30 C
Phnom Penh

អាយុជីវិត​​​របស់​​​កម្មករ​​​សំណង់​​​ស្ថិត​​​ក្នុង​​​ភាព​​​ប្រថុយ​​​ប្រថាន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រាល់​​​ព្រឹក​​​ អាន វី​​​ តែ​​​ង​​​តែ​​​ពាក់​​​ស្បែក​​​ជើង​​​ផ្ទាត់​​​ ហើយ​​​សំដៅ​​​ទៅ​​​កន្លែង​​​ធ្វើ​​​ការ​​​ ដោយ​​​ឡើង​​​តាម​​​កាំ​​​ជណ្ដើរ​​​ពោរ​​​ពេញ​​​ដោយ​​​កម្ទេច​​​កម្ចី​​​​ទៅ​​​​​​កាន់​​​ដំបូល​​​ខុនដូ​​​ ដ៏​​​ខ្ពស់​​​មួយ​​​ដែល​​​កំពុង​​​សាង​​​សង់​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​។ Contruction-p-6

នៅ​​​ទី​​​នោះ​​​ កម្មករ​​​សំណង់​​​អាយុ​​​២៦​​​ឆ្នាំ​​​ ដែល​​​ស្គម​​​ស្គាំង​​​រូប​​​នេះ​​​បាន​​​ឡើង​​​​​​តាម​​​រន្ទា​​​ ហើយ​​​ឈរ​​​លើ​​​រន្ទា​​​នោះ​​​ដោយ​​​គ្មាន​​​ខ្សែ​​​ការពារ​​​សុវត្ថិភាព​​​ ឬ​​​មួក​​​សុវត្ថិភាព​​​ឡើយ​​​ បន្ទាប់​​​បាន​​​ចាប់​​​ផ្តើម​​​ធ្វើ​​​ការ​​​ងារ​​​របស់​​​ខ​​​្លួន​​​​​​​​​​​​។

អាន វី បាន​​​និយាយ​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​នៅ​​​ពេល​​​គាត់​​​កំពុង​​​​​​ដំឡើង​​​ក្តា​​​ពុម្ព​​​សម្រាប់​​​ចាក់​​​បេតុង​​​ថា “ខ្ញុំ​​​ខ្លាច​​​ធ្លាក់​​​ពី​​​លើ​​​អគារ​​​​​​ខ្លាំង​​​ណាស់​​​​​​ ប៉ុន្តែ ខ្ញុំ​​​ត្រូវ​​​តែ​​ធ្វើ​​​ការ​​​ងារ​​​នេះ​​​”។ អាន វី បាន​​​ពន្យល់​​​ថា “ខ្ញុំ​​​គ្មាន​​​ជំនាញ​​​​​​ផ្សេង​​​​​​ក្រៅ​​​ពី​​​ការ​​​ងារ​​​នេះ​​​ទេ​​​។ ខ្ញុំ​​​ឈប់​​​រៀន​​ត្រឹម​​​ថ្នាក់​​​ទី​​​៣​​​ ព្រោះ​​​គ្រួសារ​​​ខ្ញុំ​​​ក្រ​​​ណាស់​​​”។ អាន វី​​​ បាន​​​បន្ត​​​ថា គាត់​​​គ្មាន​​​លទ្ធភាព​​​ទិញ​​​ឧបករណ៍​​​ការ​​​ពារ​​​សុវត្ថិភាព​​​ផ្ទាល់​​​ខ្លួន​​​ឡើយ​​​ ព្រោះ​​​ប្រាក់​​​ប្រចាំ​​​ថ្ងៃ​​​របស់​​​គាត់​​​ទទួល​​​បាន​​​ប្រហែល​​​ប្រាំបី​​​ដុល្លារ​​​ប៉ុណ្ណោះ​​​ក្នុង​​​មួយ​​​ថ្ងៃ​​​។ អាន វី​​​ បាន​​និយាយ​​​បន្ត​​​ទៀត​​​ថា “ខ្ញុំ​​​ត្រូវ​​​ការ​​​ខ្សែ​​​ក្រវាត់​​​ការពារ​​​សុវត្ថិភាព​​​ ស្បែក​​​ជើង​​​ និង​​​មួក​​​សុវត្ថិភាព ដើម្បី​​​ការ​​​ពារ​​​ជីវិត​​​របស់​​​ខ្ញុំ​​​”។

បច្ចុប្បន្ន​​​នេះ​​​ រាជ​​​ធានីភ្នំពេញ​​​មាន​​​សំណង់​​​កើន​​​ឡើង​​​យ៉ាង​​​ខ្លាំង​​​។ យោង​​​តាម​​​ក្រសួង​​​រៀប​​​ចំ​​​ដែន​​​ដី​​​នគរូបនីយកម្ម​​​ និង​​​សំណង់​​​បាន​​​ឲ្យ​​​ដឹង​​​ថា នៅ​​​ទូទាំង​​​ប្រទេស ​​​ការ​​​វិនិយោគ​​​នៅ​​​ក្នុង​​​​​​វិស័យ​​​សំណង់​​​បាន​​​កើន​​​ឡើង​​​ពី​​​៨៤០​​​លាន​​​ដុល្លារ​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១០​​​ដល់​​​ ២,៧ពាន់​​​លាន​​​ដុល្លារ​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៣​​​។

ប៉ុន្តែ រដ្ឋាភិបាល​​​មិន​​​អាច​​​តាម​​​ដាន​​​​​​អគារ​​​ដែល​​​មាន​​​ការ​​​កើន​​​ឡើង​​​យ៉ាង​​​ខ្លាំង​​​ដើម្បី ធានា​​​សុវត្ថិភាព​​​សម្រាប់​​​កម្មករ​​​នៅ​​​ក្នុង​​​វិស័យ​​​នេះ​​​ឡើយ​​​។ អ្នក​​​ជំនាញ​​​ផ្នែក​​​ការ​​​ងារ​​​បាន​​​បា៉ាន់​​​ប្រមាណ​​​ថា កម្មករ​​​ដែល​​​បម្រើ​​​ក្នុង​​​វិស័យ​​​នេះ​​​មាន​​​ចំនួន​​​ប្រហែល​​​ពី​​​១៧៥.០០០នាក់​​​ទៅ​​​២០០.០០០នាក់ ហើយ​​​ពួក​​​គេ​​​ភាគច្រើន​​​គឺ​​​គ្មាន​​​ជំនាញ​​​នោះ​​​ទេ ដោយ​​​ទទួល​​​បាន​​​កម្រៃ​​​ការងារ​​​ប្រចាំ​​​ថ្ងៃ​​​។

ក្រសួង​​​ការ​​​ងារ​​​ដែល​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​សុវត្ថិភាព​​​កម្មករ​​​គ្មាន​​​ច្បាប់​​​ការ​​​ពារ​​​សុវត្ថិភាព​​​សម្រាប់​​​កម្មករ​​​សំណង់​​​ ឬ​​​អគារ​​​ដែល​​​កម្មករ​​​កំពុង​​​សាង​​​សង់​​​នោះ​​​ឡើយ​​​។ តែ​​​ផ្ទុយ​​​ទៅ​​​វិញ​​​ ក្រុម​​​ហ៊ុន​​​សំណង់​​​បាន​​​ទុក​​​បញ្ហា​​​ទាំង​​​នេះ​​​ឲ្យ​​​នគរ​​​បាល​​​ជា​​​អ្នក​​​ដោះ​​​ស្រាយ​​​ ហើយ​​​ក្រុមហ៊ុន​​​មិន​​​ដែល​​​ប្រឈម​​​នឹង​​​ផល​​​លំបាក​​​ចំពោះ​​​គ្រោះ​​​ថ្នាក់​​​ដែល​​​ធ្វើ​​​ឲ្យ​​​បាត់​​​បង់​​​អាយុជីវិត​​​កម្មករ​​​ឡើយ។ ការ​​​បាត់​​​បង់​​​អាយុ​​​ជីវិត​​​របស់​​​កម្មករ​​​​​​​​​​​​​​​​​​​​​កំពុង​​​ស្ថិត​​​ក្នុង​​អត្រា​​​មួយ​​​ដែល​​​មាន​​​កម្រិត​​​មួយ​​​ខ្ពស់​​​​​​ដ៏​​​គួរ​​​ឲ្យ​​​ព្រួយ​​​បារម្ភ​​​។

នៅ​​​ក្នុង​​​កម្មវិធី​​​ការ​​​ងារ​​​សមរម្យ​​​សម្រាប់​​​កម្ពុជា​​​ឆ្នាំ​​​២០១១​​​ដល់​​​ឆ្នាំ​​​២០១៥​​​ អង្គការ​​​ពល​​​កម្ម​​​អន្តរ​​​ជាតិ ILO បាន​​​បា៉ន់​​​ប្រមាណ​​​ថា កម្មករ​​​យ៉ាង​​​តិច​​​​​​១.៥០០នាក់​​​បាន​​​បាត់​​​បង់​​​ជីវិត​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០០៩​​​ពោល​​​គឺ​​​ប្រហែល​​​បួន​​​នាក់​​​ក្នុង​​​មួ​​​យ​​​ថ្ងៃ​​​នៅ​​​ក្នុង​​​គ្រោះ​​​ថ្នាក់​​​អំឡុង​​​ពេល​​​ធ្វើ​​​ការ​​​ងារ​​​ នៅ​​​តាម​​​ការដ្ឋាន​​​សាង​​​សង់​​​ និង​​​តាម​​​ឡអិដ្ឋ​​​នានា​​​ដែល​​​ជា​​​កន្លែង​​​ធ្វើ​​​ការ​​​ដ៏​​​គ្រោះ​​​ថ្នាក់​​​បំផុត​​​នៅ​​​កម្ពុជា។

កាល​​​ពី​​​សប្តាហ៍​​​មុន​​​ ក្រសួង​​​ការ​​​ងារ​​​បាន​​​អញ្ជើញ​​​ទី​​​ភ្នាក់​​​ងារ​​​សុខភាព​​​ និង​​​សុវត្ថិភា​​​ព​​​ការ​​​ងារ​​​​​របស់​​​កូរ៉េ​​​ឲ្យ​​​មក​​​ទី​​​ស្នាក់​​​ការ​​​របស់​​​ខ្លួន​​​ដើម្បី​​​បើក​​​សិក្ខាសាលា​​​មួយ​​​ ហើយ​​​ជួយ​​​ក្រសួង​​​ធ្វើ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​ដើម្បី​​​ឲ្យ​​​ក្រុមហ៊ុន​​​សំណង់​​​នានា​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​គ្រោះ​​​ថ្នាក់​​​ដែល​​​កើត​​​ឡើង​​​។

លោក ឡេង តុង​​​ ​​​​​​ ប្រធាន​​​​​​នាយក​​​​​​ដ្ឋាន​​​សុវត្ថិភាព​​​ការ​​​ងារ​​​នៅ​​​ក្រសួង​​​ការ​​​ងារ​​​បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ខាង​​​ក្រៅ​​​សិក្ខាសាលា​​​ថា “លក្ខខណ្ឌ​​​ការ​​​ងារ​​​គ្មាន​​​សុវត្ថិភាព​​​គឺ​​​ជា​​​កត្តា​​​បង្ក​​​ឲ្យ​​​មាន​​​គ្រោះ​​​ថ្នាក់​​​។ នៅ​​​ក្នុង​​​ប្រទេស​​​កូរ៉េ​​​អ្នក​​​​​​គ្រប់​​​គ្រង​​​ និង​​​ក្រុម​​​ហ៊ុន​​​ត្រូវ​​​បាន​​​ពិន័យ​​​ ប៉ុន្តែ នៅ​​​ទី​​​នេះ​​​គ្មាន​​​ការ​​​ពិន័យ​​​នោះ​​​ទេ​​​”។

ទោះ​​​បី​​​ជា​​​ក្រុមហ៊ុន​​​ត្រូវ​​​បាន​​​​តម្រូវ​​​ឲ្យ​​​​​​សុំ​​​កា​​​រអនុញ្ញាត​​​សម្រាប់​​​​​​ការ​​​សាង​​​សង់​​​ពី​​​ក្រសួង​​​រៀប​​​ចំ​​​ដែន​​​ដី​​​នគរូបនីយកម្ម​​​ និង​​​សំណង់ ដែល​​​រួម​​​មាន​​​ទាំង​​​ការ​​​សន្យា​​​ធានា​​​សុវត្ថិភាព​​​ការ​​​ងារ​​​ និង​​​​​ការ​​​​ផ្តល់​​​ឧបករណ៍​​​ការ​​​ពារ​​​សុវត្ថិភាព​​​ក៏​​​ដោយ​​​ ក៏​​​ការ​​​អនុវត្ត​​​​​​នៅ​​​តែ​​​គ្មាន​​​ដដែល​​​។

ច្បាប់​​​ការ​​​ងារ​​​​​​ឆ្នាំ​​​១៩៩៧​​​​​​​​​ទំនង​​​ជា​​​មាន​​​ការ​​​ធានា​​​​​​​​​​​​​​​​​​សុវត្ថិភាព​​​ការ​​​ងារ​​​ដល់​​​កម្មករ​​​​​​រួម​​​ទាំង​​​ការ​​​ផ្តល់​​​ឧបករណ៍​​​ការ​​​ពារ​​​សុវត្ថិភាព​​​ផង​​​ដែរ​​​ ប៉ុន្តែ​​​ថា ក្រសួង​​​ការ​​​ងារ​​​ត្រូវ​​​​​​តែ​​​បង្កើត​​​ប្រកាស​​​មួយ​​​ដើម្បី​​​ឲ្យ​​​មាន​​​ការ​​​អនុវត្ត​​​ច្បាប់​​​។

លោក ឡេង តុង បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​គ្មាន​​​ច្បាប់​​​តម្រូវ​​​ឲ្យ​​​កម្មករ​​​ពាក់​​​ឧបករណ៍​​​ការ​​​ងារ​​​សុវត្ថិភាព​​​ឡើយ​​​។ មក​​​ទល់​​​ពេល​​​នេះ​​​យើង​​​មិន​​​ទាន់​​​បាន​​​​​​ធ្វើ​​​ការ​​​ត្រួត​​​ពិនិត្យ​​​​​ការដ្ឋាន​​សំណង់​​​ខ្ពស់​​​ៗ​​​ណា​​​មួយ​​​នៅ​​​ឡើយ​​​ទេ”។

អគារ​​​ខ្ពស់​​​​​ៗ​​​ដែល​​​​​​មាន​​​ទាំង​​​ខុនដូ និង​​​ការិល័យ​​​សម្រាប់​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​នោះ​​​ផង​​​នោះ​​​​​​កំពុង​​​កើន​​​ឡើង​​​ស្អេក​​​ស្កះ​​​នៅ​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​។​​​

យោង​​​តាម​​​របាយការណ៍​​​​​​ស្រាវ​​​ជ្រាវ​​ធ្វើ​​​ឡើង​​​​នៅ​​​ខែ​​​កក្កដា ឆ្នាំ​​​២០១៤​​​ដោយ​​​ក្រុម​​​ហ៊ុន​​​អចលនទ្រព្យ​​​ CBRE-Cambodia បាន​​​ឲ្យ​​​ដឹង​​​ថា នៅ​​​ក្នុង​​​ឆ្នាំ​​​២០០៩​​​រាជ​​​ធានី​​​ភ្នំពេញ​​​មាន​​​ខុនដូ​​​មិន​​​ដល់​​​១០០​​​ផង​​​ ប៉ុន្តែ​​​ចំនួន​​​នេះ​​​ត្រូវ​​​គេ​​​រំពឹង​​​ថា នឹង​​​កើន​​​ឡើង​​​ដល់​​​៦.០០០​​​ត្រឹម​​​ឆ្នាំ​​​២០១៨​​​។​​​​​​​​​

លោក​​​ ឡេង តុង បាន​​​លើក​​​ឡើង​​​ថា ក្រុម​​​អ្នក​​​ចុះ​​​ត្រួត​​​ពិនិត្យ​​​របស់​​​លោក​​​បាន​​​ព្យាយាម​​​ចូល​​​ទៅ​​​ក្នុង​​​ការ​​​ដ្ឋាន​​​សាង​​​សង់​​​ខុន​​​ដូ​​​កាល​​​ពី​​​ពេល​​​កន្លង​​​មក​​​ ប៉ុន្តែ តែ​​តែង​​ត្រឡប់ក្រោយ​​​វិញ​​​ដោយ​​​សារ​​​តែ​​​គ្មាន​​​អំណាច​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​នៅ​​​ពេល​​​យើង​​​បាន​​​ចុះ​​​ទៅ​​​ កម្មករ​​​និយាយ​​​ថា ខ្លួន​​​គឺ​​​ជា​​​អ្នក​​​ម៉ៅ​​​ការ​​​បន្ត​​​ ហើយ​​​មិន​​​អាច​​​អនុញ្ញាត​​​ឲ្យ​​​យើងចូល​​​​​​បាន​​​ឡើយ​​​។ វាលំពាក​​​ណាស់​​​ក្នុង​​​រក​​​ឲ្យឃើញ​​​ថា តើ​​​នរណា​​​ជា​​​អ្នក​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​សុវត្ថិភាព​​​របស់​​​កម្មករ​​​”។

 

លោក តុង បាន​លើក​​​ឡើ​​​ង​​​ទៀត​​​ថា លោក​មិន​អាច​ផ្ដល់​ស្ថិតិ​​គួរ​ឲ្យជឿទុក​ចិត្ត​បាន​​ស្ដីពី​​ចំនួន​កម្មករ​សំណង់​ដែល​បាន​រងរបួស​ ឬ​ស្លាប់​ក្នុង​មួយ​ឆ្នាំ​ៗ​បាន​នោះ​ទេ​ ពីព្រោះ​ក្រុម​ហ៊ុន​មិន​រាយ​ការណ៍​​ពី​គ្រោះ​ថ្នាក់​​។ លោក​បានលើក​ឡើង​ទៀត​ថា ” នៅ​តាម​ការដ្ឋាន​សំណង់​​ កម្រិត​គ្រោះ​ថ្នាក់​មាន​ខ្ពស់​។ វា​​ពិបាក​ណាស់ [​ក្នុង​ការ​តាម​ដាន​គ្រោះ​ថ្នាក់​] ពីព្រោះ​យើង​ទទួល​បាន​ព័ត៌មាន​ភាគច្រើនតែ​ពី​តាម​កាសែត​​ប៉ុណ្ណោះ”។

​ក្រោយ​ពី​មានករណី​​គ្រោះ​ថ្នាក់​​​ដល់​អាយុជីវិត​​ និង​ដែល​​​ត្រូវ​បាន​ធ្វើ​សេចក្ដី​រាយការណ៍​​រដ្ឋាភិបាល​អាច​​​នឹង​ផ្អាក​ការ​សាង​សង់​ ហើយ​បិទ​ការដ្ឋាន​មួយ​កន្លែងជា​​បណ្ដោះ​អាសន្ន ហើយ​​នោះ​ជា​​ករណី​មួយ​ដែល​បាន​កើត​ឡើង​កាលពី​ដើម​ខែ​នេះ​​​ នៅ​ពេល​ដែក​ធ្នឹម​មួយ​​បាន​ធ្លាក​់​​ពី​ជាន់​ទី​១២​ ត្រូវ​លើ​ស្ត្រី​​​ម្នាក់​ដែល​កំពុងបើក​បរ​បណ្ដាល​ឲ្យ​បាត់​បង់ជីវិត​នៅ​ការដ្ឋាន​សាង​សង់​របស់​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​​កម្ពុជា (OCIC) ជាប់​ពហុកីឡាដ្ឋាន​អូឡាំពិក។

បន្ទាប់ពី​ការ​បិទ​​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម និង​សំណង់ នឹង​ចុះ​ធ្វើ​អធិការកិច្ច​​ គឺ​មិនមែន​ក្រសួង​​ការ​ងារ​នោះ​ទេ ដើម្បី​ចេញ​គោលការណ៍​ណែនាំ​ស្ដីអំពី​ការ​ធ្វើ​ឲ្យ​ការដ្ឋាន​កាន់​តែ​មាន​សុវត្ថិភាព។​ បន្ទាប់ពី​នោះ​ ការដ្ឋាន​នឹង​​ទ​ទួល​បាន​ការ​អនុញ្ញាត​ឲ្យ​បើក​ដំណើរ​ការ​ឡើង​វិញ​ ប្រសិន​បើ​អនុវត្ត​តាម​លក្ខខណ្ឌ​ទាំង​នោះ។

យោង​តាម​លោក តុង និង​លោក ហ៊ុយ​ ណារ៉ា ​​ប្រធាន​នាយក​ដ្ឋាន​សំណង់នៃ​ក្រសួង​​រៀបចំ​ដែន​ដី បាន​ឲ្យ​ដឹង​ថា ការ​បិទបណ្ដោះ​អាសន្ន​​គឺ​ជា​ការ​ដាក់​ទណ្ឌកម្ម​តែ​មួយ​គត់​ពី​ក្រសួង​ដែល​បណ្ដា​ក្រុម​ហ៊ុន​សាង​សង់​ប្រឈម​​នាពេល​បច្ចុប្បន្ន​។ លោក​ ហ៊ុយ ណារ៉ា បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ការិយាល័យ​របស់​លោក​កាលពី​សប្ដាហ៍មុន​ថា “យើង​នឹង​បិទ​ការដ្ឋាន​នេះ​ ប៉ុន្តែ​យើង​ធ្វើ​រឿង​នេះ​មួយ​ជំហានម្ដងៗ។ ប៉ុន្តែ​អស់​លោក​និយាយ​ត្រូវ​ គឺ​យើង​ខ្វះ​ការ​ដាក់​ទោស​ទណ្ឌ”។

លោក យី កន្និថា ​អនុប្រធាន​នាយក​ដ្ឋាន​សុវត្ថិភាព​នៃ​ក្រសួង​ការ​ងារ បាន​មាន​ប្រសាសន៍​ថា ក្រសួង​​មាន​ផែន​ការ​​ដាក់​ចេញ​នូវ​ប្រកាស​មួយ​​សម្រាប់​សុវត្ថិភាព​កម្មករ​សំណង់​នៅ​វេលា​ណាមួយ​នៅ​ឆ្នាំ​ក្រោយ ដែល​នឹង​ឈាន​​ដល់ការ​ចុះ​ធ្វើអធិការកិច្ច​តាម​ការដ្ឋាន​ធំៗ​។

លោក​បាន​មាន​ប្រសាសន៍​បន្ថែមទៀត​ថា ” យើង​ [ក្រសួង​ការ​ងារ​] គ្មាន​សិទ្ធិ​ទេ យើង​គ្មាន​សិទ្ធិ​ទេ។ យើង​ខ្វះ​ច្បាប់​ស្ដីពី​​ការដ្ឋាន​សំណង់ យើង​មិន​អាច​ពិន័យ​​ [ក្រុម​ហ៊ុន​] ដោយ​គ្មាន​ច្បាប់​បាន​ទេ។ យើង​មិន​អាច​ផ្ដន្ទាទោស​​ពួកគេ​បាន​ឡើយ ពីព្រោះ​យើង​គ្មាន​ច្បាប់​ឬ​បទប្បញ្ញត្តិ​”។

ប៉ុន្តែ​លោក ដេវ វែលស៍ ​(DaveWelsh) នាយក​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​មជ្ឈមណ្ឌល​សាមគ្គីភាព​ (SolidarityCenter) ជា​​អង្គការ​សិទ្ធិ​ការ​ងារ​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ មិន​​រង់ចាំ​ឲ្យ​ក្រសួង​ចាត់​វិធាន​ការ​ទាន់​ឡើយ​។ លោក​មាន​ប្រសាសន៍​ថា ” ក្រសួង​ការ​ងារ​ ជា​ក្រសួង​មួយ​ក្នុង​ចំណោម​​​ក្រសួង​ដែល​មាន​វិធាន​ការ​បង្ការ​​​ជា​មុន​តិច​​តួច​បំផុត ពោលគឺត្រូវ​ជំរុញ​ពួកគេ​គ្រប់​រឿង ជា​ពិសេស​ពាក់​ព័ន្ធ​នឹង​ការ​អនុវត្ត​វិធានការ​ការ​ពារ​កម្មករ”។

លោក េដវ វែលស៍ ​ដែល​ចាត់ទុក​ការ​ងារ​សំណង់​​​ជា​ ” ឧស្សាហកម្ម​​ដ៏​គ្រោះ​ថ្នាក់​បំផុត​នៅ​ក្នុង​ប្រទេស​នេះ​” បាន​មាន​ប្រសាសន៍​ថា ​ការ​ចេញ​ប្រកាស​​មួយ​ដើម្បី​អនុវត្ត​វិធានការ​សុវត្ថិ​ភាព​របស់​កម្មករ​ កំពុង​ជាប់​គាំង​ ពីព្រោះ​រដ្ឋាភិបាល​ព្រួយបារម្ភ​ខ្លាច​វា​ធ្វើ​ឲ្យ​វិនិយោគិន​នានា​ភិត​ភ័យ​។

លោក​​មាន​ប្រសាសន៍​ទៀត​ថា ” ​បញ្ហាគឺ​នៅ​​ត្រង់​លុយ​។ រាល់​​ការ​ចេញ​សេចក្ដី​ប្រកាស​អំពី​គោល​ការណ៍​​ណែនាំ រដ្ឋាភិបាល​​​តែង​តែ​យល់​ឃើញ​​ថា ​វា​នឹង​ធ្វើ​ឲ្យ​ឱកាស​វិនិយោគ​អន់​ថយ”។

លោក​បាន​លើក​ឡើង​បន្ត​ទៀត​ថា ​កម្មករ​សំណង់ភាគ​ច្រើន​​ដែល​​យកជីវិត​របស់​ខ្លួនទៅ​ប្រថុយ​​នឹង​​គ្រោះ​ថ្នាក់​នៅ​ក្នុង​ការ​ងារ​នេះ មិន​ត្រូវ​បាន​ធានា​ឡើយ​ក្នុង​ករណី​រង​របួស​ឬស្លាប់​ដោយ​សារ​តែមាន​ចន្លោះ​ប្រហោង​​នៅ​ក្នុង​​​បេឡា​ជាតិ​សន្តិសុខសង្គម ដែល​ត្រូវ​ផ្ដល់​សំណង​ដល់​កម្មករ​រង​របួស​ ឬ​ក្រុម​គ្រួសារ​​របស់​កម្មករ​ដែល​ស្លាប់​ពេល​កំពុង​ធ្វើ​ការ​។

លោក​មាន​ប្រសាសន៍​ថា ” ​វិសាលភាព​ដែល​ឧស្សាហកម្ម​នេះ ក៏ដូច​ជា​រដ្ឋាភិបាល​​ទទួល​ដោះ​ស្រាយ​គឺ​មាន​តែ​កម្មករ​​​​​ជាក់​លាក់​ប៉ុណ្ណោះ​ ប៉ុន្តែ​ ទាំង​នេះ​គឺ​ជា​អ្នក​ម៉ៅការ​ដាច់​ដោយ​ឡែក​ ឬ​​ជា​កម្មករ​ស៊ីប្រាក់​ឈ្នួល​ប្រចាំ​ថ្ងៃ​ ពួកគេ​មិន​មែនជា​កម្មករជាក់​លាក់​នោះ​ទេ។ នោះវា​មិន​សម​ហេតុ​ផល​ឡើយ ឲ្យ​តែ​មាន​កិច្ច​សន្យា គឺ​ត្រូវ​តែ​ទូទាត់​​ផ្ដល់​សំណង​ដល់​​កម្មករ​”។

នៅ​ឯការដ្ឋាន​​មួយ​កន្លែង​ក្នុង​រាជ​ធានី​ភ្នំពេញ​ដែល​លោក វី​ ធ្វើការ​​ ​គាត់​និង​កម្មករ​រាប់​សិប​នាក់​ផ្សេង​ទៀត​មិន​ស្គាល់​​ឈ្មោះ​ក្រុម​ហ៊ុន​ដែល​ពួកគេ​ធ្វើ​ការ​ឲ្យឡើយ​​។ អ្វី​ដែល​ពួកគេ​ដឹង​គឺ​ថា បុរស​ម្នាក់​ឈ្មោះ​ ថន ​តែងតែ​​ទៅដល់​​ទីនោះ​នៅពេល​ចប់​ម៉ោង​ធ្វើ​ការ​ដើម្បី​បើក​ប្រាក់​ឈ្នួល​ឲ្យ​ពួកគេ​។

លោក ជាវ ប៊ុនរិទ្ធ ប្រធាន​ផ្នែក​គោល​នយោបាយ​​នៅ​បេឡា​ជាតិ​សន្តិសុខ​សង្គម បាន​មាន​ប្រសាសន៍​ថា ច្បាប់​តម្រូវ​ឲ្យ​ក្រុមហ៊ុន​នានា​ចុះ​បញ្ជី និង​រួម​វិភាគទាន​​ដល់​គម្រោង​នេះ​ ប៉ុន្តែ​មាន​​តែ​កម្មករ​ស៊ីប្រាក់​ខែ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ធានា​។ លោក​បាន​លើក​ឡើង​បន្ត​ថា ” កម្មករ​ដែល​​បើក​ប្រាក់​ឈ្នួល​ប្រចាំ​ថ្ងៃ​​មិន​ត្រូវ​បាន​ចុះ​ឈ្មោះ​ឡើយ​”។ លោក​បាន​ពន្យល់​ថា វា​អាស្រ័យ​លើ​កម្មករ​​បង់​ប្រាក់​ចូល​​ក្នុង​​បេឡា​ជាតិ​សន្តិសុខ​សង្គម ប្រសិន​បើ​ពួកគេ​ចង់​បាន​ធានា​រ៉ាប់​រង​។

​​ប៉ុន្តែ​​​ដូច​​កម្មករ​​ដទៃ​ទៀត​ដែរ​​​​ ដំ ណាង អាយុ​៣១​ឆ្នាំ​ ជា​កម្មករ​ទូទៅ​ដែល​ធ្វើ​ការ​ជាមួយ​លោក វី គ្មាន​លទ្ធភាព​​បង់​ធានា​រ៉ាប់​រង​​​ឡើយ ព្រោះ​ចំណូល​ប្រចាំ​ថ្ងៃ​របស់​គាត់​បាន​តែ​៥,២០​ដុល្លារ​ប៉ុណ្ណោះ​។ កម្មករ​​ស៊ីប្រាក់​ថ្ងៃ​រូប​នេះ​និយាយ​ថា គាត់​ ” មិន​ហា៊ន​សុំ​” កិច្ច​សន្យា​ឬ​ឧបករណ៍​សុវត្ថិភាព​ឡើយ​ដោយ​សារ​ខ្លាច​បាត់​បង់​ការ​ងារ​។

​អង្គុយ​លើ​គ្រែ​បណ្ដោះ​អាសន្ន​របស់​ខ្លួន​​នៅ​ជាន់​ទី១​នៃ​អគារ​ខុនដូ​ ដំ ណាង បាន​និយាយ​ថា ” ខ្ញុំ​ខ្លាច​ធ្លាក់​ពី​អគារ​ណាស់​។ ពេល​ខ្ញុំ​សម្លឹង​មើល​ទៅ​ដី​ ខ្ញុំ​បះសក់​ជ្រោង​”៕ ស៊ុយឈាង និង សុខុម​​​​​​​​​​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស