រយៈពេលមួយឆ្នាំក្រោយពីការប៉ះទង្គិចហិង្សាបានផ្ទុះឡើងរវាងកម្មករមកពីរោងចក្រកាត់ដេរ SL និងកងកម្លាំងសន្តិសុខប្រដាប់អាវុធ ដែលបានបណ្ដាលឲ្យអ្នកឈរមើលម្នាក់ត្រូវគ្រាប់ស្លាប់មកនោះ តំណាងកម្មករ និងគណៈគ្រប់គ្រងនៅរោងចក្រនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួននៅសប្ដាហ៍នេះដើម្បីបញ្ចប់វិវាទ។
កិច្ចព្រមព្រៀងដែលធ្វើឡើងកាលពីថ្ងៃច័ន្ទនេះ មានចំនួនប្រាំពីរប្រការដែលបានព្រមព្រៀងគ្នាអំឡុងជំនួបចរចារវាងតំណាងរោងចក្រ និងសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរ (ស៊ីខៅឌូ) នៅក្រសួងការងារ។
ក្នុងចំណោមចំណុចទាំងនោះបញ្ជាក់ថា លោក មាស សុថា ដែលមានភាគហ៊ុននៅរោងចក្រ SL និងដែលបានកាន់ការជាអ្នកគ្រប់គ្រងនៅរោងចក្រនេះអស់រយៈពេលជិត២ឆ្នាំមកនេះ នឹងលែងពាក់ព័ន្ធក្នុងប្រតិបត្តិការប្រចាំថ្ងៃនៅរោងចក្រនេះទៀតហើយ។ ក្រុមហ៊ុនក៏បានយល់ព្រមបើកប្រាក់សរុបចំនួន៣០០.០០០ដុល្លារឲ្យទៅកម្មករដែលបានធ្វើការតវ៉ានៅខាងមុខខ្លោងទ្វារចូលរោងចក្រអស់រយៈពេលរាប់ខែកាលពីឆ្នាំមុនផងដែរ ដែលមានចំនួនប្រហែលពាក់កណ្ដាលនៃប្រាក់ឈ្នួលដែលពួកគេបានបាត់បង់អំឡុងពេលធ្វើកូដកម្ម។
សហជីពស៊ីខៅឌូបានចោទប្រកាន់លោក មាស សុថា ថាបានប៉ុនប៉ងបញ្ឈប់ការរៀបចំរបស់ខ្លួននៅរោងចក្ររបស់ពាណិជ្ជករម្នាក់ឈ្មោះ រ៉ាយម៉ុន វ៉ុង (Raymond Wong) ដែលកើននៅហុងកុងនេះ។
ក្រុមហ៊ុនរបស់លោក រ៉ាយម៉ុន វ៉ុង បានយល់ព្រមបើកប្រាក់ចំនួន១៥០.០០០ដុល្លារដល់កម្មករនៅរយៈពេលពីរសប្ដាហ៍ក្រោយ ហើយចំនួនដែលនៅសេសសល់នឹងបើកឲ្យនៅរយៈពេល១៦០ថ្ងៃក្រោយ។ ក្រុមហ៊ុននេះក៏បានព្រមព្រៀងដកពាក្យបណ្ដឹងទាំងអស់ប្រឆាំងមេដឹកនាំសហជីពស៊ីខៅឌូ សកម្មជន និងបុគ្គលិកនៅរោងចក្រ SL ផងដែរ។
លោក អាត់ ធន់ ប្រធានសហជីពស៊ីខៅឌូ ដែលបានចូលខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញកាលពីដើមឆ្នាំនេះសម្រាប់ការសាកសួរជុំវិញការចោទប្រកាន់ពីបទញុះញង់ឲ្យមានអំពើហិង្សាអំឡុងពេលតវ៉ានៅរោងចក្រ SL បានមានប្រសាសន៍កាលពីម្សិលមិញថា លោកសង្ឃឹមថា លោក មាស សុថា នឹងប្រកាន់ខ្ជាប់តាមកិច្ចព្រមព្រៀងនេះ។
លោកបានមានប្រសាសន៍ទៀតថា “ខ្ញុំមិនចង់និយាយអំពីឥរិយាបថកន្លងមក [របស់លោក សុថា] នោះទេ។ គាត់បានសន្យាឈប់ពាក់ព័ន្ធក្នុងវិវាទរវាងរោងចក្រ និងកម្មករទៅថ្ងៃក្រោយ ដូច្នេះយើងសង្ឃឹមថា បញ្ហានេះនឹងមិនកើតឡើងទៀតឡើយ”។
លោក មាស សុថា បានមានប្រតិកម្មយ៉ាងខ្លាំងតបទៅនឹងឥទ្ធិពលនៃវិវាទឧស្សាហកម្មដ៏ធំបំផុតនៅក្នុងវិស័យកាត់ដេរ ដោយមានការចោទប្រកាន់ថា លោកជាអ្នកទទួលខុសត្រូវចំពោះការបាញ់ប្រហារមេដឹកនាំសហជីពចំនួន១៩រូប និងការហៅកងរាជអាវុធហត្ថឲ្យទៅល្បាតនៅជុំវិញបរិវេណរោងចក្រ។
ការតវ៉ាដែលដឹកនាំដោយសហជីពស៊ីខៅឌូ បានពុះកញ្ជ្រោលខ្លាំងឡើងៗកាលពីខែវិច្ឆិកាឆ្នាំមុន ដែលពេលនោះកម្មករត្រូវបានរារាំងមិនឲ្យហែក្បួនមកកាន់ភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងរាជធានីភ្នំពេញ ដោយឈានទៅដល់ការប៉ះទង្គិចគ្នា ធ្វើឲ្យនគរបាលបាញ់ប្រហារទៅលើក្រុមអ្នកតវ៉ាបណ្ដាលឲ្យស្ត្រីលក់បាយម្នាក់ ឈ្មោះ អេង សុខុំ អាយុ៤៩ឆ្នាំ ដែលកំពុងឈរនៅកន្លែងលក់របស់គាត់ជិតកន្លែងប៉ះទង្គិចគ្នា បាត់បង់ជីវិត។
កិច្ចព្រមព្រៀងនៅសប្ដាហ៍នេះកើតមានឡើងជិតមួយឆ្នាំបន្ទាប់ពីកម្មកររោងចក្រ SL វិលត្រឡប់ចូលធ្វើការវិញ ក្រោយពីមានកិច្ចព្រមព្រៀងមួយកាលពីលើកមុនដើម្បីដកលោក មាស សុថា ចេញកុំឲ្យពាក់ព័ន្ធនឹងប្រតិបត្តិការប្រចាំថ្ងៃនៅរោងចក្រនេះ។
កាលពីម្សិលមិញ កម្មការិនីម្នាក់ឈ្មោះ វិន ដាវីន អាយុ២៣ឆ្នាំ ដែលធ្វើការនៅរោងចក្រ SL អស់រយៈពេលជិត៥ឆ្នាំ មានសង្ឃឹមតិចតួចណាស់ដែលថា ក្រុមហ៊ុននឹងប្រកាន់ខ្ជាប់តាមកិច្ចព្រមព្រៀងនេះ។ នាងនិយាយថា ” កិច្ចព្រមព្រៀងនេះធ្វើឲ្យខ្ញុំមានសង្ឃឹមតិចតួចណាស់ ពីព្រោះពួកគេតែងតែសន្យា ហើយចេញសេចក្ដីថ្លែងការណ៍ទាំងនេះ ប៉ុន្តែមិនដែលធ្វើតាមឡើយ”។
កម្មករម្នាក់ទៀតឈ្មោះ ឃួន ផាត អាយុ២៦ឆ្នាំបាននិយាយថា ប្រហែលជាមានការតវ៉ាទៀត ប្រសិនបើក្រុមហ៊ុនមិនបើកប្រាក់ខែពេញតាមការសន្យាទេនោះ។ យុវជនរូបនេះនិយាយទៀតថា “យើងនឹងរង់ចាំមើល ប៉ុន្តែបើអត់មានទេ យើងនឹងតវ៉ា។ កន្លងមករោងចក្រធ្លាប់បានសន្យាច្រើនណាស់ជាមួយពួកយើង”៕ សុខុម