40.3 C
Phnom Penh

គ្រួសារ​របស់​ស្ត្រី​រងគ្រោះ​អំពាវនាវ​ឲ្យ​មាន​ការស៊ើប​អង្កេត​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ខែ​កុម្ភៈ​ឆ្នាំ​មុន សាកសព​អាក្រាត​របស់​ទេសចរ​បារាំង​អាយុ​២៥​ឆ្នាំ​ម្នាក់ អូហ្វីលី​ ប៊ីកនី​ បាន​រសាត់​អណ្តែត​មកទើរ​នៅ​មាត់​ច្រាំង​ក្រុង​កំពត ដោយ​មាន​ស្នាម​ដាច់​នៅ​ត្រង់​ដៃ និង​ក្បាល។ ជិត​ពីរ​ឆ្នាំ​ក្រោយ​មក ដោយ​គ្មាន​តម្រុយ​ក្នុង​រឿង​ឃាតកម្ម​នេះ គ្រួសារ​របស់​ស្ត្រី​ត្រូវ​គេ​ធ្វើ​ឃាត​នេះ​បាន​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា ហើយ​សុំ​អង្វរករ​ឲ្យ​អាជ្ញាធរ​ធ្វើ​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​ឡើង​វិញ​ ក្នុង​រឿងឃាតកម្ម​លើ​ស្ត្រី​ទេសចរ​រូប​នេះ។

បន្ទាប់ពី​ការ​ជួប​ជាផ្លូវការ​មួយ​សប្តាហ៍ និង​ការ​ធ្វើ​ដំណើរ​ទៅ​​ខេត្ត​កំពត លោក គ្រិស្ទាន ឪពុក​របស់ អូហ្វីលី​ ប៊ីកនី​ បងស្រី វឺជីនា និង​បងប្រុស​ ចូណាថាន របស់​នាង បាន​ធ្វើ​សន្និសីទ​ព័ត៌មាន​មួយ​ក្នុង​ក្រុង​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ដោយ​ទម្លាយ​ភាព​ស្ងប់ស្ងាត់​​រយៈ​ពេល​ជាង​២០​ខែ ដើម្បី​អំពាវនាវ​រក​កិច្ច​សហការ​ច្រើន​ឡើង​រវាង​អាជ្ញាធរ​បារាំង​និង​កម្ពុជា។

គ្រួសារ​នេះ​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​​ថ្លែង​​ថា “យើង​នៅ​មាន​ជំនឿ​មុតមាំ​ថា តុលាការ​បារាំង​និង​កម្ពុជា ​អាច​ធ្វើការ​ដោយ​ស្ងប់ស្ងៀម។ ដោយ​មាន​ជំនឿ​មុតមាំ​និង​ការ​គោរព ដោយសារ​ស្ថិត​ក្នុង​ដំណើរ​ការ​កាន់​ទុក្ខ សមាជិក[ទាំងអស់]​ក្នុង​គ្រួសារ​ដែល​គ្រាំ​ចិត្ត​យ៉ាង​ខ្លាំ​ង​នេះ​សុំ​នៅ​ស្ងៀមស្ងាត់សិន​”។

ប៉ុន្តែ​គ្រួសារ​នេះ​បាន​រិះគន់​ការគាំទ្រ ដែល​ពួកគេ​បាន​ទទួល​ពី​អាជ្ញាធរ​បារាំង និង​បាន​និយាយ​ថា ចៅក្រម​ស៊ើបសួរ​របស់​បារាំង​មិន​ទាន់​បាន​ធ្វើ​ដំណើមក​ប្រទេស​កម្ពុជា បើទោះ​ជា​មាន​សំណើ​មួយ​ពី​សំណាក់​ចៅក្រម​កម្ពុជា​ ហង្ស សុគន្ធវឌ្ឍនា ដែល​ធ្វើ​ការ​លើ​សំណុំ​រឿង​នេះក៏​ដោយ​។

សេចក្តី​ថ្លែង​បាន​ឲ្យ​ដឹង​ថា “គ្រួសារ ប៊ីកនី​ សព្វថ្ងៃ​នេះ​ត្រូវ​​ធានា​ដោយ​ខ្លួន​ឯង​នូវ​ការ​ផ្លាស់ប្តូរ​ព័ត៌មាន​រវាង​អាជ្ញាធរ​នៃ​​ប្រទេស​ទាំងពីរ ដែល​មិន​អាច​ទទួល​យក​បាន និង​មិន​សម​ជា​​រដ្ឋ​មួយ​ដូច​ប្រទេស​បារាំង​ទាល់​តែ​សោះ​”។

មេធាវី​របស់ពួកគេ លោក ម័រហ្គាន បេស្កូ បាន​និយាយ​ថា ឥឡូវ​នេះ​ប្រទេស​បារាំង​មាន​ផែនការ​បញ្ជូន​ចៅក្រម​ស៊ើបសួរ​មួយ​រូប​នៅ​ដើម​ឆ្នាំ​២០១៥​នេះ។ ប៉ុន្តែ​លោក​បាន​និយាយ​ថា គ្រួសារ​នេះ​បាន​ជំរុញ​ស្ថានទូត​នៅ​ទីនេះ​ឲ្យ​ផ្តល់​ព័ត៌មាន​ថ្មី​បំផុត​ទាក់ទិន​នឹង​ការ​ស៊ើប​អង្កេត ហើយ​មិន​បាន​ទទួល​ការ​គាំទ្រ​ជាដុំកំភួនឡើយ។

លោក​បាន​និយាយ​ថា​ “ប្រសិនបើ​យើង​មិន​ទូរស័ព្ទ​សាកសួរ ពួកគេ​ក៏​មិន​ទាក់ទង​យើង​ដែរ”។ លោក​បាន​បន្ថែម​ទៀតថា អំឡុង​ពេល​ស្នាក់នៅ​ប្រទេស​កម្ពុជា​កាលពី​សប្តាហ៍​មុន ពួកគេ​មាន​ការ​ជួប​តែ​មួយ​លើក​គត់​នៅ​ស្ថានទូត ហើយ​ត្រូវ​គេ​ទាត់ចោលសំណើ នៅពេល​ពួកគេ​បាន​សុំ​ឲ្យ​មន្ត្រី​កុងស៊ុល​ផ្តល់​អ្នក​បកប្រែ​ខ្មែរ​ម្នាក់ឲ្យពួក​គេ​។ មន្ត្រី​នៅ​ស្ថានទូត​បារាំង​មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​បាន​ទេ​កាលពី​ថ្ងៃ​អាទិត្យ។

ផ្ទុយ​ទៅ​វិញ គ្រួសារ​នេះ​បាន​សំដែង​ការ​ដឹងគុណ​ចំពោះ​ការ​អាច​ទាក់ទង​អាជ្ញាធរ​កម្ពុជា​បាន​​អំឡុង​​ទស្សនកិច្ច​របស់​ខ្លួន ជាពិសេស​ឧត្តម​សេនីយ៍ឯក​ ម៉ក់ ជីតូ ប្រធាន​នាយក​ដ្ឋាន​កណ្ដាល​នគរ​បាលយុត​្តិធម៌ក្រសួង​មហាផ្ទៃ ដែល​ទទួល​បន្ទុក​សំណុំ​រឿង​នេះ។

គ្រួសារ​នេះ​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​របស់​ខ្លួន​ថា “​សប្តាហ៍​នេះ​…​បាន​ធ្វើ​បទ​សម្ភាស​ថ្មី​ជាមួយ​ឧត្តមសេនីយ៍ឯក​[ម៉ក់ ជីតូ] និង​ចៅក្រម​ស៊ើបសួរ​…​ដោយ​មាន​ការ​ធានា​អះអាង​ថា អាជ្ញាធរ​កម្ពុជា​នឹង​បន្ត​ការ​ស៊ើប​អង្កេត​តទៅ​ទៀត”។

គេ​បាន​ឃើញ​​ ហ្វីលី​ ប៊ីក​នី ជា​ចុង​ក្រោយ​ជិះ​កង់​ចាកចេញ​ពី​ផ្ទះ​សំណាក់ ឡេ​ ម៉ាហ្គៀរ​ មួយ​ថ្ងៃ​មុន​សាកសព​របស់​នាង​ត្រូវ​បាន​គេ​រក​ឃើញ។

ជនជាតិ​ប៊ែលហ្ស៊ិក អូលីវឺ​ វ៉ាន ឌិន​ បូហ្គឺត​ អតីត​ម្ចាស់​ផ្ទះ​សំណាក់​មួយ​ក្នុង​ខេត្ត​កំពត ត្រូវ​បាន​អា​ជ្ញាធរ​ចាប់​ខ្លួន និង​ចោទ​ពី​បទ​មនុស្សឃាត បន្ទាប់ពី​ប៉ូលិស​ទទួល​បាន​ព័ត៌មាន​ថា គាត់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កំពុង​លាក់កង់​ក្នុង​ចម្ការ​ទុរេន​ក្បែរ​នោះ។ បុគ្គលិក​ម្នាក់​នៅ​ផ្ទះ​សំណាក់​ដែល​បាន​ឃើញ​ជន​រងគ្រោះ​លើក​ចុងក្រោយ បាន​និយាយ​ថា គាត់​មិន​ប្រាកដ​ទេ​ ថា​កង់​ក្នុង​ចម្ការ​នោះ​ជា​កង់​ដែល​ស្ត្រី​បារាំង​នោះ​ជិះ​មែន​ឬ​យ៉ាងណា​នោះ។

ការ​ពិសោធ ឌីអិន​អេ​ លើ​សាកសព​បន្ទាប់ពី​សព​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​បារាំង​វិញ​មួយ​ខែ​បន្ទាប់មក ក៏​មិន​ច្បាស់​លាស់​ដែរ ហើយ​នៅ​ខែ​មេសា ចៅក្រម ហង្ស សុគន្ធវឌ្ឍនា បាន​បង្គាប់​ឲ្យ​គេ​ដោះលែង​លោក វ៉ាន់ ឌិន បូហ្គឺត​ ដោយ​លើក​ឡើង​ថា​ខ្វះ​ភ័ស្តុតាង​ភ្ជាប់​រូប​លោក​ទៅ​នឹង​ឃាត​កម្ម​នេះ។

ដំបូង​ឡើយ​បាន​រម្ងាប់​ចិត្ត នៅពេល​ដឹង​ថា​ជនសង្ស័យ​ត្រូវ​បាន​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់ តែ​ក្រោយ​មក គ្រួសារ ប៊ីកនី​ បាន​សំដែង​ការ​ខកចិត្ត​ទៅវិញ​ ព្រោះ​តែ​មានការ​ចាប់ខ្លូន​លោក វ៉ាន់​ ឌិន បូហ្គឺត តែ​បែរ​ជា​គ្មាន​ការ​ស៊ើប​សួរ​តទៅ​ទៀត​សោះ​​។

លោក បេស្កូ បាន​និយាយ​ថា “ដោយ​មាន​អត្តសញ្ញាណ​លោក ហូហ្គឺត ការ​ស៊ើប​អង្កេត​ទាំងអស់​ផ្សេងទៀត​បាន​បញ្ឈប់។ តាមពិត មិន​មាន​ការ​ស៊ើប​អង្កេត​ផ្សេង​ទៀត​ឡើយ មិនមាន​សម្ភាសនរណា​ផ្សេង​ទេ”។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា គ្រួសារ​ជន​រងគ្រោះ​ខក​ចិត្តយ៉ាង​ខ្លាំង ​ពី​ព្រោះ​​ប៉ូលិស​មិន​បាន​ឆែក​បញ្ជី​ផ្ទះ​សំណាក់ សម្ភាស​ភ្ញៀវ ឬ សាកសួរ​អ្នកស្រុកឡើយ​។

ការ​ថ្លែង​របស់​គ្រួសារ​នេះ​បាន​ឲ្យ​ដឹង​ថា “ពីពេល​នេះ​តទៅ ការ​ស្វែងរក​សាក្សី​ក្នុង​[ផ្ទះ​សំណាក់]​ដែល អូហ្វីលី​ ស្នាក់នៅ​ពេល​ដែល​សោកនាដកម្ម​បាន​កើត​ឡើង ព្រមទាំង​ការ​ស៊ើប​អង្កេត​ក្នុង​តំបន់​នោះ​ផង គឺ​ចាំបាច់ ដើម្បី​ឲ្យ​ដឹង យ៉ាងហោចណាស់ ក៏​កន្លែង​ឃាតកម្ម​ដែរ”។

លោក ហិសាម ម៉ូសា​ ដៃគូ​ជាន់ខ្ពស់​នៅ​ស្មាក្តី N-Strat​ Institutional Counsel ដែល​ដើរ​តួ​ជា​អ្នក​សម្រប​សម្រួល​ខាង​ច្បាប់​ឲ្យ​គ្រួសារ ប៊ីកនី​ នៅ​ប្រទេស​កម្ពុជា បាន​និយាយ​ថា គ្រួសារ​នេះ​បាន​ពិចារណា​រក​សុំ​ជំនួយ​ពី​ខាងក្រៅ។

លោក​បាន​និយាយ​ថា “ពួកគេ​បាន​ពិចារណា​ចង់​បាន​អ្នក​ស៊ើប​អង្កេត​ឯកជន​ម្នាក់ ប៉ុន្តែ​ពួកគេ​បាន​ចំណាយ​ប្រាក់​ច្រើន​រួច​ហើយ និង​បាន​ជួប​ការ​លំបាក​ខាង​ប្រាក់កាស ហើយ​ពួកគេ​នៅតែ​សង្ឃឹម​ថា ប្រទេស​កម្ពុជា​និង​ប្រទេស​បារាំង​នឹង​ធ្វើ​កិច្ចការ​របស់​ខ្លួន”។ “គ្រួសារ​ជន​រងគ្រោះ​មិន​ចង់​ទាក់ទង​អ្នក​កាសែត​ទេ ពីព្រោះ​ពួកគេ​មិន​ចង់​រំខាន​រឿងក្តី​ដែល​កំពុង​បន្ត​នេះ។ ប៉ុន្តែ ពេលខ្លះ វា​សំខាន់​ដែល​ឲ្យ​មាន​ការ​យល់​ដឹង​ជា​សាធារណៈ”៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស