32 C
Phnom Penh

អតីត​ជំនួយ​ការ​ផ្ទាល់​របស់​ព្រះអង្គម្ចាស់​ នរោត្តម រណឫទ្ធិ ត្រូវ​បាន​តែង​តាំង​ជា​ទីប្រឹក្សា​រាជ​រដ្ឋាភិបាល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាមច្បាប់​ចម្លង​នៃ​ព្រះរាជក្រឹត្យ​មួយ ​ដែល​ទទួល​បាន​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា លោក នរ៉ា​​​ណា​​​ឫទ្ធិ អានន្ទ​​​ដាយ៉ាត ដែល​លាលែង​ពី​តំណែង​ជា​លេខាផ្ទាល់​​របស់​ព្រះអង្គម្ចាស់​ នរោត្តម រណឫទ្ធិ កាលពី​ខែ​កញ្ញា ​ត្រូវ​បាន​តែង​តាំង​ជា​​ទីប្រឹក្សា​​រដ្ឋាភិបាល​មួយ​រូប​មិន​ដល់​​២​ខែ​​ផង​ បន្ទាប់​​ពី​លោក​​បាន​​ផ្ដាច់​ខ្លួន​ចេញ​ពី​អតីត​នាយក​រដ្ឋមន្ត្រីទី១។

លោក អានន្ទដាយ៉ាត បាន​ធ្វើ​ជា​ទីប្រឹក្សា​ផ្ទាល់ និង​ជា​អ្នក​នាំពាក្យ​របស់​​ព្រះ​អង្គម្ចាស់​ នរោត្តម រណឫទ្ធិ ជាង​១ទសវត្សរ៍​មក​ហើយ ប៉ុន្តែ​​ពួកគាត់​ទាំង​ពីរ​បាន​​​ចែក​ផ្លូវ​គ្នា​កាលពី​ខែ​កញ្ញា បន្ទាប់ពី​ព្រះ​អង្គម្ចាស់​បាន​ចោទ​ប្រកាន់​លោក​​​ អានន្ទដាយ៉ាត ថា បាន​រិះគន់​ព្រះ​អង្គជា​សាធារណៈ។

យោង​តាម​ព្រះរាជ​ក្រឹត្យ​ឡាយ​ព្រះ​ហស្តលេខា​​ដោយ​ព្រះមហាក្សត្រ​ នរោត្តម សីហមុនី លោក អានន្ទដាយ៉ាត ត្រូវ​បាន​ផ្ដល់​​តំណែង​ជា​ទីប្រឹក្សា​រដ្ឋាភិបាល​​​ចាប់​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា​ទៅ​។ ព្រះរាជក្រឹត្យ​នេះ​មាន​ខ្លឹម​សារ​ដូច្នេះ​ថា ” តែង​តាំង​លោក នរ៉ា​​​ណា​​​ឫទ្ធិ អានន្ទ​​​ដាយ៉ាត ជា​ទីប្រឹក្សា​​រាជ​រដ្ឋាភិបាល​​ ដោយ​​មាន​ឋានៈ​ស្មើ​នឹង​រដ្ឋមន្ត្រី”។

​គេ​មិន​អាច​ទាក់​ទង​លោក​ អានន្ទដាយ៉ាត បាន​ឡើយ​​កាលពី​ម្សិលមិញ ប៉ុន្តែ​លោក​បាន​លើក​ឡើង​កាលពី​ខែ​មុន​ថា លោក​បាន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជា​ជន​កម្ពុជា បន្ទាប់ពី​​​ដក​ខ្លួន​ចេញ​ពី​គណបក្ស​​សង្គម រាស្ត្រ រាជាធិបតេយ្យ ដែល​ទើប​តែ​បង្កើត​ឡើង​ថ្មី​របស់​ព្រះអង្គម្ចាស់​ នរោត្តម រណឫទ្ធិ។

លោក អានន្ទដាយ៉ាត បាន​មាន​ប្រសាសន៍​នៅ​ពេល​នោះ​ដោយ​ច្រាន​ចោល​​ការ​ដែល​ថា លោក​នឹង​ទៅ​ចូល​រួម​ជា​មួយ​​​គណបក្ស​​សង្គ្រោះ​ជាតិ​នាពេល​អនាគត់​ថា ” ខ្ញុំ​មិន​មែន​ជា​​ប្រភេទ​អ្នក​ប្រឆាំង​ឡើយ”​៕ ស៊ុយឈាង​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស