35 C
Phnom Penh

ក្រុមហ៊ុន​​​បី​​​បន្ថែម​​​ទៀត​​​គ្រោង​​​​​​ចុះ​​​បញ្ជី​​​នៅ​​​លើ​​​ផ្សារ​​​មូល​​​ប័ត្រ​​​កម្ពុជា​​​នៅ​​​ឆ្នាំ​​​ក្រោយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តាម​​​ការ​​​រំពឹង​​​ទុក​​​ថា ផ្សារ​​​មូល​​​ប័ត្រ​​​ដ៏​​​ក្មេង​​​ខ្ចី​​​របស់​​​កម្ពុជា​​​ នឹង​​​ពង្រីក​​​ខ្លួន​​​លើស​​​ទ្វេ​​​ដង​​​នៅ​​​រយៈ​​​ពេល​​​ពីរ​​​ឆ្នាំក្រោយ​​​ ដោយ​​​មាន​​​ក្រុមហ៊ុន​​​ចំនួន​​​បី​​​កំពុង​​​ដំណើរ​​​ការ​​​ចុះ​​​បញ្ជី​​​នៅ​​​​​​ឆ្នាំ​​​ក្រោយ​​​ នេះ​​​បើ​​​យោង​​​តាម​​​អ្នក​​​នាំ​​​ពាក្យ​​​ផ្សារ​​​មូល​​​ប័ត្រ​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ។

​​​លោក​​​ ឡាមុន សូឡេល (Lamun​​ Soleil) អនុ​​​ប្រធាន​​​ផ្នែក​​​ប្រតិបត្តិការ​​​ទីផ្សារ​​​នៅ​​​ផ្សារ​​​មូល​​​ប័ត្រ​​​កម្ពុជា ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា រោង​​​ចក្រ​​​កាត់​​​ដេរ​​​ Ty Fashion របស់​​​តៃ​​​វ៉ាន់ និង​​​កំពង់​​​ផែ​​​ស្វយ័ត​​​ភ្នំពេញ​​​ សុទ្ធ​​​តែ​​​បាន​​​​​​ចាប់​​​ផ្តើម​​​ដំណើរ​​​ការ​​​នីតិវិធី​​​នៃ​​​ការ​​​ធ្វើ​​​សវនកម្ម​​​របាយ​​​ការណ៍​​​ហិរញ្ញវត្ថុ​​​របស់​​​ខ្លួន​​​ ដើម្បី​​​ធ្វើ​​​សំណើ​​​ផ្លូវ​​​ការ​​​ចុះ​​​បញ្ជី​​​​​​អំឡុង​​​ពេល​​​ណាមួយ​​​នៅ​​​​​​ឆ្នាំ​​​ក្រោយ​​​។​​​​​​

លោក​​​មាន​​​ប្រសាសន៍​​​ថា “នៅ​​​ពេល​​​ពួក​​​គេ​​​បញ្ចប់​​​ឯកសារ​​​ទាំង​​​នោះ​​​រួច​​​រាល់​​​ ពួក​​​គេ​​​ត្រូវ​​​រង់​​​ចាំ​​​ការ​​​អនុម័ត​​​សំណើ​​​របស់​​​ពួក​​​គេ​​​ដើម្បី​​​ចុះ​​​បញ្ជី​​​ ដែល​​​ត្រូវ​​​ការ​​​ពេល​​​វេលា​​​ប្រហែល​​​មួយខែ​​​ប៉ុណ្ណោះ”។ លោក​​​បាន​​​លើក​​​ឡើង​​​បន្ថែម​​​ថា ក្រុមហ៊ុន​​​ទី​​​៣​​​មួយ​​​ទៀត​​​ក៏​​​មាន​​​គម្រោង​​​ចុះ​​​បញ្ជី​​​នៅ​​​ឆ្នាំ​​​ក្រោយ​​​ដែរ ប៉ុន្តែ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​អាច​​​ប្រាប់​​​ឈ្មោះ​​​ក្រុម​​​ហ៊ុន​​​នោះ​​​បាន​​​ទេ​​​ ព្រោះ​​​វា​​​ជា​​​ការ​​​សម្ងាត់​​​។

លោក អីុន​​​ស៊ូ លី (Ihnsoo Lee) ប្រធាន​​​ផ្នែក​​​ប្រតិបត្តិការ​​​នៅ​​​ផ្សារ​​​មូល​​​ប័ត្រ​​​កម្ពុជា ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា គម្រោង​​​ចុះ​​​បញ្ជី​​​នៅ​​​ឆ្នាំ​​​ក្រោយ​​​នឹង​​​ធ្វើ​​​ឲ្យ​​​​​​មាន​​​ការ​​​ចាប់​​​អារម្មណ៍​​​ឡើង​​​វិញចំពោះ​​​​​​មូល​​​ប័ត្រ​​​មិន​​​សូវ​​​មាន​​​សកម្ម​​​ភាព​​​ ដែល​​​រហូត​​​មក​​​ទល់​​​ពេល​​​នេះ​​​មាន​​​ក្រុមហ៊ុន​​​ចុះ​​​បញ្ជី​​​តែ​​​ពីរ​​​នៅ​​​ឡើយ​​​។ លោក​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា ​​​​​​”រហូត​​​មក​​​ទល់​​​ពេល​​​នេះ ​​​ខ្ញុំ​​​អាច​​​និយាយ​​​បាន​​​ថា យើង​​​ធ្វើ​​​មិន​​​សូវ​​​បាន​​​ល្អ​​​ប៉ុន្មាន​​​ទេ​​​ ប៉ុន្តែ វា​​​នឹង​​​កាន់​​​តែ​​​ប្រសើរ​​​ឡើង​​​ជាមួយ​​​​​​នឹង​​​ការ​​​ចុះ​​​បញ្ជី​​​បន្ថែម​​​”។

ទោះ​​​ជា​​​យ៉ាង​​​ណា លោក ហីុ បាវី  អគ្គ​​​នាយក​​​កំពង់​​​ផែ​​​ស្វយ័ត​​​ភ្នំពេញ​​​​​​ បានមាន​​​ប្រសាសន៍​​​ថា ​​​ទោះ​​​ជា​​​កំពង់​​​ផែ​​​សង្ឃឹម​​​ថា​​​នឹង​​​ចុះ​​​បញ្ជី​​​ក្តី ក៏​​​គម្រោង​​​ពេល​​​វេលា​​​របស់​​​ផ្សារ​​​មូល​​​ប័ត្រ​​​កម្ពុជា​​​មាន​​​មហិច្ឆតា​​​ធំ​​​ពេក។ លោក​​​​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា កំពង់​​​ផែ​​​កំពុង​​​ស្ថិត​​​ក្នុង​​​ដំណើរ​​​ការ​​​ផ្លាស់​​​ប្តូរ​​​ប្រព័​​​ន្ធ​​​គណនី​​​របស់​​​ខ្លួន​​​ ដែល​​​នឹង​​​ធ្វើ​​​ឲ្យ​​​ដំណើរ​​​ការ​​​ចុះ​​​បញ្ជី​​​ត្រូវ​​​ពន្យារ​​​ពេល​​​។

លោក​​​បាន​​​លើក​​​ឡើង​​​បន្ត​​​ថា  “យើង​​​កំពុង​​​ត្រៀម​​​ចុះ​​​បញ្ជី ប៉ុន្តែ វា​​​ទំនង​​​ជា​​​ត្រូវ​​​ការ​​​ពេល​​​វេលា​​​បី​​​ឆ្នាំ​​​ទើបត្រៀម​​​​​​រួច​​​រាល់​​​”។

កាល​​​ពី​​​ខែ​​​កក្កដា រោង​​​ចក្រ​​​ផលិត​​​ស្បែក​​​ជើង​​​ Grand Twins International (GTI) បាន​​​ក្លាយ​​​ជា​​​ក្រុម​​​ហ៊ុន​​​ទី​​​២​​​ដែល​​​បាន​​​ចុះ​​​បញ្ជី​​​នៅ​​​លើ​​​​​​ផ្សារ​​​មូល​​​ប័ត្រ រួម​​​ជា​​​មួយ​​​នឹង​​​រដ្ឋាករ​​​ទឹក​​​ស្វយ័ត​​​ក្រុង​​​ភ្នំពេញ​​​ ដែល​​​គ្រប់​​​គ្រង​​​ដោយ​​​រដ្ឋ​​​។

ទោះ​​​បី​​​ជា​​​មាន​​​ក្តី​​​សង្ឃឹម​​​ថា ក្រមហ៊ុន​​​ Grand Twins International នឹង​​​ទទួល​​​បាន​​​ជោគ​​​ជ័យ​​​ជា​​​ថ្មី​​​ផ្នែក​​​ពាណិជ្ជកម្ម​​​ក្តី​​​ ក៏​​​តម្លៃ​​​មូល​​​ប័ត្រ​​​របស់​​​ខ្លួន​​​មិន​​​បាន​​​ឡើង​​​ថ្លៃ​​​លើស​​​ពី​​​៩.៧០០រៀល​​​ ឬ​​​ប្រហែល​​​២,៤២ដុល្លារ​​​ដែល​​​​​​ខ្លួនបាន​​​​​​ទិញ​​​ចូលកាល​​​ពី​​​​​​ដំបូង​​​ឡើយ​​​។

ក្រោយ​​​ពី​​​មាន​​​​​​កូដ​​​កម្ម​​​នៅ​​​​​​រោង​​​ចក្រ​​​ Grand Twins International ទាម​​​ទារ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ និង​​​លក្ខខណ្ឌ​​​ការ​​​ងារ​​​ ដែល​​​បាន​​​បញ្ចប​​​់​​​កាល​​​ពី​​​សប្តាហ៍​​​មុន លោក វិចិត្រ វណ្ណារ័ត្ន ប្រធាន​​​​​​ផ្នែក​​​ធនាគារ​​​វិនិយោគ​​​នៅ​​​ក្រុម​​​ហ៊ុន​​​មូល​​​ប័ត្រ​​​កាណា (Cana Securities Ltd.,) បាន​​​លើក​​​ឡើង​​​តាម​​​អីុ​​​ម៉េល​​​ថា ក្តី​​​រំពឹង​​​នៃ​​​ការ​​​ចុះ​​​បញ្ជី​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​មួយ​​​ទៀត​​​ មិន​​​អាច​​​ទាក់​​​ទាញ​​​វិនិយោគិន​​​បាន​​​ឡើយ​​​។

លោក​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “កូដ​​​កម្ម​​​ពិត​​​ជា​​​បាន​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​​​​ភាព​​​គួរ​​​ឲ្យជឿ​​​ជាក់​​​របស់​​​ GTI ក្នុង​​​ចំណោម​​​បញ្ហា​​​យុទ្ធ​​​សាស្ត្រ​​​ផ្សេង​​​ៗ​​​ទេៀត។ ដំណើរ​​​មូល​​​ប័ត្រ​​​ចាប់​​​តាំង​​​ពី​​​ IPO [តម្លៃ​​​បើក​​​លក់​​​ជា​​​សាធារណៈ​​​ជា​​​លើក​​​បំបូង​​​]​​​​​​​​​ ឆ្លុះ​​​បញ្ចាំង​​​ពី​​​ការ​​​ទំនុក​​​ចិត្ត​​​ទាប​​​របស់​​​វិនិយោគិន​​​​​​ ពោល​​​គឺ​​​នៅ​​​មុន​​​កើត​​​មាន​​​កូដ​​​កម្ម​​​ទៅ​​​ទៀត​ TY នឹង​​​ពិបាក​​​លក់​​​”៕សុខុម (រាយការណ៍​​​បន្ថែម​​​ដោយ ហ៊ុល រស្មី)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស