លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំាពាក្យគណបក្សសង្គ្រោះជាតិ បាននិយាយកាលពីថ្ងៃពុធថា គណបក្សប្រឆាំងនឹងស្នើឲ្យរដ្ឋាភិបាលដកហូតសិទ្ធិក្រុមហ៊ុនសូគីម៉ិច ក្នុងការប្រមូលចំណូលពីការលក់សំបុត្រនៅឧទ្យានបុរាណអង្គរ។
ការលក់សំបុត្រចូលបរិវេណប្រាសាទអង្គរវត្តចាត់ចែងដោយក្រុមហ៊ុនសូគីម៉ិច ដែលគ្រប់គ្រងដោយលោក សុខ គង់ ពាណិជ្ជករដ៏មានឥទ្ធិពល ប៉ុន្តែលោក បុញ្ញឫទ្ធិ បាននិយាយថា លោកចង់ឃើញក្រសួងទេសចរណ៍គ្រប់គ្រងការងារនេះវិញ។
លោក បុញ្ញឫទ្ធិ បាននិយាយបន្ទាប់ពីកិច្ចប្រជុំជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថា “យើងនឹងស្នើថា ការលក់សំបុត្រត្រូវតែប្រគល់ឲ្យក្រសួងទេសចរណ៍គ្រប់គ្រងវិញ ពីព្រោះយើងចំណាយប្រាក់ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍”។ លោកបាននិយាយថា “យើងមិនគួរអនុញ្ញាតឲ្យអ្នកផ្សេងយកចំណេញពីការលក់សំបុត្រដោយមិនធ្វើអ្វីនោះទេ”។
អំឡុងយុទ្ធនាការបោះឆ្នោតជាតិកាលពីឆ្នាំមុន លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានអះអាងថា ការលក់សំបុត្រចូលទស្សនាអង្គរវត្តនៅឆ្នាំ២០១២ បានប្រាក់ចំណូល២០០លានដុល្លារ ដោយផ្អែកលើការប៉ាន់ប្រមាណថាមានភ្ញៀវទេសចរណ៍៣,៥៨លាននាក់ដែលបានមកលេងប្រទេសកម្ពុជានៅឆ្នាំនោះ។
ជាការឆ្លើយតប អាជ្ញាធរអប្សរា ដែលថែរក្សាបរិវេណអង្គរ និងធ្វើរបាយការណ៍ផ្ទាល់ជូនឧបនាយករដ្ឋមន្ត្រី សុខ អាន បានចេញសេចក្តីថ្លែងការណ៍មួយរិះគន់ការអះអាងរបស់លោក កឹម សុខា ដោយពន្យល់ថា មានសំបុត្រតែ១,៨លានសន្លឹកប៉ុណ្ណោះបានលក់នៅឆ្នាំ២០១២។
ផ្អែកលើតួលេខនោះ ជាមធ្យម ការលក់សំបុត្រថោកបំផុតគឺ២០ដុល្លារសម្រាប់ការចូលទស្សនាមួយថ្ងៃ ប្រាក់ចំណូលពីការលក់សំបុត្របាន៣៦,១៧លានដុល្លារ។
លោក បុញ្ញឫទ្ធិ ប្រធានគណៈកម្មការសភាជាតិទទួលខុសត្រូវវិស័យទេសចរណ៍ បានស្នើលោក ថោង ខុន នៅចំពោះមុខគណៈកម្មការនៅសភាកាលពីថ្ងៃពុធ។
បន្ទាប់ពីការប្រជុំជាមួយគណៈកម្មការរបស់លោក បុញ្ញឫទ្ធិ នោះ លោក ថោង ខុន បាននិយាយថា លោកមិនដឹងថា ការលក់សំបុត្រនោះប្រមូលប្រាក់បានប៉ុន្មានក្នុងមួយឆ្នាំៗនោះទេ ពីព្រោះក្រសួងរបស់លោកមិនទទួលខុសត្រូវឧទ្យានអង្គរឡើយ។
លោកបានប្រាប់អ្នកកាសែតនៅពេលចាកចេញពីសភាថា “ខ្ញុំមិនដឹងអំពីបញ្ហានេះទេ។ ខ្ញុំអាចឆ្លើយតែសំណួរដែលស្ថិតនៅក្រោមអាជ្ញាធររបស់ខ្ញុំប៉ុណ្ណោះ។ រឿងនេះមិនស្ថិតនៅក្រោមសមត្ថកិច្ចរបស់ខ្ញុំទេ”។
លោក ប៊ុន ណារិទ្ធ អគ្គនាយកអាជ្ញាធរអប្សរា បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីថាតើលោកគិតថា ក្រសួងទេសចរណ៍គួរទទួលភារកិច្ចលក់សំបុត្រពីក្រុមហ៊ុនសូគីម៉ិចវិញឬយ៉ាងណានោះទេ៕មានិត