34 C
Phnom Penh

លោក ហ៊ុន សែន​​​ បកស្រាយ​​​ចំពោះកិច្ច​​​ព្រមព្រៀងទទួល​​​ជន​​​ភៀស​​​ខ្លួនជាមួយ​​​អូស្ត្រាលី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជា​ថ្មី​ម្ដង​ទៀត​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយ​​​ការ​ពារ​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​ក្នុង​ការ​តាំង​ទីលំនៅ​ថ្មី​ដល់​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ ដែល​ត្រូវ​បាន​ស្ទាក់​ចាប់​ដោយ​អាជ្ញាធរ​អូស្ត្រាលី ហើយ​បាន​ឃុំ​ខ្លួន​នៅ​​​លើ​​​ប្រទេស​​​ដែន​​​កោះ​​​ណូរូ​​​ នៅ​ពេល​នេះ​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើ​​​ជូន​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​។

នៅ​ក្នុង​លិខិត​ចុះ​​​ថ្ងៃ​ទី​១៧ ខែ​​​វិច្ឆិកា ​ហើយ​​​ទទួល​បាន​កាលពី​ម្សិលមិញ លោក ហ៊ុន សែន បាន​មាន​ប្រសា​​​សន៍​ថា កិច្ច​ព្រមព្រៀង​កាលពី​ថ្ងៃ​​​ទី​២៩ ខែ​កញ្ញា ដែល​​​បាន​​​ចុះ​​​ហត្ថ​​​លេខា​​​ដោយ​​​​លោក​​ ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និង​លោក ស្កុត​ ម៉ូរីសុន ​រដ្ឋមន្ត្រី​ក្រសួង​អន្តោ​​​ប្រវេសន៍​អូស្ត្រាលី​ធ្វើ​តាម​បទដ្ឋាន​អន្តរជាតិ​ និង​មនុស្សធម៌។

លិខិត​នោះ​ធ្វើ​ឡើង​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​លិខិត​សាក​សួរ​ ដែល​ផ្ញើ​ដោយ​លោក កឹម សុខា អនុប្រធាន​រដ្ឋសភា​ តាម​រយៈ​លោក​ ហេង សំរិន កាលពី​ចុង​ខែ​តុលា។

លោក ហ៊ុន សែន បាន​សរសេរ​ថា “ការ​ផ្ដល់​កន្លែង​ជ្រក​​​កោន​​​ដល់​ជន​​​ភៀស​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ផ្អែក​តាម​មូលដ្ឋាន​ស្ម័គ្រ​ចិត្ត និង​មូលដ្ឋាន​មនុស្ស​ធម៌។ ហេតុ​ដូច្នេះ​ហើយ ជន​ភៀស​ខ្លួន​ដែល​មក​ប្រទេស​កម្ពុជា​ត្រូវ​តែ​ព្រមព្រៀង​តាម​រយៈ​ឯកសារ​ជា​លាយ​លក្ខណ៍​អក្សរ​ ដោយ​គ្មាន​ការ​បង្ខិត​បង្ខំ​ឡើយ​”។

លោក ហ៊ុន សែន បាន​លើក​ឡើង​នៅ​ក្នុង​លិខិត​នោះ​ថា បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​​ផ្ដល់​កន្លែង​​​ស្នាក់​​​នៅ​​​ដល់​ជន​ភៀស​ខ្លួន​៨៥​នាក់ រួម​មាន​​​ប្រជា​​​ជន​​​​​មក​ពី​ប្រទេស​វៀតណាម ថៃ ភូមា ស្រីលង្កា ប៉ា​​​ឡេ​​​ស្ទីន​​​ អីុរ៉ាក់ ស៊ូដង់ កុងហ្គោ និង​​​ប្រទេស​​​សូម៉ាលី និង​​​ជន​ភៀស​ខ្លួន​ណា​ដែល​យល់​ព្រម​ មក​ពី​ប្រទេស​ណូរូ នឹង​ត្រូវ​គាំទ្រ​ដោយ​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី។

លោក ហ៊ុន សែន បាន​សរសេរ​ថា “ក្នុង​ការ​ទទួល​យក​ជន​​​ភៀស​ខ្លួន ភាគី​អូស្ត្រាលី​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ចំណាយ​ផ្សេងៗ​ រួម​ទាំង​ការ​បញ្ជូន​ជន​​​ភៀស​ខ្លួន​ម​ក​ប្រទេស​កម្ពុជា ការ​ផ្ដល់​ជម្រក​បណ្ដោះ​អាសន្ន អាហារ សម្លៀក​បំពាក់​​​ប្រចាំថ្ងៃ សេវា​បក​ប្រែ​ភាសា ការ​ធានា​​​រ៉ាប់​រង​សុខភាព​ក្នុង​រយៈ​ពេល​៥ឆ្នាំ​ និង​ការ​ផ្ដល់​ការ​គាំទ្រ​​រយៈ​ពេល​មួយ​ឆ្នាំ អំឡុង​ការ​ធ្វើ​សមាហរណកម្ម​របស់​​​ពួកគេ​​​ចូល​មក​ក្នុង​សហគមន៍​កម្ពុជា​” ។

លោក​នាយក​រដ្ឋមន្ត្រី​បាន​សរសេរ​ទៀត​ថា “ប្រសិន​បើ​​ជន​​​ភៀស​ខ្លួន​ណា​ចង់​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ខ្លួន​វិញ ឬ​ចង់​តាំង​ទីលំនៅ​ក្នុង​ប្រទេស​ណាមួយ​បន្ទាប់ពី​ពួកគេ​បាន​ចាក​ចេញ​ពី​កន្លែង​ជ្រក​កោន​ក្នុង​រយៈ​ពេល​១ឆ្នាំនោះ ប្រទេស​​​អូស្ត្រាលី​នឹង​ផ្ដល់​ការ​គាំទ្រ​ចំពោះ​ការ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កំណើត​របស់​ខ្លួន​​​វិញ ឬ​ប្រទេស​ណាមួយ​ដែល​ជន​​​ភៀស​ខ្លួន​ទាំង​នោះ​​​ចង់​តាំង​ទី​លំនៅ”។

លិខិត​នេះ​បញ្ចប់​ដោយ​ការ​លើក​ឡើង​ថា ជនជាតិ​ខ្មែរ​មួយ​ចំនួន​ធំ​ធ្លាប់​​​ត្រូវ​បាន​ផ្តល់​​​ការ​​​​​​តាំង​ទី​លំនៅ​ក្នុងនាម​ជា​ជន​​​ភៀស​ខ្លួន​​​ពី​​​សំណាក់​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ទូទាំង​ពិភព​លោក រួម​មាន​ប្រទេស​អូស្ត្រាលី​​​ជា​ដើម ហើយ​ថា ឥឡូវ​នេះ​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​គោល​ជំហរ​​​សមរម្យ​​​ក្នុង​​​ការ​​​តបស្នង​​​ដោយ​​​ការ​គួរសម​ផង​ដែរ៕ សារុន​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស