31 C
Phnom Penh

បុរស​​​ប្រាំ​​​នាក់​​​បដិសេធ​​​ថា មិន​​​បាន​​​រំលោភ​​​បូក​​​លើ​​​ស្ត្រី​​​វ័យ​​​១៩​​​ឆ្នាំ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​​​ប្រាំ​​​នាក់​​​ដែល​​​ជាប់​​​ចោទ​​​ពីបទ​​​រំលោភ​​​បូក​​​លើ​​​ស្ត្រី​​​វ័យ​​​១៩​​​ឆ្នាំ​​​ម្នាក់​​​កាល​​​ពី​​​ខែ​​​ធ្នូ​​​ បាន​​​ច្រាន​​​ចោល​​​ការ​​​ចោទ​​​ប្រកាន់​​​នេះ​​​អំឡុង​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​​​​ពួក​​​គេ​​​នៅ​​​សាលា​​​ដំបូងរាជ​​​ធានី​​​ភ្នំពេញ​​​​​​កាល​​​ពីម្សិលមិញ ដោយ​​​អះ​​​អាង​​​ថា ការ​​​រួម​​​រ័ក​​​នោះ​​​ធ្វើ​​​ឡើង​​​ដោយ​​​ការ​​​ព្រម​​​ព្រៀង​​​គ្នា​​​។

យុវជន ឡុង រ៉ាវុធ ផាន់ ចាន់​​​ធឿន ស ធន់ ដែល​​​មាន​​​វ័យ​​​២៤​​​ឆ្នាំ​​​ដូច​​​គ្នា​​​ និង​​​ យ៉ា សុខុម អាយុ​​​២៥​​​ឆ្នាំ​​​ បាន​​​ចូល​​​ខ្លួន​​​នៅ​​​ក្នុង​​​តុលាការ​​​កាល​​​ពី​​​ម្សិលមិញ ប៉ុន្តែ ជន​​​សង្ស័យ​​​ទី​​​៥​​​ឈ្មោះ ឆុន ចាន់នេត កំពុង​​​គេច​​​ខ្លួន​​​នៅ​​​ឡើយ និង​​​ត្រូវ​​​បាន​​​កាត់​​​ទោស​​​ដោយ​​​កំបាំង​​​មុខ​​​។

ជន​​​សង្ស័យ​​​ទាំង​​​នេះ​​​បាន​​​ជួប​​​ជន​​​រង​​​គ្រោះ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១០​​​ខែ​​​ធ្នូ​​​ នៅ​​​ក្នុង​​​រាជធានីភ្នំពេញ​​​ ខណៈ​​​ផឹក​​​ស្រាបៀរ​​​ជាមួយ​​​គ្នា​​​នៅ​​​ហាង​​​សាច់​​​ក្រក​​​មួយ​​​កន្លែង​​​ក្នុង​​​សង្កាត់​​​ចោម​​​ចៅ​​​ នេះ​​​បើ​​​តាម​​​អ្វ​ី​​​ដែល​​​ពួក​​​គេ​​​​​​បាន​​​ប្រាប់​​​តុលាការ​​​កាល​​​ពី​​​ម្សិលមិញ​​​។

យុវជន​​​ ឡុង រ៉ាវុធ បាននិយាយ​​​ថា រូប​​​គេ​​​បាន​​​សុំ​​​លេខ​​​ទូរស័ព្ទ​​​ពី​​​នារីវ័យ​​​ក្មេង​​​រូប​​​នេះ ហើយ​​​បាន​​​ទូរស័ព្ទ​​​ហៅ​​​នាង​​​នៅ​​​ពេល​​​ក្រោយ​​​មក​​​ក្នុ​​​ង​​​ថ្ងៃ​​​ដដែល​​​នោះ​​​ឲ្យ​​​ទៅ​​​ដើរ​​​លេង​​​ជាមួយ​​​ខ្លួន​​​​​​នៅ​​​ពេល​​​ល្ងាច​​​។ នៅ​​​ពេល​​​ជួប​​​​​​នាង​​​​​​ រូប​​​គេ​​​ក៏​​​បាន​​​ដឹក​​​នាង​​​ទៅ​​​កន្លែង​​​ព្រៃ​​​ស្ងាត់​​​ក្នុង​​​សង្កាត់​​​បឹង​​​ធំ ទី​​​ដែល​​​រូប​​​គេ​​​ និង​​​បុរស​​​ប៉ុន្មាន​​​នាក់​​​ផ្សេង​​​គ្នា​​​បាន​​​ដាក់​​​វេន​​​គ្នា​​​រួម​​​រ័ក​​​ជា​​​មួយ​​​នាង​​​ដោយ​​​មាន​​​ការ​​​ព្រម​​​ព្រៀង​​​ពីនាង​​​។

ផាន់ ចាន់​​​ធឿន ដែល​​​ជា​​​ជនជាប់ចោទ​​​ម្នាក់​​​ទៀត​​​​​​​​​បាន​​​ប្រាប់​​​តុលាការ​​​ថា “វា​​​ជា​​​ការ​​​ព្រមព្រៀង​​​គ្នា។ យើង​​​បាន​​​រួម​​​រ័ក​​​ជាមួយ​​​នាង​​​ម្នាក់​​​ម្តង​​​ នាង​​​មិន​​​បាន​​​ប្រកែក​​​ទេ​​​”។

ក្រឡា​​​បញ្ជី​​​ ជុត វ៉ាន់ចាន់​​​ បាន​​​អាន​​​​​​ឮៗនូវ​​​ពាក្យ​​​បណ្តឹង​​​ដាក់​​​ដោយ​​​ជន​​​រង​​​គ្រោះ​​​ដែល​​​មិន​​​បាន​​​ចូល​​​​​​ខ្លួន​​​​​​ក្នុង​​​តុលាការ​​​ ដោយ​​​អះ​​​អាង​​​ថា នាង​​​ត្រូវ​​​បាន​​​បុរស​​​ប្រាំមួយ​​​នាក់​​​ដែល​​​នាង​​​មិន​​​ស្គាល់​​​ចាប់​​​រំលោភ​​​។ ពាក្យ​​​បណ្តឹង​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា “ពួកគេ​​​​​​បាន​​​​​​រុញ​​​ខ្ញុំ​​​ សម្រាត​​​ខោអាវ​​​របស់​​​ខ្ញុំ បន្ទាប់​​​មក​​​ចាប់​​​រំលោភ​​​ខ្ញុំ។ ពួក​​​គេ​​​បាន​​​ចាប់​​​រំលោភខ្ញុំ​​​ម្នាក់​​​ម្តង​​​”។

ក្រឡា​​​បញ្ជី​​​រូប​​​នេះ​​​ក៏​​​បាន​​​អាន​​​លទ្ធផល​​​នៃ​​​ការ​​​ពិនិត្យ​​​របស់​​​គ្រូ​​​ពេទ្យ​​​ផង​​​ដែរ​​​ ដែល​​​បាន​​​រក​​​ឃើញ​​​ថា សន្ទះ​​​ព្រហ្មចារីយ៍​​​​​​របស់​​​ជន​​​រង​​​គ្រោះ​​​បាន​​​រហែក​​​។ គាត់​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ជន​​​រង​​​គ្រោះ​​​ប្តឹង​​​ទារ​​​សំណង​​​ជំងឺ​​​ចិត្ត​​​សរុប​​​ ២.០០០​​​ដុល្លារ​​​ និង​​​ឲ្យ​​​ដាក់​​​ទោស​​​ពន្ធនាការ​​​ដល់​​​ជន​​​សង្ស័យ​​​ទាំង​​​នេះ។

​​​​​​​​​ ព្រះរាជ​​​អាជ្ញា​​​រង កើ ប៊ុណ្ណា​​រ៉ា បាន​​​ស្នើ​​​ឲ្យ​​​តុលាការ​​​​​​ផ្តន្ទា​​​ទោស​​​ជន​​​សង្ស័យ​​​ទាំង​​​នេះ​​​ក្រោម​​​មាត្រា​​​​​​២៤០​​​នៃ​​​ក្រម​​​ព្រហ្មទណ្ឌ​​​ ដែល​​​ចែង​​​ថា ការ​​​រំលោភ​​​ត្រូវ​​​ជាប់​​​ទោស​​​ពន្ធនាគារ​​​ចន្លោះ​​​ពី​​៧ឆ្នាំ ដល់​​​១៥​​​ឆ្នាំ​​​។ សាល​​​ក្រម​​​នៅ​​​ក្នុង​​​សំណុំ​​​រឿង​​​នេះ​​​នឹង​​​ត្រូវ​​​ប្រកាស​​​នៅ​​​ថ្ងៃ​​​ទី​​​២ ខែ​​​ធ្នូ​​​៕សុខុម​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស