29 C
Phnom Penh

គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ធ្វើ​​​ពិធី​​​រំឭក​​​ខួប​​​បួន​​​ឆ្នាំ​​​នៃ​​​សោកនាដកម្ម​​​​​​ផ្អើល​​​រត់​​​ជាន់​​​គ្នាអំឡុង​​​ពិធី​​​បុណ្យ​​​អុំ​​​ទូក​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

វា​​​មាន​​​រយៈ​​​ពេល​​​បួន​​​ឆ្នាំ​​​​​​ហើយ​​​​​​គិត​​​មក​​​ទល់​​​ពេល​​​នេះ ដែល​​​​​​ជន​​​រង​​​គ្រោះ​​​ចំនួន​​​៣៥៣​​​នាក់​​​ ដែល​​​ភាគ​​​ច្រើន​​​ជា​​​បុរស និង​​​​​​ស្ត្រី​​​វ័យ​​​ក្មេង​​​បាន​​​ស្លាប់​​​នៅ​​​ថ្ងៃ​​​ផ្តាច់​​​ព្រ័ត្រ​​​នៃ​​​ពិធីបុណ្យ​​​អុំ​​​ទូក​​​ ​​​ដោយ​​​សារ​​​ការ​​​ផ្អើល​​​រត់​​​ជាន់​​​គ្នា​​​លើ​​​ស្ពាន​​​ដ៏​​​តូច​​​​​​ចង្អៀត​​​មួយ​​​ឆ្លង​​​ទៅ​​​កោះ​​​ពេជ្រ​​​។

ខួប​​​រំឭក​​​ហេតុ​​​ការណ៍​​​សោក​​​នាដ​​​កម្ម​​​ដែល​​​រដ្ឋាភិបាល​​​បាន​​​និយាយ​​​ថា ជា​​​គ្រោះ​​​ថ្នាក់​​​បាត់​​​បង់​​​ជីវិត​​​មនុស្ស​​​ច្រើន​​​បំផុត​​​ក្នុង​​​ពេល​​​តែ​​​មួយ​​​ចាប់​​​តាំង​​​ពី​​​របប​​​ខ្មែរ​​​ក្រហម​​​ដួល​​​រលំ​​​មក​​​នេះ​​​ ត្រូវ​​​បាន​​​ប្រារព្ធ​​​ឡើង​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ដោយ​​​មន្ត្រី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ក្រុម​​​គ្រួសារ​​​ជន​​​រង​​​គ្រោះ​​​ និង​​​ព្រះ​​​សង្ឃ​​​ដែល​​​បាន​​​ជួប​​​ជុ​​​ំ​​​គ្នា​​​នៅ​​​ស្តូប​​​រំឭក​​​វិញ្ញាណក្ខន្ធ​​​​​​កោះ​​​ពេជ្រ​​​ដើម្បី​​​ធ្វើ​​​​​​ពិធី​​​បង្សុកូល​​​ឧទ្ទិស​​​ដល់​​​អ្នក​​​ស្លាប់​​​។

ចំណែក​​​ឯសាលា​​​រាជ​​​ធានី​​​គ្រោង​​​រៀប​​​ចំ​​​ជា​​​វិធី​​​រំឭក​​​វិញ្ញាណក្ខន្ធ​​​ដាច់​​​ដោយ​​​ឡែក​​​មួយ​​​​​​នៅ​​​ថ្ងៃ​​​សៅរ៍​​​នេះ​​​​​​​​​។

លោក​​​ស្រី មូរ សុខហួរ តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោ​​​ះ​​​ជាតិ​​​ ដែល​​​បាន​​​ចូល​​​រួម​​​ក្នុង​​​ពិធី​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ជាមួយ​​​លោក សម រង្ស៊ី​​​ ប្រធាន​​​គណបក្ស​​​នេះ​​​ បាន​​​មាន​​​ប្រសាសន៍​​​បន្ទាប់​​​ពី​​​ពិធី​​​នេះ​​​ថា “យើង​​​បាន​​​ឧទ្ទិស​​​ដល់​​​ហេតុ​​​ការណ៍​​​សោក​​​នាដ​​​កម្ម​​​​​​​​​នៃ​​​ការ​​​រត់​​​ជាន់​​​​​​លើ​​​បុរស ​​​ស្ត្រី និង​​​កុមារ​​​ជាង​​​៣០០នាក់​​​ ដែល​​​បាន​​​បាត់​​​បង់​​​ជីវិត​​​ ជា​​​រឿង​​​ដែល​​​​​​យើង​​​​​​អាច​​​ទប់​​​ស្កាត់​​​បាន​​​ ហើយ​​​រហូត​​​មក​​​ទល់​​​ពេល​​​នេះ ការ​​​សើុប​​​អង្កេត​​​មិន​​​ទាន់​​​រក​​​បាន​​​ចម្លើយ​​​ដែល​​​យើង​​​អាច​​​ទទួល​​​យក​​​បាន​​​នៅ​​​ឡើយ​​​ទេ​​​”។

អាជ្ញាធរ​​​​​​បាន​​​រង​​​ការ​​​ចោទ​​​ប្រកាន់​​​ថា​​​មាន​​​ការ​​​ធ្វេស​​​ប្រហែស​​​​​​ក្រោយ​​​ពី​​​​​​សោក​​​នាដកម្ម​​​នេះ​​​ចំពោះ​​​ការ​​​មិន​​​បាន​​​គ្រប់​​​គ្រង​​​ហ្វូង​​​មនុស្ស​​​យ៉ាង​​​ច្រើន​​​កក​​​កុញ​​​ដែល​​​​​​នាំ​​​គ្នា​​​សម្រុក​​​​​​ទៅ​​​កោះ​​​ពេជ្រ​​​នៅ​​​យប់​​​នោះ​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា ការ​​​សើុប​​​អង្កេត​​​មួយ​​​ដែល​​​រដ្ឋាភិបាល​​​ចេញ​​​បញ្ជា​​​ បាន​​​រក​​​ឃើញ​​​ថា ការ​​​​​​រត់​​​ជាន់​​​គ្នា​​​នោះ​​​បង្ក​​​ឡើង​​​ដោយ​​​ការ​​​ភ័យ​​​ស្លន់​​​ស្លោ​​​ថា ស្ពាន​​​ជិត​​​បាក់​​​ ហើយ​​​ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​គ្មាន​​​នរណា​​​ម្នាក់​​​​​​ត្រូវ​​​បាន​​​ចាប់​​​ឲ្យទទួល​​​ខុស​​​ត្រូវ​​ចំពោះ​​​សោក​​​នាដ​​​កម្ម​​​នោះ​​​ឡើយ​​​។

នៅ​​​ទី​​​បំផុត​​​ សាលា​​​រាជ​​​ធានី​​​បាន​​​វាយកម្ទេច​​​ស្ពាន​​​នោះ​​​ចោល​​​ ហើយ​​​បាន​​​សាង​​​សង់​​​ស្ពាន​​​បេតុង​​​ដ៏​​​រឹង​​​មាំ​​​ចំនួន​​​ពីរ​​​ជំនួស​​​ស្ពាន​​​ចាស់​​​។ ប៉ុន្តែ ការ​​​ព្យាយាម​​​របស់​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រឆាំង​​​ ដើម្បី​​​ចាប់​​​ផ្តើម​​​ធ្វើ​​​ការ​​​សើុប​​​អង្កេត​​​ឯករាជ្យ​​​ជា​​​លើក​​​ទី​​​២​​​ក្នុង​​​បំណង​​​​​​ស្វែង​​​រក​​​​​​ឫស​​​គល់​​​ដែល​​​នាំ​​​ឲ្យ​​​មាន​​​ការ​​​រត់​​​ជាន់​​​គ្នា​​​នោះ​​​ ត្រូវ​​​បាន​​​គណបក្ស​​​កាន់​​​អំណាច​​​ច្រាន​​​ចោល​​​​​​។

អ្នកស្រី​​​ សោម សុភាព អាយុ​​​៤៦​​​ឆ្នាំ​​​ដែល​​​បាន​​​បាត់​​​បង់ជីវិត​​​​​​កូន​​​ប្រុស​​​អាយុ​​​១៩​​​ឆ្នាំ​​​​​​ឈ្មោះ ចាន់ សុវណ្ណរិទ្ធ​​​ នៅ​​​ក្នុង​​​ហេតុការណ៍​​​រត់​​​ជាន់​​​គ្នា​​​នោះ​​​ និង​​​ដែល​​​មាន​​​គម្រោង​​​ចូល​​​រួ​​​ម​​​ពិធី​​​នៅ​​​ថ្ងៃ​​​នេះ បាន​​​និយាយ​​​ថា ចាប់​​​តាំង​​​ពី​​​ទទួល​​​​​​បាន​​​សំណង​​​១៤.០០០ដុល្លារ​​​​​​ ចំពោះ​​​ការ​​​បាត់​​​បង់​​​ជីវិត​​​កូន​​​ប្រុស​​​រួច​​​មក ​​​អ្នកស្រី​​​ទទួល​​​បាន​​​ព័ត៌​​​មាន​​​តិច​​​តួច​​​ណាស់​​​ពី​​​អា​​​​​​ជ្ញាធរ​​​។

អ្នកស្រី​​​និយាយ​​​ថា “ខ្ញុំ​​​បារម្ភ​​​ថា ពួក​​​គេ​​​នឹង​​​បំភ្លេច​​​វា​​​​​​ចោល​​​ ហើយ​​​ខ្ញុំ​​​ចង់​​​ឲ្យ​​​ធ្វើ​​​ពិធី​​​នេះ​​​រហូត”។ អ្នកស្រី​​​លើក​​​ឡើង​​​ទៀត​​​ថា រៀង​​​រាល់​​​ខែ​​​វិច្ឆិកា គឺ​​​ជា​​​ពេល​​​កើត​​​ទុក្ខ​​​ក្រៀម​​​​​​ក្រំ​​​សម្រាប់​​​អ្នកស្រី​​​ ដោយ​​​សារ​​​តែ​​​អ្នកស្រី​​​នឹក​​​ឃើញ​​​​​​ដល់​​​កូន​​​​​​ប្រុស​​​ច្បង​​​របស់​​​ខ្លួន​​​​​​។ អ្នកស្រី​​​បាន​​​និយាយ​​​​​​ថា “ពេល​​​ខ្ញុំ​​​​​ចេញ​​​ពី​​​ធ្វើ​​​ការ​​​ត្រឡប់​​​មក​​​ដល់​​​ផ្ទះ​​​វិញ​​​ ហើយ​​​សម្លឹង​​​ទៅ​​​គ្រែ​​​ ខ្ញុំ​​​ស្រមៃ​​​ឃើញ​​​គេ​​​កំពុង​​​អង្គុយ​​​រង់​​​ចាំ​​​ខ្ញុំ។ បើ​​​គេ​​​នៅ​​​រស់​​​ គេ​​​នឹង​​​មាន​​​អាយុ​​​ជាង​​​២០ឆ្នាំ​​​ ហើយ​​​ប្រហែល​​​ជា​​​​​​មាន​​​សង្សារ​​​​​​ច្រើន ឬ​​​ប្រហែល​​​ជា​​​ខ្ញុំ​​​មាន​​​កូន​​​ប្រសា​​​​​​ផង​​​ក៏​​​មិន​​​ដឹង​​​”។ ​​​​​​​​​

លោក​​​ ខាត់​​​ ឆន អាយុ​​​៥៣​​​ឆ្នាំ​​​ ដែល​​​កូន​​​ប្រុស​​​វ័យ​​​១២​​​ឆ្នាំ​​​របស់​​​គាត់​​​ឈ្មោះ ឆិល​​​ ឆាត បាន​​​​​​ស្លាប់​​​ក្នុង​​​ហេតុការណ៍​​​នោះ​​​ ក៏​​​មាន​​​គម្រោង​​​ចូល​​​រួម​​​ក្នុង​​​ពិធី​​​នៅ​​​ថ្ងៃ​​​នេះ​​​ដែរ​​​។ គាត់​​​និយាយ​​​ថា មាន​​​របស់​​​មួយ​​​ចំនួន​​​ដែល​​​ធ្វើ​​​ឲ្យ​​​គាត់​​​ឈឺចាប់​​​ពេល​​​សម្លឹង​​​មើល​​​វា​​​ ហើយ​​​ការ​​​សម្លឹង​​​មើល​​​ក្មេង​​​ដទៃ​​​ធំដឹង​​​ក្តី​​​ ​​​ធ្វើ​​​ឲ្យគាត់​​​នឹក​​​ឃើញ​​​ដល់​​​កូន​​​ប្រុស​​​របស់​​​ខ្លួន​​​។

គាត់​​​បាន​​​និយាយ​​​ទៀត​​​ថា “ពេល​​​ខ្ញុំ​​​ឃើញ​​​កង់​​​របស់​​​វា​​​ សៀវ​​​ភៅ​​​របស់​​​វា និង​​​អ្វី​​​ៗដែល​​​​​​កូន​​​ប្រុស​​​របស់​​​ខ្ញុំ​​​ធ្លាប់​​​លេង ទឹក​​​ភ្នែក​​​របស់​​​ខ្ញុំ​​​ក៏​​​ស្រក់​​​ចុះ​​​ដោយ​​​មិន​​​ដឹង​​​ខ្លួន។ ខ្ញុំ​​​បាន​​​​​​រក្សា​​​ទុក​​​អ្វី​​​គ្រប់​​​យ៉ាង​​​ដែល​​​ជា​​​របស់​​​កូន​​​ប្រុស​​​ខ្ញុំ ខ្ញុំ​​​នឹង​​​មិន​​​លក់វា​​​ទេ​​​”៕សុខុម​​​ (រាយការណ៍​​​បន្ថែម​​​ដោយ​​​ Holly Robertson)

​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស