បន្ទាប់់ពីការធ្វើដំណើរទៅកាន់ព្រំដែនវៀតណាមក្នុងខេត្តស្វាយរៀងជាមួយនិស្សិតប្រហែល១០០នាក់កាលពីថ្ងៃអាទិត្យ លោក រ៉ុង ឈុន មេដឹកនាំសហជីពដ៏ឆ្នើមម្នាក់កាលពីម្សិលមិញបានធ្វើសន្និសីទកាសែតមួយអំពាវនាវឲ្យរដ្ឋសភាទុកជាមោឃៈនូវសន្ធិសញ្ញាបំពេញបន្ថែមដ៏ចម្រូងចម្រាសជាមួយវៀតណាម។
ការអំពាវនាវនេះត្រូវបានច្រានចោលភ្លាមៗដោយមន្ត្រីកិច្ចការព្រំដែនជាន់ខ្ពស់របស់រដ្ឋាភិបាល គឺលោក វ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនរួមកម្ពុជា ដែលបានមានប្រសាសន៍ថា សន្ធិសញ្ញារយៈពេល៩ឆ្នាំនេះគឺជាកិច្ចព្រមព្រៀងស្របច្បាប់ ហើយមិនអាចផ្លាស់ប្ដូរបានឡើយ។
នៅភោជនីយដ្ឋានមួយក្នុងរាជធានីភ្នំពេញ លោក រ៉ុង ឈុន ដែលជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានមានប្រសាសន៍ថា សន្ធិសញ្ញាជាមួយវៀតណាមដែលផ្អែកលើកិច្ចព្រមព្រៀងឆ្នាំ១៩៨៥ ដែលបានចុះហត្ថលេខាអំឡុងការកាន់កាប់ប្រទេសកម្ពុជារបស់វៀតណាមនោះ បានបណ្ដាលឲ្យមានការបាត់បង់ទឹកដីជាច្រើន។
លោក រ៉ុង ឈុន បានប្រាប់អ្នកយកព័ត៌មានពីដំណើររបស់លោកទៅកាន់ព្រំដែននៅក្នុងស្រុករំដួល ខេត្តស្វាយរៀងថា ” យើងឃើញថា បង្គោលព្រំដែនជាច្រើនត្រូវបានបោះក្នុងទឹកដីកម្ពុជាយើង”។
នៅពេលធ្វើដំណើរទៅនោះ កសិករបានបង្ហាញលោក រ៉ុង ឈុន អំពីបង្គោលព្រំដែនដែលពួកគាត់អះអាងថា បង្គោលព្រំដែនត្រូវបានរំកិលរាប់រយម៉ែត្រចូលក្នុងដីរបស់ពួកគាត់ ហើយមេដឹកនាំសហជីពរូបនេះបានសន្យាពាំនាំកង្វល់របស់ពួកគាត់មករាជធានីភ្នំពេញ។
លោក រ៉ុង ឈុន បានមានប្រសាសន៍នៅសន្និសីទកាសែតកាលពីម្សិលមិញថា ” សមាជិកសភាទាំង១២៣រូបក្នុងសភាត្រូវលើកឡើងអំពីសន្ធិសញ្ញាបំពេញបន្ថែមនេះ ហើយបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញឲ្យដកចេញ”។
លោក វ៉ា គឹមហុង បានមានប្រសាសន៍ថា សំណើរបស់លោក រ៉ុង ឈុន មិនអាចធ្វើបានទេ។ លោកបានមានប្រសាសន៍ថា ” សូមឲ្យគាត់ផ្ដល់ហេតុផលមក ហេតុអ្វីបានជាគាត់ចង់ទុកជាមោឃៈនូវសន្ធិសញ្ញានេះ។ រដ្ឋសភាបានអនុម័តសន្ធិសញ្ញានេះ ក្រុមប្រឹក្សាធម្មនុញ្ញបានផ្តល់ការយល់ព្រម ហើយព្រះមហាក្សត្របានឡាយព្រះហស្តលេខា”។
លោកបានមានប្រសាសន៍ថា ” តើអាចទុកជាមោឃៈដូចម្ដេចកើត? នរណាអាចទុកជាមោឃៈ បាន? វាមិនមែនលោក រ៉ុង ឈុន ដែលគ្រាន់តែជាមនុស្សតូចតាចម្នាក់ប៉ុណ្ណោះដែលអាចទុកជាមោឃៈបាននោះឡើយ។ កុំចេះតែធ្វើការចោទប្រកាន់។ អ្វីដែលពួកគេកំពុងតែធ្វើនេះគឺគ្រាន់តែដើម្បីទាក់ទាញប្រជាប្រិយភាព និងទទួលបានផលប្រយោជន៍នយោបាយតែប៉ុណ្ណោះ”។
លោក រ៉ុង ឈុន ស្ថិតក្នុងចំណោមមេដឹកនាំសង្គមស៊ីវិលបួននាក់ដែលត្រូវបានជាប់ពន្ធនាគារកាលពីចុងឆ្នាំ២០០៥ ពីបទរិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការអនុម័តសន្ធិសញ្ញាព្រំដែននេះឲ្យទៅជាច្បាប់នៅឆ្នាំនោះ៕ សារុន