31 C
Phnom Penh

អ្នកភូមិ​ខេត្ត​ព្រះវិហារ​ហែរក្បួន​ទៅរដ្ឋសភា​ដាក់ញត្តិទាមទារ​ឲ្យ​ប្រគល់ដី​ដល់​ពួកគាត់វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ភូមិ​មក​ពី​ខេត្ត​ព្រះ​វិហារ​ ដែល​កាលពីពីរ​ខែ​កន្លង​មក​​បាន​ស្នាក់​នៅ​វត្ត​សាមគ្គីរង្សី ​ក្នុង​រាជ​ធានី​ភ្នំពេញនោះ​ កាលពី​ម្សិលមិញ​បាន​ហែក្បួន​​ទៅ​កាន់​រដ្ឋសភា​ដើម្បី​ដាក់​ញត្តិ​ទាម​ទារ​ឲ្យ​ប្រគល់​ដី​ដល់ពួកគាត់​មក​វិញ​។preah-vihear

​ព្រះតេជគុណ ថាច់ ហាសំអាង ​ព្រះគ្រូសូត្រ​ស្ដាំ​គង់​នៅ​វត្ត​នេះ​បាន​មាន​សង្ឃដីកា​ថា អ្នក​ភូមិ​ប្រហែល​៧០​នាក់​គ្រោង​ចាក​ចេញ​ពី​វត្ត​​ដែលស្ថិត​នៅ​ក្នុង​ខណ្ឌ​មាន​ជ័យ​នៅ​ម៉ោង​ប្រហែល​​៦​និង​៣០​នាទី​ព្រឹក ដើម្បី​គេច​ពី​នគរ​បាលដែលបាន​​​​​រារាំង​ការ​ព្យាយាម​​មុនៗ​របស់​ពួក​គាត់​ដើម្បី​ហែក្បួន​​ទៅ​កណ្ដាល​ក្រុង​កាល​ពី​សប្ដាហ៍​មុន​។

ព្រះ​អង្គ​បាន​មាន​សង្ឃដីកា​ថា “នៅ​ព្រឹក​នេះ​អ្នកភូមិ​បាន​ចាប់​​ផ្ដើម​ហែក្បួន​នៅ​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​​ ប៉ុន្តែ​មិន​មានព្រះ​សង្ឃ​ចូល​រួម​ជាមួយ​ពួកគាត់​ទេ។ តំណាង​បួន​នាក់​ត្រូវ​បាន​ចាត់​តាំង​ឲ្យ​ទៅ​ប្រាប់​អ្នកភូមិ​នៅ​ពេល​ព្រឹក​ ហើយ​ពួកគាត់បាន​ចាប់​ផ្ដើម​ហែក្បួន​ភ្លាម​ៗ។ អាជ្ញា​ធរ​​មិន​អាច​រារាំង​អ្នកភូមិ​បាន​ឡើយ​”។

ព្រះ​តេជ​គុណ ថាច់ ហាសំអាង បាន​មាន​សង្ឃដីកា​ថា ការ​ចាប់​ខ្លួន​ព្រះសង្ឃពីរ​អង្គ​នៅ​ខាង​​ក្រៅ​វត្ត​សាមគ្គីរង្សី និង​ការ​ដាក់​ពន្ធនាគារ​ព្រះតេជគុណ សឹង ហៃ ​សកម្មជន​ជា​​ព្រះ​សង្ឃ​​អំឡុង​ការ​តវ៉ា​នៅ​ខាង​ក្រៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​ធ្វើ​ឲ្យ​ព្រះ​សង្ឃ​ភ័យ​ខ្លាច​​ ដោយ​គង់​នៅ​ក្នុង​​វត្ត​កាលពី​ម្សិលមិញ។

ព្រះអង្គ​បាន​មាន​សង្ឃដីកា​ថា ” ថ្ងៃ​នេះ​ យើង​មិន​អនុញ្ញាត​ឲ្យ​​ព្រះ​សង្ឃ​ចូល​រួម​ការ​ហែ​ក្បួន​ទេ ពីព្រោះ​យើង​ចង់​ឲ្យ​អ្នកភូមិ​ដឹង​​​ថា​តើ​ត្រូវ​ធ្វើការ​តវ៉ា​ខ្លួន​ឯងដោយ​របៀប​ណា ហើយ​យើង​បារម្ភ​ពី​ការ​ត្រូវ​ចាប់​ខ្លួន ពីព្រោះ​យើង​បាន​ចូល​រួមការ​តវ៉ា​ក្នុង​ពេល​កន្លង​មក​”។

​បន្ទាប់ពី​ស្រែក​ពាក្យ​ស្លោក​​តាម​មហាវិថី​​ម៉ៅសេទុង និង​មហាវិថី​​សុធារស ក្រុម​អ្នក​ភូម​ិ​​បាន​មក​ដល់រដ្ឋសភា ដែល​នៅ​ទីនោះ​តំណាង​បួន​នាក់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​រដ្ឋ​សភា។

លោក ផាន់ ធឿន តំណាង​សហគមន៍​បាន​មាន​ប្រសាសន៍​ថា លោក​និង​តំណាង​បី​នាក់​ទៀត​​បាន​ជួប​ជាមួយ​លោក អេង ឆៃអ៊ាង សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​គណៈកម្មកា​សិទ្ធិ​មនុស្ស​នៃ​រដ្ឋសភា​ ដែល​បាន​សន្យា​ស៊ើបអង្កេត​វិវាទ​ដីធ្លី​របស់​ពួក​គាត់​។

ញត្តិ​នេះ​​ទាមទារ​ឲ្យ​ប្រគល់​ដី​ទំហំ​៦១០​ហិកតា​ជូន​អ្នកភូមិ​បី​ភូមិ​វិញ ហើយ​​ថា អាជ្ញាធរ​មិន​ត្រូវ​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​តវ៉ា​ទៀត​ឡើយ​ បន្ទាប់ពី​មាន​ការ​ប៉ះ​​ទង្គិច​​ជាមួយ​សន្តិសុខ​ខណ្ឌ​​ក្នុង​រាជ​ធានី​ភ្នំពេញ​កាលពី​ខែ​មុន ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស​១៨​នាក់​រង​របួស​។

លោក កាន ងឹម អាយុ​៥១​ឆ្នាំ​ ជា​អតីត​មេភូមិ​ដែល​ស្ថិត​ក្នុង​ចំណោម​អ្នក​ហែក្បួន​កាល​ពី​ម្សិល​មិញ បាន​មាន​ប្រសាសន៍​ថា ដំបូង​ឡើយ​​សហគមន៍​នេះ​ស្ថិត​នៅ​ក្នុង​ស្រុក​ជំាក្សាន្ត​​​កាល​ពី​ឆ្នាំ​១៩៩៩​ ហើយ​បាន​រស់​នៅ​ដោយ​គ្មាន​វិវាទ​អ្វី​ឡើយ​រហូត​ដល់​ឆ្នាំ​២០១០ ហើយ​នៅពេល​លោក​បាន​បដិសេធ​​សំណើ​របស់​លោក សួស យ៉ារ៉ា សមាជិក​រដ្ឋសភា​ប្រចាំ​ខេត្ត​នេះ​ស្នើ​សុំ​​សាង​សង់​ការិយាល័យ​រដ្ឋាភិបាល​​មួយ​នៅ​លើ​ដី​នេះមួយផ្នែក​។

លោក កាន ងឹម បាន​មាន​ប្រសាសន៍​ពី​លោក សួស យ៉ារ៉ា​ ថា “គាត់​បាន​និយាយ​ថា ​ប្រសិន​​បើ​អ្នក​​មិន​អនុ​ញ្ញាត​ឲ្យ​ខ្ញុំ​ប្រើ​ប្រាស់ដី​​មួយ​ចំនួន​ទេ​នោះ គ្មាន​នរណាម្នាក់​​ទទួល​​បាន​ដី​នេះ​ឡើយ​”។

លោក កាន ងឹម បាន​អះអាង​ថា កាលពី​ចុង​ឆ្នាំ​២០១០​លោក​ យ៉ារា៉ បាន​​ប្រកាស​ថា ​មួយ​ផ្នែក​នៃ​តំបន់​ដែល​អ្នកភូមិ​កំពុង​រស់​នៅ​ស្ថិត​នៅ​ក្នុង​​​តំបន់​ការ​ពារ​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ​។ លោក​បាន​មាន​ប្រសាសន៍​ថា “គាត់​ចាប់​ផ្ដើម​អះអាង​ថា ​វា​ជា​តំបន់​ការ​ពារ​ ហើយ​បន្ទាប់​មក​​ក្នុង​ឆ្នាំ​២០១១​ពួកគេ​បាន​បញ្ជូន​ទាហាន​ឲ្យ​មក​រុះ​រើ​ផ្ទះ​របស់​យើង​”។ លោក​បាន​បន្ថែម​ថា បន្ទាប់ពី​បាត់​បង់​ដីស្រែ​ គ្រួសារ​ជា​ច្រើន​ដែល​ធ្លាប់​រស់​នៅ​ក្នុង​តំបន់នោះ​បាន​​ទៅ​ស្វែង​រក​ការ​ងារ​ធ្វើ​ក្នុង​ប្រទេស​ថៃ​។

នៅ​ពេល​ត្រូវ​បាន​ទាក់​ទង​តាម​ទូរស័ព្ទ​ លោក យ៉ារ៉ា បាន​បដិសេធ​មិន​ធ្វើ​​អត្ថាធិប្បាយ​អំពី​​វិវាទ​នេះ​ទេ ប៉ុន្តែ​បាន​សម្ដែង​ការ​ខក​ចិត្ត​​ជាមួយ​ក្រុម​អ្នកភូមិ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​ដឹង​ថា ហេតុ​អ្វី​បាន​ជា​អ្នកភូមិ​ទាំង​នេះ​ទៅ​ភ្នំពេញ​ទៅវិញ ​មិន​ព្រម​ដោះ​ស្រាយ​បញ្ហា​នេះ​ជាមួយ​​​អាជ្ញាធរ​មូលដ្ឋាន​។ តើ​​ពួកគាត់​គិត​ថា មាន​តែ​​រាជ​ធានី​ភ្នំពេញ​ទេ​ឬ​ មាន​ច្បាប់​នោះ​?” ៕ សារុន​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស