នៅពេល ហុង ម៉ុងហេង ម្ចាស់ក្រុមហ៊ុនកែច្នៃឈើ Brightway Furniture បានដាក់ពាក្យបន្តអាជ្ញាប័ណ្ណរបស់លោកនាំឈើចេញកាលពីខែកុម្ភៈ គាត់គ្មានហេតុផលសង្ស័យថា អាជ្ញាប័ណ្ណនោះត្រូវបានទាត់ចោលនោះទេ។
ដូច្នេះនៅពេលក្រសួងពាណិជ្ជកម្មបដិសេធឯកសារ ដែលលាតត្រដាងថា ក្រុមហ៊ុនរបស់លោកកំពុងត្រូវគេតាមដានពីបទសង្ស័យក្លែងបន្លំឯកសារ ដើម្បីនាំឈើប្រណីតចេញ ទើបលោក ហុងម៉េង ភ្ញាក់ផ្អើលយ៉ាងខ្លាំង។ លោកបាននិយាយថា “ខ្ញុំបានដាក់ពាក្យបណ្តឹងភ្លាមទៅការិយាល័យប៉ូលិសព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីចាប់ខ្លួនជនក្លែងបន្លំ”។
លោក ម៉េងហុង នៅពេលនោះមិនបានដឹងថា ឈ្មោះក្រុមហ៊ុនរបស់លោកត្រូវបានគេប្រើក្នុងការរត់ពន្ធឈើដែលនាំចេញដោយខុសច្បាប់នូវឈើប្រណិតជាង៣០០.០០០ម៉ែត្រគូប ពីប្រទេសកម្ពុជាចូលប្រទេសវៀតណាម មុនពេលរដ្ឋាភិបាលបានដឹងរឿងនេះទេ។
ចំណុចសំខាន់ មានអ្នកការទូតខ្មែរម្នាក់ គឺលោក តាំង សុខងី អតីតអគ្គកុងស៊ុលរងប្រចាំក្រុងហូជីមិញ ដែលជាប់ចោទថាបានចេញឯកសារក្លែងក្លាយ ដែលគេអះអាងថា អនុញ្ញាតឲ្យមានការនាំចេញឈើទៅប្រទេសវៀតណាម។
យោងតាមឯកសារដាក់ទៅតុលាការក្រុងភ្នំពេញបានឲ្យដឹងថា រឿងក្តីនេះបានទាក់ទាញការចាប់អារម្មណ៍ពីក្រុមមន្ត្រីរដ្ឋាភិបាលថ្នាក់ខ្ពស់បំផុត ដោយមានអន្តរាគមន៍ពីលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងមានទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
បន្ទាប់ពីមានការចាប់ខ្លួនលោក សុខងី នៅភោជនីយដ្ឋានមួយកន្លែងកាលពីថ្ងៃទី១៩ខែមិថុនា ជនសង្ស័យអាយុ៣៦ឆ្នាំរូបនេះត្រូវបានចោទពីបទក្លែងបន្លំឯកសារសាធារណៈ ហើយជាប់ឃុំបណ្តោះអាសន្នរង់ចាំការកាត់ក្តី។ នៅពេលនោះ ប៉ូលិសមិនបានបញ្ចេញសេចក្តីលម្អិតនៃរឿងក្តីនេះ ឬឈ្មោះក្រុមហ៊ុនដែលពាក់ព័ន្ធទេ។
ប៉ុន្តែមានការចាប់ខ្លួនថែមទៀតកាលពីដើមខែកញ្ញា បន្ទាប់ពីមានការឆ្មក់ចូលឆែកឆេរផ្ទះ២កន្លែងក្នុងក្រុងភ្នំពេញ ដែលបានរកឃើញត្រានិងឯកសារក្លែងក្លាយរបស់រដ្ឋាភិបាលយ៉ាងច្រើន ក្នុងនោះរួមមានត្រាជាង១.០០០ ក្នុងចំណោមត្រាផ្សេងទៀត មានត្រាក្រសួងហិរញ្ញវត្ថុ ក្រសួងការបរទេស និងក្រសួងយុត្តិធម៌។
ម្ចាស់ផ្ទះម្នាក់ ឈ្មោះ នៅ សាខន អាយុ៥២ឆ្នាំ រួមជាមួយ ចាប វណ្ណា អាយុ៥១ឆ្នាំ និង សួន ឧត្តមរស្មី អាយុ២៤ឆ្នាំ ជាប់ចោទពីបទក្លែងបន្លំឯកសារសាធារណៈ។
ក្នុងបទសម្ភាសន៍មួយកាលពីចុងខែមុន ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ក្រសួងមហាផ្ទៃ ដែលមើលខុសត្រូវការស៊ើបអង្កេតលើក្រុមក្លែងបន្លំនេះ បាននិយាយថា លោក សាខន “អាចក្លែងអ្វីគ្រប់យ៉ាង”។
ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បាននិយាយថា “ឯកសារណាមួយដែលពាក់ព័ន្ធនឹងការជូនដំណឹងជាផ្លូវការ គាត់អាចធ្វើបាន”។
ក្នុងចំណោមឯកសារដែលរឹបអូសយកបានពីផ្ទះរបស់លោក សាខន មានឯកសារក្លែងក្លាយប្រើដើម្បីដឹកឈើប្រណីតដោយខុសច្បាប់ចេញពីប្រទេសកម្ពុជា ដោយប្រើឈ្មោះក្រុមហ៊ុនមួយចំនួន ដែលបើកស្រាប់នៅប្រទេសកម្ពុជា។
ឯកសារតុលាការដែលទទួលបានកាលពីខែមុនបង្ហាញថា ពីរខែមុនលោក ម៉ុងហេង ឲ្យក្រសួងមហាផ្ទៃដឹងនោះ លោក ចាន់ថុល បានទាក់ទងលោក ហ៊ុន សែន សុំយោបល់ បន្ទាប់ពីដឹងថា ឯកសារទាំងនោះត្រូវគេក្លែងបន្លំក្នុងនាមក្រសួងរបស់លោក ដើម្បីសម្របសម្រួលការនាំឈើចេញពីប្រទេសកម្ពុជាទៅប្រទេសវៀតណាម។
លោក ហ៊ុន សែន បានសរសេរតបសំណើរបស់លោក ចាន់ថុល កាលពីថ្ងៃទី២៤ធ្នូ មួយថ្ងៃបន្ទាប់ពីការទទួលបានលិខិត។
ឯកសារបង្ហាញថា លោក ចាន់ថុល ក៏បានស្នើសុំអន្តរាគមន៍ពីលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស ដោយសុំឲ្យលោក ជូនដំណឹងដល់សមភាគីវៀតណាមរបស់លោកចំពោះការក្លែងបន្លំ ដែលគេចោទថា ផ្តល់ការអនុញ្ញាតដល់ក្រុមហ៊ុន អង្គរ ប្លាយវ៉ូដ នាំចេញឈើ១៩.១៤៤ម៉ែត្រគូបឆ្លងព្រំដែន។ នេះជាលើកដំបូងហើយដែលក្រុមហ៊ុន Brightway Furniture ក៏បានធ្លាក់ក្នុងការសង្ស័យរបស់រដ្ឋាភិបាលដែរ។
ក្រោយពីការរកឃើញឯកសារក្លែងក្លាយចំនួនបីទៀតដែលសង្ស័យថា សរសេរដោយលោក សុខងី ដែលផ្តល់ការអនុញ្ញាតឲ្យក្រុមហ៊ុននានាដឹកឈើដ៏ច្រើនចូលប្រទេសវៀតណាមនោះ លោក ហោ ណាំហុង ក៏បានបែរទៅរកលោកនាយករដ្ឋមន្ត្រី ដើម្បីសុំការណែនាំដែរ។
លោក ហ៊ុន សែន បានសរសេរតបនឹងសេចក្តីរាយការណ៍របស់លោក ហោ ណាំហុង ថា “ក្នុងសំណុំរឿងអគ្គកុងស៊ុល ដូចដែលបានលើកឡើងក្នុងសេចក្តីរាយការណ៍ បានចេញឯកសារជាច្រើននោះ ត្រូវតែទុកជាមោឃៈ ហើយអគ្គកុងស៊ុលរូបនេះត្រូវតែកោះហៅមកប្រទេសវិញ បន្ទាប់មកដាក់វិន័យរដ្ឋបាល ឬដាក់បណ្តឹងទៅតុលាការ”។
ការក្លែងបន្លំ ហាក់ដូចជា ប៉ុនប៉ងគេចវេសចេញពីកិច្ចព្រមព្រៀងទ្វេភាគីរវាងប្រទេសទាំងពីរ ដែលចុះហត្ថលេខាកាលពីខែធ្នូឆ្នាំ២០១៣នៅទីក្រុងហាណូយ ដើម្បីដោះស្រាយការនាំចេញអនុផលព្រៃឈើដោយខុសច្បាប់។ ក្នុងក្របខណ្ឌអនុវត្ត កិច្ចព្រមព្រៀងនោះមានន័យថា រាល់ការដឹកជញ្ជូនឈើកែច្នៃហើយទៅប្រទេសវៀតណាម ឥឡូវនេះតម្រូវឲ្យមានការជូនដំណឹងជាមុនពីក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម។
លោក ណាំហុង បានសរសេរកាលពីថ្ងៃទី១៩ខែកុម្ភៈទៅលោក ហ៊ុន សែន ដែលបន្ទាប់មកបានស្នើឲ្យចាត់វិធានការច្បាប់ថា “ក្នុងករណីកុងស៊ុល តាំង សុខងី បានរំលោភច្បាប់យ៉ាងបំពាននិងធ្ងន់ធ្ងរ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនឹងបញ្ជូនសំណុំរឿងនេះទៅតុលាការ ដើម្បីផ្តន្ទាទោសរូបគាត់ស្របតាមច្បាប់”។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានបដិសេធមិនអធិប្បាយអំពីរឿងក្តីនេះទេ។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មិនបានឆ្លើយតបទៅនឹងសំណើសុំពន្យល់ឡើយ។
ឯកសារតុលាការបង្ហាញថា ក្រុមអ្នកស៊ើបអង្កេតក្រសួងមហាផ្ទៃបានរកឃើញឯកសារក្លែងក្លាយដែលអនុញ្ញាតឲ្យក្រុមហ៊ុនចំនួន១៤នាំចេញឈើប្រណីតសរុប២០៩.៧០៣ម៉ែត្រគូបពីប្រទេសកម្ពុជាចូលប្រទេសវៀតណាម។
លោក ឡុង ណូរិន មេធាវីតំណាងក្រសួងពាណិជ្ជកម្ម នៅពេលនោះបានធ្វើដំណើរជាមួយមនុស្សមួយក្រុមក្នុងក្រសួងនេះទៅប្រទេសវៀតណាមកាលពីដើមឆ្នាំ២០១៤ ដើម្បីធ្វើការស៊ើបអង្កេតបន្ថែម និងបានរកឃើញឯកសារក្លែងក្លាយប្រាំពីរបន្ថែមទៀតនៅការិយាល័យកុងស៊ុលកម្ពុជាក្នុងទីក្រុងហូជីមិញ ដែលអនុញ្ញាតឲ្យមានការដឹកឈើចេញជាង១៣០.០០០ម៉ែត្រគូប។
មានក្រុមហ៊ុនឬបុគ្គលសរុបចំនួន២៣ ក្នុងនោះមានទាំងក្រុមហ៊ុន Brightway Furniture ផង ចុះក្នុងឯកសារតុលាការដែលមានឈ្មោះនៅក្នុងឯកសារក្លែងក្លាយ មាននៅចន្លោះឆ្នាំ២០១៣និងដើមឆ្នាំ២០១៤ ដែលបញ្ជាក់ថាផ្តល់ឲ្យពួកគេនូវសិទ្ធិនាំចេញឈើប្រណីតជាង៣៣៩.៧០០ម៉ែត្រគូបទៅប្រទេសវៀតណាម។
យោងតាមប៉ូលិសបានឲ្យដឹងថា បច្ចុប្បន្ន គ្មានម្ចាស់ក្រុមហ៊ុនណាម្នាក់ប្រឈមនឹងការចោទប្រកាន់ព្រហ្មទណ្ឌទាក់ទិននឹងរឿងក្តីនេះទេ។
ការព្យាយាមទាក់ទងក្រុមហ៊ុនមិនបានសម្រេចទេ ចំណែកឯ លោក ណូរិន មេធាវីរបស់ក្រសួងពាណិជ្ជកម្ម បានបដិសេធមិនពិភាក្សាថាតើប្រភេទឈើអ្វីដែលធ្លាប់បាននាំទៅប្រទេសវៀតណាម តាមរយៈឯកសារក្លែងក្លាយនោះ។
លោក ប៉ាល់ សុធី អនុប្រធានការិយាល័យនៅនាយកដ្ឋានព្រហ្មទណ្ឌកម្រិតស្រាលក្រសួងមហាផ្ទៃ បាននិយាយកាលពីខែមុនថា លោកបានសាកសួរពាណិជ្ជករមួយចំនួនដែលមានឈ្មោះក្នុងឯកសារក្លែងក្លាយ ប៉ុន្តែបានបដិសេធមិនបញ្ចេញឲ្យដឹងលទ្ធផលទេ។
លោក សុធី បាននិយាយថា រហូតដល់ពេលនេះ ក្រុមហ៊ុនដែលពាក់ព័ន្ធក្នុងរឿងនេះ ដែលរកបានប្រាក់រាប់លានពីការដឹកជញ្ជូនឈើ គ្រាន់តែជាប់ឈ្មោះជាជនរងគ្រោះនៃការក្លែងបន្លំក្នុងក្រុមរត់ពន្ធឈើប៉ុណ្ណោះ។ លោកបាននិយាយថា “យើងមិនទាន់មានការសន្និដ្ឋានណាមួយនៅឡើយទេអំពីក្រុមហ៊ុនទាំងនោះ”៕មានិត