34 C
Phnom Penh

សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិចុះ​ពិនិត្យ​គម្រោង​សាង​សង់​ទំនប់​វារី​អគ្គិសនី​ដ៏ចម្រូង​ចម្រាស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ប៉ុល ហំម ប្រធាន​គណៈកម្មការ​ផ្នែក​កសិកម្ម​នៃ​រដ្ឋសភា បាន​ធ្វើ​ដំណើរ​តាម​ឧទ្ធម្ភាគ​ចក្រ​ពី​ខេត្ត​កោះ​កុង​ចូលទៅ​ក្នុង​ត​ំបន់​ជ្រលង​អារ៉ែងដ៏ជ្រៅ​​​កាលពី​ថ្ងៃច័ន្ទ​ដើម្បី​ពិនិត​្យ​​កន្លែង​គម្រោង​សាង​សង់​ទំនប់​វារី​អគ្គិសនី​ដ៏ចម្រូង​ចម្រាស​។Areng

សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិរូបនេះ​បាន​ធ្វើ​ដំណើរ​ទៅតំបន់នោះ​មុនពេល​គម្រោង​ចូលមក​បំភ្លឺ​​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​​នៅ​រដ្ឋសភា​នៅ​សប្តាហ៍ក្រោយ។

លោក​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញថា ដំណើរ​ទៅទីនោះបាន​ធ្វើ​ឲ្យ​លោក​ដឹង​ថា ជន​ជាត​ិ​ដើម​​ភាគ​តិច​ជង​ជាច្រើន​គ្រួសារ​រស់នៅ​ក្នុង​ជ្រលង​នោះ បាន​ជំទាស់​ដាច់ខាត​​ទៅ​នឹង​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​ស្ទឹង​ឆាយ​អារ៉ែង​ដែលមាន​កម្លាំង​១០៨មេហ្គាវ៉ា​ត់ នេះ ដែល​នឹង​បង្ខំ​ឲ្យ​ពួកគាត់​ចាក​ចេញ​ពី​ដីដូន​តា​របស់ខ្លួន​ ប្រសិន​បើ​ទំនប់នេះ​ត្រូវ​បាន​សាង​សង់​មែន​​នោះ។

លោក​បាន​មាន​ប្រសាសន៍​ថា “អ្នក​ភូមិ​ជាច្រើនលើក​ឡើង​ថា ពួកគាត់​មិន​ចង់​…​ឲ្យ​មាន​ការ​សាងសង់​ទំនប់វារី​អគ្គិសនី​នោះឡើយ ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វប្បធម៌ និង​ជីវភាព​រស់នៅ​របស់ជន​ជា​តិ​ដើម​ភាគ​តិច​ជង​របស់ខ្លួន។ ពួក​គាត់​បាន​ស្នើ​ដល់​រដ្ឋាភិបាល​កុំ​ឲ្យ​សាង​សង់​ទំនប់​វារី​អគ្គិសនី​នេះ”។

លោក ប៉ុល ហំម បាន​មាន​ប្រសាសន៍ថា ដំណើ​រចុះទៅ​ពិនិត្យ​មើល​នោះ​ក៏​បាន​ធ្វើ​ឲ្យ​លោក​ជឿ​ជាក់​ផងដែរ​ថា អគ្គិសនី​ដែល​ផលិត​ដោយ​ទំនប់នេះ​មិន​ស្មើនឹង​ការ​ប៉ះពាល់​ដល់​សហគមន៍ជន​ជាត​ិ​ដើម​ភាគ​តិច​ជង និង​ព្រៃការពារ​ដែលពួកគាត​់​រស់នៅនោះឡើយ។

ប្រធាន​គណៈកម្មការ​រូបនេះ​បាន​ពន្យល់ថា “​តាម​យោបល់​របស់ខ្ញុំ លទ្ធផល​នៃ​អគ្គិសនី​កម្លាំង​១០៨មេហ្គាវ៉ាត់នោះ​​ជា​ថ្នូរ​នឹង​ការធ្វើឲ្យ​ប៉ះពាល់​ដល់​ធន​ធាន​ធម្មជាតិ​ និង​វប្បធម៌ ឧទាហរណ៍​ដូច​ជា​ការ​ទិញទំនិញ​ដែលមាន​តម្លៃ​ថ្លៃ​អ៊ីចឹង”។ លោក​បាន​បន្ថែម​ថា “នៅ​ពេល​ខ្ញុំ​ធ្វើ​ដំណើរ​តាម​ឧទ្ធម្ភាគចក្រ​ ខ្ញុំ​បាន​ឃើញ​​ព្រៃក្រាស់ ហើយ​ខ្ញុំ​ចង់​រក្សា​ទុកព្រៃនោះ”។

យោងតាម​លោក ម៉ៅ មុន្នីវណ្ណ សមាជិក​សភាគណបក្ស​សង្គ្រោះ​ជាតិ​​ដែលបាន​ចូលរួ​ម​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅដែរនោះ​បាន​ឲ្យ​ដឹង​ថា ឧទ្ធម្ភាគច្រក​នេះ​ត្រូវ​បាន​ផ្តល់​ដោយ​​អង្គការ​សម្ព័ន្ធ​សត្វព្រៃ​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល។

រូបភាព​វីដេអូដែលបាន​ដាក់តាម​ប្រព័ន្ធ​អុីនធើណិត​ដោយ​លោក សម​ រង្ស៊ី ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​​បង្ហាញ​វេទិកាសាធារណៈ​មួយ​នៅក្នុង​ជ្រលងភ្នំនោះ​ដែលរៀប​ចំដោយ​​លោក ប៉ុល ហំម ដែល​ក្នុងនោះ​សមាជិកសហគមន៍មូលដ្ឋាន​បាន​ជំទាស់​ចំពោះ​គម្រោង​សាង​សង់​ទំនប់​វារី​អគ្គិសនី​នេះ។

បុរស​ម្នាក់​បាន​លើក​ឡើង​ថា “​យើង​រស់នៅ​ទីនេះ​ពឹង​ផ្អែក​លើ​ធន​ធាន​ធម្មជាតិ។ ប្រសិន​បើ​ពួកគេ​កាប់​ដើម​ឈើ យើង​មិន​ដឹង​ថា ទៅ​រស់នៅ​ឯណា ឬ​រកការ​ងារ​អ្វីធ្វើឡើ​យ​ក្នុង​នាម​ជា​ជន​ជា​តិ​ដើម​ភាគ​តិច​នោះ។ ខ្ញុំ​នឹង​ផ្ញើសារទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​លុប​ចោល​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នេះ ហើយ​ធ្វើ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ដើម្បី​រក​ចំណូល​សម្រាប់​រដ្ឋាភិបាលជំនួស​វិញ”។

លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​​បាន​បញ្ជាក់ថា ក្រុម​មន្ត្រី​មក​ពី​ក្រសួង​របស់​លោក​បាន​អម​ដំណើរ​លោក ប៉ុល ហំម អំឡុង​ការ​ធ្វើ​ដំណើរនោះដែរ ប៉ុន្តែ​បាន​បង្វែរ​សំណួរ​បន្ថែម​ទៅ​លោក សៅ សុភាព អ្នក​នាំពាក្យ​ក្រសួង​វិញ ដែលគេមិន​អាច​ទាក់​ទង​បាន។

នៅ​ថ្ងៃច័ន្ទ សមាជិក​សភា​នឹង​មានឱកាស​សួរ​សំណួរ​លោក សាយ សំអាល់ នៅ​រដ្ឋសភា​អំពី​បញ្ហា​មួយ​ចំនួន​រួមទាំង​ទំនប់​វារី​អគ្គិសនី​ស្ទឹង​ឆាយ​អារ៉ែង​ដែល​រដ្ឋាភិបាល​លើក​ឡើ​ងថា នឹង​ត្រូវ​សាងសង់​​ប្រសិន​បើ​មាន​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់បរិស្ថាន​ និង​សង្គម​​ច្បាស់​លាស់​​តែប៉ុណ្ណោះ។

អ្នកភូមិ​ជន​ជាតិ​ដើម​ភាគតិច​ជង និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ជួយ​ពួកគាត​់​​បារម្ភ​​ថា រដ្ឋាភិបាល​នឹង​អនុម័ត​ឲ្យ​សាងសង់ទំនប់​នេះ​ ដោយ​មិន​គិត​ដល់​លទ្ធផល​នៃ​ការ​វាយ​តម្លៃ​ទៅជាយ៉ាងណានោះឡើយ។ ថ្មីៗ​នេះ​ក្រុមហ៊ុន​សំណង់​របស់​ចិន​បាន​ប្រកាស​ថា ខ្លួន​បាន​ចុះ​ហ​ត្ថលេខា​លើ​កិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន​ដែលគាំទ្រ​ដល់​ការសាងសង់​ទំនប់វារីអគ្គិសនី​នេះហើយ៕សារុន​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស