26 C
Phnom Penh

លោក ហ៊ុន សែន​ អញ្ជើញ​ជា​អធិបតីក្នុ​ងពិធីសម្ពោធ​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​​បាន​ចូល​រួម​ជា​អធិបតី​​​​​ក្នុងពិធី​សម្ពោធ​មន្ទីរ​ពេទ្យ​រ៉ូយ៉ាល់​ភ្នំពេញ ដោយ​បាន​លើក​សរសើរ​សហស្ថាបនិក​​ គឺ​លោក ប្រាសឺត ប្រាសាទ​ទុង ឱសថ សេដ្ឋីជនជាតិ​ថៃ​ដែល​បាន​ជួយ​​ដល់​រដ្ឋាភិបាល​កម្ពុជា​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ និង​អំឡុង​ការ​ប្រយុទ្ធគ្នា​​​នៅ​ក្នុង​ក្រុង​ភ្នំពេញ​កាលពី​ឆ្នាំ​១៩៩៧។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​​​ចូល​រួម​ជា​អធិបតី​​​​​ក្នុងពិធី​សម្ពោធ​មន្ទីរ​ពេទ្យ​រ៉ូយ៉ាល់​ភ្នំពេញ កាលពីម្សិលមិញ។ស៊ីវ ចាន់ណា​
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​​​ចូល​រួម​ជា​អធិបតី​​​​​ក្នុងពិធី​សម្ពោធ​មន្ទីរ​ពេទ្យ​រ៉ូយ៉ាល់​ភ្នំពេញ កាលពីម្សិលមិញ។ស៊ីវ ចាន់ណា​

លោក ហ៊ុន សែន បាន​ថ្លែង​អំណរ​គុណ​លោក ប្រាសឺត ប្រធាន​ក្រុម​ហ៊ុន​អាកាសចរណ៍​បាងកក​អ៊ែរវ៉េ និង​ក្រុម​ហ៊ុន Bangkok Dusit Medical Service ក្នុង​ពិធីសម្ពោធ ​មន្ទីរ​ពេទ្យ​ថ្មី​នេះ ដែល​ចំណាយទឹក​ប្រាក់​អស់​៥០​លាន​ដុល្លារ​ និង​​បាន​រៀបរាប់​ពី​ទំនាក់​ទំនង​របស់​លោក​ទាំងពីរ​​​តាំង​ពី​ឆ្នាំ​១៩៩០​ នៅ​ពេល​ក្រុង​ភ្នំពេញ​​មាន​ស្ថានភាព​មិន​ល្អ​ ហើយ​ត្រូវបាន​ហាម​ឃាត់​សម្រាប់​ជើង​ហោះ​ហើរ​ពាណិជ្ជកម្ម​ពី​សំណាក់​ប្រទេស​ជា​ច្រើន​។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “ការ​ចាប់​ផ្ដើម​របស់​យើង គឺ​ការ​ហោះហើរ​ផ្ទាល់​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​បាង​កក​អ៊ែរវ៉េ​មក​កាន់​ប្រទេស​កម្ពុជា​​នៅ​ពេល​កម្ពុជា​ពឹង​​ផ្អែក​ទៅ​លើ​ការទូត​ នយោបាយ និង​សេដ្ឋកិច្ច​របស់​ខ្លួន​​។ នៅ​ពេល​នោះ​ការ​ហោះ​ហើរ​ផ្ទាល​់​របស់​ក្រុមហ៊ុន​អាកាសចរណ៍​បាងកក​អ៊ែរវ៉េ​មក​កាន់​រាជ​ធានី​ភ្នំពេញ​ គឺ​ជា​ជំហាន​ដ៏​សំខាន់​ចំពោះ​កិច្ច​ព្រមព្រៀង​​សន្តិភាព​ក្រុង​បារីស​​”។

ទោះជាយ៉ាង​ណា លោក ហ៊ុន សែន បានមាន​ប្រសាសន៍​​កោត​សរសើរ​ពី​ភក្តីភាពរបស់​លោក ប្រាសឺត អំឡុង​ការ​ប្រយុទ្ធគ្នា​កាលពី​ថ្ងៃ​ទី​៥ និង​ទី​៦ ខែ​កក្កដា នៅ​ក្នុង​ក្រុង​​ភ្នំពេញ រវាង​​កង​កម្លាំង​ប្រដាប់​អាវុធដែល​ស្មោះ​ត្រង់​នឹង​លោក ហ៊ុន សែន ដែល​ពេល​នោះ​ជា​នាយក​រដ្ឋមន្ត្រី​ទី២ និង​កងកម្លាំងដែលស្មោះត្រង់នឹង​ព្រះអង្គម្ចាស់​​ នរោត្តម រណឫទ្ធិ ​ជា​នាយក​រដ្ឋមន្ត្រី​ទី១ដែលត្រូវបាន​បណ្តេញចេញ​។

លោក​បាន​មាន​ប្រសាសន៍​ថា អំឡុង​ពេល​នោះ​ក្រុម​ហ៊ុន​អាកាសចរណ៍​របស់​លោក​ ប្រាសឺត ប្រឈម​នឹង​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ ប៉ុន្តែ​បាន​បន្ត​​ហោះហើរ​មក​រាជ​ធានីភ្នំពេញ​ ដដែលបើ​ទោះ​ជានៅ​​ពេល​នោះ​ក្រុម​ហ៊ុន​អាកាសចរណ៍​មួយ​ចំនួន​ទៀត​បាន​បញ្ឈប់​សេវា​កម្ម​របស់​ខ្លួន​ក៏ដោយ​។ លោក​បាន​បន្ថែម​ថា “មិន​ថា​ចំណេញ​ឬក៏ខាត​ឡើយ លោក ប្រាសឺត ​​នៅ​តែ​បន្ត​ហោះ​ហើរ​​ផ្ទាល​់​មក​កាន់​រាជ​ធានី​ភ្នំពេញ​ដដែល​។ នេះ​គឺ​ជា​ការ​សំខាន់​ណាស់​សម្រាប់​ខ្ញុំ​​ក្នុង​នាម​ជា​មេដឹក​នាំ​នៅ​ពេល​នោះ”។

រយៈ​ពេល​ពីរ​បី​ខែ​ក្រោយ​មក ​បន្ទាប់ពី​ការ​ប្រយុទ្ធគ្នា​កាលពី​ខែ​កក្កដា ឆ្នាំ​១៩៩៧ លោក ហ៊ុន សែន បាន​ផ្ដល់​សិទ្ធិ​ផ្ដាច់​មុខ​ដល់​ក្រុម​ហ៊ុន​អាកាសចរណ៍​​បាងកកអ៊ែរវ៉េ​ធ្វើ​ការ​ហោះ​ហើរ​ពីក្រុង​បាង​កក​មក​កាន់ខេត្ត​សៀមរាប។

សិទ្ធិ​ផ្ដាច់​មុខ​ស្រប​ច្បាប់​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​បាង​កក​អ៊ែរវ៉េ​បាន​ដំណើរ​ការ​រហូត​ដល់​ខែ​តុលា ឆ្នាំ​២០១៣​ នៅ​ពេល​ក្រុម​ហ៊ុន​អាកាសចរណ៍​ប្រកួត​ប្រជែង​ រួម​មាន​​ក្រុម​ហ៊ុន​អាកាសចរណ៍ Air Asia ដែល​ទីបំផុត​​ក៏​ទទួល​បាន​អាជ្ញាប័ណ្ណ​​បម្រើ​សេវា​កម្ម​នេះ​ផង​ដែរ៕ សារុន​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស