អគ្គិភ័យបានឆាបឆេះផ្សារចាស់នៅក្នុងរាជធានីភ្នំពេញកាលពីព្រឹកម្សិលមិញ ដោយធ្វើឲ្យតូបរាប់រយនៅក្នុងផ្សារប្រវត្តិសាស្ត្រនេះត្រូវឆេះខ្ទេច ហើយធ្វើឲ្យតូបរាប់រយផ្សេងៗទៀតរងការខូចខាត មុនពេលរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងអាចគ្រប់គ្រងអគ្គិភ័យនេះបាននៅរយៈពេលជាងពីរម៉ោងក្រោយ។
លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ ដែលអមដំណើរជាមួយអ្នកពន្លត់អគ្គិភ័យទៅកន្លែងកើតហេតុបានឲ្យដឹងថា ផ្សារចាស់ដែលមកទល់ពេលកាលពីម្សិលមិញ ជាកន្លែងដែលមានតូបជិត១.០០០ និងដែលមានអ្នកលក់ដូរតាមផ្លូវព័ទ្ធជុំវិញជារៀងរាល់ថ្ងៃនៅមិនទាន់បើកទ្វារនៅឡើយទេ ពេលអគ្គិភ័យបានឆាបឆេះឡើងនៅចំណុចកណ្តាលនៃផ្សារ មុនម៉ោង៧និង៣០នាទី។ហើយប្រសិនបើផ្សារនេះបានបើកទ្វារវិញនោះ ម្លេ៉ះអគ្គិភ័យប្រហែលជាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សជាច្រើននាក់។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា “យើងបានចុះទៅផ្សារចាស់នៅព្រឹកមិញនេះ នៅពេលអគ្គិភ័យបានកើតឡើង ហើយខ្ញុំគិតថា ក្នុងចំណោមតូចចំនួន៩១៤ មានតូបជាង៣០០ត្រូវបានឆាបឆេះអស់ ប៉ុន្តែ គ្មានអ្នកស្លាប់ និងរបួសឡើយ។ ក្តីព្រួយបារម្ភដ៏ធំរបស់យើងគឺការពារអាយុជីវិតអាជីវករ ហេតុដូច្នេះយើងមិនបានគិតអំពីមូលហេតុ ដែលបង្កឲ្យកើតមានអគ្គិភ័យ ឬទំហំនៃការខូចខាតនោះទេ”។
នៅពេលអ្នកពន្លត់អគ្គិភ័យបានមកដល់ អណ្ដាតភ្លើងបានឆាបឆេះដល់ច្រកទ្វារមុខភាគខាងកើតទៅហើយ។ អាជីវករបានប្រញាប់ប្រញាល់យករបស់បរតាមដែលខ្លួនអាចយកចេញបាន។
យោងតាមលោក ព្រំ យ៉ន នាយការិយាល័យពន្លត់អគ្គិភ័យរាជធានីភ្នំពេញបានឲ្យដឹងថា រថយន្តពន្លត់អគ្គិភ័យចំនួន២៩គ្រឿងមកពីអង្គភាពផ្សេងៗគ្នាចំនួនប្រាំមួយបានបើកក្រឡឹងជុំវិញផ្សារនេះ ដោយបានបាញ់ទឹកអស់៦៦០ម៉ែត្រគូប ដើម្បីពន្លត់អណ្ដាតភ្លើង។
ការឆាបឆេះផ្សារតែងតែកើតឡើងជារឿយៗនៅក្នុងប្រទេសកម្ពុជា ហើយជារឿយៗតែងតែបង្កឡើងដោយខ្សែភ្លើងដែលគ្មានសណ្តាប់ធ្នាប់ ហើយស្ថានភាពនេះវាកាន់តែធ្ងន់ធ្ងរទៅៗដោយសារគ្មានការអនុវត្តបទប្បញ្ញត្តិស្តីពីការពារសុវត្ថិភាព និងអគ្គិភ័យ។ កាលពីខែធ្នូ ឆ្នាំ២០១២ មនុស្សចំនួន៨អ្នកបានស្លាប់ក្នុងអគ្គិភ័យមួយដែលឆាបឆេះផ្សាររាត្រីដ៏មានប្រជាប្រិយភាពនៅក្នុងក្រុងសៀមរាប។
លោក ព្រំ យ៉ន បានមានប្រសាសន៍ថា “ខ្ញុំសូមអំពាវនាវដល់អាជីវករនៅផ្សារផ្សេងៗទាំងអស់មេត្តាប្រុងប្រយ័ត្ន ហើយត្រូវប្រាកដថា ខ្សែភ្លើងរបស់ខ្លួនមានសុវត្ថិភាព ហើយត្រូវតែមានបំពង់ពន្លត់អគ្គិភ័យនៅក្នុងតូបរបស់ខ្លួនជាប់ជានិច្ច”។
អ្នកស្រី សាន់ សុខលាភ អាយុ៣៨ឆ្នាំ ដែលតូបលក់គ្រឿងអលង្ការរបស់ខ្លួនរួចផុតពីអគ្គិភ័យនេះបាននិយាយថា វាមានការឆាបឆេះបន្តិចបន្តួចនៅម៉ោង៦និង៣០នាទីព្រឹក ប៉ុន្តែ ត្រូវសន្តិសុខផ្សារពន្លត់បានភ្លាម។ ប៉ុន្តែនៅពេលវាឆាបឆេះឡើងម្តងទៀត អណ្តាតភ្លើងបានឆាបឆេះខ្លាំងភ្លាមៗដោយមិនអាចគ្រប់គ្រងបាន។
អ្នកស្រី សុខលាភ បាននិយាយថា “ខ្ញុំកំពុងតែរៀបចំគ្រឿងអលង្ការដាក់លក់ ប៉ុន្តែ នៅពេលអគ្គិភ័យបានឆាបឆេះរាលដាល យើងបានរត់ចេញពីផ្សារ។ តូបរបស់ខ្ញុំបានរួចផុតពីការឆាបឆេះ ប៉ុន្តែ តូបលក់ខោអាវរបស់បងប្អូនស្រីខ្ញុំត្រូវឆេះគ្មានសល់”។
អាជីវករម្នាក់ទៀតឈ្មោះ សុខ លាង អាយុ៤២ឆ្នាំ បានឲ្យដឹងថា តូបលក់ខោអាវ ដែលលោកបានរកស៊ីអស់រយៈពេលជាង១០ឆ្នាំមកហើយ ត្រូវបានឆាបឆេះ ហើយខោអាវរបស់លោកត្រូវបានឆេះគ្មានសល់។ លោកបាននិយាយថា “ខ្ញុំបានខាតបង់ចន្លោះពី៦.០០០ដុល្លារទៅ៧.០០០ដុល្លារ ខ្ញុំមានអារម្មណ៍រន្ធត់ខ្លាំងណាស់”។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញ សាលារាជធានីបានលើកឡើងថា អគ្គិភ័យបានចាប់ផ្តើមនៅត្រង់ផ្នែកមួយនៃផ្សារជាកន្លែងដែលអាជីវករលក់មុង ភួយ ក្រណាត់ និងពូក ដែលជាប្រភេទទំនិញងាយនឹងឆាបឆេះ។ សេចក្តីថ្លែងការណ៍នេះមានខ្លឹមសារដូច្នេះថា “ដំបូងឡើយវាលំបាកក្នុងការពន្លត់អគ្គិភ័យ ព្រោះតូបនីមួយៗមានដំបូលស័ង្កសី ដែលជាហេតុធ្វើឲ្យពិបាកបាញ់ទឹកទៅក្នុងតូប”។
សេចក្តីថ្លែងការណ៍នេះក៏បានបកស្រាយពីពាក្យចចាមអារ៉ាម ដែលគេបង្ហោះ និងចែករំលែកតាមបណ្តាញទំនាក់ទំនងកាលពីម្សិលមិញ ដែលថា អគ្គិភ័យនេះកើតឡើងដោយសារតែគេលួចដុតក្នុងគោលបំណងយកកន្លែងនេះដើម្បីអភិវឌ្ឍផងដែរ។
សេចក្តីថ្លែងការណ៍នេះបានបកស្រាយដូច្នេះថា “សាលារាជធានីសូមច្រានចោលចំពោះការលើកឡើងរបស់សាធារណជនមួយចំនួន ដែលថា មាននរណាម្នាក់លួចដុតផ្សារនេះដើម្បីបើកផ្លូវឲ្យមានការអភិវឌ្ឍនោះ”។
តំបន់ផ្សារចាស់ដែលជាតំបន់ដ៏សំខាន់ស្ថិតនៅភាគខាងជើងវត្តភ្នំចន្លោះមហាវិថីនរោត្តម និងមាត់ទន្លេ ត្រូវបានគេសម្លឹងឃើញមកជាយូរហើយថា ជាកន្លែងសម្រាប់អភិវឌ្ឍដ៏មានសក្ដានុពល។ កាលពីខែមិថុនា ក្រុមហ៊ុនថៃមួយបានដាក់សំណើប្រែក្លាយតំបន់នេះទៅជាចំណតរថយន្ត ដែលមានកម្ពស់ប្រាំបីជាន់។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបានលើកឡើងកាលពីម្សិលមិញថា គ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានធ្វើឡើងដើម្បីអភិវឌ្ឍតំបន់នេះឡើយ។ លោកបានមានប្រសាសន៍ថា “យើងគ្មានគម្រោងសាងសង់អគារថ្មីនៅតំបន់ផ្សារចាស់នេះទេ ហើយក៏គ្មានការវិនិយោគឯកជន [ដើម្បីអភិវឌ្ឍតំបន់នេះ]ដែរ”។
មនុស្សរាប់រយនាក់បានបន្តដើររើសអ្វីដែលខ្លួនអាចយកបានមកវិញ ខណៈពេលនៅមានផ្សែងហុយៗនៅឡើយ រីឯអ្នករើសអេតចាយវិញបានទាញយកកម្ទេចកម្ទីលោហៈដាក់លើរទេះរបស់ខ្លួន កាលពីរសៀលម្សិលមិញ។
នៅពេលអង្គុយលើកៅអីមួយ លោក គួច ចំរើន អភិបាលខណ្ឌដូនពេញបានលើកឡើងថា អាជ្ញាធរនឹងធ្វើការទាំងយប់ដើម្បីបោសសំអាតតំបន់នេះ។ លោកបានបន្ថែមថា តូបដែលត្រូវបានឆាបឆេះ ហើយអាចរាប់ចំនួនបាននៅពេលនេះ គឺមានចំនួន២២៩តូប ដោយមានតូបរាប់រយផ្សេងទៀតត្រូវរងការខូចខាត។
លោកបានមានប្រសាសន៍ថា “យើងបានប៉ាន់ប្រមាណចំពោះទំហំទឹកប្រាក់ដែលបានខាតបង់គឺប្រហែល១,៥លានដុល្លារ។ រឿងដែលសំខាន់នៅពេលឥឡូវនេះ គឺត្រូវដើររករបស់របរដែលនៅសេសសល់ ហើយមើលថា តើយើងអាចយកអ្វីមកវិញបានខ្លះ ហេតុដូច្នេះអាជីវករទាំងអស់អាចវិលត្រឡប់មក ហើយសាងសង់តូបរបស់ខ្លួនឡើងវិញ”៕ស៊ុយឈាង