សមាជិកសភាគណបក្សប្រឆាំងមួយរូបបានស្នើឲ្យព្យួរការងារលោក ឡេង ប៉េងឡុង អគ្គលេខាធិការសភាជាតិ បន្ទាប់ពីមានការចោទថា លោកមិនព្រមបញ្ជូនលិខិតសភាផ្លូវការទៅជូនលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំបំភ្លឺអំពីការប្រើប្រាស់ស្លាកលេខយោធាជាទូទៅ។
លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា លិខិតមួយច្បាប់ដែលលោកបានផ្ញើជូនលោក ហ៊ុន សែន បានទទួលការយល់ព្រមនិងចុះហត្ថលេខាពីលោក ហេង សំរិន ប្រធានសភា តាមពិធីការសភា កាលពីថ្ងៃទី១៤ខែវិច្ឆិកា ប៉ុន្តែថា លោក ប៉េងឡុង បានផ្ញើលិខិតនោះទៅលោកឧបនាយករដ្ឋមន្ត្រី សុខ អាន ទៅវិញ។
លោកបានមានប្រសាសន៍ថា “ខ្ញុំបានដាក់លិខិតទៅសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំការបំភ្លឺទាក់ទិននឹងការប្រើស្លាកលេខ ប៉ុន្តែ លោក ឡេង ប៉េងឡុង បានបញ្ជូនលិខិតនោះទៅលោក សុខ អាន ទៅវិញ”។
លោកបានមានប្រសាសន៍ទៀតថា “នៅពេលណាលោក ហេង សំរិន ផ្តល់ការយល់ព្រមជាលាយលក្ខណ៍អក្សរលើលិខិតណាមួយត្រូវបញ្ជូនទៅនាយករដ្ឋមន្ត្រី លោក ឡេង ប៉េងឡុង គ្មានសិទ្ធិមិនបញ្ជូនវាទៅនាយករដ្ឋមន្ត្រី ដោយមានលេសថា វានឹងរំខានសម្តេច [លោក ហ៊ុន សែន] នោះទេ”។
លោក សំអាន បានមានប្រសាសន៍ថា លោកបានផ្ញើលិខិតមួយច្បាប់ទៀតទៅលោក ហេង សំរិន ស្នើឲ្យលោកពិចារណាព្យួរការងារលោក ប៉េងឡុង ដែលមិនអាចទាក់ទងសុំការពន្យល់បានទេ៕មានិត