38.1 C
Phnom Penh

រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​បរិស្ថាន​​​ស្នើ​​​សុំ​​​ឲ្យ​​​​​​មាន​​​ការ​​​អត់​​​ធ្មត់​​​ទាក់​​​ទិន​​​នឹង​​​គម្រោង​​​សាង​​​សង់​​​ទំនប់​​​វារី​​​អគ្គិសនី​​​​​​អារ៉ែង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលម​​​ិញ លោក សាយ សំអាល់ រដ្ឋ​​មន្ត្រី​​​ក្រសួង​​​បរិស្ថាន​​​បាន​​​ស្នើ​​​ឲ្យ​​​សកម្ម​​​ជន​​​ការ​​​ពារ​​​បរិស្ថាន​​​ និង​​​អ្នក​​​នយោបាយ​​​មក​​​ពី​​​គណបក្ស​​​ប្រឆាំង​​​អត់​​​ធ្មត់​​​ ខណៈ​​​ការ​​​វាយ​​​តម្លៃ​​​កំពុង​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​លើ​​​ផល​​​ប៉ះពាល់​​​នៃ​​​​​​គម្រោង​​​សាង​​​សង់​​​​​​ទំនប់​​​វារី​​​អគ្គិសនី​​​​​​​​​ដ៏​​​ចម្រូង​​​ចម្រាស​​​នៅ​​​ក្នុង​​​តំបន់​​​ជ្រលង​​​អារ៉ែង ខេត្ត​​​កោះ​​​កុង។assembly

គណៈ​​​កម្មការ​​​កសិកម្ម​​​នៅ​​​​​​​រដ្ឋ​​​សភា​​​ដែល​​​ដឹក​​​នាំ​​​ដោយ​​​លោក ប៉ុល ហំម​​​ សមាជិក​​​សភា​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​កោះ​​​ហៅ​​​លោក សាយ​​​ សំអាល់​​​ មក​​​សភា​​​កាល​​​ពី​​​ម្សិលមិញ​​​ ដើម្បី​​​ឆ្លើយ​​​សំណួរ​​​លើ​​​ប្រធាន​​​បទ​​​​​​មួយ​​​ចំនួន​​​​​​​​​រួម​​​ទាំង​​​គម្រោង​​​សាង​​​សង់​​​ទំនប់​​​វារី​​​អគ្គិសនី​​​ស្ទឹង​​​ឆាយ​​​អារ៉ែង កម្លាំង​​​១០៨​​​មេហ្គាវ៉ាត់​​​ផង​​​ដែរ​​​។

កាល​​​ពី​​​សប្តាហ៍​​​មុន លោក​​​ ប៉ុល​​​ ហំម បាន​​​ជិះ​​​​​​ឧទ្ធម្ភាគចក្រ​​​​​​ទៅ​​​កាន់​​​តំបន់​​​​​​​​​ដែល​​​គេ​​​គ្រោង​​​សាង​​​សង់​​​ទំនប់​​​វារីអគ្គិសនី​​​​​​នេះ​​​ ហើយ​​​​​​បាន​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ បន្ទាប់​​​ពី​​​កិច្ច​​​ប្រជុំ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា លោក​​​បាន​​​​​​ធ្វើ​​​របាយការណ៍​​​ស្តី​​​ពី​​​ការ​​​សិក្សា​​​របស់​​​លោក​​​ផ្ញើ​​​ជូន​​​លោក សាយ​​​ សំអាល់​​​ រួច​​​ហើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “គណៈកម្មការ​​​ទី​​​៣ ​​​បាន​​​ចុះ​​​ទៅ​​​តំបន់​​​អារ៉ែង​​​។ បន្ទាប់​​​ពី​​​​​​យើង​​​បាន​​​ឃើញ​​​ដោយ​​​ផ្ទាល់​​​ភ្នែក​​​​​​ និង​​​បាន​​​ជួប​​​ជា​​​មួយ​​​ប្រជា​​​ជន ​​​យើង​​​ឃើញ​​​ថា វានឹង​​​មាន​​​ផល​​​ប៉ះពាល់​​​​​​លើ​​​វប្បធម៌​​​ ជីវភាព​​​ប្រចាំ​​​ថ្ងៃ​​​របស់​​​ពួក​​​​​​គាត់​​​ ​​​​​​ ព្រៃ​​​ឈើ និង​​​ជីវិត​​​សត្វ​​​ព្រៃ​​​ប្រសិនបើ​​​​​​ទំនប់​​​វារីអគ្គិសនី​​​នេះ​​​ត្រូវ​​​បាន​​​​​​សាង​​​សង់​​​ឡើង​​​”។

លោក ប៉ុល ហំម​​​ បាន​​​លើក​​​ឡើង​​​ថា គណៈកម្មការ​​​​​​ក៏​​​បាន​​​ស្នើ​​​ឲ្យ​​​លោក​​​ សាយ​​​ សំអាល់ ជួយ​​​​​​ជំរុញ​​​ឲ្យ​​​មាន​​​ការ​​​បង្កើត​​​ច្បាប់​​​ដ៏​​​ជាក់​​​លាក់​​​មួយ​​​ ដែល​​​តម្រូវ​​​ឲ្យ​​​មាន​​​ការ​​​វាយ​​​តម្លៃ​​​ពី​​​ផល​​​ប៉ះ​​​ពាល់​​​បរិស្ថាន​​​ជំនួស​​​ឲ្យ​​​អនុក្រឹត្យ​​​ដែល​​​មាន​​​ស្រាប់​​​ផង​​​ដែរ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ក្រៅ​​​ពី​​​បញ្ហា​​​ទាំង​​​នេះ ​​​យើង​​​បាន​​​ស្នើ​​​ឲ្យ​​​ឯក​​​ឧត្តម​​​រដ្ឋមន្ត្រី​​​​​​ពិភាក្សា​​​អំពី​​​ការ​​​វាយ​​​តម្លៃ​​​​​​ពី​​​ផល​​​ប៉ះពាល់​​​បរិស្ថាន​​​​​​នៅ​​​ថ្នាក់​​​តំបន់​​​មិនមែន​​​គ្រាន់​​​តែ​​​នៅ​​​ថ្នាក់​​​មូល​​​ដ្ឋាន​​​នោះ​​​ទេ​​​ ព្រោះ​​​មាន​​​កន្លែង​​​ខ្លះ​​​ដូច​​​ជា​​​ប្រទេស​​​ឡាវ​​​ជា​​​ដើម​​​ គឺ​​​កំពុង​​​តែ​​​​​​សាង​​​សង់​​​ទំនប់​​​​​​វារីអគ្គី​​​សនី​​​ដែល​​​អាច​​​ប៉ះ​​​ពាល់​​​ដល់​​​ប្រទេស​​​កម្ពុជា​​​”។

បន្ទាប់​​​ពី​​​កិច្ច​​​ប្រជុំ​​​របស់​​​គណៈកម្មការ​​​នេះ​​​រួច លោក សាយ សំអាល់ បាន​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ថា លោក​​​បាន​​​ប្រាប់​​​លោក​​​ ប៉ុល ហំម​​​ ឲ្យ​​​អត់​​​ធ្មត់ ខណៈ​​​ការ​​​វាយ​​​តម្លៃ​​​អំពី​​​ផល​​​ប៉ះពាល់​​​បរិស្ថាន​​​កំពុង​​​ត្រូវ​​​​​បាន​​​​​​ធ្វើ​​​ឡើង​​​លើ​​​គម្រោង​​​សាង​​​សង់​​​ទំបន់​​​វារី​​​អគ្គិសនី​​​នេះ​​​។

លោក សាយ​​​ សំអាល់ បាន​​​មាន​​​ប្រសាសន៍​​​ថា “សម្រាប់​​​អារ៉ែង​​​ សុំ​​​ផ្តល់​​​ឱកាស​​​​​​ឲ្យ​​​យើង​​​ធ្វើ​​​ការ​​​វាយ​​​តម្លៃ​​​ឲ្យ​​​បាន​​​ហ្មត់​​​ចត់​​​ជា​​​មុន​​​សិន​​​។​​​សេចក្តី​​​សម្រេច​​​ថា តើ​​​​​​ត្រូវ​​​សាង​​​សង់​​​ ឬមិន​​​សាង​​​សង់​​​គឺ​​​ជា​​​រឿង​​​មួយ​​​ផ្សេង​​​ ប៉ុន្តែ យើង​​​ចាំ​​​ចាច់​​​ត្រូវ​​​តែ​​​ធ្វើ​​​ការ​​​សិក្សា​​​នៅ​​​ពេល​​​ឥឡូវ​​​នេះ”។

អ្នក​​​ភូមិ​​​ដែល​​​រស់​​​នៅ​​​ជុំ​​​វិញ​​​ជ្រលង​​​អារ៉ែង​​​​​​កំពុង​​​ព្រួយ​​​បារម្ភ​​​ខ្លាច​​​ក្រែង​​​​​​រដ្ឋាភិបាល​​​អនុ​​​ម័ត​​​គម្រោង​​​សាង​​​សង់​​​ទំនប់​​​វារីអគ្គិសនី​​​នេះ​​​ ដោយ​​​មិន​​​ខ្វល់​​​ពី​​​​​​លទ្ធផល​​​នៃ​​​ការ​​​វាយ​​​តម្លៃ​។ ក្តី​​​ព្រួយ​​​បារម្ភ​​​ទាំង​​​នេះ​​​បាន​​​កើត​​​មាន​​​ឡើង​​​នៅ​​​ពេល​​​​​​ក្រុមហ៊ុន​​​សំណង់​​​ចិន​​​មួយ​​​បាន​​​ប្រកាស​​​កាល​​​ពី​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​ថា ខ្លួន​​​​​​បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​កិច្ច​​​សន្យា​​​មួយ​​​​​​ជា​​​មួយ​​​ក្រុម​​​ហ៊ុន​​​ដែល​​​គាំទ្រ​​​គម្រោង​​​​​​សាង​​​សង់​​​ទំនប់​​​វារីអគ្គិសនី​​​នេះ​​​។

រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​បរិស្ថាន​​​​​​​​​​​​​​​​​បាន​​​ស្នើ​​​សហគមន៍​​​មូល​​​ដ្ឋាន​​​កុំ​​​ឲ្យ​​​រារាំង​​​ដល់​​​ដំណើរ​​​ការ​​​នៃ​​​ការ​​​វាយ​​​តម្លៃ​​​បែប​​​នេះ​​​​​​។

​​​លោក​​​ សាយ​​​ សំអាល់​​​ បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា “ប្រសិនបើ​​​ការ​​​សិក្សា​​​ត្រូវ​​​បាន​​​រារាំង​​​ ខ្ញុំ​​​គិត​​​ថា វា​​​គឺ​​​ជា​​​បញ្ហា​​​ ហើយ​​​យើង​​​មិន​​​គួរ​​​ដើរ​​​ផ្លូវ​​​នេះ​​​ទៀត​​​ទេ​​​”។​ លោក​​​ក៏​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ដែរ​​​​ថា ច្បាប់​​​ដ៏​​​ជាក់​​​លាក់​​​មួយ​​​ស្តី​​​ពី​​​ការ​​​វាយ​​​តម្លៃ​​​​​​អំពី​​​​​​ផល​​​ប៉ះ​​​ពាល់​​​លើ​​​បរិស្ថាន​​​​​​​​​កំពុង​​​ត្រូវ​​​បាន​​​ធ្វើ​​​សេចក្តី​​​ព្រាង​​​រួច​​​ហើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​ព្យាយាម​​​អស់​​​ពី​​​សមត្ថភាព​​​ ដើម្បី​​​ទទួល​​​បាន​​​ការ​​​ផ្តល់​​​យោបល់​​​ពី​​​គ្រប់​​​ទិស​​​ទី​​​ទាំង​​​អស់​​​សម្រាប់​​​ច្បាប់​​​នេះ​​​ ព្រោះ​​​យើង​​​សង្ឃឹម​​​ថា ការ​​​អនុវត្ត​​​​​​នឹង​​​មាន​​​ប្រសិទ្ធ​​​ភាព​​​នៅ​​​ពេល​​​ច្បាប់​​​នេះ​​​ស្ថិត​​​នៅ​​​ចំពោះ​​​មុខ​​​រដ្ឋ​​​សភា​​​”៕ស៊ុយ​​​ឈាង​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស