31 C
Phnom Penh

ជន​​​ភៀស​​​ខ្លួន​​​នៅ​​ប្រទេស​​​កម្ពុជា​​​កំពុង​​​ប្រឈម​​​នឹង​​​ស្ថាន​​​ភាព​​​រស់​​​នៅ​​​ដ៏លំបាក​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​ការ​​​សើុប​​​អង្កេត​​​មួយ​​​ធ្វើ​​​ឡើង​​​ដោយ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ Human Rights Watch បាន​​​ឲ្យ​​​ដឹង​​​ថា ការ​​​រំលោភ​​​បំពាន​​​ ការ​​​រើស​​​អើង​​​ និង​​​ការ​​​គំរាម​​​កំហែង​​​កំពុង​​​រង់​​​ចាំ​​​ជន​​​ភៀស​​​​​​ខ្លួន​​​ដែល​​​ត្រូវ​​​បញ្ជូន​​​​​​ពី​​​ប្រទេស​​​​​​កោះ​ណូរូ​​​មក​​​ប្រទេស​​​កម្ពុជា​​​ក្រោម​​​កិច្ច​​​ព្រម​​​ព្រៀង​​​មាន​​​ទឹក​​​ប្រាក់​​​៣៥​​​លាន​​​ដុល្លារ​​​ ដែល​​​ចុះ​​​ហត្ថលេខា​​​ដោយ​​​លោក ស ខេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​កាល​​​ពី​​​ខែ​​​កញ្ញា ដើម្បី​​​ទទួល​​​យក​​​ជន​​​ស្វែងរក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ពី​​​ប្រទេស​​​អូស្ត្រាលី។

ក្នុង​​​ការ​​​សម្ភាស​​​ជា​​​បន្ត​​​បន្ទាប់​​​ ដែល​​​ធ្វើ​​​ឡើង​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ ជន​​​ភៀស​​​ខ្លួន​​​១០​​​នាក់​​ដែល​​​សព្វ​​​ថ្ងៃ​​​កំពុង​​​រស់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ បាន​​​ប្រាប់​​​អង្គការ​​​តស៊ូ​​​មតិ​​​​​​​​​​​​​​​​​​​នេះ​​​ថា ពួក​​​គេ​​​​​​ពិបាក​រក​ការងារ​ធ្វើ ត្រូវ​​​គេ​​​បដិសេធ​​​​​​មិន​​​ឲ្យ​​​ចូល​​​រៀន​​​ និង​​​ទទួល​​​ការ​​​ព្យាបាល​​​សុខ​​​ភាព​​​គ្មាន​​​ស្តង់​​​ដារ​​​។

ជន​​​ភៀស​​​ខ្លួន​​​​​​ម្នាក់​​​ ដែល​​​សុំ​​​មិន​​​ប្រាប់​​​ឈ្មោះ​​​ បាន​ឲ្យ​​​ដឹង​​​ក្នុង​​​របាយ​​​ការណ៍​​​អង្គការ​​​សិទ្ធិ​មនុស្ស​​​នេះ​ “យើង​​​រស់​​​នៅ​​​ទី​​​នេះ​​​​​​ជាង​​​ពីរ​​​ឆ្នាំ​​​​​​មកហើយ​​​ ហើយ​​​យើង​​​មិន​​​មាន​​​ប្រាក់​​​ និង​​​គ្មាន​​​អ្វី​​​ហូប​​​គ្រប់​​​គ្រាន់​​​ទេ​​​”។

ជន​​​ភៀស​​​ខ្លួន​​​រូប​​​នេះ​​​​​​បាន​​​និយាយ​​​ទុក​​​ជា​​​សារ​​​មួយ​​​ផ្តាំ​​​ផ្ញើ​​​ទៅ​​​​​​អ្នក​​​ទាំង​​​ឡាយ​​​ ដែល​​​កំពុង​​​ត្រូវ​​​​​​ប្រទេស​​​អូស្ត្រាលី​​​បំពេញ​​​បែប​​​បទ​ឲ្យ​ថា “នេះ​​​ជា​​​ប្រទេស​​​ពុក​​​រលួយ​​​។ អ្នក​​​រក​​​ការ​​​ធ្វើ​​​មិន​​​បាន​​​ទេ​​​។ ​​​រង់​​​ចាំ​​​នៅ​​​ប្រទេស​​​ណូរូ​​​ប្រសើរ​​​ជាង​​​។ ការ​​​រស់​​​នៅ​​​អន់​​​ណាស់​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។ គ្មាន​​​អនាគត​​​ទេ​​​។ យើង​​​អាច​​​រស់​​​រាន​​​មាន​​​​​ជីវិត​​​មែន​​​ ប៉ុន្តែ បាន​​​តែ​​​ប៉ុណ្ណឹង​​​ទេ”។

យោង​​​តាម​​​របាយការណ៍​​​ចេញ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​​​​ឲ្យ​​​ដឹង​​​ថា ការ​​​លំបាក​​​ជា​​​ច្រើន​​​​​​ចំពោះ​​​មុខ​​​ជន​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ គឺ​​​ជា​​​លទ្ធផល​​​ផ្ទាល់​​​​​​នៃ​​​ការ​​​ខក​​​ខាន​​​របស់​​​រដ្ឋាភិបាល​​​​​​មិន​​​ផ្តល់​​​ឲ្យ​​​ពួក​​​គេ​​​នូវ​​ប័ណ្ណ​​​ស្នាក់​​​នៅ​​​ ឬ​​​ឯកសារ​​​សញ្ជាតិ​​​ ទុក​​​ឲ្យ​​​ពួក​​​គេ​​​មិន​​​អាច​​​ធ្វើ​​កិច្ចការ​ដូច​​​ជា​​​ ការ​​​បើក​​​គណនី​​​ធនាគារ​​​ ឬ​​​ទិញ​​​ស៊ីម​​​កាត​​​ទូរស័ព្ទ​​​បាន​​​ឡើយ​​​។

ជន​​​ភៀស​​​ខ្លួន​​​ម្នាក់​​​ទៀត​​​ ដែល​​​សុំ​​​មិន​​​ប្រាប់​​​ឈ្មោះ​​​ដែរ​​​​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​បាន​​​ព្យាយាម​​​រក​​​ការ​​​ងារ​​​ធ្វើ​​​​​​ជា​​​កម្មករ​​​នៅ​​​សណ្ឋាគារ និង​​​ភោជនីយដ្ឋាន​​​ ប៉ុន្តែ គ្មាន​​​នរណា​​​ជួល​​​ខ្ញុំ​​​ទេ​​​ ដោយ​​​សារ​​​ខ្ញុំ​​​មិន​​​មាន​​​ឯកសារ​​​ត្រឹម​​​ត្រូវ​​​”។

នៅ​​​ក្នុង​​​ចំណាត់​​​ការ​​​​​​​​​ដ៏​​​ចម្រូង​​​ចម្រាស​​​មួយ​​​ ប្រទេស​​​ទាំង​​​ពីរ​​​បាន​​​ចុះ​​​​​​អនុស្សរណៈ​​​នៃ​​​ការ​​​យោគ​​​យល់​​​​​​មួយ​​​កាល​​​ពី​​​ខែ​​​កញ្ញា ដែល​​​មាន​​​ខ្លឹម​​​សារ​​​ថា ជន​​​ភៀស​​​​​​ខ្លួន​​​មួយ​​​ចំនួន​​​ដែល​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​នៅ​​​ប្រទេស​​​អូស្ត្រាលី​​​ នឹង​​​ត្រូវ​​​​​​គេ​​​បញ្ជូន​​​មក​​​ប្រទេស​​​កម្ពុជា​ជា​ជំនួស​វិញ​ប៉ុន្តែ​ផ្អែក​​​លើ​​​ការ​​​ស្ម័គ្រ​​​ចិត្ត​​​តែ​​​ប៉ុណ្ណោះ។

ទោះ​​​ជា​​​មាន​​​ការ​​​អះ​​​អាង​​​នៅ​​​ពេល​​​នោះ​​​ថា ឧត្តម​​​ស្នង​​​ការ​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ទទួល​​​បន្ទុក​​​ជន​​​ភៀស​​​ខ្លួន (UNHCR)​​​ នឹង​​​ជួយ​​​អនុវត្ត​​​កិច្ច​​​ព្រមព្រៀង​​​ ដែល​​​រួម​បញ្ចូល​​​ទឹក​ប្រាក់​​​៣៥​​​លាន​​​ដុល្លារ​​បន្ថែម​​​​​​ជា​​​ជំនួយ​​​អភិវឌ្ឍន៍​​​​​​​​​ពី​​​ប្រទេស​​​អូស្ត្រាលី​​​សម្រាប់​​​រយៈ​​​ពេល​​​បួន​​​ឆ្នាំ​​​ក្តី ក៏​​​ UNHCR បាន​​​បដិសេធ​​​​​​ថា​​​មិន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​កិច្ច​​​ព្រមព្រៀង​​​នេះ​​​ទេ​​​ ផ្ទុយ​​​ទៅ​​​វិញ​​​បាន​​​ហៅ​​​កិច្ច​​​ព្រមព្រៀង​​​នេះ​​​ថា “ជា​​​ការ​គួរ​​​​ឲ្យ​ព្រួយ​​​បារម្ភ​​​​​​ខ្លាំង​​​”។

អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ HRW បាន​​​លើក​​​ឡើង​​​ក្នុង​​​របាយការណ៍​​​របស់​​​ខ្លួន​​​ថា ជន​ភៀស​​​ខ្លួន​​​៦៣​​​នាក់​​​ដែល​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ស្រាប់​​​ កំពុង​​​រស់​​​នៅ​​​ក្នុង​​​​​​ស្ថាន​​​ភាព​​​គ្រោះ​​​ថ្នាក់​​​បំផុត។

អ្នកស្រី​​​ Elaine Pearson ​​នាយិកា​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ HRW ​​​ប្រចាំ​​​ប្រទេស​​​អូស្ត្រាលី ​បាន​​​ឲ្យ​​​ដឹង​​​ក្នុង​​​សេចក្តី​​​ប្រកាស​​​មួយ​​​ថា ​​​”រដ្ឋាភិបាល​​​អូស្ត្រាលី​​​មិន​​​គួរ​​​ធ្វើ​​​ឲ្យ​​​ជន​​​ភៀស​​​ខ្លួន​​​នៅ​​​ប្រទេស​​​ណូរូ​​​​​​កាន់​​​តែ​​​រង​​​ទុក្ខ​​​ថែម​​​ទៀត​​​ដោយ​​​យក​​​ពួក​​​គេ​​​ទៅ​​​​​​ចាក់​​​ចោល​​​​​​​​​នៅ​​​កន្លែង​​​មួយ​​​ដែល​​​មិន​​​អាច​​​​​​តាំង​​​ទី​​​លំនៅ​​​ជា​​ថ្មី​​​សមរម្យ ឬ​​​បញ្ចូល​​​ពួក​​​គេ​​​ក្នុង​​​សង្គម​​​បាន​​​”។

លោក​​​ស្រី Pearson បាន​​​បន្ថែម​​​ថា “ប្រទេស​​​កម្ពុជា​​​គួរ​​​កែ​​​សម្រួល​​​កិច្ច​​​ការ​​​ពារ​​​ជន​​​ភៀស​​​​​​ខ្លួន​​​និង​​​គម្រោង​​​សេវា​​​គាំទ្រ​​ដែល​ខ្វះ​ចន្លោះ​​ មុន​​​ពេល​​​ទទួល​​​យក​​​ជន​​​ភៀស​​​ខ្លួន​​​ណា​​​ម្នាក់​​​ពី​​​ប្រទេស​​​ណូរូ​​​ ហើយ​​​រដ្ឋាភិបាល​​​អូស្ត្រាលី​​​គួរ​ជួយ​ជំរុញ​រឿង​នេះ”។

លោក​​​ ខៀវ សុភ័គ អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​មហាផ្ទៃ​​​​​​បាន​​​បដិសេធ​​​របាយការណ៍​​​របស់​​អង្គការ​ HRW ដែល​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មិន​​​បាន​​​ឆ្លុះ​​​បញ្ចាំង​​​ស្ថាន​​​ការណ៍​​​ពិត​​​ប្រាកដ​​​​​​ក្នុង​​​ប្រទេស​​កម្ពុជា។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​ជា​​​ការ​​​ធម្មតា​​​ទៅ​​​ហើយ​​​ចំពោះ​​​ការ​​​ថ្លែង​​​របស់​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ HRW ដែល​​​និយាយ​​​បញ្ហា​​​នេះ​​​អំពី​​​ប្រទេស​​​កម្ពុជា​​​”។

លោក សុភ័គ បាន​​​កត់​​​សម្គាល់​​​ថា មិន​​​មែន​​​តែ​​​ជន​​​ភៀស​​​ទេ ដែល​​​ជួប​​​ការ​​​លំបាក​​​ក្នុង​​​ការ​​​ទទួល​​​បាន​​​ការ​​​ងារ​​​បាន​​​ប្រាក់​​​ខែ​​​ច្រើន​​​ក្នុង​​​ប្រទេស​​​នេះ​​​ទេ​​​ ដោយ​​​លោក​​​បាន​​​បន្ថែម​​​ថា ប្រទេស​​​ជា​​​ច្រើន​​​ផ្សេង​​​ទៀត​​​ ក៏​​​ប្រឈម​​​​​​នឹង​​​​​​ការ​​​ខ្វះ​​​ជម្រើស​​​ការ​​​ងារ​​​ ដែល​​​បាន​​​ប្រាក់​​​ខែ​​​ច្រើន​​​ដែរ។

លោក​​​បាន​​​ឲ្យ​​​ដឹង​​​ថា “​​​បើ​​​ពួក​​​គេ​​​ [ជន​​​ភៀស​​​ខ្លួន​​​]​​​​​​ ទៅ​​​រក​​​ការ​​​ងារ​​​ធ្វើ​​​ ពួក​​​​​​គេ​​​អាច​​​រក​​​បាន​​​ ប៉ុន្តែ ការ​​​ងារ​​​ដែល​​​មាន​​​ប្រាក់​​​ខែ​​​ច្រើន​​​ ជា​​​​​​ធម្មតា​​​ [រក​​​មិន​​​បាន​​​ទេ​​​​​​]”។

នៅ​​​ពេល​​​សួរ​​​ថា តើ​​​ប្រទេស​​​កម្ពុជា​​​មាន​​​សមត្ថភាព​​ទទួល​យក​​​​ជន​​​ភៀស​​​ខ្លួន​ថែមទៀតឬ​ទេ​ លោក សុភ័គ មាន​​​ប្រសាសន៍​​​ថា រដ្ឋាភិបាល​បាន​ពិចារណា​បញ្ហា​នេះ​​​​ច្រើន​ណាស់​មក​ហើយ។ លោក​​​បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា “យើង​​​ [បាន​​​ពិចារណា] យ៉ាង​​​ហ្មត់ចត់​​​អំពី​​​បញ្ហា​​​នេះ​​​ថា​​​ តើ​​​ទទួល​​​យក​​​ជន​​​ភៀស​​​ខ្លួន​​​ ថា​​​តើ​​​ចុះ​​​កិច្ច​​​ព្រមព្រៀង​​​ជា​​​មួយ​​​ប្រទេស​​​អូស្ត្រាលី​​​ឬ​យ៉ាង​ណា”។ “យើង​​​នឹង​​​បន្ត​​​ទៅ​​​ទៀត​​​ នេះ​​​ជា​​​សេចក្តី​​​សម្រេច​​​របស់​​​រដ្ឋាភិបាល​​​”៕មានិត​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស