27 C
Phnom Penh

សាលា​ឧទ្ធរណ៍​តម្កល់​ការ​ផ្តន្ទា​ទោស​ក្នុង​ករណី​ប៉ះ​ទង្គិច​គ្នា​លើ​ស្ពាន​ព្រះ​មុនីវង្ស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពីម្សិលមិញ សាលា​​​ឧទ្ធរណ៍​​​បាន​​​តម្កល់​​​ការ​​​ផ្តន្ទា​ទោស​​​ពី​​​បទ​​​ប្រើ​​​អំពើ​​​ហិង្សា​​​ដោយ​​​ចេតនា​​​ទៅ​​​លើ​​​បុរស​​​ប​​​ី​​​នាក់​​​ជុំ​​​វិញ​​​ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​កាល​​​ពី​​​ខែ​​​កញ្ញា​​​ ឆ្នាំ​​​២០១៣​​​ រវាង​​​នគរ​​​បាល​​​ និង​​​ជន​​​ស៊ី​​​វិល​​​ដោយ​​​មានការ​​​គប់​​​ដុំ​ថ្ម​​​នៅ​​​លើ​​​ស្ពាន​​​ព្រះ​​​មុនី​​​វង្ស​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ ដែល​​​អំឡុង​​​ពេល​​​នោះ​​​កម្លាំង​​​សន្តិសុខ​​​បាន​​​បាញ់​​​ត្រូវ​​​អ្នក​​​ឈរ​​​មើល​​​ម្នាក់​​​ស្លាប់​​​។

លោក វ៉ា នឿន អាយុ​​​៤០​​​ឆ្នាំ ឡាញ់ សាមឿន អាយុ​​​១៩​​​ឆ្នាំ និង ង្វៀន ទីតឹក អាយុ​​​២០​​​ឆ្នាំ ត្រូវ​​​បាន​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​រក​​​ឃើញ​​​ពិរុទ្ធ​​​ភាព​​​ពី​​​បទ​​​ប្រើ​​​អំពើ​​​ហិង្សា​​​ដោយ​​​​​​ចេតនា​​​កាល​​​ពី​​​ខែ​​​មីនា​ពី​​​បទ​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ការ​​​ប៉ះទង្គិច​​​គ្នា​​ដែល​​​បាន​​​ចាប់​​​ផ្តើម​​​នៅ​​​ពេល​​​នគរ​​​បាល​​​បិទ​​​ស្ពាន​​​នៅ​​​ចុង​​​បញ្ចប់​​​ថ្ងៃ​​​ទី​​​១​​​នៃ​​​គម្រោង​​​​តវ៉ា​​​រយៈ​​​ពេល​​​បី​​​ថ្ងៃ​​​របស់​គណបក្ស​​​សង្គ្រោះ​​​ជាតិ។

លោក វ៉ា នឿន និង​​​ ឡាញ់ សាមឿន ត្រូវ​​​បាន​​​ផ្តន្ទា​​​ទោស​​​ ដោយ​ត្រូវ​បាន​ឃុំខ្លួន​បណ្តោះ​អាសន្ន​​​​​រង់​ចាំ​ការ​កាត់​ក្តី​​​ ហើយ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​វិញ​​​។ ទីតឹក ដែល​​​ជា​​​ជន​​​ជាតិ​​​វៀត​​​ណាម​​​​​​ត្រូវ​​​បាន​​​ផ្តន្ទា​​​ទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​បីឆ្នាំ ប៉ុន្តែ ត្រូវ​​​បាន​​​បន្ថយ​​​មក​​​ត្រឹម​​​១២​​​ខែ​​​ ហើយ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​។ ចុង​​​ចោទ​​​បី​​​នាក់​​​ទៀត​​​ត្រូវ​​​បាន​​​សម្រេច​​​ឲ្យ​​​រួច​​​ផុត​​​ពី​​​ការ​​​ចោទ​​​ប្រកាន់។

សាលា​​​ឧទ្ធរណ៍​​​បាន​​​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​រឿង​​​ក្តី​​​របស់​​​ពួកគេ​​​កាល​​​ពី​​​ខែ​​​តុលា ហើយ​​​បាន​ប្រកាស​​​សម្រេច​​​តម្កល់​​​ការ​​​ផ្តន្ទា​ទោស​ពួកគេ​​​​កាល​​​ពី​​​ម្សិល​​​មិញ​​​។

ចៅ​​​ក្រម​​​ ផូ ពៅស៊ុន បាន​​​ប្រាប់​​​តុលាការ​​​ថា “សាលា​​​ឧទ្ធរណ៍​​​បាន​​​​​​សម្រេច​​​តម្កល់​​​សាល​​​ក្រម​​​របស់​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ដែល​​​បាន​​​រក​​​ឃើញ​​​ថា​​ពួក​​​គេ​​​មាន​​​ពិរុទ្ធ​​​ភាព​​​ពី​​​បទ​​​ចូល​​​រួម​​​ក្នុង​​​ការ​​​ធ្វើ​​​បាតុកម្ម​​​។​​​ ​​​ពួក​​​គេ​ពិត​ជា​​​បាន​​​ចូល​​​រួម​​​ក្នុង​​​ការ​​​ធ្វើ​​​បាតុកម្ម​​ ដោយ​​​ការ​​​គប់​​​ដុំ​​​ថ្ម​​​ និង​​​ប្រើ​​​ដំបង​​​​​​​វាយ​​​ប្រហារលើកម្លាំង​​​នគ​​​របាល​​​​​​៥៤​​​នាក់​​​ ដែល​​​ត្រូវបាន​​​រង​​​របួស​​​​​​អំឡុង​​​ការ​​​ប៉ះទង្គិច​​​គ្នា​​​នោះ”។

គ្មាន​​​ចុង​​​ចោទ​​​រូប​​​ណា​​​​​​មក​​​បង្ហាញ​​​ខ្លួន​​​នៅ​​​តុលាការ​​​ដើម្បី​​​ស្តាប់​​​​​​សេចក្តី​​​សម្រេច​​​​​​នោះ​​​ឡើយ។ លោក​​​ ប៉ែន សុវណ្ណី មេធាវី​​​របស់​​​ពួក​​​គេ​​​បាន​​​បដិសេធ​​​មិន​​ធ្វើ​​​អត្ថាធិប្បាយទេ​​​។

ឡាញ់ សាមឿន ដែល​​​បាន​​​និយាយ​​​ថា ខ្លួន​​​រវល់​​ការ​ងារ​​​​មិន​​​អាច​​​​​​ចូល​​​រួម​​​បាននោះ ​​​បាន​​​ច្រាន​​​ចោល​​​សេចក្តី​​​សម្រេច​​​នេះ ហើយ​​​បាន​​​អះ​​​អាង​​​ដដែលៗ​ថា ខ្លួន​​​គ្មាន​​​ទោស​​​ទេ​​​។

គាត់​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​មិន​​​អាច​​​ទទួល​យក​សេចក្តី​​​សម្រេច​​​របស់​​​សាលា​​​ឧទ្ធរណ៍​​​បាន​​​ទេ​​​ ពីព្រោះ​​​ខ្ញុំ​​​មិន​​​បាន​​​ធ្វើ​​​អ្វី​​​ដូច​​​ដែល​​​ពួកគេ​​​ចោទ​ប្រកាន់​មកលើ​​រូប​​​ខ្ញុំ​​​ឡើយ។ ខ្ញុំ​​​នឹង​​​ពិភាក្សា​​​ជាមួយ​​​មេធាវី​​​របស់​​​ខ្ញុំ​​​អំពី​​​ការ​​​ប្តឹង​​​ទាស់​​​ទៅ​​តុលាការ​​​កំពូល​​​”។ ចុង​​​ចោទ​​​ពីរ​​​នាក់​​​ទៀត​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ទេ​​​។

លោក អំ សំអាត អ្នក​​​គ្រប់​​​គ្រង​​​ផ្នែក​​​បច្ចេក​​​​ទេស​​​នៅ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លី​កាដូ ដែ​​ល​​​បាន​​​ផ្តល់​​​មេធាវី​​​ដល់​​​ពួក​​​គេ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា តុលាការ​បាន​ជូនដំណឹង​ដល់​អ្នក​​​ទាំង​​​បី​​​នេះ​អំពី​កាល​​​បរិច្ឆេទ​​​តុលាការ​​​ ហើយ​​​លោក​មិន​​​​​​​​​ដឹង​​​ថា ហេតុ​​​អ្វី​​​បាន​​​ជា​​​ពួក​​​គេ​​​មិន​​​មក​បង្ហាញ​​​ខ្លួន​នោះ​ឡើយ​​​​។

លោក អំ សំអាត ក៏​​​បាន​​​រិះ​​​គន់​​​សេចក្តី​​​សម្រេច​​​របស់​​​សាលា​​​ឧទ្ធរណ៍​​​​ផង​​​ដែរ ហើយ​​​បាន​​​រិះគន់​​​ប្រព័ន្ធ​​​តុលាការ​​​ថា មិន​​​បាន​​​ឲ្យ​​​នរ​​​ណា​​​ម្នាក់​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ការ​ស្លាប់​លោក​​​ ម៉ៅ សុខចាន់ ដែល​​​ត្រូវ​​​​​​កម្លាំង​​​សន្តិ​​​សុខ​​​បាញ់​​​ស្លាប់​​​អំឡុង​​​ការ​​​ប៉ះទង្គិច​​​គ្នា​​​នោះ​​​។​​​​ លោ​​​ក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “រហូត​​​មក​​​ទល់​​​ពេល​​​នេះ​​​ គ្មាន​​​នរណា​​​ម្នាក់​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​មុខ​​​ច្បាប់ពីការ​សម្លាប់​​​លោក​​​ ម៉ៅ សុខចាន់​​​ ឡើយ​​​។ នេះ​​​បង្ហាញ​ពី​និទណ្ឌ​​​ភាព​​​ច្បាស់​​​ក្រឡែត​​​”៕​​​សារុន​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស