31 C
Phnom Penh

ម្តាយ​​​អតីត​​​ព្រះ​​​សង្ឃ​​​ដែល​​​ជាប់​​​ពន្ធនាគារ​​​ត្រូវ​​​បាន​​​រារាំង​​​មិន​​​ឲ្យ​​​ចូល​​​ទៅ​​​សួរ​​​សុខ​​​ទុក្ខកូន​​​ប្រុស​​​របស់​​​ខ្លួន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ត្រីជាម្ដាយ​អតីត​ព្រះសង្ឃ​​​​​​​មួយ​អង្គ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ ហើយ​​​ផ្សឹក​កាលពី​ស​​ប្ដាហ៍​មុន​ពី​បទ​ដឹក​​ទង់ជាតិ​​ពីរ​​​បាវ​​​​ទៅ​ឲ្យ​​​អ្នក​តវ៉ា​នៅ​វត្ត​​​មួយ​ក្នុង​រាជ​ធានី​ភ្នំពេញ​ អះអាង​ថា អ្នក​​​ស្រី​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ទៅ​សួរ​សុខទុក្ខ​កូន​ប្រុស​របស់​គាត់​​នៅ​ពន្ធនាគារ​ព្រៃ​​​ស​ទេ​​​កាល​​​ពី​អង្គារ ​បន្ទាប់​ពី​​ធ្វើ​ដំណើរ​​មក​ពី​ប្រទេស​វៀតណាម​។

​ឃិត វណ្ណៈ អាយុ​២៦​ឆ្នាំ និង​​អតីត​ព្រះសង្ឃ​ម្នាក់​ទៀត​ឈ្មោះ សាង កុសល អាយុ​១៩​ឆ្នាំ ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា នៅ​ពេល​ព្យាយាម​យក​ទង់ជាតិ​ និង​ទង់​​​សាសនា​ពីរ​បាវ​ទៅ​ឲ្យ​អ្នក​​​ភូមិ​មកពី​ខេត្ត​ព្រះវិហារ​នៅ​មុន​គម្រោង​ហែ​​​ក្បួន​ទៅ​កាន់​ភូមិគ្រឹះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ធ្វើ​ឲ្យ​លោក​មាន​ការ​ចាប់​អារម្មណ៍​​​ចំពោះ​វិវាទ​ដីធ្លី​របស់​ពួក​​​គាត់​។

នៅ​ថ្ងៃ​បន្ទាប់​ អ្នក​ទាំង​ពីរ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​​​បទ​ “ចូល​រួម​ក្នុង​សមាគម​ជន​​​ទុច្ច​​​រិត​” ហើយ​ត្រូវ​បាន​ផ្សឹក​ និង​យក​ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំ​ការ​កាត់​ក្ដី​នៅ​ពន្ធនាគារ​​ ដែល​មាន​ការ​យាម​កាម​ដ៏​​​តឹង​រ៉ឹង​នៅ​ជាយ​រាជធានី។

កាលពី​ថ្ងៃ​អង្គារ អ្នកស្រី​ ថាច់ ថា អាយុ​៤៧​ឆ្នាំ​ ត្រូវ​ជា​ម្ដាយ​របស់​ ឃិត វណ្ណៈ ដែល​ជា​សមាជិក​ជនជាតិ​ភាគ​​តិច​ខ្មែរ​ក្រោម​​​នៅ​​ក្នុង​ប្រទេស​វៀត​​​ណាម​នោះ​ បាន​ធ្វើ​ដំណើរ​ពី​ផ្ទះ​របស់​គាត់​ដែល​ស្ថិត​ក្នុង​ប្រទេស​វៀតណាម​ប៉ែក​ខាង​ត្បូង​មក​សួរ​សុខទុក្ខ​កូន​ប្រុស​របស់​គាត់​ដែល​ជាប់​ពន្ធនាគារ ប៉ុន្តែ​​គាត់​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ពន្ធនាគារ​ទេ ពីព្រោះ​ឯកសារ​សម្គាល់​ខ្លួន​​​របស់​​គាត់​ត្រូវ​បាន​សរសេរ​ជា​ភាសា​វៀតណាម​។

អ្នកស្រី​បាន​និយាយ​ថា “នៅ​ពេល​ខ្ញុំ​បង្ហាញ​ឯកសារ​ មន្ត្រី​ពន្ធនាគារ​បាន​ប្រាប់​ខ្ញុំ​ថា គេ​មិន​អាច​អាន​អក្សរ​នេះ​បាន​ទេ​ ពីព្រោះ​អក្សរ​នេះ​សរសេរ​ជា​ភាសា​វៀតណាម ហើយ​ថា ពួកគេ​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចូល​ទៅ​សួរ​​​សុខទុក្ខ​កូនប្រុស​របស់​ខ្ញុំ​ឡើយ​”។ អ្នកស្រី​បាន​និយាយ​ថា “កូនប្រុស​របស់​ខ្ញុំ​គ្រាន់តែ​ជា​​ព្រះសង្ឃ​មួយ​អង្គ​ ហើយ​មិន​ដែល​​ពាក់​ព័ន្ធ​នឹង​ក្រុម​ខុស​ច្បាប់​ណាមួយ​ឡើយ​ ដូច្នេះ​ខ្ញុំ​សូម​អំពាវ​នាវ​ឲ្យ​តុលាការ​ដោះ​លែង​កូន​ប្រុស​របស់​ខ្ញុំ”។

លោក អំ សំអាត អ្នក​គ្រប់គ្រង​ផ្នែក​បច្ចេក​ទេស​នៅ​អង្គការ​សិទ្ធិមនុស្ស​លីកា​​​ដូ​​បាន​បញ្ជាក់​ថា អ្នកស្រី ថាច់ ថា ត្រូវ​បាន​រារាំង​មិន​ឲ្យ​ទៅសួរ​​​សុខទុក្ខ​​​​កូនប្រុស​របស់​គាត់​ឡើយ​​។ លោក​បាន​មាន​ប្រសាសន៍​ថា “បើ​ទោះ​​​ជា​ ពួកគេ​ជា​អ្នក​ទោស​ក៏ដោយ ក៏​​​ពួក​​​គេ​មាន​សិទ្ធិ​ជួប​​សមាជិក​ក្រុម​គ្រួសារ​ដែល​មក​សួរ​សុខ​ទុក្ខ​ដែរ​។ ក្នុង​ករណី​នេះ វា​ជា​​​ការ​រំលោភ​សិទ្ធិ​របស់​​អ្នក​ទោស”។

លោក អំ សំអាត បាន​បន្ថែម​ថា រហូត​មក​ទល់​ពេល​នេះ​​​មាន​​​តែ​​​​មេធាវី​​របស់​អង្គការ​លី​​​កាដូ​​​ប៉ុណ្ណោះ ត្រូវ​បាន​ផ្ដល់​ដើម្បី​ជួយ​ការ​​​ពារ​​​​ ឃិត វណ្ណៈ សាង កុសល និង​ សឹង ហៃ សកម្ម​​​ជន​ជា​ព្រះសង្ឃ​ដែល​ត្រូវ​បាន​ផ្ដន្ទាទោស​​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​មួយ​ឆ្នាំ​ចំពោះ​ការ​តវ៉ា​នៅ​ខាង​ក្រៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ថ្ងៃ​​​ដដែល​ដែល​អតីត​ព្រះសង្ឃ​ពីរ​នាក់​ទៀត​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​។

លោក ពិន ចន្ធី ​មន្ត្រី​ពន្ធនាគារ​ម្នាក់​ដែល​ធ្វើ​ការ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី១ក្នុងពន្ធនាគារ​ព្រៃ​​​ស​ ​បាន​​​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ​ពន្ធនាគារ​​​មិន​បាន​រើស​អើង​លើ​សមាជិក​ក្រុម​គ្រួសារ​​ណាដែល​​​មាន​​​សញ្ជាតិ​​​ផ្សេង​​​​មក​សួរ​សុខ​ទុក្ខ​នោះ​​​ឡើយ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​មាន​ព័ត៌មាន​អំពី​ស្ត្រី​នេះ​​ទេ ប៉ុន្តែ​​ការ​អនុវត្ត​ទូទៅ​គឺ​ថា ជន​​​ណា​ម្នាក់​ទោះ​មាន​​​សញ្ជាតិ​អ្វី​ក៏ដោយ គ្រាន់​តែ​បង្ហាញ​ប័ណ្ណ​សម្គាល់​ខ្លួន​របស់​ពួកគាត់​ដល់​យើង ហើយ​​​​ប្រាប់​ឈ្មោះ​សាច់​ញាតិ​ដែល​ជាប់​ពន្ធនាគារ​ដែល​ពួក​​​គាត់​​​ចង់​ជួប​​​​។ បន្ទាប់​មក​យើង​កត់​ត្រា​ចូល​ក្នុង​បញ្ជី ហើយ​អនុញ្ញាត​​​ឲ្យ​ពួកគាត់​ជួបគ្នាហើយ​”៕ សារុន​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស