27 C
Phnom Penh

ចំណុច​ជាប់​គាំង​នៅ​តែ​មាន​ ខណៈ​គណបក្ស​ទាំង​ពីរ​​បោះ​ជំហាន​​ឆ្ពោះ​ទៅ​រក​កិច្ចព្រមព្រៀង​បង្កើត​ គ.ជ.ប. ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​​កំពុង​កាន់​អំណាច និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា ការ​ពិភាក្សា​បច្ចេកទេស​ជុំវិញ​ការ​បង្កើត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.) ថ្មី​ បាន​បញ្ចប់​ហើយ ហើយ​ថា ពេល​នេះ​វា​អាស្រ័យ​លើ​​មេដឹកនាំ​​កំពូល​របស់​គណបក្ស​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​។

​​​​​​​ កាលពី​ម្សិល​មិញ លោក សម រង្ស៊ី ប្រធាន​គណបក្ស​​​សង្គ្រោះជាតិ​ ក៏​បាន​មាន​ប្រសាសន៍​​ដែរ​ថា លោក​នឹង​ព្យាយាម​ទាក់​ទង​ទៅ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​​ទៀត​នេះ​ដើម្បី​ពន្លឿន​ការ​បង្កើត​ គ.ជ.ប. ថ្មី។

ក្រុម​ការ​ងារ​មួយ​ដែល​​សមាជិក​របស់​ខ្លួន​មាន​សមាសភាព​មកពី​គណបក្ស​ទាំង​ពីរ បាន​ជួប​ប្រជុំ​គ្នា​ជា​ទៀង​ទាត់​នៅ​ឯ​រដ្ឋសភា​​​ដើម្បី​​ពិភាក្សា​អំពី​ច្បាប់​ថ្មី​នេះ ដូច​ដែល​បាន​ព្រមព្រៀង​​គ្នា​ក្នុង​កិច្ច​ព្រមព្រៀង​នយោបាយ​មួយ​កាលពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ដែល​នឹង​ត្រូវ​លើក​យក​ទៅ​អនុម័ត​នៅ​រដ្ឋសភា​ដើម្បី​បង្កើត​ គ.ជ.ប. ថ្មី​។

លោក គួយ ប៊ុនរឿន មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​​ដែល​បាន​ដឹក​នាំ​​គណបក្ស​របស់​លោក​នៅ​ក្នុង​ការ​ចរចា​នេះ បាន​ទទួល​ស្គាល់​កាលពី​ម្សិលមិញ​ថា បញ្ហា​​ដែល​ខ្វែង​គំនិត​ខ្លាំង​បំផុត​ រួម​​ទាំង​ថា តើ​អ្នក​ដែល​មាន​សញ្ជាតិ​ពីរ​គួរ​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​កាន់​មុខ​តំណែង​​​នៅ​ក្នុង​ស្ថាប័ន​បោះ​ឆ្នោត​ថ្មី​នេះ​ឬយ៉ាង​ណា​ផង​ដែរ​​នោះ នៅ​មិន​ទាន់​ដោះ​ស្រាយ​នៅ​ឡើយ​ទេ​។

ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍​ថា កាលពី​ម្សិលមិញ ​គណបក្ស​​ទាំង​ពីរ​បាន​ព្រមព្រៀង​ថា ច្បាប់​​ថ្មី​នេះ​នឹង​ចែង​ថា ​ប្រធាន​ អនុប្រធាន​ និង​សមាជិក​​ប្រាំពីរ​រូប​ផ្សេង​ទៀត​របស់​ គ.ជ.ប. ត្រូវ​តែ​ទទួល​បាន​ការ​តែង​តាំង​៦​​ខែ​មុន​ពេល​បង្កើត​សភា​ថ្មី។

លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា “យើង​បាន​បញ្ចប់​ការ​ងារ​បច្ចេកទេស​ទាំង​ស្រុងហើយ​​​នៅ​ថ្ងៃ​នេះ ប៉ុន្តែ​យើង​នឹង​ជួប​គ្នា​ម្ដង​ទៀត​នៅ​សប្ដាហ៍​ក្រោយ ដើម្បី​ពិនិត្យ​ផ្ទៀង​ផ្ទាត់​​អ្វី​ដែល​យើង​បាន​​ និង​មិន​ទាន់​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​ ហើយ​បន្ទាប់​មក​រាយ​ការណ៍​ទៅ​ថ្នាក់​ដឹកនាំ​”។

គួរ​រំឭក​ថា តំណាង​រាស្ត្រ​​ទាំង​៥៥​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​យល់ព្រម​បញ្ចប់​ការ​ធ្វើ​ពហិការ​មិន​ចូល​សភារយៈ​ពេល​១០​ខែ​​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ជា​ថ្នូរ​នឹង​ការ​ធ្វើ​កំណែទម្រង់​ គ.ជ.ប. ដែល​បច្ចុប្បន្ន​គ្រប់​គ្រង​ដោយ​មន្ត្រី​ដែល​មាន​ភក្ដី​ភាព​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា។

ស្ថិត​ក្រោម​កិច្ចព្រមព្រៀង​នេះ​ គណបក្ស​នីមួយៗ​នឹង​ត្រូវ​ជ្រើស​តាំង​សមាជិក​៤រូប​របស់​ខ្លួន​ ហើយ​បន្ទាប​់​មក​ធ្វើ​ការ​សម្រេច​រួមគ្នា​ដើម្បី​ជ្រើស​រើស​បេក្ខភាព​អព្យាក្រឹត​មួយ​រូបទៀត​​​សម្រាប់​តំណែងទី៩។ ប្រសិន​បើ​គណបក្ស​ទាំង​ពីរ​​​មិន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​លើបង្កើត​​​ គ.ជ.ប.ថ្មី​ទេ​នោះ ស្ថាប័ន​បោះ​ឆ្នោត​បច្ចុប្បន្ន​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា​​នេះ​ នឹង​​ត្រូវ​រក្សា​ទុក​ដដែល​។

នៅ​ក្នុង​សប្ដាហ៍​ដដែល​ក្រោយ​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា គណបក្ស​ទាំងពីរ​បាន​លើក​ឡើង​ថា ខ្លួន​បាន​ជ្រើស​រើស​លោកស្រី ពុង ឈីវកេក ​ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​លីកាដូ​ សម្រាប់​តំណែង​ទី៩​​នេះ។ ប៉ុន្តែ​នៅ​ក្នុង​ការ​ចរចា​ថ្មីៗ​នេះ​ គណបក្ស​ប្រជាជន​កម្ពុជា ​បាន​លើក​ឡើង​ថា ​ពេល​នេះ​ខ្លួន​ចង់​ហាម​ឃាត់​អ្នក​ដែល​មាន​សញ្ជាតិ​​​ពីរ​មិន​ឲ្យ​កាន់​មុខតំណែង​នៅ​ក្នុង​ គ.ជ.ប.ថ្មីឡើយ​។

សូម​បញ្ជាក់​ថា លោកស្រី ពុង ឈីវកេក មាន​សញ្ជាតិ​ចំនួន​បី​​​ គឺ​សញ្ជាតិ​ខ្មែរ សញ្ជាតិ​កាណាដា និង​សញ្ជាតិ​បារាំង​។

លោកឧបនាយក​រដ្ឋមន្ត្រី ប៊ិន ឈិន ​​​បាន​ដឹក​នាំ​គណៈប្រតិភូ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា ​នៅក្នុង​ការ​ចរចា​នេះ ​បាន​គូស​បញ្ជាក់​ជា​ថ្មី​ម្ដង​ទៀតកាលពី​ម្សិលមិញ​ថា ការ​ទាម​ទារ​បែប​នេះ​គ្មាន​បំណង​រារាំង​លោកស្រី​ ពុង ឈីវកេក មិន​ឲ្យ​កាន់​មុខ​តំណែង​របស់​លោកស្រី​នៅ​ក្នុង​ គ.ជ.ប. ថ្មី​ឡើយ​។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា “ដូច​​ខ្ញុំ​បាន​លើក​ឡើងពី​មុន​អញ្ចឹង​ បញ្ហា​សញ្ជាតិ​មិនមែន​តាក់​តែង​​ក្នុង​បំណង​​បាញ់​ឆ្ពោះ​ទៅ​​រក​នរណា​ម្នាក់​ឲ្យ​ប្រាកដ​នោះ​ទេ​​។ ជាការ​ពិត​ វា​កើត​ចេញពី​គណបក្ស​នយោបាយ​ជា​ដៃគូ​ដែល​ចង់​ឲ្យ​ គ.ជ.ប. ‘ល្អ​ឥត​ខ្ចោះ’ ឯករាជ្យ​ មាន​អព្យាក្រឹត​ និង​ជា​ពិសេស​ដើម្បី​ដាក់​ស្ថាប័ន​នេះ​​ឲ្យ​ក្លាយ​ជា​ស្ថាប័ន​ធម្មនុញ្ញ ខណៈ​បច្ចុប្បន្ន​​​វា​មិន​ទាន់​”។

លោក ប៊ិន ឈិន បាន​ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ​​​គាំទ្រ​ការ​ទាម​ទារ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា ហើយ​បាន​លើក​ឡើង​ថា សមាជិក​ គ.ជ.ប.ថ្មី ដែល​ស្ថិត​ក្រោម​ប្រព័ន្ធ​បែប​នេះ​ “នឹង​ត្រូវ​បោះ​បង់​​សញ្ជាតិ​ពីរ​ ឬបី​របស់​ខ្លួន​ចោល ហើយ​ទុក​តែ​សញ្ជាតិ​ខ្មែរ​”។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “យើង​ចង់​ឲ្យ​វា​ល្អ​ខ្លាំង​ ដូច្នេះ​ហើយ​យើង​បាន​ព្រមព្រៀង​គ្នា​ថា ត្រូវ​តែ​មាន​សញ្ជាតិ​មួយ​ និង​គ្មាន​សាច់​សា​លោហិត​ [ក្នុង​ចំណោម​សមាជិក]”។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​បាន​មាន​​ប្រសាសន៍​ថា ដំណោះស្រាយ​នៅ​ក្នុង​កិច្ច​ប្រជុំ​កាលពី​ម្សិលមិញ​ បាន​បង្ហាញ​ពី​ការ​វិវឌ្ឍ​ពី​សេចក្ដី​ព្រាង​ច្បាប់​មុន​នេះ ដែល​បានរាប់​បញ្ចូល​លក្ខខណ្ឌ​​តម្រូវ​ឲ្យ​អគ្គលេខាធិការ​ គ.ជ.ប. មាន​​បទ​ពិសោធន៍​​ប្រាំ​​ឆ្នាំ​នៅ​ក្នុង​ស្ថាប័ន​មួយ​នេះ។

​លោក​បាន​​មាន​ប្រសាសន៍​ទៀត​ថា “យើង​ទើប​តែ​ទទួល​បាន​​ព័ត៌មាន​ផ្ដល់​មក​វិញ​នេះ​ ហើយ​ខ្ញុំ​មាន​បំណង​ដោះ​ស្រាយ​ចំណុច​ដែល​នៅ​សេស​សល់ដ៏​សំខាន់​នេះ​​នៅ​ពីរ​បី​ថ្ងៃ​​ខាង​មុខ​។ យើង​នឹង​ជជែក​គ្នា​ម្ដងទៀត​​រវាង​ថ្នាក់​ដឹកនាំ​កំពូល​នៃ​គណបក្ស​​ទាំង​ពីរ​។ នេះ​ [បញ្ហា​សញ្ជាតិ​] គឺ​ជា​ចំណុច​សំខាន់​​ដែល​នៅ​សេសសល់​ ហើយ​ប្រពន្ធកូន​របស់​ប្រធាន​គណបក្ស​ មិន​ត្រូវ​បាន​​អនុញ្ញាត​ឲ្យ​ដាក់​ពាក្យ​ទេ។ ប៉ុន្តែ​រឿង​នោះមិន​សូវ​សំខាន់​ទេ​”។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ ក៏​បាន​លើក​ឡើង​ដែរ​ថា គណបក្ស​ប្រជាជន​កម្ពុជា​​កំពុង​ជំរុញ​ឲ្យ​​ផ្ដល់​អំណាច​ប្រតិបត្តិ​ពិសេស​ដល់​ប្រធាន​ គ.ជ.ប. ដែល​​​មិន​អាច​វ៉េតូ​បាន​តាម​រយៈ​ការ​បោះ​ឆ្នោត​របស់​ស្ថាប័ន​​ដែល​មាន​សមាជិក​ប្រាំបួន​រូប​នេះ​។

លោក​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា “ក្នុង​ចំណោម​​សមាជិក​ទាំង​ប្រាំបួនរូប​ យើង​ចង់​បាន​សេចក្ដី​សម្រេច​ណាមួយ​​ដែល​ទទួល​បានការ​គាំទ្រ​ពី​សមាជិក​យ៉ាង​តិច​ណាស់​ប្រាំរូប​។ ពួកគាត់​ចង់​ផ្ដល់​អំណាច​ធ្វើ​សេចក្ដី​សម្រេច​​ដល់​ប្រធាន​លើ​បញ្ហា​នានា​​ ដូច​ជាការ​តែង​តាំង​អគ្គលេខាធិការ​ជាដើម​”។

កាល​ពី​ខែ​តុលា លោក ព្រុំ សុខា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ បាន​លើក​ឡើង​នៅ​ក្នុង​បទ​សម្ភាស​តាម​វិទ្យុ​មួយ​ថា គណបក្ស​ប្រជាជន​កម្ពុ​ជា​ បាន​ព្រមព្រៀង​ចំពោះ​ការ​ធ្វើ​កំណែ​ទម្រង់​ គ.ជ.ប. ក៏​ព្រោះ​តែ​គណបក្ស​នេះ​​យល់​ថា ​ខ្លួន​នឹង​បន្ត​គ្រប់គ្រង​​តំណែង​ជា​ប្រធាន​នៃ​ស្ថាប័ន​បោះ​ឆ្នោត​មួយ​នេះ។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា ​លោក​ជឿ​ថា គណបក្ស​កាន់​អំណាច​ចង់​បាន​តំណែង​នេះ​ ហើយ​ថា ពួកគេ​នឹង​ព្យាយាម​​យក​តំណែង​នេះ​​តាម​រយៈ​ការទាម​ទារ​​ឲ្យ​មាន​ “​ការ​បោះ​ឆ្នោត​កញ្ចប់​” នៅ​ក្នុង​រដ្ឋសភា​​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ដើម្បី​អនុម័ត​រួម​គ្នា​​លើ​សមាជិក​ទាំង​​ប្រាំបួន​រូប​​របស់ គ.ជ.ប.ថ្មី​។

លោក​បាន​លើក​ឡើង​បន្ត​ថា “វា​នឹង​ត្រូវ​បាន​បញ្ជាក់​ក្នុង​ចំណោម​សមាជិក​ទាំង​ប្រាំបួន​រូប​នោះ​ ដែល​នឹង​ក្លាយ​ជា​ប្រធាន​ និង​អនុប្រធាន ហើយ​រដ្ឋសភា​នឹង​អនុម័ត​កញ្ចប់​នេះ​រួម​គ្នា​”។

ប៉ុន្តែ​​ទោះបី​ជាមាន​បញ្ហា​ជាប់​គាំង​នៅ​សេស​សល់​ដែល​​នៅ​តែ​គ្មាន​ការ​កែប្រែ​ក្នុង​រយៈ​​ពេល​២​ខែ​មក​នេះ​ក្ដី ក៏លោក​ សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា លោក​មាន​សង្ឃឹម​ថា នឹង​មាន​ដំណោះ​ស្រាយក្នុង​ពេល​ឆាប់ៗ។ លោក​បាន​លើក​ឡើង​ទៀត​ថា “ពេល​ខ្លះ រឿង​រ៉ាវ​ហាក់​ដូច​ជា​មិន​​អាច​ជម្នះ​បាន ប៉ុន្តែ​នៅ​ទីបំផុត ​ឧបសគ្គអ្វី​ក៏​អាច​ដោះ​ស្រាយ​បាន​ដែរ​”៕ សុខុម​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស