34 C
Phnom Penh

​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នឹង​​​ដំឡើង​​​​​​តំណែង​​​លោក មាជ សុវណ្ណារ៉ា ដែល​​​កំពុង​​​ជាប់​​​ពន្ធនាគារ​​​​​​ឲ្យ​​​ក្លាយ​​​ជា​​​តំណាង​​​រាស្ត្រ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា ​​​គណបក្ស​​​លោក​​​នឹង​​​ព្យាយាម​​​ជួយ​​​ដោះ​​​លែង​​​​​​លោក មាជ សុវណ្ណារ៉ា មន្ត្រី​​​គណបក្ស​​​នេះ​​​ដែល​​​កំពុង​​​ជាប់​​​ពន្ធនាគារ ​​​តាម​​​រយៈ​​​ការ​​​ដំឡើង​​​តំណែង​​​​​​លោក​​​ឲ្យ​​​ក្លាយ​​​ជា​​​តំណាង​​​រាស្ត្រ​​​ដើម្បី​​​ឲ្យ​​​លោក​​​​​​ទទួល​​​បាន​​​អភ័យ​​​ឯកសិទ្ធិ​​​សភា​​​។​​​​​​

លោក មាជ សុវណ្ណារ៉ា ដែល​​​ជា​​​ប្រធាន​​​នាយក​​​ដ្ឋាន​​​ព័ត៌​​​មាន​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​កាល​​​ពីថ្ងៃ​​​ទី​​​១១​​​ ខែវិច្ឆិកា តា​​​ម​​​ដីកា​​​ឃាត់​​​ខ្លួន​​​​​​របស់​​​តុលាការ​​​ពីបទ​​​ “ចូល​​​រួម​​​កុបកម្ម​​​” ជាបទ​​​​​​ចោទ​​​ប្រកាន់​​​​​មួយ​​​ដែល​​​ពាក់​​​ព័ន្ធ​​​នឹង​​​ហេតុការណ៍​​​ប៉ះ​​​ទង្គិច​​​ហិង្សា​​អំឡុង​​​ពេល​​​តវ៉ា​​​មួយ​​​នៅ​​​ជិត​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៥ ខែ​​​កក្កដា​​​។

លោក​​​ សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​យើង​​​នឹង​​​រៀប​​​ចំ​​​ឲ្យ​​​លោក មាជ សុវណ្ណារ៉ា ​​​ទទួល​​​យក​​​មុខ​​​តំណែង​​​ជា​​​សមាជិក​​​សភា​​​ ពីព្រោះពេល​​​នេះ​​​គាត់​​​មិន​​​ទាន់​​​ជាប់​​​ឆ្នោត​​​​​​នៅ​​​​​​ឡើយ​​​ទេ ប៉ុន្តែ មាន​​​មនុស្ស​​​ម្នាក់​​​ផ្សេង​​​ទៀត​​​ដែល​​​គាត់​​​អាច​​​ជំនួស​​​បាន​​​”។

ដើម្បី​​​ឲ្យ​​​លោក មាជ សុវណ្ណារ៉ា អាច​​​ក្លាយ​​​ជា​​​តំណាង​​​រាស្ត្រ​​​បាន​​​ តំណាង​​​រាស្ត្រ​​​​​​មួយ​​​រូប​​​ក្នុង​​​ចំណោម​​​តំណាង​​​រាស្ត្រ​​​ពីរ​​​រូប​​​​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មក​​​ពី​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​ កន្លែង​​​ដែល​​​លោក មាជ សុវណ្ណារ៉ា  ជាប់​​​ជា​​​បេក្ខ​​​ជន​​​លេខ​​​រៀង​​​ទី​​​៣​​​នៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ជ្រើស​​​តាំង​​​តំណាង​​​រាស្ត្រ​​​កាល​​​ពី​​​ឆ្នាំ​​​មុន ត្រូវ​​​តែ​​​លា​​​លែង​​​ពី​​​តំណែង​​​។

លោក​​​ សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា លោក យន់ ថារ៉ូ ​​​ដែល​​​បច្ចុប្បន្ន​​​ជា​​​សមាជិក​​​សភា​​​ទី​​​២​​​នៅ​​​ក្នុង​​​ខេត្ត​​​នេះ​​​ នឹង​​​ត្រូវ​​​ស្នើ​​​ឲ្យ​​​ទទួល​​​យក​​​សំណើ​​​នេះ។ លោក​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “យើង​​​កំពុង​​​ចរចា​​​ជា​​​មួយ​​​គាត់​​​ បញ្ចុះ​​​បញ្ចូល​​​ឲ្យ​​​គាត់​​​ជួយ​​​សង្គ្រោះ​​​សហសេវិក​​​របស់​​​គាត់​​​ដើម្បី​​​ឲ្យ​​​យើង​​​អាច​​​រក​​​មុខ​​​តំណែង​​​សមរម្យ​​​មួយ​​​ទៀត​​​សម្រាប់​​​តំណាង​​​រាស្ត្រ​​​រូប​​​នោះ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា ដំណើរ​​​ការ​​​នេះ​​​អាច​​​នឹង​​​​​​ត្រូវ​​​ការ​​​ពេល​​​វេលា​​​ខ្លះ​​​។​​​​​​​​​

ប៉ុន្តែ​​​ លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា ផែនការ​​​នេះ​​​ប្រាកដ​​​ជា​​​បាន​​​ផល​​​ ដោយ​​​លោក​​​បាន​​​លើក​​​ឡើង​​​ពីស្ថាន​​​ភាព​​​របស់​​​តំណាង​​​រាស្ត្រ​​​ប្រាំពីរ​​​រូប​​​​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ដែល​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ដែរ​​​ជុំ​​​វិញ​​​ហេតុ​​​ការណ៍​​​ប៉ះទង្គិច​​​គ្នា​​​កាល​​​ពីថ្ងៃ​​​ទី​​​១៥​​​ ខែ​​​កក្កដា និង​​​​​​ដែល​​​ត្រូវ​​​បាន​​​​​​ដោះ​​​លែង​​​វិញ បន្ទាប់​​​ពី​​​លោក​​​បាន​​​ចុះ​​​កិច្ច​​​ព្រមព្រៀង​​​មួយ​​​កាល​​​ពីថ្ងៃ​​​ទី​​​២២​​​ ខែ​​​កក្កដា ជា​​​មួយ​​​លោក​​​នាយ​​ក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ដើម្បី​​​បញ្ចប់​​ការ​​​ធ្វើ​​​ពហិការ​​​មិន​​​ចូល​​​សភា​​​របស់​​​គណបក្ស​​​ប្រឆាំង​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “នេះ​​​គឺ​​​ជា​​​ច្បាប់​​​ ជា​​​វិធាន​​​ដែល​​​ [គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​] ទទួល​​​ស្គាល់​​​ រដ្ឋសភា​​​ និង​​​រដ្ឋាភិបាលក៏​​​​​​ទទួល​​​ស្គាល់​​​ នៅ​​​ពេល​​​យើង​​​មាន​​​អភ័យ​​​ឯក​​​សិទ្ធិ​​​ពាក់​​​ព័ន្ធ​​​​​​មុខ​​​តំណែង​​​របស់​​​តំណាង​​​​​​រាស្ត្រ​​​យើង ​​​ពេល​​​នោះ​​​ដំណើរ​​​ការ​​របស់​​​តុលាការ​​​ត្រូវ​​​តែ​​​បញ្ឈប់​​​។ ​​​បើ​​​តំណាង​​​រាស្ត្រ​​​រូប​​​នោះ​​​ជាប់​​​ពន្ធនាគារ​​​ ត្រូវ​​​តែ​​​ដោះ​​​លែង​​​រូបគាត់​​​វិញ​​​”។

នៅ​​​ក្នុងសុន្ទរកថា​​​មួយ​​​កា​​​ល​​​ពីថ្ងៃ​​​ព្រហស្បតិ៍​​​លោក ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​ថា “កិច្ច​​​ព្រម​​​ព្រៀង​​​កាល​​​ពីថ្ងៃ​​​ទី​​​២២​​​ ខែ​​​កក្កដា មិន​​​បាន​​​បញ្ចប់​​​រឿង​​​ក្តី​​​នៅ​​​តុលាការ​​​ទេ​​​” ហើយ​​​មាន​​​ប្រសាសន៍​​​ថា តំណាង​​​រាស្ត្រ​​​ទាំង​​​នោះ​​​នឹង​​​ត្រូវ​​​នាំ​​​ខ្លួន​​​មក​​​កាត់​​​ទោស​​​ ពេល​​​អស់​​​អភ័យ​​​ឯកសិទ្ធិ​​​”។

លោក សុខ សំអឿន ​​​មេធាវី​​​ការ​​​ពារ​​​សិទ្ធិមនុស្ស​​​ដ៏​​​លេចធ្លោ​​​មួយ​​​រូប ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា តាម​​​ផ្លូវ​​​ច្បាប់​​​ ផែន​​​ការ​​​របស់​​​គណបក្ស​​​ប្រឆាំង​​​គួរ​​​តែ​​​អាច​​​ទៅ​​​រួច​​​។​​​សំដៅ​​​ដល់​​​ប្រភេទ​​​បទ​​​​​​ល្មើស​​​ដែល​​​​​​អាច​​​ដក​​​អភ័យ​​​ឯកសិទ្ធិ​​​តំណាង​​​រាស្ត្រ​​​បាន លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​គិត​​​ថា ពួក​​​គាត់​​​អាច​​​ធ្វើ​​​បែ​​​ប​​​នោះ​​​បាន​​​ ពីព្រោះ​​​​​​នេះ​​​មិន​​​មែន​​​ជា​​​បទ​​​ឧក្រិដ្ឋ​​​ ហើយ​​​ក៏​​​​​​មិន​​​​​​មែន​​​ជា​​​បទ​​​ល្មើស​​​ជាក់​​​ស្តែង​​​”។

ទោះ​​​ជា​​​យ៉ាង​​​ណា លោក​​​ ព្រុំ សុខា រដ្ឋលេខាធិការ​​​ក្រសួង​​​មហាផ្ទៃ​​​ ដែល​​​ជា​​​បុគ្គល​​​ដ៏​​​សំខាន់​​​នៅ​​​ក្នុង​​​ការ​​​ចរចា​​​នយោបាយ​​​ជា​​​មួយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ក្នុង​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​មក​​​នេះ ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា វា​​​ឆាប់​​​រហ័ស​​​ពេក​​​ដូច្នេះ​​​​​​​​​មិន​​​អាច​​​និយាយ​​​បាន​​​ថា តើ​​​ចំណាត់​​​ការ​​​នេះ​​​នឹង​​​ឈាន​​​ដល់​​​ការ​​​ដោះ​​​លែង​​​លោក មាជ សុវណ្ណារ៉ា ឬ​​​យ៉ាង​​​ណា​​​ទេ​​​ ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា “វា​​​ឆាប់​​​រហ័ស​​​ពេក​​​​​​ក្នុង​​​ការ​​​និយាយ​​​​​​អំពី​​​បញ្ហា​​​នេះ”៕សុខុម​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស