មន្ត្រីថៃបាននិយាយកាលពីថ្ងៃអង្គារថា អាជ្ញាធរថៃបានស្នើការិយាល័យអាំងទែប៉ូលកម្ពុជាឲ្យជួយចាប់ជនជាតិអាមេរិកពីរនាក់ ដែលគេគិតថាបានចូលប្រទេសកម្ពុជា បន្ទាប់ពីព្យាយាមបញ្ជូនសរីរាង្គមនុស្សទៅប្រទេសកំណើតរបស់ខ្លួន។
ឧត្តមសេនីយ៍ឯក ប្រាវុត ថាវ៉នស៊ីរិ អ្នកនាំពាក្យនគរបាលភូមិន្ទថៃ បាននិយាយថា ការិយាល័យអាំងទែប៉ូលកម្ពុជាបានព្រមធ្វើសហប្រតិបត្តិការក្នុងការស្វែងរក រ៉ាយអិន អិដវើដ ម៉ាកហ្វេសិន និង ដានីញ៉ែល ថានឺ ដែលគេចង់ចាប់ខ្លួនពីបទប៉ុនប៉ងបញ្ជូនសរីរាង្គមនុស្ស ក្នុងនោះមានទាំងក្បាលទារកមួយផង ទៅក្រុងឡាស វេហ្គាស។
ឧត្តមសេនីយ៍ឯក ប្រាវុត បាននិយាយថា “យើងមានព័ត៌មានមួយចំនួនពីព្រំដែនថា ពួកគេបានឆ្លងចូលប្រទេសកម្ពុជា។ មែន យើងបានព្យាយាមទាក់ទងជាមួយអាំងទែប៉ូលកម្ពុជា និងបានទទួលហើយ ប៉ុន្តែ ពួកគេមិនទាន់រកឃើញទេ”។
លោកបានបន្ថែមថា “ឥឡូវនេះ យើងមិនដឹងពួកគេនៅទីណាទេក្នុងប្រទេសកម្ពុជា ពីព្រោះ [ជនសង្ស័យ] ដឹងអំពីករណីនេះហើយ ដូច្នេះពួកគេត្រូវពួនសម្ងំ។ ខ្ញុំជឿជាក់សឹងតែមួយរយភាគរយថា ពួកគេនៅក្នុងប្រទេសកម្ពុជា”។
កាសែតបាងកក ប៉ុស្តិ៍ បានរាយការណ៍កាលពីថ្ងៃអង្គារថា លោក ម៉ាកហ្វេសិន អាយុ៣១ឆ្នាំ និងលោក ថានឺ អាយុ៣៣ឆ្នាំ ត្រូវគេតាមចាប់ពីបទចោទជាច្រើន រួមមានការប៉ុនប៉ងរត់ពន្ធសរីរាង្គមនុស្សចេញពីប្រទេសថៃ ដោយប្រើឯកសារដឹកជញ្ជូនក្លែងក្លាយ។ គេគិតថា ពួកគេទាំងពីរបានភៀសខ្លួនឆ្លងព្រំដែនទៅប្រទេសកម្ពុជាកាលពីថ្ងៃអាទិត្យ។
យោងតាមបាងកក ប៉ុស្តិ៍ឲ្យដឹងថា ជនជាតិអាមេរិកទាំងពីរនាក់នេះ ដំបូងឡើយបានអះអាងថា បានទិញសរីរាង្គមនុស្ស ដែលត្រូវបានរកឃើញនៅការិយាល័យប្រៃសណីយ៍ ឌីអេចអិល DHL នោះ នៅផ្សាររាត្រីមួយកន្លែងក្នុងក្រុងបាងកក ហើយអ្នកទាំងពីរត្រូវបានដោះលែងបន្ទាប់ពីសាកសួរ មុនពេលភៀសខ្លួនចូលប្រទេសកម្ពុជា។ កាសែតដដែលបានរាយការណ៍ថា អាជ្ញាធរថៃបានចេញដីកាចាប់ខ្លួនពួកគេ នៅពេលដែលមានភ័ស្តុតាងបញ្ជាក់ថា អ្នកទាំងពីរតាមពិតបានលួចសរីរាង្គមនុស្សពីសារមន្ទីរវេជ្ជសាស្ត្រសេរីរាជ ក្រុងបាងកក។
ប៉ុន្តែ បើទោះជាមានការអះអាងពីឧត្តមសេនីយ៍ឯក ប្រាវុត ក៏ដោយ ក៏មន្ត្រីកម្ពុជាជាច្រើននាក់ រួមទាំងមន្ត្រីម្នាក់នៅការិយាល័យអាំងទែប៉ូលកម្ពុជាផង បាននិយាយថា ពួកគេមិនបានទទួលការជូនដំណឹងពីសំណាក់អាជ្ញាធរថៃ អំពីជនរត់គេចខ្លួនទាំងនេះទេ។
លោក លឹម សុខារស្មី នាយកស្តីទីការិយាល័យអាំងទែប៉ូល លោក សុខផល ប្រធានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និងលោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ សុទ្ធតែបានអះអាងថា មិនបានដឹងអំពីករណីនេះទេកាលពីថ្ងៃអង្គារ។
លោក ឆៃ ប៊ុនណា ប្រធានប៉ូលិសព្រំដែន ក៏បានអះអាងថាមិនដឹងរឿងនេះដែរ។ លោកបាននិយាយថា “មកដល់ពេលនេះ អាជ្ញាធរថៃមិនទាន់បានទាក់ទងយើងទេ ប៉ុន្តែប្រសិនបើ ពួកគេទាក់ទងយើងឲ្យជួយ យើងនឹងធ្វើសហប្រតិបត្តិការ ពីព្រោះរដ្ឋាភិបាលទាំងពីរមានកិច្ចព្រមព្រៀង”។
លោក ចេ រ៉ាម៉ាន អ្នកនាំពាក្យស្ថានទូតអាមេរិកបាននិយាយថា លោកបានដឹងអំពីករណីនេះ ប៉ុន្តែបានបដិសេធមិនអធិប្បាយបន្ថែមឡើយ។
លោកបាននិយាយថា “យើងដឹងសេចក្តីរាយការណ៍ដែលចោទថា ពលរដ្ឋអាមេរិកម្នាក់ប្រហែលជាប់ពាក់ព័ន្ធក្នុងការប៉ុនប៉ងបញ្ជូនរបស់ពីប្រទេសថៃ ដែលធ្វើឲ្យអាជ្ញាធរថៃបារម្ភ ប៉ុន្តែខ្ញុំបានប្រាប់អ្នកឲ្យសួរអាជ្ញាធរថៃ ពីព្រោះយើងមិនអាចអធិប្បាយអំពីករណីបុគ្គលបានទេ”។
លោក ម៉ាកហ្វេសិន និងលោក ថានឺ បានប្រឈមនឹងការចោទមុនៗនៅអាមេរិក ក្នុងនោះមានទាំងការបំពានខាងរាងកាយនៅឆ្នាំ២០០៣ផង ដែលទាក់ទងនឹងការផលិតវីដេអូ “Bumfights” ជាវីដេអូចម្រូងចម្រាសមួយ ដែលក្នុងវីដេអូនោះ ផលិតករភាពយន្តបានផ្តល់ប្រាក់ឲ្យជនគ្មានផ្ទះសំបែង ឲ្យវាយគ្នា និងសំដែងយ៉ាងគ្រោះថ្នាក់៕មានិត