ សំផន មិន​​​បាន​​​ចូល​​​រួម​​​សវនាការ​​​តាម​​​ការ​​​គ្រោង​​​ទុក​​​ទេ​​​កាល​​​ពីម្សិល​​​មិញ​​​ តាម​​​ការ​​​ណែនាំ​​​របស់​​​អតីត​​​ប្រធាន​​​រដ្ឋ​​​សម័យ​​​ខ្មែរ​​​ក្រហម​​​រូប​​​នេះ​​​​​​ដែល​​​និយាយ​​​ថា គាត់​​​ចង់​​​ឲ្យ​​​ពួក​​​គេ​​​ផ្តោត​​​លើ​​​ការ​​​ត្រៀម​​​បណ្ដឹង​​​សាទុក្ខ​​​ប្រឆាំង​​​សាល​​​ក្រម​​​ផ្តន្ទា​​​ទោស​​​គាត់​​​នៅ​​​ក្នុង​​​​​​សវនាការ​​​ដំណាក់​​កាល​​​ទី​​​១​​​។

សវនាការ​​​លើ​​​​​​អង្គ​​​សេចក្តី​​​​​នៅ​​​ក្នុង​​​សវនាការ​​​ដំណាក់​​​កាល​​​ទី​​​២​​​​​​​​​ បាន​​​ចាប់​​​ផ្តើម​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៧​​​ ខែ​​​តុលា ប៉ុន្តែ ត្រូវ​​​បាន​​​ផ្អាក​​​នៅ​​​ក្នុង​​​ថ្ងៃ​​​ដដែល​​​ បន្ទាប់​​​ពី ខៀវ សំផន និង​​​សហចុង​​​ចោទ​​​ នួន​​​ ជា បាន​​​បញ្ជា​​​ឲ្យ​​​មេធាវី​​​របស់​​​ខ្លួន​​​ដើរ​​​ចេញ​​​ពី​​​សាល​​​សវនាការ​​​រហូត​​​ដល់​​​នីតិ​​​វិធីសាទុក្ខ​​​ត្រូវ​​​បាន​​​ដោះ​​​ស្រាយ។

ទោះ​​​​​​ជា​​​យ៉ាង​​​ណា ក្រុម​​​មេធាវី​​​ការ​​​ពារ​​​ក្តី​​​របស់​​​ នួន ជា​​​​​​​​​ បាន​​​មាន​​​វត្តមាន​​​នៅ​​​សាល​​​សវនាការ​​​កាល​​​ពី​​​ម្សិលមិញ បន្ទាប់​​​ពី​​​ការ​​​ដាក់​​​ពាក្យ​​​របស់​​​គាត់​​​សុំ​​​ដក​​​ចៅ​​​ក្រម​​​បួន​​​រូប​​​ចេញ​​​ត្រូវ​​​បាន​​​បើក​​​សវនាការ​​​ និង​​​ត្រូវ​​​បាន​​​ច្រាន​​​ចោល​​​ជា​​​ក្រោយ​​​។ ​​​

​​​​​​​​​ ក្រោយ​​​ពី​​​ផ្អាក​​​អស់​​​រយៈ​​​ពេល​​​​​​បួន​​​ម៉ោង​​​នៅ​​​ក្នុង​​​នីតិវិធី​​​កាល​​​ពី​​​ម្សិល​​​មិញ ខណៈ​​​អង្គ​​​ចៅ​​​ក្រម​​​ពិចារណា​​​រក​​​វិធី​​​ដោះ​​​ស្រាយ​​​ការ​​​បន្ត​​​ជាប់​​​គាំាង​​​នេះ លោក​​​ និល ណន់ ប្រធាន​​​អង្គ​​​ជំនុំ​​​ជម្រះ​​​បាន​​​ផ្តល់​​​ជម្រើស​​​ពីរ​​​ឲ្យ ខៀវ សំផន  គឺ​​​ត្រូវ​​​បញ្ឈប់​​​ការ​​​ធ្វើ​​​ពហិការ​​​ត្រឹម​​​ម៉ោង​​​៤និង​​​៣០នាទី​​​​​​នៅ​​​ថ្ងៃ​​​នេះ​​​ ប្រសិនបើ​​​មិន​​​ដូច្នេះ​​​ទេ​​​ តុលាការ​​​ “នឹង​​​ចាត់វិធានការ​​​បន្ថែម​​​ទៀត​​​ដែល​​​​​​ខ្លួន​​​គិត​​​ថា ចាំបាច់ ដើម្បី​​​ធានា​​​បាន​​​​​​នូវ​​​នីតិវិធី​​​យុត្តិធម៌​​​ និង​​​ឆាប់រហ័ស​​”។

លោក និល ណន់ បាន​​​មាន​​​ប្រសាសន៍​​​ថា វិធានការ​​​ទាំង​​​នេះ​​​អាច​​​នឹង​​​រួម​​​មាន​​​ទាំង​​​ការ​​​តែង​​​តាំង​​​ក្រុម​​​មេធាវី​​​ការពារ​​​ក្តី​​​ឡើង​​​វិញ​​​ជា​​​មេធាវី​​​តែង​​​តាំង​​​ដោយ​​​តុលាការ​​​ ដែល​​​នឹង​​​ដក​​​កាតព្វកិច្ច​​​ផ្លូវ​​​ច្បាប់​​​របស់​​​ពួក​​​គេ​​​ដែល​​​ត្រូវ​​​ធ្វើ​​​តាម​​​ការ​​​ណែនាំ​​​របស់​​​ ខៀវ សំផន មិន​​​ឲ្យ​​​ចូល​​​រួម​​​ ការ​​​តែង​​​តាំង​​​មេធាវី​​​ថ្មី​​​ ការ​​​អនុវត្ត​​​ជម្រើស​​​ទាំង​​​ពីរ​​​ ឬ “ការ​​​ចាត់​​​វិធាន​​​ការ​​​ផ្សេង​​​ទៀត​​​ដែល​​​តុលាការ​​​យល់​​​ថា សមស្រប​​​​​​​​​” ផង​​​ដែរ។​

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “ការ​​​ប្រព្រឹត្ត​​​ខុស​​​ឆ្គង​​​”​​​របស់​​​ក្រុម​​​មេធាវី​​​ការ​​​ពារ​​​ក្តី​​​ អាច​​​នឹង​​​ទទួល​​​រង​​​នៅ​​​ការ​​​បង្គាប់​​​ដាច់​​​ដោយ​​​ឡែក​​​មួយ​​​។ លោក​​​បាន​​​ប្រាប់​​​ចុង​​​ចោទ​​​ថា “អង្គជំនុំ​​​ជម្រះ​​​សូម​​​​​​រំឭក​​​លោក​​​ថា ជា​​​ការ​​​ពិត​​​លោក​​​មាន​​​សិទ្ធិ​​​ទទួល​​​បាន​​​ការ​​​ជួយ​​​ពី​​​មេធាវី​​​ដែល​​​លោក​​​ជ្រើស​​​រើស​​​ផ្ទាល់​​​ខ្លួន​​​ ប៉ុន្តែ នោះ​​​មិន​​​មែន​​​ជា​​​សិទ្ធិ​​​ផ្តាច់​​​មុខ​​​នោះ​​​ទេ។​​​វាត្រូវ​​​បាន​​​ដាក់​​​កំហិត​​​​​​ជាក់​​​លាក់​​​មួយ​​​ចំនួន​​​នៅ​​​ក្នុង​​​ការ​​​​​​​​​ស្វែង​​​រក​​​យុត្តិធម៌​​​​​​”។

កាល​​​ពី​​​ម្សិល​​​មិញ សហ​​​ព្រះរាជ​​​អាជ្ញា​​​អន្តរ​​​ជាតិ​​​ នីកូឡាស គូម​​​ចៀន (Nicholas Koumjian)​​​ បាន​​​បញ្ជាក់​​​ជា​​​ថ្មី​​​អំពី​​​ការ​​​អំពាវ​​​នាវ​​​មុន​​​នេះ​​​របស់​​​ក្រុម​​​លោក​​​ដែល​​​សុំ​​​ឲ្យ​​​តែង​​​តាំង​​​អ្នក​​​ជំនាញ​​​បច្ចេកទេស​​​អម​​​តុលាការ​​​ ជា​​​មេធាវី​​​ឯករាជ្យ​​​ម្នាក់​​​ ដែល​​​តំណាង​​​ឲ្យ​​​ផល​​​ប្រយោជន៍​​​របស់​​​ចុង​​​ចោទ​​​ ប៉ុន្តែ មិន​​​មែន​​​ជំនួស​​​ក្រុម​​​មេធាវី​​​ការពារ​​​ក្តី នោះ​​​ទេ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​​​​ថា “គោល​​​បំណង​​​គឺ​​​មិន​​​មែន​​​ឲ្យ​​​ចុង​​​ចោទ​​​គ្រប​​​់គ្រង​​​លើ​​​សាល​​សវនាការ​​​ឡើយ​​​។ នៅ​​​ក្នុង​​​ប្រព័ន្ធ​​​តុលាការ​​​ណា​​​ក៏​​​ដោយ​​​នៅ​​​ជុំ​​​វិញ​​​ពិភព​​​លោក​​​ ជន​​​ជាប់​​​ចោទ​​​មិន​​​អាច​​​ធ្វើ​​​ឲ្យ​​​នីតិវិធី​​​ផ្អាក​​​ដោយ​​​ការ​​​និយាយ​​​ថា ‘ខ្ញុំ​​​មិន​​​ចង់​​​ឲ្យ​​​មេធាវី​​​របស់​​​ខ្ញុំ​​​មក​​​កាន់​​​តុលាការ​​​’ បាន​​​ឡើយ​​​”។ សវនាការ​​​ជំនុំ​​​ជម្រះ​​​គ្រោង​​​នឹង​​​ធ្វើ​​​បន្ត​​​នៅ​​​ថ្ងៃ​​​ទី​​​២៤ ខែ​​​វិច្ឆិកា បន្ទាប់ពី​​​ផ្អាក​​​អស់​​​រយៈ​​​ពេល​​​មួយ​​​សប្តាហ៍​​​៕សុខុម​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស