28 C
Phnom Penh

លោក ហ៊ុន សែន អះអាង​ថា ការ​ចាប់​ខ្លួន​ថ្មីៗ​នេះ​​មិន​មែន​ជា​រឿង​នយោបាយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​​ព្រមាន​អ្នក​ដែល​​អះអាង​ថា ​​ការ​ចាប់​ខ្លួន​មនុស្ស​យ៉ាង​ច្រើន​ក្នុង​ពេល​ថ្មីៗ​នេះ​ជា​រឿង​នយោបាយ​​ឲ្យ​ “​ប្រយ័ត្ន​​ប្រយ៉ែង​” ចំពោះ​ពាក្យ​សម្ដី​របស់​ខ្លួន​ ហើយ​បាន​លើក​ឡើង​​​ថា តំណាង​រាស្ត្រ​ប្រាំពីរ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​ ដែល​ត្រូវ​បាន​ដោះ​លែង​​ពីពន្ធនាគារ​កាលពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ​នៅ​តែ​អាច​ទទួល​ការ​ផ្ដន្ទាទោស​ដដែល​។

​លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​មួយនៅ​​ក្នុង​រាជ​ធានី​ភ្នំពេញ​ថា កិច្ច​ព្រម​ព្រៀង​នយោបាយ​ថ្ងៃ​២២ កក្កដា ជា​មួយ​លោក សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ដឹក​នាំ​​​គណបក្ស​ប្រឆាំង​​​បញ្ចប់​ការ​ធ្វើ​ពហិការ​មិន​ចូល​សភា​រយៈ​ពេល​១០​ខែ​របស់​ខ្លួននោះ​ មិន​បាន​បញ្ចប់​​ករណី​ព្រហ្មទណ្ឌ​ឡើយ​។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា “សូម​ឲ្យ​អ្នក​ដទៃ​មាន​ការ​ប្រយ័ត្ន​ប្រយែ៉ង​ទៅ​លើ​ពាក្យ​សម្ដី។ កិច្ច​ព្រមព្រៀង​រវាង​គណបក្ស​នយោបាយ​ទាំង​ពីរ​​នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤​កន្លង​ទៅ​​ មិន​មែនជា​កិច្ច​ព្រមព្រៀង​បញ្ចប់​នូវ​ដំណើរ​ការ​របស់​តុលាការ​ទៅ​លើ​រឿង​ក្ដី​ទាក់​ទង​នឹង​រឿង​ព្រហ្មទណ្ឌ​ទេ សូម​បញ្ជាក់​ជូន​”។

លោក​បាន​លើក​ឡើង​ថា អំឡុង​ជំនួបមួយ​​​​ជា​លក្ខណៈ​ឯកជន​កាលពី​ពេល​ថ្មីៗ​នេះ​នៅ​ឯ​រដ្ឋ​សភា​ លោក​បាន​​ប្រាប់​ទៅ​លោក​ សម រង្ស៊ី ថា ករណី​ “កុបកម្ម​” ប្រឆាំង​តំណាង​រាស្ត្រ​​ប្រាំ​ពីរ​រូប​​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​គណបក្ស​នេះ​​ដែល​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​នៅ​យប់​ថ្ងៃទី​២២ ខែ​កក្កដា​​ មិន​ត្រូវ​បាន​ទាត់​​ចោល​ទេ ​នៅ​ពេល​ចុះ​កិច្ច​ព្រមព្រៀង​នេះ។ លោក​បាន​បន្ត​ថា “កិច្ច​ព្រមព្រៀង​ថ្ងៃ​២២ កក្កដា មិន​បាន​បញ្ចប់​រឿង​ក្ដី​នៅ​តុលាការ​ទេ រួម​ទាំង​អ្វី​ដែល​ខ្ញុំ​បាន​ប្រាប់​ឯកឧត្តម​ សម រង្ស៊ី ផង​ថា គ្មាន​អ្នក​ណា​អាច​បញ្ចប់​បណ្ដឹង​អាជ្ញា​នេះ​បាន​ទេ។ ពេល​នេះ​តំណាង​រាស្ត្រ​មាន​អភ័យ​ឯកសិទ្ធិ​ [ប៉ុន្តែ​ពួកគេ​] នឹង​​ត្រូវ​នាំ​ខ្លួន​មក​កាត់​ទោស​​ ពេល​អស់​អភ័យ​ឯកសិទ្ធិ​”។

បទ​ចោទ​ប្រកាន់​លើ​តំណាង​រាស្ត្រ​ទាំង​ប្រាំពីរ​រូប​ រួម​មាន​ទាំង​ “ការ​ដឹក​នាំ​កុបកម្ម​” ​ផង​ ដែល​ត្រូវ​មាន​ទោស​ជាប់​ពន្ធនាគារ​រហូត​ដល់​៣០​ឆ្នាំ។

លោក មាជ សុវណ្ណរ៉ា ​មន្ត្រី​ដ៏​សំខាន់​មួយ​រូប​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ​ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​កាលពី​​ព្រឹក​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន ​បន្ទាប់ពី​​​ជុំ​​ចរចា​មួយ​ទៀត​រវាង​​គណបក្ស​ទាំង​ពីរ​ជុំវិញ​ការ​បង្កើត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី​ ដែល​មាន​គណបក្ស​ទាំង​ពីរ​ចូល​រួម​បាន​បរាជ័យ​។

សកម្មជន​នយោបាយ​មួយ​ចំនួន​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ដែរ​កាលពី​សប្ដាហ៍​មុន ​រួមមាន​ទាំង​​ស្ត្រី​ចំនួន​ប្រាំពីរ​នាក់​មកពី​សហគមន៍​បឹង​កក់​ ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យជាប់​ពន្ធនាគារ​រយៈ​ពេល​១ឆ្នាំ​ បន្ទាប់ពី​​ពួកគេ​បាន​បិទ​ផ្លូវ​​ដោយ​មាន​ទាំង​គ្រែ​ផង​ អំឡុង​ការ​តវា៉​មួយ​។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ករណី​បែប​នេះ​​ គឺ​ជា​ការ​បំពាន​ច្បាប់​យ៉ាង​ច្បាស់​ក្រឡែត ​ហើយ​​ត្រូវ​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់​។លោក​មាន​ប្រសាសន៍​​បន្ថែម​ទៀត​ថា “មិន​អាច​អត់ឱន​ឲ្យ​បាន​ទេ ​វា​ដល់​ពេល​​​​អាជ្ញាធរ​​ចាត់​​វិធាន​ការ​ហើយ​។ ឲ្យ​តែ​មាន​រឿង​អី​អាង​បិទ​ផ្លូវ ចុះ​បើ​អ្នក​ជំងឺ​ [ដែល​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ] ម៉េច​ៗ​​ទៅ? ​ហើយ​កាឡៃ​ករណី​​ព្រហ្មទណ្ឌ​ទៅ​ជារឿង​នយោបាយ​?”។

លោក មាជ សុវណ្ណរា៉ា ដែល​ជា​មន្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក៏​​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់​ព័ន្ធ​នឹង​ការ​តវ៉ា​ហិង្សា​របស់​គណបក្ស​ប្រឆាំង​កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា​ដែរ​ ដែល​នាំ​ឲ្យ​នគរ​បាល​ឃុំ​ខ្លួន​តំណាង​រាស្ត្រ​ប្រាំពីរ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​គណបក្ស​នេះ​មួយ​រូប​ទៀត​នៅ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មុន​មាន​កិច្ច​ព្រមព្រៀង​ភ្លាមៗ​រវាង​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​​​​ថា  អ្នក​​​ទាំង​​​​​​​​​ប្រាំ​​​បី​​​នាក់​​​នោះ​​​​​​ត្រូវ​​​បាន​​​ដោះលែង​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២២​​​ ខែ​​​កក្កដា  ដោយ​​​សារ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​យល់​​​ព្រម​​​ធ្វើ​​​ការ​​​ដើម្បី​​​ដោះ​​​ស្រាយ​​​​​​បណ្ដឹង​​​រដ្ឋប្បវេណី​​​​​​​​​មួយ​​​ចំនួន​​​ប្តឹង​​​​​​សមាជិក​​​សភា​​​ពី​​​សំណាក់​​​សន្តិសុខ​​​ ដែល​​​រង​​​របួស​​​នៅ​​​ក្នុង​​​ការ​​​តវ៉ា​​​ដែល​​​ជា​​​ចំណុច​​​ស្នូល​​​នៃ​​​ការ​​​ចាប់​​​ខ្លួន​​​អ្នក​​​ទាំ​​​ងប្រាំបី​​​នាក់​​​នោះ​​​។

លោក​​​ ហ៊ុន សែន បាន​​​​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​ជា​​​អ្នក​​​ចរចា​​​ ហើយ​​​វា​​​មាន​​​សំណើ​​​សុំ​​​ឲ្យ​​​មាន​​​អន្តរាគមន៍​​​នៅ​​​ថ្ងៃ​​​ចរចា​​​នឹង​​​។ ខ្ញុំ​​​បាន​​​ប្រាប់​​​ឯកឧត្តម​​​ សម រង្ស៊ី និង​​​គណៈ​​​ប្រតិភូ​​​របស់​​​គាត់​​​សូម​​​ឲ្យ​​​ពន្លឿន​​​ករណី​​​បណ្តឹង​​​រដ្ឋប្បវេណី​​​ដើម្បី​​​បង្អាក់​​​ករណី​​​ព្រហ្មទណ្ឌ​​​”។

លោក ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “ហេតុ​​​អ្វី​​​បាន​​​ខ្ញុំ​​​និយាយ​​​អ៊ីចឹង​​​? ដោយ​​​សារ​​​យើង​​​បាន​​​​​និយាយ​​​រួច​​​ហើយ​​​ថា ត្រូវ​​​ចូល​​​សភា​​​ អ៊ីចឹង​​​សូម​​​ចូល​​​​​​សភា​​​ទៅ​​​ បើ​​​ត្រូវ​​​ចូល​​​សភា​​​ដើម្បី​​​បាន​​​អភ័យ​​​ឯកសិទ្ធិ​​​នោះ​​​។វា​​​ហៅ​​​ថា នីតិវិធី​​​រដ្ឋប្បវេណី ដើម្បី​​​បង្កាក់​​​នីតិវិធី​​​ព្រហ្មទណ្ឌ”។

លោក​​​ ហ៊ុន សែន ក៏​​​បាន​​​អះ​​​​​​អាង​​​កាល​​ពី​​​ម្សិលមិញ​​​ផង​​​ដែរ​​​ថា ប្រសិន​​​បើ​​​​​​លោក​​​មាន​​​អំណាច​​​ធ្វើ​​​អន្តរាគមន៍​​​លោក​​​នឹង​​​ចេញ​​​បទ​​​បញ្ជា​​​ឲ្យ​​​មាន​​​ការ​​​ដោះ​​​លែង​​​លោក​​​ សុវណ្ណារ៉ា និង​​​សកម្មជន​​​នយោបាយ​​​ផ្សេង​​​ៗ​​​ទៀត ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​និង​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​។

លោក ហ៊ុន​​​ សែន បាន​​​មាន​​​ប្រសាសន៍​​​ថា “ឥឡូវ​​​នេះ​​​គេ​​​ចាប់​​​ផ្តើម​​​ចោទ​​​ប្រកាន់​​​រដ្ឋាភិបាល​​​ថា ប្រើ​​​ឧបករណ៍​​​ដើម្បី​​​បង្ក្រាប​​​ក្រុម​​​ប្រឆាំង​​​ ឬ​​​​​​ចាប់ខ្លួន​​​អ្នក​​​ផ្សេង​​​ទៀត​​​ធ្វើ​​​ជា​​​ចំណាប់​​​ខ្មាំង​​​។ ខ្ញុំ​​​ចង់​​​ផ្ញើសារ​​​ត្រឡប់​​​ទៅវិញ​​​ថា ករណី​​​នេះ​​​កើត​​​ឡើង​​​ដោយ​​​សារ​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ និង​​​រដ្ឋាភិបាល​​​គ្មាន​​​​​​សិទ្ធិ​​​លើ​​​តុលាការ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា “ប្រសិន​​​បើ​​​ខ្ញុំ​​​អាច​​​និយាយ​​​បាន​​​នោះ​​​ ខ្ញុំ​​​នឹង​​​ឲ្យ​​​តុលាការ​​​ដោះ​​​លែង​​​ វាគឺ​​​ជា​​​រឿង​​​ងាយ​​​ស្រួល​​​ទេ​​​។ ខ្ញុំ​​​នឹង​​​បញ្ជា​​​ឲ្យ​​​តុលាការ​​​ដោះ​​​លែង​​​នៅ​​​ថ្ងៃ​​​េនះ​​​ ប្រសិន​​​បើ​​​ខ្ញុំ​​​មាន​​​សិទ្ធិ​​​នោះ​​​ ប៉ុន្តែ ខ្ញុំ​​​អត់​​​មាន​​​សិទ្ធិ​​​ទេ​​​”។

លោក​​​ សម រង្ស៊ី បាន​​​លើក​​​ឡើង​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​នៅ​​​ប៉ុន្មាន​​​សប្តាហ៍បន្ទាប់​​​ពី​​​មាន​​​កិច្ច​​​ព្រម​​​ព្រៀង​​​ថា ​​​អត្ថប្រយោជន៍​​​មួយ​​​ក្នុង​​​ចំណោម​​​អត្ថប្រយោជន៍​​​ដ៏​​​សំខាន់​​​ៗរបស់​​​ខ្លួន​​​គឺ​​​ថា​​​នឹង​​​គ្មាន​​​ការ​​​ចាប់​​​ខ្លួន​​​សកម្ម​​​ជន​​​ និង​​​ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​រវាង​​​អ្នក​​​តវ៉ា និង​​​នគរ​​​បាល​​​ឡើយ​​​។

នៅ​​​ពេល​​​នេះ ​​​គ្មា​​​នរណា​​​ម្នាក់​​​នៅ​​​ក្នុង​​​គណបក្ស​​​ប្រជា​​​ជន​​​និយាយ​​​ថា រឿង​​​ក្តី​​​ព្រហ្មទណ្ឌ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​តវ៉ា​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៥ ​​​ខែ​​​កក្កដា ឬ​​​ការ​​​តវ៉ា​​​ផ្សេង​​​ៗ​​​ទៀត​​​នឹង​​​បញ្ចប់​​​នោះ​​​ទេ​​​ ប៉ុន្តែ គណបក្ស​​​ទាំង​​​ពីរ​​​បាន​​​លើក​​​ឡើង​​​ថា កិច្ច​​​ព្រមព្រៀង​​​ ​​​រួម​​​មាន​​​ទាំង​​​ការ​​​សន្យា​​​ធ្វើ​​​ឲ្យ​​​បរិយាកាស​​​នយោបាយ​​វិល​​​ទៅ​​​រក​​​សភាព​​​ធម្មតា​​​វិញ បន្ទាប់​​​ពី​​​មាន​​​​​​ការ​​​បង្ក្រាប​​​លើក​​​ការ​​​តវ៉ា​​​ និង​​​ការ​​​ចាប់ខ្លួន​​​អ្នក​​​តវ៉ា​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ខែ​​​នេះ​​​ផង​​​ដែរ​​​។

សមាជិក​​​សភា​​​ចំនួន​​​ប្រាំពីរ​​​រូប​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ស្បថ​​​ចូល​​​កាន់​​​តំណែង​​​កាល​​​ពី​​​ខែ​​​សីហា ដោយ​​​ទទួល​​​បាន​​​អភ័យ​​​ឯកសិទ្ធិ​​​ពី​​​ការ​​​ផ្តន្ទា​​​ទោស​​​។ ប្រសិន​​​បើ​​​ចង់​​​ដក​​​អភ័យ​​​ឯកសិទ្ធិ​​​របស់​​​សមាជិក​​​រដ្ឋ​​​សភា​​​វិញ​​​នោះ គឺ​​​ចាំ​​​បាច់​​​ត្រូវ​​​តែ​​​មាន​​​សំឡេង​​​ពីរ​​​ភាគ​​​បី​​​នៃ​​​សមាជិក​​​ចំនួន​​​១២៣​​​រូប​​​នៅ​​​ក្នុង​​​រដ្ឋសភា។

លោកនាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ​​​​​​បាន​​​ច្រាន​​​ចោល​​​ការ​​​អះ​​​អាង​​​​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ និង​​​អង្គការ​​​សង្គម​​​ស៊ីវិល​​​មួយ​​​ចំនួន​​​​​​នា​​​សប្ដាហ៍​​​មក​​​នេះ​​​ ដែល​​​​​​ថា ​​​ការ​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​សប្ដាហ៍​​​មុន​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​ ដើម្បី​​​ដាក់​​​សម្ពាធ​​​លើ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ឲ្យ​​​ដោះ​​​ស្រាយ​​​ការ​​​ចរចា​​​ដែល​​​ជាប់​​​គាំង ដើម្បី​​​បង្កើត​​​គណៈកម្មាធិការ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ថ្មី​។

លោក​​​ ហ៊ុន សែន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​អត់​​​មាន​​​អី​​​រាំង​​​ស្ទះ​​​ដល់​​​ការ​​​ចរចា ដើម្បី​​​ធ្វើ​​​ច្បាប់​​​ស្តីពី​​​​​​ការ​​​រៀប​​​ចំ​​​ និង​​​ប្រព្រឹត្តិ​​​ទៅ​​​នៃ​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ និង​​​ការ​​​ធ្វើ​​​វិសោធនកម្ម​​​បទ​​​បញ្ជា​​​ផ្ទៃ​​​ក្នុង​​​ឡើយ​​​”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា “ខ្ញុំ​​​គិត​​​ថា កុំ​​​យក​​​សាំង​​​មក​​​ស្រោច​​លើ​​​ភ្លើង​​​ អ្វី​​​ៗ​​​វា​​​ត្រូវ​​​តែ​​​អាស្រ័យ​​​លើ​​​ច្បាប់​​​”៕សុខុម និង ស៊ុយ​​​ឈាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស