29 C
Phnom Penh

លោក កឹម សុខា​​​៖ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​អាច​​​ធ្វើ​​​ពហិការ​​មិន​​​ចូល​​​សភា​​​ជា​​​ថ្មី​​​ម្តង​​​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​​​ជាតិ​បាន​គំរាម​ថា សមា​ជិក​សភា​ទាំង​៥៥​រូប​របស់​គណបក្ស​ប្រឆាំង​អាច​ធ្វើ​ពហិការ​មិន​ចូល​សភា​ជា​ថ្មី​ម្ដង​ទៀត​ប្រសិន​បើ​គណបក្ស​ប្រជា​ជន​កម្ពុជា​បន្ត​រារាំង​​​ដល់​ការ​ចរចា​អំពី​កំណែទម្រង់​ការ​បោះ​ឆ្នោត​។

ថ្លែង​នៅ​វេទិកា​សាធារណៈ​មួយ​ក្នុង​ក្រុង​ពោធិ៍សាត់ លោក កឹម សុខា បាន​មាន​ប្រសាសន៍​ថា ប្រសិន​បើ​គណបក្ស​កាន់​អំណាច​មិន​គោរព​ការ​សន្យា​របស់​ខ្លួន​ក្នុង​ការ​កែទម្រង់​គណៈ​​​កម្មា​​​ធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.) ដូច​ដែល​បាន​ព្រមព្រៀង​គ្នា​កាលពី​ថ្ងៃ​ទី​២២ ខែ​កក្កដា​​​ទេ​នោះ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ពិចារណា​អំពី​​​ជម្រើស​របស់​ខ្លួន​ឡើង​វិញ។

លោក កឹម សុខា បាន​មាន​ប្រសាសន៍​ថា “ប្រសិន​បើ​យើង​ចូល​សភា ហើយ​ពួកគេ​ប្រើ​ប្រាស់​យើង​ និង​​​គ.ជ.ប. មិន​កែប្រែ​ទៀត​​​នោះ យើង​នឹង​ធ្វើ​សន្និបាត​មួយ​ក្នុង​រាជ​ធានី​ភ្នំពេញ​ម្ដង​ទៀត ហើយ​ស្នើ​​​ឲ្យ​​​តំណាង​​ក្រុម​ប្រឹក្សា​ជាតិ​របស់​យើង​ទាំង​អស់​ធ្វើ​ការ​សម្រេច​ចិត្ត​ ថា​តើ​សមា​​​ជិក​សភា​គណបក្ស​សង្គ្រោះ​​​ជាតិ​ទាំង​អស់​បន្ត​អង្គុយ​នៅ​ក្នុង​សភា​ ឬ​​​ចាក​ចេញ​ និង​ធ្វើ​អ្វី​ផ្សេងទៀត​?”។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ចប់​ការ​ធ្វើ​ពហិការ​មិន​ចូល​សភា​រយៈ​ពេល​១០​ខែ​កាលពី​ខែ​សីហា បន្ទាប់ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​​បាន​សន្យា​បង្កើត​​ គ.ជ.ប.ថ្មី ដោយ​មាន​សមាជិក​​៤រូប​មក​ពី​គណបក្ស​នីមួយៗ និង​សមាជិក​អព្យាក្រឹត្យ​ទី​៩​ម្នាក់​។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​នៅ​ក្នុង​ការ​ពិភាក្សា​គ្នា​បន្ថែម​ដែល​បាន​ធ្វើ​ឡើង​បន្ទាប់ពី​ការ​ចូល​សភា​ គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​ដាក់​លក្ខខណ្ឌ​មួយ​ចំនួន​ទៅ​លើ​កិច្ច​ព្រមព្រៀង​ដែល​គណបក្ស​ប្រឆាំង​លើក​ឡើង​ថា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថានភាព​របស់​ខ្លួន​៕ សារុន​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស