29 C
Phnom Penh

អ្នក​នយោបាយ​អាមេរិក​ដើមកំណើត​ខ្មែរ​ចូលរួម​ក្នុង​ការ​តវ៉ា​នៅ​ពន្ធនាគារ​ព្រៃ​ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បី​សប្តាហ៍​បន្ទាប់ពី​បានក្លាយ​ជា​សមាជិក​សភា​អាមេរិក​ដើម​កំណើត​ខ្មែរ​ទី១ លោក​ ម៉ម រ៉ាឌី បាន​ចូលរួម​ជាមួយ​អ្នកតវ៉ា​រាប់រយ​នាក់​ក្នុង​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​អាទិត្យ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន សមាជិក​បក្ស​ប្រឆាំង និង​ព្រះសង្ឃ​១៧​អង្គ​និង​នាក់ ពី​ពន្ធនាគារ​ព្រៃ​ស។ront

លោក ម៉ម រ៉ាឌី វ័យ​៤៥​ឆ្នាំ ដែល​បាន​ជាប់​ជា​តំណាង​រាស្ត្រ​រដ្ឋ​ម៉ាសាឈូសេត​ ក្នុង​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​នៅ​អាមេរិក​កាលពី​ថ្ងៃ​ទី​៤​ខែ​វិច្ឆិកា បាន​មក​ដល់​ប្រទេស​កម្ពុជា​កាលពី​សប្តាហ៍​មុន​សម្រាប់​ការ​បំពេញ​ទស្សនកិច្ច​រយៈ​ពេល​២​សប្តាហ៍​នៅ​ប្រទេស​កម្ពុជា។

ក្នុង​ទឹក​មុខ​ស្រពាប់​ស្រពោន​លោក​ ម៉ម រ៉ាឌី បាន​ប្រាប់​អ្នក​តវ៉ា​ប្រហែល​២០០​នាក់​នៅ​ខាង​ក្រៅ​ពន្ធនាគារ​ដែល​មាន​ការ​យាម​កាម​តឹងរ៉ឹង មុនពេល​លោក​​ហុច​ក្បាល​មីក្រូហ្វូន​ទៅ​លោក ខែម ចន្ថា អ្នក​នាំពាក្យ​របស់​លោក​ថា “ខ្ញុំ​មាន​អារម្មណ៍​អាណិត​អាសូរ​ចំពោះ​បង​ប្អូន​ប្រុស​ស្រី”។

លោក ចន្ថា បាន​ប្រាប់​ក្រុម​អ្នក​តវ៉ា​ថា “យើង​អំពាវនាវ​តាម​រយៈ​សារព័ត៌មាន​និង​បណ្តាញ​ព័ត៌មាន សុំ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​បងប្អូន​ប្រុស​ស្រី​របស់​យើង។ ទោស​របស់​ពួកគាត់​ពិតជា​មិន​ធ្ងន់​ទេ ការ​បិទ​ផ្លូវ​មិនមែន​ជា​ទោស​ព្រហ្មទណ្ឌ​ឡើយ”។

សកម្មជន​៧​នាក់​មកពី​សហគមន៍​បឹងកក់​ដែល​រងគ្រោះ ​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​មួយ​ឆ្នាំ​កាលពី​ថ្ងៃ​ទី​១១​ខែ​វិច្ឆិកា បន្ទាប់ពី​ត្រូវ​ផ្តន្ទាទោស​តាម​ច្បាប់​ចរាចរណ៍ទាក់ទិន​នឹង​ការ​បិទផ្លូវ បន្ទាប់ពី​ពួកគេ​បាន​ដាក់​គ្រែ​មួយ​នៅ​កណ្តាល​មហាវិថី​ព្រះ​មុនីវង្ស។ ការ​ខំប្រឹងប្រែង​នោះ​គឺ​ដើម្បី​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ដល់​ការ​ជន់លិច​ក្នុង​តំបន់​របស់​ខ្លួន។

អ្នក​តវ៉ា និង​លោក ម៉ម រ៉ាឌី សង្ឃឹម​ថា​នឹង​ជួប​ជាមួយ​អ្នកទោស​១៧​នាក់ ​រួម​មាន​សកម្មជន​១១ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​៣​នាក់ និង​ព្រះ​សង្ឃ​៣​អង្គ ប៉ុន្តែ​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូល​ពន្ធនាគារ​ទេ។

អ្នកស្រី​ យ៉ោម បុប្ផា សកម្មជន​ប្រឆាំង​នឹង​ការ​បណ្តេញ​ចេញ មក​ពី​សហគមន៍​បឹងកក់ បាន​និយាយ​ថា ក្នុង​ពេល​មាន​ការ​ខក​ចិត្ត​ដោយសារ​គេ​មិន​ឲ្យ​ចូល​ពន្ធនាគារ​នោះ អ្នក​តវ៉ា​ត្រេកអរ​ពេល​ឃើញ​វត្តមាន​របស់​លោក ម៉ម រ៉ាឌី កាលពី​ថ្ងៃ​អាទិត្យ។

អ្នក​ស្រី ម៉ម បុប្ផា បាន​និយាយ​ថា “ការ​គាំទ្រ​របស់​គាត់​លើក​ទឹកចិត្ត​និង​ញ៉ាំង​យើង​ឲ្យ​ប្រយុទ្ធ​ដើម្បី​យុត្តិធម៌ និង​បង្ហាញ​ថា យើង​មិន​ឯកោ​ទេ។ យើង​រីករាយដែល​បាន​ឃើញ​គាត់​ចូលរួម​ជាមួយ​យើង ក្នុង​ការ​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​មនុស្ស​ទាំង​១៧​នាក់ ដែល​ជាប់​ពន្ធនាគារ​ដោយ​អយុត្តិធម៌”។

មុន​ចូលរួម​បាតុកម្ម​កាលពី​ថ្ងៃ​អាទិត្យ លោក ម៉ម រ៉ាឌី បាន​ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ព្រហស្បតិ៍ និង​លោក សម រង្ស៊ី មេ​បក្ស​ប្រឆាំង​កាលពី​ថ្ងៃ​សៅរ៍។ លោក​មាន​ផែនការ​ជួប​ជាមួយ​មន្ត្រី​មួយ​ចំនួន​ពី​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍​កន្លះ​ទៀត​នេះ។

នៅ​ពេល​ធ្វើ​ទស្សនកិច្ច​នៅ​សាលា​រៀន​មួយ​ក្នុង​វត្ត​ស្វាយ​ពពែ ក្រុង​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​អាទិត្យ​នោះ លោក ម៉ម រ៉ាឌី បាន​មាន​ប្រសាសន៍​ថា ថ្វីបើ​បាន​ចូលរួម​ក្នុង​បាតុកម្ម​នៅ​ព្រឹក​នោះ​ក្តី ក៏​បំណង​នៃ​ការ​បំពេញ​បេសកកម្ម​​របស់​លោក មិន​ពាក់​ព័ន្ធ​នឹង​នយោបាយ​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “[មូលហេតុ]​ដំបូង​គឺ​មាន​ពេល​វិស្សមកាល​បន្តិច។ ខ្ញុំ​ពិតជា​ចង់​មាន​ទំនាក់​ទំនង ចង់​ឃើញ​ប្រទេស​ដែល​ផ្តល់​កំណើត​ឲ្យ​ខ្ញុំ ពី​ទស្សន​ផ្សេងៗ”។

លោក ម៉ម រ៉ាឌី មាន​ប្រសាសន៍​ថា ជំនួប​របស់​លោក​ជាមួយ​លោក ហ៊ុន សែន កាលពី​សប្តាហ៍​មុន ជា​វិធី​មួយ​សម្រាប់​រូប​លោក​សម្លឹង​មើល​ប្រទេស​កម្ពុជា​តាមរយៈ​ភ្នែក​បុរស​ដែល​គ្រប់គ្រង​ប្រទេស​នេះ​អស់​រយៈ​ពេល​ជាង​៣០​ឆ្នាំ។

“[ជំនួប​នោះ]​ គឺ​ជួប​មនុស្ស​ម្នាក់ នាយក​រដ្ឋមន្ត្រី​ម្នាក់ ដែល​គ្រប់គ្រង​ប្រទេស​ដ៏ធំ​នេះ​…​ដើម្បី​ស្វែង​យល់​បន្តិច​បន្តួច​ ថា​គាត់​ចាត់ទុក​ប្រទេស​នេះ​យ៉ាងណា”។

ពេល​សួរ​ថាតើ​ទស្សនៈ​របស់​លោក​អំពី​នាយក​រដ្ឋមន្ត្រី​បាន​ផ្លាស់ប្តូរ​ឬ​យ៉ាងណា បន្ទាប់ពី​និយាយ​ជាមួយ​អ្នក​តវ៉ា​និង​សមាជិក​សភា​គណបក្ស​ប្រឆាំង ដែល​ចោទ​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន អំពី​ការ​រៀបចំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​មនុស្ស​មួយ​ចំនួន​នោះ លោក ម៉ម រ៉ាឌី បាន​និយាយ​ថា លោក​មិន​បាន​ដឹង​គ្រប់​ជ្រុងជ្រោយ​ដែល​ទាក់ទង​នឹង​ស្ថានការណ៍​នយោបាយ ដើម្បី​ធ្វើ​អត្ថាធិប្បាយ​ទេ។​ លោក​និយាយ​ថា “ខ្ញុំ​មិន​ដឹង​រឿង​នឹង​ទាំង​មូល​ទេ។ ខ្ញុំ​ខ្វល់​ច្រើន​[អំពី]​កន្លែង​ដែល​ខ្ញុំ​ចាប់​កំណើត”។

លោក ម៉ម រ៉ាឌី បាន​ជាប់​ឆ្នោត​នៅ​ខែ​នេះ​ជា​តំណាង​រាស្ត្រ​ក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត។ ក្រុង​ឡូវែល​មាន​ចំនួន​ប្រជាជន​ខ្មែរ​សញ្ជាតិ​អាមេរិក​ច្រើន​បំផុត​ទី​២​រស់​នៅ​អាមេរិក គឺ​មាន​ប្រហែល​៣0.000​នាក់។ លោក រ៉ាឌី បាន​ទៅ​រស់​នៅ​អាមេរិក​ជាមួយ​គ្រួសារ​របស់​លោក​កាលពី​ឆ្នាំ​១៩៨២ បន្ទាប់ពី​ភៀស​ខ្លួន​ពី​របប​ខ្មែរ​ក្រហម និង​បាន​រស់​នៅ​ក្នុង​ជំរំ​ថៃ​មួយ​កន្លែង​ជាច្រើន​ឆ្នាំ។

កាលពី​ថ្ងៃ​អាទិត្យ លោក រ៉ាឌី បាន​និយាយ​ថា លោក​សង្ឃឹម​ថា រឿង​របស់​លោក​នឹង​ជំរុញ​ទឹក​ចិត្ត​មិន​ត្រឹមតែ​អ្នក​បោះឆ្នោត​ក្នុង​មណ្ឌល​របស់​លោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំងជំរុញ​ទឹកចិត្ត​​យុវជន​ខ្មែរ​ផង​ដែរ។

លោក​បាន​ឲ្យ​ដឹង​ថា “ខ្ញុំ​បាន​ទៅ​សហរដ្ឋ​កាលពី​ឆ្នាំ​១៩៨២​ដោយ​មិន​ចេះ​អង់គ្លេស​មួយ​ម៉ាត់​ផង។ ខ្ញុំ​ចង់​ឲ្យ​បង​ប្អូន​ដឹង​…​មិន​ថាតើ​ពួកគេ​នៅ​សហរដ្ឋ​អាមេរិក ឬ​នៅ​ទី​នេះ គឺ​ជំរុញ​ពួកគេ​ឲ្យ​ខិតខំ​ឡើង មាន​មោទនភាព​ចំពោះ​អ្វី​ដែល​ពួកគេ​ចង់​ឃើញ​ឲ្យ​ផ្លាស់​ប្តូរ។ កុំ​គ្រាន់តែ​ចង់​បាន ប៉ុន្តែ​ត្រូវ​ខិតខំ​ឡើង និង​ត្រូវ​ធ្វើ​អ្វី​ម្យ៉ាង”៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស