38 C
Phnom Penh

ក្រុម​គ្រួសារ​ជន​រង​គ្រោះ​​ដោយ​អគ្គិភ័យ​ទាម​ទារ​សំណង​ពី​ម្ចាស់ក្លឹប​កម្សាន្ត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​នគរ​បាល​ម្នាក់​បាន​និយាយ​កាល​ពី​ម្សិលមិញ​ថា ក្រុម​គ្រួសារ​​ជនរងគ្រោះ​បី​នាក់​ក្នុង​ចំណោម​ជនរងគ្រោះ​ប្រាំនាក់​ដែល​បាន​ស្លាប់​ក្នុង​អគ្គិភ័យ ដែល​បាន​ឆាប​ឆេះ​ក្លឹប​កម្សាន្ត​មួយ​ក្នុង​ក្រុង​សៀមរាប កាលពី​រំលង​អធ្រាត្រ​ថ្ងៃ​អង្គារ​នោះ បានទាម​​ទារ​សំណង​​ក្នុង​ម្នាក់ៗ​ពី​៣.០០០ដុល្លារ​ទៅ​៤.០០០​ដុល្លារ​ពី​ម្ចាស់​ក្លឹប​។

​យោង​តាម​លោក ថោង សាគុណ ស្នង​ការ​រង​នគរ​បាល​​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ថា ​នៅ​ម៉ោង​មុន​៣រំលង​អធ្រាត្រ​ថ្ងៃ​អង្គារ ​អគ្គិភ័យ​បាន​ឆាប​ឆេះ​​ភោជនីដ្ឋាន និង​ក្លឹប​កម្សាន្ត​ហ៊ីប​ហប់​ ដោយ​បណ្តាលឲ្យ​ជនជាតិ​ខ្មែរ​បួន​នាក់​ស្លាប់​គឺ​មាន​​ឈ្មោះ ព្រំ ភិរុណ និង​ សឿន សាវូន​ អ្នក​​ទាំង​ពីរ​មាន​អាយុ​៣១​ឆ្នាំ​ដូច​គ្នា ចេង សាវៀន អាយុ​៣៣​ឆ្នាំ ជា ស្រីនី អាយុ​៣៦​ឆ្នាំ និង​ជន​ជាត​ិ​អូស្ត្រាលី​​​ម្នាក់​ឈ្មោះ Tom Ricketson ​អាយុ​៣២​ឆ្នាំ​។

លោក​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា “សាច់​ញាតិ​ ចេង សាវៀន ជា ស្រីនី និង​ សឿន សាវូន ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលា​ដំបូង​ខេត្ត​ ហើយ​បាន​ទាម​ទារ​សំណង​ពី​៣.០០០​ដុល្លារ​ទៅ​៤.០០០​ដុល្លារ”។ លោក​បាន​បន្ថែម​ថា ក្រុម​គ្រួសារ​របស់​ ព្រំ ភិរុណ មិន​បាន​ដាក់​ពាក្យ​បណ្ដឹង​ទេ ពីព្រោះ​​ពួកគាត់​​ជាប់​រវល់​រៀបចំ​បុណ្យ​សព​។

លោក សាគុណ ​បាន​មាន​ប្រសាសន៍​ថា ក្រុម​គ្រួសារ​ Tom Ricketson ក៏មិន​បាន​ដាក់ពាក្យ​បណ្ដឹង​ដែរ​ ប៉ុន្តែ​ថា​សាកសព​របស់​​គាត់​​ត្រូវ​បាន​បញ្ជូនទៅ​ស្ថានទូត​អូស្ត្រាលី។ លោក​បាន​មាន​ប្រសាសន៍​ថា “សាក​សព​របស់​ជនរងគ្រោះ​អូស្ត្រាលីរូប​នេះ​​ត្រូវ​បាន​ប្រគល់​ទៅតំណាង​ស្ថានទូត​អូស្ត្រាលី ហើយ​គាត់​បាន​​ដឹក​សាក​សព​មក​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​នេះ​តាម​រថយន្ត​របស់​ស្ថានទូត​”។

ស្នង​ការ​រង​រូប​នេះ​បាន​​បង្ហាញឈ្មោះ​ស្ត្រី​ពីរ​នាក់​ដែល​បាន​រង​របួស​នៅ​ក្នុង​អគ្គិភ័យ​នោះ​​គឺឈ្មោះ អាត សារ៉ាត់ អាយុ២៤ឆ្នាំ និង​ យ៉ាត ស្រីម៉ៅ អាយុ​៣៣​ឆ្នាំ ដែល​​អ្នក​ទាំងពីរ​​បម្រើ​ការ​នៅ​ក្លឹប​កម្សាន្ត​នេះ ហើយ​លោក​បាន​មាន​ប្រសាសន៍​ថា ពួកគេ​នឹង​មិន​ដាក់ពាក្យ​បណ្ដឹង​ទេ ពីព្រោះ​ម្ចាស់​ក្លឹប​​គឺ​លោក លី ម៉េងស្រុិន បាន”ទៅ​មើល​ពួកគេ​នៅ​មន្ទីរ​ពេទ្យ​”។

លោក សាគុណ​ បាន​មាន​ប្រសាសន៍​ថា នគរ​បាល​មិន​ទាន់​បាន​សាកសួរ​លោក ម៉េងស្រុិន ម្ចាស់​ក្លឹប​កម្សាន្ត​នេះ​នៅ​ឡើយ​ទេ ដែល​ទំនង​ជា​​​បាន​​បញ្ជូន​មេធាវី​ម្នាក់​ឲ្យ​ទៅ​ចរចា​ជាមួយ​ជន​រងគ្រោះ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​បាន​ទទួល​ព័ត៌មាន​ថា ម្ចាស់​ក្លឹប​កម្សាន្ត​ហ៊ីបហប់នេះ​បាន​បញ្ជូន​មេធាវី​ឲ្យ​ទៅ​ទាក់ទង​ជាមួយ​ក្រុម​គ្រួសារ​ជន​រងគ្រោះ ហើយ​បាន​​ជួយ​​​រៀបចំ​​បុណ្យ​សពរបស់ពួកគេ”។ លោក​ ម៉េងស្រុិន​ មិន​​អាច​ទាក់​ទង​បាន​ទេ​កាលពី​ម្សិលមិញ។ លោក សាគុណ ក៏​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ដែរ​ថា ក្រុម​ស៊ើបអង្កេត​បាន​សន្និ​ដ្ឋាន​ថា អគ្គិភ័យ​នេះ​បណ្ដាល​មកពី​​ទុស្សេ​ខ្សែភ្លើង​នៅ​លើ​ពិដាន​។ លោក​បាន​​​មាន​ប្រសាសន៍​ថា ​យើង​បាន​យក​ខ្សែភ្លើង និង​ប្រអប់​ហ្វុ៊យស៊ីប ​ជា​ភ័ស្តុ​តាង​ ហើយ​បាន​ធ្វើ​ការ​ស៊ើបអង្កេត”។

នៅជាប់ខ្លោងទ្វារ​មុខ​ក្លឹប​កម្សាន្ត​នេះ​កាលពី​ម្សិលមិញ គឺ​មានទង់ជាតិ​អូស្ត្រាលី​តូច​មួយ ផ្កាពណ៌លឿងជាច្រើនបាច់​​ រូប​ថតលោក​ Tom Rocketson និង​ការ​សរសេរ​​ពាក្យ​ឧទ្ទិស​ដល់​គាត់​ដែលមាន​ខ្លឹមសារ​ថា ” សូម​ឲ្យ​វិញ្ញាណក្ខន្ធ​របស់គាត់​បានទៅ​កាន់​សុគតិភព​”៕ សារុន​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស