29 C
Phnom Penh

អង្ករ​ផ្ការំដួល​​របស់​កម្ពុជា​ ជាប់​ចំណាត់​ថ្នាក់​ជា​អង្ករ​ដែល​​​មាន​​​រសជាតិ​​​ឆ្ងាញ់​​​បំផុត​លើ​ពិភព​លោក​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សម្រាប់​រយៈ​ពេល​​​បី​ឆ្នាំ​ជាប់​ៗ​គ្នា​នេះ ​អង្ករ​ក្រអូប​​ ឬ​ផ្ការំដួល​របស់​កម្ពុជា​​​ បាន​ជាប់​ចំណាត់​ថ្នាក់​ជា​​អង្ករ​ដែល​​​មាន​​​រសជាតិ​​​ឆ្ងាញ់​​​បំផុត​ក្នុង​ពិភព​លោក​។ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ តំណែង​ជើង​ឯក​​ដែល​គេ​ចង់ដណ្ដើម​យក​​​យ៉ាង​ខ្លាំង​​ និង​ដែលប្រគល់​​ដោយ​​​​ក្រុម​អ្នក​កាត់​សេចក្ដី​នៅ​ក្នុង​សន្និសីទ​​អង្ករ​ពិភព​លោក​​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​សូហ្វីតែល​ក្នុង​រាជ​ធានី​ភ្នំពេញនេះ​ ​​ត្រូវ​បាន​គ្រង​រួម​គ្នា​​ជាមួយ​អង្ករ​ក្រអូប​ហូម៉ាលី​ (Hommali) របស់​ប្រទេស​ថៃ​។ ​អង្ករ​​ដែល​​ទទួល​បាន​ជ័យ​​​លាភី​ទាំង​ពីរ​នេះ​បាន​ផ្ដួល​ប្រទេស​ចំនួន​៤១​ផ្សេង​ទៀត។

លោក សុខ ពុទ្ធិវុធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ បាន​មាន​ប្រសាសន៍​​​អំឡុង​សន្និសីទ​​អង្ករ​ពិភព​លោក​​នេះ​ថា ” យើង​​ទទួល​បាន​ជ័យ​ជម្នះ​ជា​អង្ករ​ដែល​​​មាន​​​រសជាតិ​​​ឆ្ងាញ់​​​បំផុត​ ប៉ុន្តែ​អ្វី​ដែល​យើង​ចាំបាច់​ត្រូវ​ធ្វើ​នៅ​ពេល​បន្ទាប់​ គឺ​ត្រូវ​ពង្រឹង​គុណភាព​ ​និង​យីហោ​​​​របស់​យើង​ ហើយ​​លើក​កម្ពស់​អង្ករ​របស់​យើង​ឲ្យ​កាន់​តែ​ល្បី​ល្បាញ​។ មាន​មនុស្ស​មួយ​ចំនួនប៉ុណ្ណោះ​ដែល​​ស្គាល់​អង្ករ​របស់​យើង ដូច្នេះ​យើង​ត្រូវ​ខិត​ខំ​បន្ថែម​ទៀត”។

លោក ភែត ដាតដូវ (Pat Daddow) អ្នក​វិភាគ​ទីផ្សារ​ពិភព​លោក​នៅ​កាសែត​​ The Rice Trader ​បាន​មាន​ប្រសាសន៍​ថា ពាន​រង្វាន់​នេះ​​នឹង​ធ្វើ​ឲ្យ​ពាណិជ្ជករ​កម្ពុជា​មាន​សាច់​ដុំ​កាន់​តែ​ធំ​នៅ​ក្នុង​ទីផ្សារ​ពិភព​លោក​។

លោក​បាន​មាន​ប្រសាសន៍​នៅ​ខាង​​ក្រៅ​សន្និសីទ​នេះ​ថា ​”ខ្ញុំ​គិត​ថា វា​នឹង​ជួយ​កម្ពុជា​បាន​ច្រើន​​។ វា​ធ្វើ​ឲ្យ​ពួកគេ​មាន​វត្តមាន​នៅ​ក្នុងទីផ្សារ​ពិភព​លោក​ ហើយ​ពួកគេ​ពិត​ជា​អាច​ប្រើ​ប្រាស់​វា​បាន​ធ្វើ​ជា​ទំនិញ​សម្គាល់​យីហោ​”៕ សុខុម​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស