កាលពីម្សិលមិញ ក្រសួងការងារបានអំពាវនាវឲ្យម្ចាស់ផ្ទះជួលកុំដំឡើងថ្លៃបន្ទប់ជួលសម្រាប់កម្មករកាត់ដេរទៅតាមការដំឡើងប្រាក់ខែគោលដែលត្រូវបានប្រកាសថ្មីៗនេះ ប៉ុន្តែ ម្ចាស់ផ្ទះហាក់ដូចជាបានសម្រេចចិត្តរួចទៅហើយ។
ចាប់ផ្តើមពីខែមករាទៅ ប្រាក់ខែគោលនៅក្នុងវិស័យកាត់ដេរក្នុងប្រទេសកម្ពុជា នឹងដំឡើងពី១០០ដុលា្លរដល់១២៨ដុល្លារ ក្រោយពីសេចក្តីសម្រេចរបស់រដ្ឋាភិបាលកាលពីសប្តាហ៍មុន។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានមានប្រសាសន៍ថា “យើងពិតជាបានស្នើសុំ និងអំពាវនាវទៅដល់ម្ចាស់ផ្ទះជួលមែន មេត្តាកុំដំឡើងថ្លៃអី”។ ប៉ុន្តែ លោកលើកឡើងថា រដ្ឋាភិបាលគ្មានគម្រោងផ្សព្វផ្សាយសារនេះទៅដល់ម្ចាស់ផ្ទះជួល និងដាក់បញ្ញត្តិកម្មណាមួយលើម្ចាស់ផ្ទះឡើយ។ លោកមានប្រសាសន៍ថា “ពេលេនះ យើងអនុវត្តតាមសេដ្ឋកិច្ចទីផ្សារសេរី។ យើងនឹងស្វែងរកវិធីធ្វើយ៉ាងណាឲ្យផ្ទះជួលមានតម្លៃថោកសមរម្យសម្រាប់កម្មករ”។
ដោយមានកម្មករជាង ៦០០.០០០នាក់ធ្វើការនៅតាមរោងចក្រផលិតសម្លៀកបំពាក់ ឬស្បែកជើងនៅទូទាំងប្រទេស ថៅកែរោងចក្រនឹងត្រូវចំណាយប្រាក់បន្ថែមរាប់លានដុល្លារទៅលើកម្មករទាំងនេះ ដែលភាគច្រើនជាស្ត្រីវ័យក្មេង។
ហើយម្ចាស់ផ្ទះដែលមានបន្ទប់តូចៗជួលឲ្យទៅក្រុមកម្មករស្នាក់នៅឯជាយក្រុង ក៏កំពុងតម្រង់ជួររង់ចាំទទួលចំណែករបស់ខ្លួនដែរ។ នៅតាមបណ្តោយផ្លូវវេងស្រេង ដែលសម្បូរទៅដោយរោងចក្រអមសងខាងផ្លូវច្រើនបំផុតនៅក្នុងប្រទេសកម្ពុជា កម្មកររោងចក្រដែលជាធម្មតាជួលបន្ទប់មួួយក្នុងតម្លៃចន្លោះ២៥ដុល្លារដល់៤០ដុលា្លរក្នុងមួយខែ បានរៀបរាប់អំពីការដំឡើងថ្លៃជួលក្នុងពេលឆាប់ៗនេះ។
ម្ចាស់ផ្ទះជួលក៏បាននិយាយដែរថា ថ្លៃបន្ទប់ជួលនឹងត្រូវដំឡើង។ លោក អឹុម វឌ្ឍនា អាយុ៤០ឆ្នាំ ដែលមានបន្ទប់ជួលឲ្យទៅកម្មការិនីប្រហែល២០នាក់ក្នុងតម្លៃចន្លោះពី៣៥ដុល្លារ ទៅ៤០ដុល្លារក្នុងមួយខែ បាននិយាយថា “ប៉ុន្តែ ខ្ញុំនឹងមិនដំឡើងថ្លៃទេ ពីព្រោះខ្ញុំមិនមែនជាអ្នកជំនួញ ខ្ញុំគ្រាន់តែចង់ជួយកម្មករប៉ុណ្ណោះ”។
លោក សេង សុភ័ក្រ អាយុ៤៤ឆ្នាំ ដែលមានបន្ទប់ជួលចំនួន៣៦បន្ទប់សម្រាប់កម្មករជាង១៥០នាក់ ក៏មានទស្សនស្រដៀងគ្នានេះដែរ។ គាត់បាននិយាយថា “គ្រប់ម្ចាស់ផ្ទះជួលនៅជុំវិញទីនេះនឹងដំឡើងថ្លៃ ប៉ុន្តែ ខ្ញុំនឹងមិនធ្វើតាមទេ ពីព្រោះប្រាក់បន្ថែមនេះគួរតែទុកសម្រាប់កម្មករសន្សំទុក”។
ម្ចាស់ផ្ទះជួលប្រហែល១០នាក់ ដែលត្រូវបានសម្ភាសកាលពីម្សិលមិញ បាននិយាយដូចៗគ្នាថា គ្រប់ម្ចាស់ផ្ទះជួលលើកលែងពួកគាត់ចេញ នឹងដំឡើងថ្លៃជួល។
ប៉ុន្តែ ក្នុងចំណោមអ្នកដែលជួលបន្ទប់តូចៗនៅតាមច្រកឌឿងហែមឆ្ងាយពីផ្លូវធំ សុទ្ធតែសន្និដ្ឋានដូចៗគ្នាថា ម្ចាស់ផ្ទះនឹងដំឡើងថ្លៃជួល។ កម្មការិនីកាត់ដេរ ចាន់ សំអាត អាយុ២១ឆ្នាំមកពីខេត្តស្វាយរៀង ដែលចំណាយ២០ដុល្លារសម្រាប់ការជួលបន្ទប់ស្នាក់នៅក្នុងតំបន់ឧស្សាហកម្ម និយាយថា “ពេលគាត់ឮ១២៨ដុល្លារ ម្ចាស់ផ្ទះខ្ញុំបានប្រាប់ខ្ញុំថា នឹងឡើងថ្លៃជួល៥ដុល្លារ ប៉ុន្តែ គាត់មិនបាននិយាយថាពេលណាទេ”។
ផេង មីុមីុ អាយុ៣០ឆ្នាំ ជាប្រធានក្រុមកម្មករដែលរកចំណូលបានរហូតដល់ទៅ២៥០ដុល្លារក្នុងមួយខែ និយាយថា គាត់ក៏បានឮដែរថា បន្ទប់ជួលរបស់គាត់នឹងឡើងថ្លៃ។ ស្ត្រីរូបនេះនិយាយបន្តថា “អ្នកគ្រប់គ្រងរបស់ខ្ញុំបានប្រាប់ខ្ញុំថា ម្ចាស់ផ្ទះនឹងដំឡើងថ្លៃជួល៥ដុល្លារខែមករា។ គាត់ដឹងពីព្រោះគាត់បានជួបជាមួយម្ចាស់ផ្ទះនិយាយអំពីរឿងទាំងនេះ”។
កម្មការិនីដែលមានបទពិសោធច្រើននៅក្នុងវិស័យកាត់ដេរនិយាយថា ម្ចាស់ផ្ទះជួលមិនដែលខកខានឱកាសដំឡើងថ្លៃជួលឡើយ ក្រោយពីការដំឡើងប្រាក់ខែរបស់កម្មករ ហើយការដំឡើងលើកចុងក្រោយនេះ គឺជាលើកទី២ហើយចាប់តាំងពីខែឧសភា ឆ្នាំ២០១៣មកនៅពេលប្រាក់ខែត្រូវបានដំឡើងពី៦១ដុល្លារ ដល់៨៥ដុល្លារ។
លឹម លីហេង អាយុ២៧ឆ្នាំ ដែលបានធ្វើការនៅក្នុងវិស័យកាត់ដេរអស់រយៈពេល៨ឆ្នាំ និងដែលនៅពេលនេះទទួលបានចំណូលចន្លោះពី១៧០ដុល្លារដល់១៩០ដុល្លារក្នុងមួយខែ រួមទាំងប្រាក់បន្ថែមម៉ោង និងប្រាក់ឧបត្ថម្ភផង បាននិយាយថា ការដំឡើងថ្លៃជួល គឺប្រាកដណាស់។
កម្មករិនីរូបនេះបានពន្យល់ថា ចាប់តាំងពីឆ្នាំ២០០៦មក ដែលនៅពេលនោះនាងបង់ថ្លៃបន្ទប់ជួល១៨ដុល្លារ ខណៈរកបានចំណូលប្រហែល៨៥ដុល្លារ រាល់ការដំឡើងប្រាក់ខែ ថ្លៃផ្ទះជួលក៏តែងតែដំឡើងតាមដែរ។
សំដៅដល់កម្មករប្រាំនាក់ដែលត្រូវកងរាជអាវុធហត្ថបាញ់ស្លាប់ ខណៈធ្វើការតវ៉ាទាមទារដំឡើងប្រាក់ខែគោលកាលពីមករា ជាលើកចុងក្រោយដែលប្រាក់ខែគោលត្រូវបានដំឡើងក្នុងវិស័យនេះ នាងបាននិយាយថា “គេដំឡើងបន្ទាប់ពីពួកគេសម្លាប់កម្មករប្រាំនាក់។ ខ្ញុំប្រាកដថា ពួកគេនឹងដំឡើងម្តងទៀត ពួកគេជាអ្នករកស៊ី”៕សុខុម