38 C
Phnom Penh

រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​​ម្នាក់​លាលែងពី​តំណែង​ បន្ទាប់ពីរងការ​រិះគន់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ព្រះរាជក្រឹត្យ​បាន​ឲ្យ​ដឹង​ថា លោកស្រី​ សម មុន្នីកា ​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​ ដែល​រង​ការ​រិះគន់​តាម​បណ្ដាញ​ទំនាក់​ទំនង​សង្គម​​ប៉ុន្មាន​សប្ដាហ៍​ថ្មីនេះ​ ដោយ​សារ​ការទាម​ទារ​ប្រាក់​សំណង​​ជំងឺ​ចិត្ត​ហួស​ហេតុ​ចំពោះ​​របួស​ស្នាម​បន្តិច​បន្តួច​​អំឡុង​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​លាលែង​ពី​​តំណែង​កាលពី​សប្ដាហ៍​មុន​។

​ពេល​ទាក់​ទង​កាលពី​ម្សិលមិញ លោកស្រី មុន្នីកា បាន​លើក​ឡើង​ថា លោកស្រី​មិន​ត្រូវ​បាន​គេ​ដាក់​សម្ពាធ​ឲ្យ​ចុះ​ចេញ​ពី​តំណែង​ឡើយ​ ហើយ​លោកស្រី​បាន​បន្ត​ការ​ពារ​ការ​សម្រេច​ចិត្ត​​របស់​ខ្លួន​ក្នុង​ការ​ទាម​ទារ​ប្រាក់​សំណង​ជំងឺ​ចិត្ត​៤.០០០ដុល្លារ​ ចំពោះ​​របួស​ស្នាម​ដែល​លោកស្រី​បាន​លើក​ឡើង​ថា បាន​ត្រូវ​ត្រង់​ក្បាល ទ្រូង និង​ស្មា នៅ​ពេល​​រថយន្ត​តាក់​ស៊ី​ដែល​លោកស្រី​ជិះ​បាន​រអិល​ធ្លាក់​ផ្លូវ​ចូល​ប្រឡាយ​ក្នុង​ខេត្ត​រតនគិរី​។ លោកស្រី​បាន​និយាយ​ថា ” ខ្ញុំ​លាលែង​ពី​តំណែង​ដោយ​ស្ម័គ្រ​ចិត្ត​ ហើយ​គ្មាន​នរណា​ម្នាក់​បង្ខំ​ខ្ញុំ​ឡើយ​”។

បន្ទាប់ពី​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ លោកស្រី មុន្នីកា បាន​ទាមទារ​ប្រាក់​សំណង​ជំងឺ​ចិត្ត​១.០០០ដុល្លារ​សម្រាប់​ខ្លួន​លោកស្រី និង​មន្ត្រី​រដ្ឋាភិបាល​បី​នាក់​ផ្សេង​ទៀត​ ដែល​ក៏​នៅ​ក្នុង​រថយន្តរបស់​លោក កឹម ពិសិដ្ឋ ដែរ​នោះ​។

នៅ​ពេល​លោក ពិសិដ្ឋ មិន​មាន​លទ្ធភាព​រក​ប្រាក់​​មក​បង់​សំណង​ជំងឺ​ចិត្ត​​បាន​ ដោយ​​​លោក​បាន​អះអាង​ថា លោក​បាន​បញ្ចាំ​ផ្ទះ​របស់​ខ្លួន​រួច​ហើយ​ដើម្បី​ទិញ​រថយន្ត​នេះ លោក ផេង វណ្ណៈ មន្ត្រី​នគរ​បាល​មួយ​រូប​​​​បាន​អំពាវ​នាវ​តាម​ហ្វេសប៊ុក​ដើម្បី​រៃអង្គាស​ប្រាក់​យក​ទៅ​ជួយ​ម្ចាស់​រថយន្ត​តាក់​ស៊ី​រូប​នេះ។

លោក ខៀវ កាញ៉ាឫទ្ធិ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​​​ គឺ​ស្ថិត​នៅ​ក្នុង​មនុស្ស​ប្រមាណ​៤០​នាក់​​ដែល​បាន​ជួយ​​លោក ពិសិដ្ឋ ហើយ​លោក វណ្ណៈ បាន​រៃ​អង្គាស​ប្រាក់​ដោយ​ជោគជ័យ​។ បន្ទាប់​ពី​ទទួល​បាន​ប្រាក់​សំណងជំងឺ​ចិត្ត​នៅ​ដើម​ខែ​នេះ លោកស្រី មុន្នីកា បាន​លើក​ឡើង​ថា លោកស្រី​នឹង​​​យក​ប្រាក់​ទាំង​នេះ​ទៅ​បរិច្ចាគ​ដល់​កាកបាទ​ក្រហម​កម្ពុជា។ ទោះ​ជាយ៉ាង​ណា កាកបាទ​ក្រហម​​កម្ពុជា​បាន​ច្រាន​ចោល​ការ​សន្យា​​របស់​លោកស្រី​ដោយ​គ្មាន​ពន្យល់​អ្វី​ឡើយ នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​។

អ្នក​លេង​ហ្វេសប៊ុក​ជា​ច្រើន​នាក់​ក៏​បាន​រិះគន់​លោកស្រី មុន្នីកា ចំពោះ​ការ​ទាម​ទារ​នេះ​ដែរ ដោយពួកគេ​បាន​និយាយ​ថា វាគឺ​ជា​ការ​ទាម​ទារ​ប្រាក់​សំណង​ជំងឺ​ចិត្ត​​មិន​សមហេតុ​សមផល​ពី​ម្ចាស់​រថយន្ត​តាក់​ស៊ី​ដែល​ក្រីក្រ​ម្នាក់។ ហើយ​វា​ជា​ប្រតិកម្ម​មួយ​ដែល​លោកស្រី​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា បាន​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍​ឈ្មោះ​របស់​លោកស្រី។

លោក​ស្រី​បាន​និយាយ​ថា “វា​មិន​យុត្តិធម៌​ទេ។ ខ្ញុំ​ជា​ជនរងគ្រោះ​ ប៉ុន្តែ​ពួកគេ​បែរ​ជា​ជេរ​ប្រមាថ​ខ្ញុំ​ទៅ​វិញ​”។ លោកស្រី​បាន​បន្ថែម​ថា លោកស្រី​បាន​សន្លប់​ប្រហែល​៣០​នាទី​ក្រោយ​ពេល​​កើត​ហេតុ។ លោកស្រី​បាន​និយាយ​បន្ត​ទៀត​ថា ” ប្រសិន​បើ​រថយន្ត​ផ្ទុះ​ឆេះ ឬ​ធ្លាក់​ចូល​ក្នុង​ទឹក​​ ម្លេ៉ះ​ខ្ញុំ​ស្លាប់​បាត់​ទៅ​ហើយ ព្រោះ​ខ្ញុំ​ជាប់​នៅ​ក្នុង​រថយន្ត​នោះ​”។

លោក ពិសិដ្ឋ បាន​បដិសេធ​​​មិន​និយាយ​​រៀបរាប់​អំពី​ករណី​នេះ​ទេ​កាលពី​ម្សិលមិញ។ លោក​បាន​និយាយ​ថា “រឿង​ទាំង​អស់​ត្រូវ​បាន​ដោះ​ស្រាយ​រួច​ហើយ ហេតុ​ដូច្នេះ​ហើយ​ខ្ញុំ​គ្មាន​អ្វី​​ត្រូវ​និយាយ​ច្រើន​ទៀត​ទេ​ចំពោះ​ករណី​នេះ​”៕ ស៊ុយឈាង​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស