31 C
Phnom Penh

អាជ្ញាធរ​​​ខេត្ត​​​ពោធិ៍សាត់​​​​​​ចាប់ខ្លួន​​​ស្ត្រី​​​ម្នាក់​​​ និង​​​​​​​​បំផ្លាញ​​​ផ្ទះ​​​១២​​​ខ្នង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី និង​អ្នក​ភូមិ​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​កាលពី​ថ្ងៃ​សៅរ៍ បាន​ចាប់​ខ្លួន​ស្ត្រី​ម្នាក់​ដែល​ព្យាយាម​រារាំង​ពួកគេ​មិន​ឲ្យ​ឈូស​បំផ្លាញ​​​ផ្ទះ​របស់​គាត់​​​​ ហើយ​​​បន្ទាប់​​​មក​​​​បាន​​​បន្ត​​​បំផ្លាញ​ផ្ទះ​របស់​គាត់ និង​ផ្ទះ​អ្នក​ភូមិ​១១​គ្រួសារ​ទៀត​ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​វិវាទ​​​​ដីធ្លី​មួយ​ជាមួយ​ក្រុម​ហ៊ុន​របស់​ឧកញ៉ា ទ្រី ភាព​ ដែល​​​រក​ស៊ី​ខាង​ឈើ​ និង​កាស៊ីណូ។

អ្នកភូមិ​រស់​នៅ​ក្នុង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ បាន​ជាប់​ពាក់​ព័ន្ធ​នឹង​វិវាទ​ដីធ្លី​ជាមួយ​លោក​ ទ្រី ភាព តាំង​ពី​ឆ្នាំ​២០១០​មក​ម្លេ៉ះ នៅ​ពេល​ក្រុម​ហ៊ុន​ MDS អាហរ័ណ នីហរ័ណ ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​២.២៥០​ហិក​​​តា​នៅ​ក្នុង​ស្រុក​វាលវែង។ ពួកគាត់​បាន​អះ​​​អាង​ថា ពួក​​​គាត់​បាន​ធ្វើ​ស្រែ​ចម្ការ​លើ​ដី​​​នេះ​រយៈ​ពេល​ជាង​១ទសវត្សរ៍​មក​ហើយ។

លោក កើត ឆែ អភិបាល​រង​ខេត្ត​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា អាជ្ញាធរ​ខេត្ត​បាន​បំផ្លាញ​ផ្ទះ​១២​ខ្នង​ក្នុង​ឃុំ​ថ្មដា ពីព្រោះ​ក្រុម​ហ៊ុន MDS មាន​សិទ្ធិ​កាន់​កាប់​ដី​នេះ​ដោយ​ស្រប​ច្បាប់ ចំណែក​​​ក្រុម​អ្នកភូមិ​មិន​មាន​​ទេ។​​ លោក កើត ឆែ​ បាន​មាន​ប្រសាសន៍​ថា “យើង​បាន​​រុះ​ខ្ទម​របស់​ពួកគាត់​។ ពួកគាត់​មិន​មាន​ឯកសារ​ត្រឹម​ត្រូវ​ឡើយ”។

លោក កើត​ ឆែ បាន​មាន​​ប្រសាសន៍​ថា ស្ត្រី​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់ពី​គាត់​បាន​ជេរ​​​ប្រមាថ​អាជ្ញាធរ​។ លោក​បាន​​​មាន​ប្រសាសន៍​ថា ” យើង​បាន​ឃាត់​ខ្លួន​ស្ត្រី​ម្នាក់ ពីព្រោះ​គាត់​បាន​ជេរ​ប្រមាថ​ម​ក​លើ​អាជ្ញាធរ​ ខណៈ​ដែល​ពួកគេ​កំពុង​អនុវត្ត​បទ​បញ្ជា​របស់​ខ្លួន”។

ទោះ​ជា​​​យា៉ង​ណា លោក ឃួន ផល្គុន អាយុ​៤២​ឆ្នាំ​​ បាន​និយាយ​ថា ប្រពន្ធ​របស់​គាត់​ឈ្មោះ សុខ ដា ត្រូវ​បាន​ចាប់​ខ្លួន​​ដោយ​គ្រាន់​តែ​អង្វរ​​​ក្រុម​មន្ត្រី​ឲ្យ​ទុក​ផ្ទះ​របស់​ពួកគាត់​តែ​ប៉ុណ្ណោះ ដែល​ពួកគាត់​បាន​រស់​នៅ​តាំងពី​ឆ្នាំ​២០០០​មក។ លោក​​​បាន​​​បន្ថែម​​​ថា “​ពួកគេ​បាន​ចោទ​ប្រពន្ធ​របស់​ខ្ញុំ​ថា បាន​រារាំង​ពួកគេ​មិន​ឲ្យ​បំពេញ​ការ​ងារ​របស់​ខ្លួន ហេតុ​ដូច្នោះ​ហើយ​ពួកគេ​បាន​ចាប់​ខ្លួន​គាត់​តែ​​​ម្តង”។

លោក ផល្គុន បាន​និយាយ​ថា នគរ​បាល​ កង​រាជ​អាវុធហត្ថ និង​ទាហាន​ប្រហែល​៤០​នាក់​បាន​ចូល​រួម​នៅ​ក្នុង​ប្រតិបត្តិការ​បំផ្លាញ​​​ផ្ទះ​ដែល​​​ត្រូវ​​​បាន​​​​​​​​គ្រប់គ្រង​​​​​​​​​​ដោយ​លោក កើត ឆែ ជា​​អភិ​​​បាល​រង​។

លោក​បាន​បន្ថែម​ថា លោក​បាន​បង្ខំ​ចិត្ត​ទៅ​សុំ​​​ជ្រក​​​កោន​ជាមួយ​អ្នក​ជិត​ខាង​បន្ទាប់ពី​ផ្ទះ​របស់​គាត់​ត្រូវ​បាន​បំផ្លាញ​ ហើយ​​​ទ្រព្យសម្បត្តិ​​​របស់​​​គាត់​​​រួម​មាន​សម្លៀក​បំពាក់ និង​ស្រូវអង្ករ​ត្រូវ​​​បាន​​​រឹបអូស​​​​​ផង​ដែរ​។ លោក​បាន​និយាយ​ថា “យើង​បាន​សុំ​​អ្នក​ជិត​ខាង​ស្នាក់​នៅ និង​ហូប​ចុក​”។ តំណាង​ក្រុម​ហ៊ុន​ MDS មិន​អាច​ទាក់​ទង​បាន​ទេ​កាលពី​ម្សិលមិញ៕ សារុន​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស