30 C
Phnom Penh

អគ្គិសនី​ផលិត​បាន​ហើយ​តែ​គ្មាន​បណ្តាញ​ចែកចាយ បាត់​ចំណូល​រដ្ឋ​រាប់​លាន​ដុល្លារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​រដ្ឋាភិបាល​និង​មន្ត្រី​ក្រុមហ៊ុន​​បាន​ឲ្យ​ដឹង​ថា ចាប់តាំងពី​ទំនប់​វារីអគ្គិសនី ស្ទឹង​តាតៃ កម្លាំង​២៤៦​មេហ្គាវ៉ាត់ ក្នុង​ខេត្ត​កោះកុង បាន​ចាប់​ផ្តើម​ផលិត​ថាមពល​កាលពី​ពាក់​កណ្តាល​ខែ​សីហា​មក អគ្គិសនី​ទាំងអស់​ដែល​ទំនប់​វារីអគ្គិសនី​នេះ​បាន​ផលិត​មិន​មាន​ការ​ប្រើ​ប្រាស់​ទេ បណ្តាល​ឲ្យ​រដ្ឋាភិបាល​បាត់បង់​ប្រាក់​ចំណូល​ប្រមាណ​៧៤​លាន​ដុល្លារ​រហូត​មកដល់​ពេល​នេះ។

លោក អិុត ប្រាំង រដ្ឋលេខា​ធិការ​ក្រសួងរ៉ែ​និង​ថាមពល​បាន​និយាយ​ថា អគ្គិសនី​ផលិត​ដោយ​ទំនប់​វារី​អគ្គិសនី​ដែល​សាងសង់​ដោយ​ប្រទេស​ចិន​នេះ “មិន​ទាន់​ចែក​ចាយ​ឲ្យ​ប្រើ​ប្រាស់​ទេ” ពីព្រោះ តំបន់​នោះ​គ្មាន​ហេដ្ឋារចនា​សម្ពន្ធ​ដែល​ចាំបាច់។

លោក អិុត ប្រាំង បាន​និយាយ​ថា រដ្ឋាភិបាល​កំពុង​ព្យាយាម​រក​កម្ចី​រាប់​រយ​លាន​ដុល្លារ ដើម្បី​ស្ថាបនា​បណ្តាញ​បញ្ជូន​អគ្គិសនី។ លោក​បាន​និយាយ​ថា “យើង​មាន​ផែនការ​រួច​ហើយ​ក្នុង​ការ​រៀបចំ​បណ្តាញ​បញ្ជូន​អគ្គិសនី​ដើម្បី​ចែកចាយ​អគ្គិសនី​ទៅ​តំបន់​ជនបទ​នានា ប៉ុន្តែ​យើង​មិន​ចង់​ឲ្យ​ផែនការ​នេះ​អនុវត្ត​ដោយ​វិស័យ​ឯកជន​ទេ។ យើង​ចង់​ឲ្យ​រដ្ឋ​ធ្វើ​កិច្ចការ​នេះ ពីព្រោះ​ប្រសិនបើ​ផែនការ​នេះ​អនុវត្ត​ដោយ​វិស័យ​ឯកជន​នោះ ​វា​នឹង​ត្រូវ​ចំណាយ​ប្រាក់​អស់​ច្រើន​ជាង​រដ្ឋ”។

លោក អិុត ប្រាំង បាន​និយាយ​ថា ទោះ​យ៉ាង​នេះ​ក្តី រដ្ឋាភិបាល​នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​ស្ថាបនា​បណ្តាញ​បញ្ជូន​ថាមពល​ខ្នាត​តូច ដើម្បី​ចែកចាយ​អគ្គិសនី​ពី​បណ្តាញ​មេ​ទៅ​តាម​ផ្ទះ​របស់​អតិថិជន។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា “ពេល​យើង​បាន​ប្រាក់​ពី​អ្នក​ផ្តល់​កម្ចី​ភ្លាម យើង​អាច​ចាប់​ផ្តើម​អនុវត្ត​គម្រោង​នេះ”។ លោក​បាន​បន្ថែម​ថា ផែនការ​បណ្តាញ​បញ្ជូន​អគ្គិសនី​បាន​ដាក់​ស្នើ​ទៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ដើម្បី​សុំ​ការ​យល់​ព្រម​ហើយ។

ប៉ុន្តែ​បើទោះជា​លោក​ អិុត ប្រាំង បាន​លើក​ឡើង​ថា រដ្ឋាភិបាល​ចង់​ឲ្យ​ខ្លួន​ឯង​ជា​អ្នក​អនុវត្ត​គម្រោងនេះ​ក៏ដោយ ក៏​​ក្រុមហ៊ុន​ឯកជន​នៅ​មាន​ឱកាស​ចូលរួម​ផង​ដែរ។

លោក ហុង ម៉ុងហេង ប្រធាន​ក្រុមហ៊ុន​ Brightway Group ដែល​តំណាង​ក្រុមហ៊ុន Tebian Electric Apparatus (TBEA)បាន​និយាយ​ថា ក្រុមហ៊ុន TBEA របស់​ប្រទេស​ចិន បាន​ដាក់​សំណើ​កាលពី​ដើម​ខែ​មុន​ទៅ​ក្រសួង​រ៉ែ​និង​ថាមពល ដើម្បី​សុំ​សាងសង់​បណ្តាញ​អគ្គិសនី​នេះ។

លោក ម៉ុងហេង បាន​និយាយ​ថា ធនាគារ​ចិន​នីហរ័ណ អាហរ័ណ ដែល​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រុមហ៊ុន TBEA បាន​ជូន​ដំណឹង​រដ្ឋាភិបាល​កម្ពុជា​ ហើយ​ថា​ខ្លួន​នឹង​ព្រម​ឲ្យ​ខ្ចី​ប្រាក់​ដល់​ទៅ​២​ពាន់​លាន​ដុល្លារ​សម្រាប់​គម្រោង​នេះ ដោយ​យក​ការ​ប្រាក់​តិច​ជាង​២​ភាគរយ​ក្នុង​មួយ​ឆ្នាំ។

លោក​បាន​បន្ថែម​ថា ក្រុមហ៊ុន Brightway និង​តំណាង​ក្រុមហ៊ុន TBEA បាន​ជួប​គ្នា​រួច​ហើយ​ជាមួយ​លោក​ អិុត ប្រាំង រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​រ៉ែ​និង​ថាមពល ដើម្បី​ពិភាក្សា​អំពី​គម្រោង​នេះ។ លោក​បាន​និយាយ​ថា “ឥឡួវ​នេះ យើង​កំពុង​រង់ចាំ​ការ​ឆ្លើយ​តប​ពី​ក្រសួង​នេះ”។

យោងតាម​លោក​ ជា ស៊ីថា អនុ​ប្រធាន​ក្រុមហ៊ុន Brightway បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ផែនការ​របស់ TBEA មាន​ការ​វាស់​វែង​ថា ​បណ្តាញ​បញ្ជូន​អគ្គិសនី​មាន​ប្រវែង​សរុប​៣៥៣​គីឡូ​ម៉ែត្រ​ សង់​នៅ​ខេត្ត​កោះកុង បាត់ដំបង សៀមរាប និង​ខេត្ត​កំពង់ចាម ក្នុង​តម្លៃ​ប្រហែល​៣៥០​លាន​ដុល្លារ។ លោក ស៊ីថា បាន​ប្រមាណ​ថា រដ្ឋាភិបាល​រហូត​មកដល់​ពេល​នេះ​បាន​បាត់បង់​ប្រាក់​ចំណូល​ប្រហែល​៧៤​លាន​ដុល្លារ ដោយសារតែ​រដ្ឋាភិបាល​មិន​អាច​លក់​អគ្គិសនី​បាន។

សាជីវកម្ម China National Heavy Machinery Corporation បាន​ចាប់​ផ្តើម​សង់​ទំនប់​ស្ទឹង​តាតៃ​កាលពី​ឆ្នាំ​២០១០ ដោយ​ចំណាយ​ប្រាក់​ប្រមាណ​៥៤០​លាន​ដុល្លារ។

យោងតាម​ទិន្នន័យ​ពី​ក្រសួង​រ៉ែ​និង​ថាមពល និង​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន ស៊ិនហួ បាន​ឲ្យ​ដឹង​ថា ប្រទេស​ចិន​ជា​អ្នក​វិនិយោគ​ធំបំផុត​ផ្នែក​ទំនប់​វារី​អគ្គិសនី​នៅ​ប្រទេស​កម្ពុជា ដោយ​បាន​ចំណាយ​ប្រាក់​អស់​១,៦​ពាន់លាន​ដុល្លារ ដើម្បី​ផលិត​ថាមពល​អគ្គិសនី​កម្លាំង​សរុប​៨២៨​មេហ្គា​វ៉ាត់៕មានិត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស