38.1 C
Phnom Penh

នគរបាល​​លើកឡើងថា ការ​បាញ់សម្លាប់​លោក អឹុង ម៉េងជឺ​ គឺដោយ​សារ​ វិវាទ​ទាក់​ទង​របរ​រកស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​បាន​និយាយ​កាលពី​ម្សិលមិញថា លោកឧកញ៉ា អឹុង ម៉េងជឺ ដែលត្រូវ​បាន​បាញ់​សម្លាប់​នៅខាងក្រៅ​ហាង​លក់​ផ្លែឈើ​មួួ​យ​ក្នុង​ខណ្ឌចំការ​មន​ រាជ​ធានី​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍នោះ ពាក់ព័ន្ធ​នឹងវិវាទ​​រកស៊ី។

លោក ជួន ណារិន ស្នងការ​រងនគរបាល​រាជ​ធានី​​ដែល​មន្ត្រី​របស់លោក​​កំពុង​សើុប​អង្កេត​​ករណី​នេះ​ជាមួយ​កងរាជ​អាវុធ​ហត្ថ និង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហា​ផ្ទៃ​​នោះ​បាន​មាន​ប្រសាសន៍ថា “​ក្រុម​សើុប​អង្កេត​​សន្និដ្ឋានថា ជា​អំពើ​មនុស្ស​ឃាតដោយ​គិត​ទុក​ជាមុន ទាក់​ទង​​វិវាទ​របរ​រកស៊ី​របស់​ជន​រងគ្រោះ”។

ឧត្តមសេនីយ៍ទោ​ ជួន ណារិន ​បាន​បដិសេធ​មិន​បង្ហាញ​ព័ត៌មាន​លម្អិត​​បន្ថែម​ណាមួយ​អំពី​ការ​សើុប​អង្កេត​នេះទេ ដោយ​លើកឡើង​ថា មិន​ទាន់​កំណត់​បាន​អត្ត​សញ្ញាណ​ជន​សង្ស័យ​នៅ​ឡើយ​ទេ។

លោក​បាន​បន្ថែម​ថា “យើង​​ត្រូវ​ពន្លឿន​ការ​សើុប​អង្កេត​”។ រូបភាព​កាមេរ៉ាសុវត្ថិភាពពី​ការ​ធ្វើឃាត​នេះ​បង្ហាញ​ពីខ្មាន់​កាំភ្លើងម្នាក់​​ដើរ​មក​ជិត​លោក អឹុង ម៉េងជឺ អាយុ​៥៣ឆ្នាំ ខណៈ​លោក​ចុះពី​រថយន្ត​ Lexus របស់លោក​នៅមុខ​ហាង​លក់​ផ្លែឈើ ឡោ តិចសេង ​ស្ថិត​នៅតាម​មហា​វិថី​ព្រះ​សីហនុ​​មុន​ពេល​បាញ់​គាត់​ជា​ច្រើន​គ្រាប់​ចំដងខ្លួន។ នគរបាល​លើកឡើង​ថា គាត់​ត្រូវ​គ្រាប់់​ចំនួន​ប្រាំមួយ​គ្រាប់។

លោក អឹុង ម៉េងជឺ ដែល​ទទួលបាន​ងារ​ជា​ឧកញ៉ា មាន​មុខជំនួញ​មួយ​ចំនួន​ និង​ជា​ប្រធាន​ក្រុមហ៊ុន Shimmex Group ដែលបុត្រសម្ព័ន្ធរបស់​ក្រុមហ៊ុន​នេះលក់​សម្ភារសំណង់​ គ្រឿង​អលង្ការ​ និង​ក្រុមហ៊ុន​អចលនទ្រព្យ។

លោក ម៉ៅ ចាន់រិទ្ធ អ​គ្គនាយក​ក្រុមហ៊ុន​ Seng Hong Heng Import & Export Co. Ltd របស់​ក្រុមហ៊ុន​ Shimmex ​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញថា ចៅហ្វាយ​របស់លោក​​កម្រ​​ធ្វើ​ដំណើរ​តែ​ម្នាក់ឯង​ណាស់។

លោក ចាន់រិទ្ធ​ បាន​មាន​ប្រសាសន៍ថា នៅយប់​នៃការ​ធ្វើ​ឃាត​នោះ លោក អឹុង ម៉េងជឺ បាន​ឲ្យ​អ្នក​បើក​បរ​របស់​លោក​យក​រថយន្ត​មួយ​គ្រឿង​ទៀត​ទៅ​ដឹ​ក​ជំនាង​ផ្ទះ​​និង​រាន​ទេវតា​ដែល​លោក​បាន​ទិញ​យកទៅដាក់​នៅ​កន្លែង​ថ្មី​របស់​ក្រុមហ៊ុន Shimmex ដែល​កំពុង​សាងសង់​នៅ​ក្នុង​ខណ្ឌសែន​សុខ។

លោក​បាន​មាន​ប្រសាសន៍ថា “អគារ​នោះ​នឹង​បើក​ដំណើរការ​នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​ក្រោយ។ គាត់​បាន​ទិញ​រាន​ទេវតា​​ដើម្បី​បួងសួងសុំ​សំណាង​ល្អ​មុន​ពេល​បើក​ដំណើរ​ការ​អគារ​ថ្មី”។

លោក ស សុភ័ក្រ្ត អតីត​អ្នក​គ្រប់គ្រង​ធន​ធាន​មនុស្ស​​នៅ​ក្រុមហ៊ុន Shimmex Group បាន​មាន​ប្រសាសន៍ថា លោក អឹុង ម៉េងជឺ បាន​ឈប់​នៅ​តូបលក់​ផ្លែឈើ​នោះ​ដើម្បីទិញ​​​ផ្លែឈើ​សម្រាប់​ដាក់សែន​នៅ​រាន​ទេវតានោះ។ លោក​បាន​មាន​ប្រសាសន៍ថា “គាត់​មិន​មាន​អង្គរក្ស​អម​ដំណើរ​គាត់​ទេ ពីព្រោះ​គាត​់​មិន​​គិត​ថា គាត់​មាន​សត្រូវ​ឡើយ។ នោះគឺ​ជា​អ្វី​ដែល​គាត់​ធ្លាប់​ប្រាប់​បុគ្គលិក​របស់​គាត់”៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស