ប៊ុត សីហា បានចាប់ផ្ដើមការច្រៀងរបស់ខ្លួននៅតាមបៀរហ្គាដិនក្នុងខេត្តកំពង់ស្ពឺ។ កាលពីយប់ថ្ងៃអាទិត្យ ប៊ុត សីហា បានច្រៀងបទ “ស្រឡាញ់បងគ្មានអនាគតទេ” ដែលជាបទរបស់តារាចម្រៀង ខេមរៈ សិរិមន្ត នៅចំពោះមុខអ្នកទស្សនាប្រមាណ៦០០នាក់នៅលើផ្សារទំនើប Aeon។ ប៊ុត សីហា ច្រៀងបានយ៉ាងល្អ ដែលធ្វើឲ្យគាត់ក្លាយជាម្ចាស់ជ័យលាភី The Voice of Cambodia។
ហើយខណៈលទ្ធផលពិតប្រាកដនៃវគ្គផ្ដាច់ព្រ័ត្រ ដែលនៅសល់តែបេក្ខជនចុងក្រោយចំនួនបួននាក់ក្នុងចំណោមបេក្ខជនជាង៥.០០០នាក់ដែលបានដាក់ពាក្យប្រឡងចម្រៀងនៅក្នុងកម្មវិធី The Voice of Cambodia នេះនៅតែមានភាពអាថ៌កំបាំងនោះ ប៊ុត សីហា អាយុ២១ឆ្នាំ ទំនងជាត្រូវបានរដ្ឋាភិបាលទទួលស្គាល់កាលពីព្រឹកម្សិលមិញដោយសារជ័យជម្នះរបស់គាត់។
នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន លោក ខៀវ កាញា៉ឫទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មានដែលបានទៅទស្សនាដោយផ្ទាល់នៅក្នុងកម្មវិធី The Voice of Cambodia កាលពីយប់ថ្ងៃអាទិត្យ បានបញ្ជាក់ថា កម្មវិធី The Voice of Cambodia នេះមានការទទួលស្គាល់ដោយមន្ត្រីរដ្ឋាភិបាលថ្នាក់ខ្ពស់។
លោក ខៀវ កាញ៉ាឫទ្ធិ បានសរសេរថា ”នៅពេលព្រឹក លោកនាយករដ្ឋមន្ត្រី [ហ៊ុន សែន] និងលោកជំទាវ [ប៊ុន រ៉ានី] បានមានប្រសាសន៍ថា ពួកគាត់បានឃើញខ្ញុំចូលទស្សនាការប្រឡងចម្រៀង The Voice of Cambodia នៅពេលពួកគាត់ហៅទូរស័ព្ទមកខ្ញុំ ហើយពួកគាត់បានសួរខ្ញុំថា តើនរណាដែលខ្ញុំបោះឆ្នោតឲ្យ”។ លោកបានសរសេរបន្តថា “ខ្ញុំអាចនិយាយបានថា ពួកគាត់បានទស្សនាកម្មវិធីនេះ ហើយពួកគាត់បានលើកសរសើរថា ការបោះឆ្នោតគឺត្រឹមត្រូវ”។
ទោះបីជាត្រឹមត្រូវឬមិនត្រូវក៏ដោយ ក៏ ប៊ុត សីហា នៅតែក្លាយជាអ្នកទទួលបានជ័យលាភីដំបូងគេនៃកម្មវីធី The Voice of Cambodia ដែលជាកម្មវិធីទទួលបានសិទ្ធិពីកម្មវិធី The Voice ពិភពលោក និងដែលមានការពេញនិយមយា៉ងខ្លាំងពីសំណាក់ទស្សនិកជននៅក្នុងប្រទេសកម្ពុជា។
នៅពេលបិទកម្មវិធីនេះកាលពីយប់ថ្ងៃអាទិត្យ លោក ខៀវ កាញា៉ឫទ្ធិ បានធ្វើជាតំណាងប្រគល់ពានរង្វាន់ The Voice of Cambodia នេះដល់ ប៊ុត សីហា ដែលឈ្នះបានទឹកប្រាក់ ១០០លានរៀល [ប្រហែល២៥.០០០ដុល្លារ] ម៉ូតូហុងដាឌ្រីមស៊េរីថ្មីមួយគ្រឿង ទូទឹកកកមួយគ្រឿង ស្រាបៀរកម្ពុជា២៥កេះ។
នៅក្នុងកិច្ចសម្ភាសមួយកាលពីម្សិលមិញ ប៊ុត សីហា បានថ្លែងអំណរគុណដល់អ្នកគាំទ្រដែលបានបោះឆ្នោតគាំទ្រខ្លួន ហើយបាននិយាយថា “ខ្ញុំនឹងប្រើសំឡេងរបស់ខ្ញុំដើម្បីសងគុណពួកគាត់វិញ”៕ ស៊ុយឈាង