35 C
Phnom Penh

នគរ​បាល​អាំង​ទែប៉ូល​ជួយ​តាម​​ប្រមាញ់​ចោរ​​បរទេស​លួច​បំណែក​សរីរាង្គ​មនុស្ស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​មួយរូបនៅ​ការិយាល័យ​អាំងទែប៉ូល​របស់​កម្ពុជា​ បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា អាជ្ញាធរ​ថៃ​ បាន​ទាក់​ទង​មក​ការិយាល័យ​របស់​លោក​ដើម្បី​សុំជំនួយ​​តាម​ស្វែង​រក​ជនជាតិ​អាមេរិក​ពីរ​នាក់​ ដែល​ជាប់​ចោទ​ថា​បាន​ប៉ុន​ប៉ង​​ដឹកជញ្ជូន​បំណែក​សរីរាង្គ​​មនុស្ស​​ ដែល​ពួកគេ​បាន​លួច​ពី​ក្រុង​បាងកក​ ឆ្ពោះ​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​។

លោក​ លីម សុខារស្មី ​ដែល​ជា​ប្រធាន​ស្ដីទី​នៃ​ការិយាល័យ​នគរ​បាលអាំង​ទែប៉ូល​ បាន​មាន​ប្រសាសន៍​ថា លោក​បាន​ទាក់​ទង​ទៅ​អាជ្ញាធរ​ថៃ​​ ហើយ​បាន​​ប្រគល់​ឯកសារ​ពាក់​ព័ន្ធ​​ជន​សង្ស័យ​ឈ្មោះ រ៉ាយអែន អេដវើដ​ ម៉ាកភើសុន​ (Ryan Edward McPherson) និង​ ដានីញែល ធែនណឺ (Daniel Tanner) ​ទៅ​ផ្នែក​មួយ​ផ្សេង​ទៀត​រួច​ហើយ​។

លោក​បាន​មាន​ប្រសាសន៍​​ទៀត​ថា ” នគរ​បាលអាំងទែប៉ូល​ថៃ​ បាន​ទាក់​ទង​មក​យើង​កាល​ពី​ម្សិលមិញ ហើយ​ខ្ញុំ​បាន​បញ្ជូន​ឯកសារ​ទាំង​អស់​ទៅ​ថ្នាក់​លើ​រួច​ហើយ ហើយ​ខ្ញុំ​មិន​ដឹង​ថា​ផ្នែក​​ណាមួយ​នឹង​ទទួល​ការ​ចាត់​តាំង​ឲ្យ​ដោះ​ស្រាយ​ករណី​នេះ​ទេ” មុន​ពេល​លោក​បដិសេធ​មិន​ឆ្លើយ​សំណួរ​បន្ថែម​ទៀត ហើយ​បាន​បង្វែរ​សំណួរ​ទៅលោក​ គៀត ច័ន្ទថារិទ្ធ អ្នក​នាំពាក្យ​នគរ​បាល​ជាតិ​។

លោក គៀត ច័ន្ទថារិទ្ធ បាន​មាន​ប្រសាសន៍​ថា លោក​​ លីម សុខារស្មី មិន​បាន​ផ្ដល់​ព័ត៌មាន​បច្ចុប្បន្ន​ភាព​​ស្ដីអំពី​ករណី​នេះ​ដល់​រូប​លោក​ទេ។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា “ខ្ញុំ​មិន​ទាន់​ដឹង​ទេ​។ ខ្ញុំ​បាន​ទូរស័ព្ទ​ [ទៅ​លោក សុខា រស្មី] ដើម្បី​សុំ​ព័ត៌មាន​បច្ចុប្បន្ន​ភាព​ស្ដីពី​ករណី​នេះ​ [កាលពី​ថ្ងៃ​ពុធ] ហើយ​គាត់​និយាយ​ថា គាត់​គ្មាន​ព័ត៌មាន​ទេ​ ប៉ុន្តែ​គាត់​និយាយ​ថា គាត់​នឹង​ទាក់​ទង​មក​ខ្ញុំ​ឲ្យ​បានឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​”។

ជនសង្ស័យ​​​ទាំង​ពីរ​​ដែល​កាលពី​​មួយទសវត្សរ៍មុន​ល្បី​​ឈ្មោះ​​ចំពោះ​ការ​ពាក់ព័ន្ធ​របស់​ពួកគេ​ក្នុង​ការ​ផលិត​ភាព​យន្ត​ Bumfights ជា​ខ្សែភាព​យន្ត​ដែល​ពាក់​ព័ន្ធ​​នឹង​ការ​ជួល​ជន​អនាថា​ឲ្យ​រ៉ៃតប់​គ្នា និង​សម្ដែង​ឈុត​គួរ​ឲ្យ​អាម៉ាស់​ផ្សេងៗ​ ត្រូវ​គេ​ជឿ​ថា​បាន​ភៀស​ខ្លួន​មក​កាន់​កម្ពុជា​កាលពី​ថ្ងៃ​អាទិត្យ ​បន្ទាប់ពី​​ត្រូវ​សមត្ថកិច្ច​​សាក​សួរ​ជុំវិញ​បំណែក​សរីរាង្គ​ទាំង​នេះ​ ដែល​គេ​រកឃើញ​នៅ​សាខា​មួយ​កន្លែង​របស់​ក្រុម​ហ៊ុន​​ដឹក​ជញ្ជូន​ទំនិញ​ DHL។

កាសែត​បាងកក​ប៉ុស្តិ៍​បាន​ចុះ​ផ្សាយ​ថា ដំបូង​ឡើយ​ជនទាំង​ពីរ​នេះ​ត្រូវ​នគរ​បាល​ថៃ​​ឃាត់​ខ្លួន​ បន្ទាប់ពី​​បំណែក​សរីរាង្គ​​ដែល​រួម​មាន​ស្បែក​មាន​រូប​សាក់ ក្បាលទារក​ បេះដូង​មនុស្ស​ពេញវ័យ និង​ប្រអប់ជើង​ទារក​ដែល​ត្រូវ​បាន​កាត់​ជាបីកង់​​ ត្រូវ​បាន​ប្រទះ​ឃើញ​ពេល​ស្គែន​កាំរស្មី​អុិច​នៅ​ក្រុម​ហ៊ុន DHL ប៉ុន្តែ​ត្រូវ​បាន​​ដោះលែង​វិញ បន្ទាប់ពី​ពួកគេ​អះអាង​ថា ខ្លួន​​បាន​ទិញ​បំណែក​សរីរាង្គ​ទាំង​នោះ​នៅ​ផ្សារ​លក់​ទំនិញ​ជជុះ​​មួយ​កន្លែង​ក្នុង​ក្រុង​បាងកក​ ប្រទេស​ថៃ។

កាសែត​ដដែល​បាន​លើក​ឡើង​ទៀត​ថា ក្រោយមក​អាជ្ញាធរ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​ពួកគេ​នៅ​ពេលមាន​ភ័ស្តុតាង​បង្ហាញ​ថា ពួកគេ​ទាំង​ពីរ​ប្រហែល​ជា​បាន​លួច​បំណែក​សាក​សព​ទាំង​នេះ​ចេញ​ពី​សារមន្ទីរ​វេជ្ជសាស្ត្រ​ស៊ីរីរ៉ាច (Siriraj Medical Museum) ក្នុងក្រុង​បាងកក​។ រូប​​ភាព​ទូរទស្សន៍​ CCTV ​ដែល​បង្ហាញ​ពី​សកម្មភាព​បុរស​ពីរ​នាក់​ដែល​គេ​ជឿ​ថា រ៉ាយអែន អេដវើដ​ ម៉ាកភើសុន​ និង​ ដានីញែល ធែនណឺ ដើរ​ចូលទៅ​សារមន្ទីរ​នេះ​ ត្រូវ​បាន​បែក​​ធ្លាយ​តាម​បណ្ដាញ​អុីនធើណិត​កាលពី​ថ្ងៃពុធ៕ សុខុម​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស