យោងតាមសេចក្តីប្រកាសក្នុងសៀវភៅរាជកិច្ចបានឲ្យដឹងថា អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបានបង្កើត “ក្រុមការងារប្រព័ន្ធផ្សព្វផ្សាយសង្គម” មួយ ដើម្បីតាមដាននិងប្រមូលប្រព័ត៌មានពីហ្វេសប៊ុក និងវិបសាយផ្សេងទៀត ក្នុងបំណង “ការពារជំហរនិងកិត្យានុភាពរបស់រដ្ឋាភិបាល”។
ឯកសារ ដែលចុះហត្ថលេខាដោយឧបនាយករដ្ឋមន្ត្រី សុខ អាន និងផ្សព្វផ្សាយកាលពីថ្ងៃទី១៥ខែតុលា មានខ្លឹមសារថា ក្រុមការងារប្រព័ន្ធផ្សព្វផ្សាយសង្គម (CWT) នឹងពិនិត្យនិងផ្សព្វផ្សាយពី”វិបសាយ ហ្វេសប៊ុក ទ្វិធឺ ហ្គូហ្គល-ផ្លាស ប្លុក យូធូប និងបណ្តាញព័ត៌មានផ្សេងទៀត”។
ឯកសារឲ្យដឹងទៀតថា “បេសកកម្ម តួនាទីនិងភារកិច្ចរបស់ CWT មានដូចតទៅស្រាវជ្រាវ ប្រមូល វិភាគ និងចងក្រងព័ត៌មានជាតិនិងអន្តរជាតិគ្រប់រូបភាព ដើម្បីជាមូលដ្ឋានក្នុងការបកស្រាយនិងបំភ្លឺជូនសាធារណជន សំដៅការពារជំហរនិងកិត្យានុភាពរបស់រដ្ឋាភិបាល”។
ឯកសារដដែលឲ្យដឹងថា អង្គភាពថ្មីនេះនឹង”ប្រើយុទ្ធសាស្ត្រ ដើម្បីផ្សព្វផ្សាយ ទប់ស្កាត់ បកស្រាយបំភ្លឺនិងការពាររាល់សកម្មភាពនិងសមិទ្ធផលរបស់រដ្ឋាភិបាល”។
ការបង្កើត CWT ធ្វើឡើង ខណៈដែលអង្គការមិនមែនរដ្ឋាភិបាលនានានិងអ្នកសង្កេតការណ៍បន្តអំពាវនាវឲ្យមានការចាប់អារម្មណ៍ចំពោះសេចក្តីព្រាងច្បាប់ឧក្រិដ្ឋកម្មអិុនធើណិតរបស់ប្រទេសកម្ពុជា ដែលបានលេចឮដល់ប្រព័ន្ធព័ត៌មានកាលពីខែមេសា និងដឹងថាមានផ្នែកជាច្រើនដែលដកស្រង់ដោយផ្ទាល់ពីសន្ធិសញ្ញាអឺរ៉ុបស្តីពីឧក្រិដ្ឋកម្មអិុនធើណិត។
ក៏ប៉ុន្តែ ផ្នែកមួយដែលមិនបានចម្លងតាមនិងដែលបានទទួលការរិះគន់ច្រើននោះ គឺមាត្រា២៨ ដែលអនុញ្ញាតឲ្យមានការដាក់ទណ្ឌកម្មបុគ្គលទាំងឡាយណា ដែលផ្សព្វផ្សាយខ្លឹមសារតាមអិុនធើណិត ដែលបង្កាច់បង្ខូច ឬបំផ្លាញភាពត្រឹមត្រូវរបស់រដ្ឋាភិបាល ឬទីភ្នាក់ងាររដ្ឋាភិបាល។
ច្បាប់ស្នើឡើងនេះក៏បង្ហាញត្រួសៗនូវការបង្កើតអង្គភាពមួយមានសមាជិក១៤រូប ឈ្មោះថា “គណៈកម្មការជាតិប្រឆាំងឧក្រិដ្ឋកម្មអិុនធើណិត ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធាន និង លោកឧបនាយករដ្ឋមន្ត្រី សុខ អាន ត្រួតពិនិត្យការអនុវត្តច្បាប់។
គេនៅមិនទាន់ច្បាស់ថា គណៈកម្មការនេះ ច្បាប់ឧក្រិដ្ឋកម្មអិុនធើណិត និង CWT នឹងមានការទាក់ទងគ្នាដោយរបៀបណានោះទេ។
នៅពេលទាក់ទងកាលពីថ្ងៃពុធ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា លោកមិនបានដឹងអំពី CWT ទេ ហើយបានបង្វែរសំណួរទៅលោក ទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស ដែលមិនឆ្លើយទូរស័ព្ទ។
លោក ភូ លីវ៉ូដ ទីប្រឹក្សារដ្ឋាភិបាលផ្នែកបច្ចេកវិទ្យាព័ត៌មាន ក៏បាននិយាយដែរថា លោកមិនបានដឹងអំពី CWT ទេ និងមានចម្ងល់ចំពោះអត្ថិភាពនិងការអនុវត្តទៅរួច។ លោកបាននិយាយថា “ខ្ញុំមិនគិតថា មានរឿងនេះទេ ឬថា រដ្ឋាភិបាលមានសមត្ថភាពធ្វើវាឡើយ”។
លោក លីវ៉ូដ ដែលកាលពីខែមេសាបានឲ្យដឹងថា ច្បាប់ឧក្រិដ្ឋកម្មអិុនធើណិតទំនងត្រូវព្រាងដោយអ្នកមានចំណេះបច្ចេកវិទ្យាព័ត៌មានតិចតួចនោះ បាននិយាយថា ប្រទេសកម្ពុជាតាមមិនទាន់ប្រទេសនានាដែលដាក់ឲ្យប្រើរួចទៅហើយនូវការត្រួតពិនិត្យនិងបទប្បញ្ញត្តិអិុនធើណិតយ៉ាងតឹងរ៉ឹង។
កាលពីថ្ងៃពុធ លោកបាននិយាយថា “នៅប្រទេសចិន ពួកគេតាមដានគ្រប់យ៉ាង។ នៅទីនេះ ប្រហែលពួកគេមានឆន្ទៈ ប៉ុន្តែ ពួកគេមិនទាន់មានធនធានគ្រប់គ្រាន់ទេ”។
ឯកសារមាន១៦ប្រការក្នុងសៀវភៅរាជកិច្ច ដែលបោះផ្សាយមិនទៀងទាត់នូវឯកសារនានាមានឡាយព្រះហស្តដោយព្រះមហាក្សត្រ ឲ្យដឹងថា CWT ដែលឈ្មោះជាភាសាខ្មែរប្រែថា “ក្រុមការងារប្រព័ន្ធផ្សព្វផ្សាយសង្គមថ្មី” នឹងមានការិយាល័យមួយដែលមាន៦ផ្នែក គឺ ផ្នែកតាមដាន ផ្នែកផ្តួចផ្តើមគំនិត ផ្នែកត្រួតពិនិត្យ ផ្នែកផ្សព្វផ្សាយនិងកសាងបណ្តាញ ផ្នែកបច្ចេកទេស និងផ្នែកចងក្រងទិន្នន័យ។
ឯកសារឲ្យដឹងថា ផ្នែកតាមដាននឹង”ពិនិត្យតាមដានព័ត៌មានគ្រប់ប្រភពនិងគ្រប់វិស័យដែលផ្សព្វផ្សាយដោយប្រភពផ្សេងទៀត” ហើយ “កំណត់ប្រធានបទដែលត្រូវរាយការណ៍និងដែលត្រូវឆ្លើយតប”។
ផ្នែកផ្សព្វផ្សាយនិងកសាងបណ្តាញនឹង ”បង្ហោះនិងផ្សព្វផ្សាយព័ត៌មានដែលបានផលិតនិងសម្រេចរួចហើយ ទៅកាន់បណ្តាញផ្សព្វផ្សាយព័ត៌មានដទៃទៀត”។
លោកស្រី ណាលី ពីឡូក នាយិកាអង្គការសិទ្ធិមនុស្សលីកាដូ ដែលបានរិះគន់សេចក្តីព្រាងច្បាប់ឧក្រិដ្ឋកម្មអិុនធើណិតយ៉ាងខ្លាំងនោះ បានមានប្រសាសន៍ថា ប្រសិនបើក្រុមការងារប្រព័ន្ធផ្សព្វផ្សាយសង្គមថ្មីនេះ ត្រូវបានបង្កើតឡើងគ្រាន់តែដើម្បីផ្សព្វផ្សាយព័ត៌មានគាំទ្ររដ្ឋាភិបាលនោះ គឺ “មិនមានមូលហេតុត្រូវបារម្ភទេ”។
លោកស្រីបានមានប្រសាសន៍តាមរយៈអីុម៉េលថា “ទោះយ៉ាងណាក៏ដោយ គោលការណ៍ណែនាំស្រពិចស្រពិល ដែល ‘ក្រុមការងារប្រព័ន្ធផ្សព្វផ្សាយសង្គមថ្មី’ នឹងធ្វើប្រតិបត្តិការក្រោមគោលការណ៍ណែនាំនេះ គឺជាការព្រួយបារម្ភដូចឈ្មោះរបស់ក្រុមនេះដូច្នេះដែរ”។ “ជាពិសេស លទ្ធភាពនៃការតាមដាននិងការប្រមូលសកម្មភាពព័ត៌មានសង្គម ដែលអាចជាជំហានដំបូងក្នុងការចាប់ពិរុទ្ធនិងការដាក់ទណ្ឌកម្មលើទស្សនប្រឆាំងលើអិុនធើណិត”៕មានិត