28 C
Phnom Penh

ធនាគារ​​​ពិភព​​​លោក​​​សន្យា​​​ជួប​​​ជា​​​មួយ​​​សាធារណជន​​​ មុន​​​ពេល​​​បញ្ចប់​​​ការ​​​ផ្អាក​​​ផ្តល់​​​មូល​​​និធិ​​​ដ​​​ល់​​​ប្រទេស​​​កម្ពុជា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ ធនាគារ​​​​​​ពិភព​​​លោក​​​បាន​​​និយាយ​​​ថា​​​ ខ្លួន​​​នឹង​​​ជួប​​​ជា​​​មួយ​​​សាធារណជន​​​នៅ​​​ទូទាំ​​​ងប្រទេស​​​ មុន​​​ពេល​​​សម្រេច​​​ថា តើ​​​ត្រូវ​​​ផ្តល់​​​ឥណទាន​​​ដល់​​​កម្ពុជា​​​ឡើង​​​វិញ​​​ ឬ​​​យ៉ាង​​​ណា ក្រោយ​​​ពី​​​មាន​​​ការ​​​ប៉ាន់​​​ស្មាន​​​កាន់​​​តែ​​​ច្រើន​​​ឡើង​​​ថា ធនាគារ​​​នេះ​​​នឹង​​​ដក​​​ការ​​​ផ្អាក​​​ផ្តល់​​​ឥណទាន​​​រយៈ​​​ពេល​​​បី​​​ឆ្នាំ​​​ក្នុង​​​ពេល​​​ឆាប់​​​ៗខាង​​​មុខ​​​​​​។

ធនាគារ​​​នេះ​​​បាន​​​ប្រកាស​​​ផ្អាក​​​ផ្តល់​​​ឥណទាន​​​ថ្មី​​​ៗ​​​ទាំង​​​អស់​​​ដល់​​​កម្ពុជា​​​ កាល​​​ពី​​​ពាក់​​​កណ្តាល​​​ឆ្នាំ​​​២០១១​​​ ដើម្បី​​​តវ៉ា​​​ចំពោះ​​​ការ​​​បណ្តេញ​​​ប្រជា​​​ពល​​​រដ្ឋ​​​យ៉ាង​​​ច្រើន​​​ចេញ​​​ពី​​​តំបន់​​​បឹង​​​កក់​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​ ទី​​​ដែល​​​រដ្ឋាភិបាល​​​បាន​​​បដិសេធ​​​មិន​​​ផ្តល់​​​ប័ណ្ណ​​​កម្ម​​​សិទ្ធិ​​​ដី​​​ធ្លី​​​ដល់​​​ប្រជា​​​ពល​​​រដ្ឋ​​​ក្រោម​​​គម្រោង​​​មួយ​​​ដែល​​​ទទួល​​​​​​បាន​​​មូល​​​និធិ​​​​​​​ពី​​​ធនាគារ​​​នេះ​​​។ ធនាគារ​​​នេះ​​​​​​បាន​​​បន្ត​​​ផ្តល់​​​ប្រាក់​​​សម្រាប់​​​គម្រោង​​​នានា​​​ដែល​​​មាន​​​ពី​​​មុន​​​ស្រាប់​​​ និង​​​ចេញ​​​ពី​​​បេឡា​​​បម្រុង​​​ ដែល​​​ខ្លួន​​​មាន​​​​​​សម្រាប់​​​ដៃ​​​គូ​​​អភិវឌ្ឍន​៍​​​ផ្សេង​​​ៗ​​​ទៀត​​​ ប៉ុន្តែ មិន​​​មែន​​​ចេញ​​​ពី​​​សមាគម​​​អភិវឌ្ឍន៍​​​អន្តរ​​​ជាតិ (IDA) របស់​​​ខ្លួន​​​ឡើយ។

​​​នៅ​​​ពេល​​​ខ្លួន​​​បាន​​​​​​ប្រកាស​​​ការ​​​ផ្អាក​​​ផ្តល់​​​មូលនិធិ​​​នេះ​​​ ដែល​​​ពេល​​​នោះ​​​ប្រជា​​​ពល​​​រដ្ឋ​​​ប្រមាណ​​​៣.០០០​​​គ្រួសារ​​​នៃ​​​តំបន់​​​បឹង​​​កក់​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ដោយ​​​បង្ខិត​​​បង្ខំរួចទៅ​​​ហើយ​​​នោះ ធនាគារ​​​នេះ​​​​​​បាន​​​លើ​​​ក​​​ឡើង​​​ថា ខ្លួន​​​នឹង​​​មិន​​​ចាប់​​​ផ្តើម​​​ផ្តល់​​​ឥណទាន​​​ជា​​​ថ្មី​​​​​​ឡើង​​​វិញ​​​​​​ទេ រហូត​​​ទាល់​​​តែ​​​​​​រដ្ឋាភិបាល និង​​​អ្នក​​​ភូមិ​​​បឹង​​​កក់​​​​​​ឈាន​​​ដល់​​​ការ​​​ព្រម​​​ព្រៀងគ្នា​​​ ប៉ុន្តែ ដំណឹង​​​ចេញ​​​ពី​​​ធនាគារ​​​នេះ​​​​​​កាល​​​ពី​​​ខែ​​​សីហា​​​ ដែល​​​លើក​​​ឡើង​​​ថា ខ្លួន​​​កំពុង​​​ពិចារណា​​​គម្រោង​​​ថ្មី​​​មួយ​​​ដែល​​​មាន​​​ទំហំ​​​ទឹក​​​ប្រាក់​​​២៥​​​លាន​​​ដុល្លារ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​នោះ​​​ បាន​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​ជា​​​ថ្មី​​​ក្នុង​​​ចំណោម​​​បណ្តា​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ដែល​​​គិត​​​​​​ថា ការ​​​ផ្អាក​​​ផ្តល់​​​មូលនិធិ​​​នេះ​​​នឹង​​​រលាយ​​​បាត់​​​មុន​​​ពេល​​​កំណត់​​​​​​​​​។ ឯកសារ​​​ដែល​​​បង្ហោះ​​​លើ​​​គេ​​​ហ​​​ទំព័រ​​​របស់​​​ធនាគារ​​​នេះ​​​ បញ្ជាក់​​​ថា ការ​​​អនុម័ត​​​របស់​​​ក្រុម​​​ប្រឹក្សា​​​ភិបាល​​​របស់​​​ធនាគារ​​​​​​ពិភព​​​លោក​​​សម្រាប់​​​គម្រោង​​​ថ្មី​​​នេះ​​​ត្រូវ​​​បាន​​​រំពឹង​​​ថា​​​នឹង​​​ធ្វើ​​​ឡើង​​​នៅ​​​ថ្ងៃ​​​ទី​​​១១​​​ ខែ​​​ធ្នូ​​​​​​​​​​​​។

ដោយ​​​ព្យាយាម​​​សម្រាល​​​ការ​​​ព្រួយ​​​បារម្ភ​​​ទាំង​​​នោះ​​​ ធនាគារ​​​ពិភព​​​លោក​​​បានលើក​​​ឡើង​​​នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​ចេញ​​​កាល​​​ពីថ្ងៃ​​​ច័ន្ទ​​​ថា ការ​​​ផ្តល់​​​ឥណទាន​​​ថ្មី​​​នឹង​​​មិន​​​បន្ត​​​ឡើយ​​​រហូត​​​ទាល់​​​តែ​​​ខ្លួន​​​បញ្ចប់​​​ការ​​​ជួបពិភាក្សា​​​​​​ជាមួយ​​​សាធារណជន​​​នៅ​​​ទូទាំង​​​ប្រទេស​​​សិន​​​។

សេចក្តី​​​ថ្លែង​​​ការណ៍​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា “ការ​​​ពិភាក្សា​​​ដេញ​​​ដោល​​​ទាំង​​​នេះ​​​នឹង​​​ប្រាប់​​​​​​ពី​​​អនាគត​​​តាម​​​ការ​​​គ្រោង​​​ទុក​​​នៃ​​​កំណត់ត្រា​​​​​ចូល​​​រួម​​​ពាក់​​​ព័ន្ធ​​​ក្នុ​​​ងប្រទេស (CEN) ​​​របស់​​​ធនាគារ​​​ពិភព​​​លោក​​​ ដែល​​​នឹង​​​ដឹក​​​នាំ​​​ការ​​​ចូល​​​រួម​​​ពាក់​​​ព័ន្ធ​​​នេះ​​​ឡើង​​​វិញ​​​។ សមាគម​​​អភិវឌ្ឍន៍​​​អន្តរ​​​ជាតិ​​​ (IDA) បាន​​​លើក​​​ឡើង​​​ថា ការ​​​ប្តេជ្ញា​​​ចិត្ត​​​ផ្តល់​​​មូល​​និធិ​​​​​​​​​​​​នឹង​​​ធ្វើ​​​ឡើង​​​បន្ទាប់​​​ពី​​​ការ​​​ពិភាក្សា​​​​​​ដេញ​​​ដោ​​​ល​​​ទាំង​​​នេះ​​​​​​ និង​​​ស្ថិត​​​ក្រោម CEN”។

ទោះ​​​ជា​​​យ៉ាង​​​ណា សេចក្តី​​​ថ្លែង​​ការណ៍​​​នេះ​​​​​​មិន​​​បញ្ជាក់​​​ថា ដំណើរ​​​ការ​​​នេះ​​​នឹង​​​ត្រូវ​​​ការ​​​ពេល​​​យូរ​​​ប៉ុណ្ណា​​​​​​ទេ​​​ ហើយ​​​អ្នក​​​នាំពាក្យ​​​ធនាគារ​​​នេះ​​​បាន​​​បដិសេធ​​​មិន​​បរិយាយ​​​លម្អិតអំពី​​​ផែន​​​ការ​​​​​​របស់​​​ធនាគារពិភព​​​លោក​​​​​​​​​ ឬ​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​ក្តី​​​បារម្ភ​​​របស់​​​សាធារណជន​​​ឡើយ​​​។

គេហទំព័រ​របស់​ធនាគារ​ពិភព​លោក​បាន​លើក​ឡើង​ថា ” ការ​ពិគ្រោះ​យោបល់​នឹង​​កើត​ឡើង​នៅ​ចុង​ឆ្នាំ​២០១៤ ឬ​ដើម​ឆ្នាំ​២០១៥”។ គេហទំព័រ​នេះ​បាន​លើក​ឡើង​បន្ត​​ទៀត​ថា ធនាគារ​នឹង​រៀបចំ​ឲ្យ​មានការ​ជួប​​ពិគ្រោះយោបល់​ដោយ​ផ្ទាល់​សរុប​ចំនួន​១១​លើក​ក្នុង​រយៈ​ពេល​ពីរ​សប្ដាហ៍​នៅ​ក្នុង​រាជ​ធានី​ ខេត្ត​សៀមរាប ខេត្ត​ព្រះសីហនុ និង​ខេត្ត​កំពង់ចាម។

លោក Morton Sklar មេធាវី​ជនជាតិ​អាមេរិកាំង​ដែល​​ដឹកនាំ​អង្គការ​ World Organizationfor Human Right USA និង​ដែល​ជា​អ្នក​​ដាក់​ពាក្យ​បណ្ដឹង​មួយ​​ក្នុង​ពាក្យ​បណ្ដឹង​ចំនួន​ពីរ​ប្ដឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ (ICC) នៅ​ក្នុង​ទីក្រុង​ឡាអេ បាន​លើក​ឡើង​ថា លោក​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​​​ការ​លើក​ឡើង​របស់​ធនាគារ​នេះ​​​​​ដែល​ថា​ ខ្លួន​អាច​​នឹង​លុប​ចោល​ការ​ផ្អាក​ការ​ផ្ដល់​ប្រាក់​កម្ចី​របស់​ខ្លួន​នោះ​ក្លាយ​ជា​ការពិត​។

លោក Sklar បាន​លើក​ឡើង​តាម​រយៈ​​​អុីម៉េល​មួយ​ថា “ដោយ​សារ​តែ​​ការ​បណ្ដេញ​ចេញ​ពី​ដីធ្លី​កើត​មាន​​ច្រើន និង​ជា​ប្រព័ន្ធ​ ហើយ​ដោយ​សារ​​ ICC កំពុង​ចាត់​ទុក​បញ្ហា​ទាំង​នេះ​​ជា​ឧក្រិដ្ឋកម្ម​​ប្រឆាំង​​មនុស្ស​ជាតិ​​នៅ​ក្នុង​ពាក្យ​បណ្ដឹង​មិនទាន់​​ដោះ​ស្រាយ​រួច​ចំនួន​ពីរ​​ដែល​ឥឡូវ​កំពុង​ស្ថិត​នៅ​ចំពោះ​មុខ​តុលាការ​នោះ ធនាគារ​ពិភព​លោក​​ចាំបាច់​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្លាំង​មុន​នឹង​​លើក​ឡើង​​ថា ​ខ្លួន​នឹង​​រៀបចំ​​ឲ្យ​មាន​​ការ​ពិគ្រោះ​យោបល់​ក្នុង​គោល​បំណង​ឈាន​ទៅ​រក​ការ​លុប​ចោល​បម្រាម​​ស្ដីពី​ការ​ផ្ដល់​ប្រាក់​កម្ចី​របស់​ខ្លួន​​​”។

លោក​បាន​លើក​ឡើង​បន្ត​ទៀត​ថា “ប្រសិន​បើ​គ្មាន​ការ​ធានា​ដ៏គួរ​ឲ្យ​ជឿទុក​ចិត្ត​ពី​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ​ថា គោល​នយោបាយ​ទាក់​ទិន​ការ​បណ្ដេញ​ចេញ​ពី​ដីធ្លី​ដែល​កំពុង​កើត​មាន​នឹង​ត្រូវ​ផ្លាស់​ប្ដូរ ហើយ​ថា ជនរងគ្រោះ​នៃ​ការ​បណ្ដេញ​ចេញ​លើក​មុនៗ​នឹង​ត្រូវ​បាន​ផ្ដល់​ប្រាក់​សំណង​ត្រឹម​ត្រូវឬ​ទីតាំង​ថ្មី​ឲ្យ​បាន​សមរម្យ​ទេ​នោះ​ បម្រាម​​លើ​ការ​​ផ្ដល់​ប្រាក់​កម្ចី​ថ្មី​ត្រូវ​​តែ​ទុក​ឲ្យ​នៅ​ដដែល​”។

អ្នកភូមិ​ប្រមាណ​៣.០០០​គ្រួសារ​​ ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំបន់​បឹង​កក់​​ទទួល​បាន​ផ្ទះ​ថ្មី​នៅ​ជាយ​ក្រុង​ ឬ​ប្រាក់​សំណង​៨.៥០០​ដុល្លារ​ ប៉ុន្តែ​​​ក្រុម​ការ​ងារ​សិទ្ធិ​លំនៅដ្ឋាន​​ និង​​គ្រួសារ​​ដែល​រង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​បាន​ចាត់​ទុក​ថា អ្វី​ដែល​ពួកគាត់​ទទួល​បាន​ទាំង​​នេះ​ជា​សំណង​តិច​តួច​​បើ​ធៀប​ទៅ​នឹង​ផ្ទះ​សំបែង​ក្នុង​រាជ​ធានី​ភ្នំពេញ​ដែល​ពួកគាត់​បាន​បង់។

កាលពី​សប្ដាហ៍​មុន ស្ត្រី​មក​ពី​តំបន់​បឹង​កក់​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខាង​មុខ​​សាលា​រាជ​ធានី​​ភ្នំពេញ បន្ទាប់ពី​ពួកគាត់​បាន​បិទ​ផ្នែក​ខ្លះ​នៃ​​​​មហាវិថី​ព្រះមុនីវង្ស ដើម្បី​តវ៉ា​ចំពោះ​ទឹក​ជំនន់​ដែល​ធ្វើ​ឲ្យ​លិច​លង់​តំបន់​របស់​ពួកគាត់​ ដោយ​ធ្វើ​ឲ្យ​ផ្ទះ​សំបែង​​របស់​ពួកគាត់​ពោរពេញ​ទៅ​ដោយ​ទឹក​ស្អុយ​អស់​រយៈ​ពេល​ជាច្រើន​ថ្ងៃ​បន្ទាប់ពី​ភ្លៀង​ធ្លាក់​យា៉ង​ជោគ​ជាំ។ អ្នកភូមិ​តំបន់​បឹង​កក់​បាន​លើក​ឡើង​​ថា ទឹក​ជំនន់​ទាំង​នេះ​បាន​ចាប់​ផ្ដើម​កើត​មាន​បន្ទាប់ពី​ក្រុម​ហ៊ុន​ស៊ូកាគូអុីន ជា​ក្រុម​ហ៊ុន​ឯកជន​ដែល​រដ្ឋាភិបាល​​បាន​​ជួល​​ផ្នែក​ភាគច្រើន​នៃ​តំបន់​បឹង​កក់​ឲ្យ​នោះ បាន​បូម​ខ្សាច់​ចាក់​លុប​បឹង​កាលពី​ឆ្នាំ​២០០៨។

ស្ត្រី​ដែល​​បាន​ចាប់​ខ្លួន​​ត្រូវ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​​ផ្ដន្ទាទោស​​យ៉ាង​ឆាប់​រហ័ស​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​​រយៈ​ពេល​មួយ​ឆ្នាំ​​​ពីបទ​ធ្វើ​ឲ្យ​រាំង​ស្ទះ​ចរាចរណ៍​៕ សុខុម និង​ ស៊ុយឈាង​​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស