28 C
Phnom Penh

ប្រេសិត​ពិសេស​ UN និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​​រិះគន់​ចំពោះ​ការ​ចាប់​ខ្លួន​ក្នុង​ពេល​ថ្មីៗ​នេះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​កាលពី​ម្សិលមិញ ​ប្រេសិត​ពិសេស​​របស់​អង្គការ​សហប្រជាជាតិ​​​​​​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​បាន​ចូល​រួម​​ជាមួយ​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​​នៅ​ក្នុង​ការ​រិះគន់​ចំពោះ​​ការ​ចាប់​ខ្លួន​​​​សកម្មជន​​ ព្រះសង្ឃ​ និង​បុគ្គល​លេច​ធ្លោ​របស់​គណបក្ស​ប្រឆាំង​ក្នុង​ពេល​ថ្មីៗ​នេះ​។boeng-kak

សកម្មជន​សិទ្ធិ​ដីធ្លី​ជា​ស្ត្រី​ចំនួន​១០​នាក់ ព្រះសង្ឃ​ចំនួន​បី​អង្គ និង​បុគ្គល​លេច​ធ្លោរបស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ពីរ​រូប​សុទ្ធ​តែ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​សប្ដាហ៍​មុន​។ ក្នុង​ចំណោម​​​អ្នក​ទាំង​១៥​នាក់​នេះ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​​​បាន​ផ្ដន្ទាទោស​​មនុស្ស​​​​​​ចំនួន​១១​នាក់​ នៅ​ក្នុង​ការ​បើក​សវនាការ​ដ៏ឆាប់​រហ័ស​ចំនួន​ពីរ​រួច​ហើយ ដោយ​ឲ្យ​ពួកគាត់​​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​រយៈ​ពេល​១ឆ្នាំ​។

កាលពី​ម្សិលមិញ លោក សុរិយា ស៊ូបេឌី ប្រេសិត​ពិសេស​របស់​អង្គការ​សហប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​​បាន​​ជំរុញ​ឲ្យ​រដ្ឋាភិបាល​គោរព​ច្បាប់ ខណៈ​អំពាវ​នាវ​ឲ្យ​តុលាការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រើ​ប្រាស់​អំណាច​របស់​ខ្លួន​ដោយ​ឯករាជ​ភាព​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​​របស់​រដ្ឋាភិបាល។

លោក​​បាន​លើក​ឡើង​នៅក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ថា “វា​ធ្វើ​ឲ្យ​ខ្ញុំ​​មាន​ការ​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ ដោយ​ឃើញ​តុលាការ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ម្ដង​ហើយ​ម្ដង​ទៀត​ជា​ឧបករណ៍​​របស់​ស្ថាប័ន​នីតិប្រតិបត្តិ​​។ កង្វះ​ឯករាជ្យ​ភាព​នៃ​ប្រព័ន្ធ​តុលាការ​ គឺ​ជា​ឧបសគ្គ​មួយ​ក្នុង​ចំណោម​ឧបសគ្គ​ចម្បងៗ​ ដើម្បី​​ធ្វើ​ឲ្យ​សង្គម​​​មួយ​មាន​យុត្តិធម៌ ដែល​ពល​រដ្ឋកម្ពុជា​​​ចង់​បាន​បំផុត​នោះ”។

លោក​ សុរិយា ស៊ូបេឌី បាន​លើក​ឡើង​បន្ថែម​ថា “អ្នក​ដែល​ចង់​ប្រើ​ប្រាស់​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​ខ្លួន​អាច​ត្រូវ​បាន​ចាប់​ខ្លួន ចោទ​ប្រកាន់​ និង​ផ្ដន្ទាទោស​​ដោយ​​​គ្មាន​មូលដ្ឋាន​​ច្បាស់​លាស់​​”។

​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន​ប្រាំមួយ​ក៏​បាន​រៀបចំ​​សន្និសីទ​កាសែត​មួយ​ផង​ដែរ​កាល​ពី​ម្សិលមិញ ​ដើម្បី​ថ្កោល​ទោស​ការ​ចាប់​ខ្លួន​ទាំង​នេះ ដោយ​ចាត់​ទុក​​ថា ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​លើ​អ្នក​រិះគន់​ខ្លួន​ គឺ​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​។

លោក ឡាត់ ឃី ប្រធាន​កម្មវិធី​ស្ដីពី​ដីធ្លី​​ និង​​​ការ​ប្រកប​របរ​​ចិញ្ចឹម​ជីវិត​នៅ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ បាន​លើក​ឡើង​ថា ​តុលាការ​គឺ​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ​យ៉ាង​ច្បាស់​ក្រឡែត​ ព្រោះ​ថា ការ​ចោទ​ប្រកាន់​​ដែល​ដាក់​បន្ទុក​លើ​សកម្មជន​ គឺ​សុទ្ធតែ​ ” គ្មាន​មូលដ្ឋាន”។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​ ជា​អង្គការ​សង្គម​ស៊ីវិល​ជឿជាក់​ថា អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​​ និង​ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ទាំង​អស់​នោះ​​មិន​បាន​ធ្វើ​អ្វី​ខុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ”។

លោក សឺន ជុំជួន នាយកកម្មវិធី​នៅ​សមាគម​​​ខ្មែរ​កម្ពុជា​​ដើម្បី​សិទ្ធិមនុស្ស​ និង​​អភិវឌ្ឍន៍ បាន​លើក​ឡើង​ថា ការ​ផ្សឹក​ដោយ​បង្ខំ និង​ការ​បញ្ជូន​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​​ចំនួន​បី​អង្គ​ទៅ​ពន្ធនាគារ​ គឺ​ជា​ការ​រំលោភ​លើ​ធម៌វិន័យ​ក្នុង​ព្រះពុទ្ធសាសនា​ ហើយ​​ធ្វើ​ឲ្យ​សកម្មជន​ខ្មែរ​កម្ពុជា​ក្រោម​ផ្សេង​ទៀត​​ខ្លាច​មិន​ហ៊ាន​ចូល​រួម​​​ការ​តវ៉ា​​លើក​ក្រោយៗ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ការ​ចាប់​ខ្លួន​ និង​ការ​ឃុំខ្លួន​ព្រះសង្ឃ​ខ្មែរ​​កម្ពុជា​ក្រោម​​ទាំង​បី​អង្គ​នេះ គឺ​ជា​ទង្វើ​មួយ​ដើម្បី​បង្ក្រាប​សកម្មជន​​​ក្នុង​គោល​បំណង​រារាំង​ពួកគេ​មិន​​ឲ្យ​ចូល​រួម​ក្នុង​កិច្ច​ការ​សង្គម​”។

ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​ គឺ​ស្ថិត​នៅ​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម​សព្វ​ថ្ងៃ​។ ​​​​​​​​​​​​​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​​គិត​ថា បារាំង​បាន​កាត់​ទឹក​ដី​នេះ​ដោយ​អយុត្តិធម៌​ទៅ​ឲ្យ​វៀតណាម ហើយ​កំពុង​ទាម​ទារ​យក​ទឹក​ដី​នេះ​មក​វិញ។

លោក សួន ប៊ុនសាក់ លេខា​ប្រតិបតិ្ត​នៃ​គណៈ​កម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការសមាគម ការពារ​សិទិ្ធ​មនុស្ស​កម្ពុជា បាន​លើក​ឡើង​ថា ក្រុម​អង្គការ​នឹង​ស្នើ​សុំ​ឲ្យ​មាន​​ការ​ជួប​ប្រជុំ​មួយ​ជាមួយ​សមាជិក​សភា​មក​ពី​គណៈកម្មាធិការ​សិទ្ធិមនុស្ស​​នៅ​ក្នុង​រដ្ឋសភា ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​កាលពី​សប្ដាហ៍​មុន​។

កាលពី​ព្រឹក​ម្សិលមិញ អ្នក​គាំទ្រ​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​នោះ​ប្រហែល​២០០​នាក់ បាន​នាំគ្នា​ហែក្បួន​​ទៅ​កាន់​ស្ថានទូត​ចំនួន​១៥ ដើម្បី​ឲ្យ​ស្ថានទូត​ទាំង​នេះ​​​ចាប់​អារម្មណ៍​លើ​​ទុក្ខ​លំបាក​របស់​ខ្លួន​។

ពួកគេ​​បាន​ដាក់​ញត្តិ​ជូន​ស្ថានទូត​អាមេរិក​​ គណៈប្រតិភូ​សហភាព​អឺរ៉ុប និង​ការិយាល័យ​អង្គការ​សហប្រជា​ជាតិ ដោយ​ស្នើ​ឲ្យ​ពួកគេ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ឲ្យ​មាន​ការ​ដោះ​លែង​​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​នោះ៕ ស៊ុយឈាង​

(រាយការណ៍​បន្ថែម​ដោយ ម៉ិច ដារ៉ា)​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស