28 C
Phnom Penh

អ្នក​មុជទឹកសង្គ្រោះជីវិត​មនុស្ស​ជន​ជា​តិ​ចាម​ជាទីស្រលាញ់បាន​ស្លាប់ហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់​​​ពី​​​ចំណាយ​​​ពេល​​​ជិត៤៥​​​ឆ្នាំ​​​ ជួយ​​​សង្គ្រោះ​​​មនុស្ស​​​រាប់​​​មិន​​​អស់​​​ពី​​​ដង​​​ទន្លេ​សាប​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ និង​​​ស្រង់​​​​​​សាក​សព​ជា​ច្រើននោះ​​​ លោក សារី រ៉ូម៉ាល អាយុ​​​៦៣​​​ឆ្នាំ​​​បាន​​​ដេក​​​ស្លាប់​​​​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍។

លោក សារី​ រ៉ូម៉ាល អាយុ​​​៦៣ឆ្នាំ​​​កំពុង​ឈរនៅជិត​ទូក​នៅ​ខាង​មុខផ្ទះរបស់គាត់​តាម​​ដង​ទន្លេ​សាប​ក្នុងរាជធានីភ្នំពេញ​។ ល័ររិន គ្រុធឺរ​
លោក សារី​ រ៉ូម៉ាល អាយុ​​​៦៣ឆ្នាំ​​​កំពុង​ឈរនៅជិត​ទូក​នៅ​ខាង​មុខផ្ទះរបស់គាត់​តាម​​ដង​ទន្លេ​សាប​ក្នុងរាជធានីភ្នំពេញ​។ ល័ររិន គ្រុធឺរ​

ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​១៩៧២​​​មក​​​ លោក សារី រ៉ូម៉ាល អាយុ​​​៦៣ឆ្នាំ​​​ ដែ​​​ល​​​ជា​​​ជន​​​ជាតិ​​​ចាម​​​ បាន​​រស់​​​នៅ​​​ជា​​​មួយ​​​ប្រពន្ធ របស់​​​លោក​​​ក្នុង​​​ផ្ទះ​​​ដ៏​​​តូច​​​មួយ​​​នៅមាត់​​​ទន្លេស្ថិត​​​ក្នុង​​​ខណ្ឌ​​​ជ្រោយ​​​ចង្វា​​​ដែល​ជា​​​​​​សហគមន៍​​​សម្បូរដោយ​ខ្មែរ​​​អីុស្លាម​​រស់​​​នៅ​​​។

អ្នក​​​ស្រី  ម៉ាត់ ស្រស់ អាយុ​​​៥៩​​​ឆ្នាំ​​​ ជា​ប្រពន្ធ​របស់​គាត់​បាន​​​និយាយ​​​ថា បើទោះ​​​ណាជា​​​លោក​​​ សារី រ៉ូម៉ាល ​​​ប្រកប​​​រប​​​ចិញ្ចឹម​​​​​​ជីវិត​​​ជា​​​អ្នក​​​នេសាទ និង​​​ជា​អ្នកចម្លង​​​ក៏​​​ដោយ​​​ ក៏​​​ផ្ទះ​​​របស់​​​គាត់​​​ដែលស្ថិត​​​នៅ​​​ជិត​​​ស្ពាន​​​មិត្ត​​​ភាព​​​កម្ពុជា​​​-ជប៉ុន នោះ​ទី​​​បំផុត​​​បាន​​​កំណត់​​​​​ជីវិត​​​របស់​​​គាត់​​​។

ដោយសំដៅ​​​ដល់​​​មនុស្ស​​​ជា​​​ច្រើន​​​ដែល​​​បាន​​​ព្យាយាម​​​ធ្វើ​​​អត្តឃាត​​​ដោយ​​​លោត​​​ពីលើ​​​ស្ពាននោះ អ្នក​​​ស្រី​​​ ម៉ាត់​​​ ស្រស់​​​ បាន​​​និយាយ​​​ថា “យើង​​​អាច​​​មើល​​​ឃើញ​​​ស្ពាន​​​ ដូច្នេះ​​​វា​​​ងាយ​​​ស្រួល​​​សម្រាប់​​​គាត់​​​ក្នុង​​ការស្តាប់ឮ​​ និង​​​ឃើញ​​​មនុស្ស​​​ដើម្បី​​​ជួយ​​​សង្គ្រោះ​​​ពួក​​​គេបាន​​​”​​​។

អ្នកស្រី ម៉ាត់​​​ ស្រស់​​​ បាន​​​និយាយ​​​ថា អ្នក​​​ស្រី​​​ប៉ាន់​​​ប្រមាណ​​​ថាប្តី​​​របស់​​​គាត់​​​ដែល​​​មិន​​​ដែល​​​ទទួល​​​ការ​​​ហ្វឹក​​​ហ្វាត់​ច្បាស់លាស់​​​ផ្នែក​​​មុជ​​​ទឹក​​​នោះ​​​បាន​​​ជួយ​​​សង្គ្រោះមនុស្សជិត​៣០០នាក់ និងស្រង់​​​សាកសពជាច្រើនពី​​ទន្លេ​​​មុន​​​ពេល​​​គាត់​​​ស្លាប់​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​។

កេរ្តិ៍​​​ឈ្មោះ លោក សារី រ៉ូម៉ាល ក្នុង​​​នាម​​​ជា​​​អ្នក​​​មុជ​​​ទឹក​​​ជួយសង្គ្រោះ​​​ជីវិត​​​មនុស្ស​​​ធ្វើ​​​ឲ្យ​​​លោក ទៀ​​​ បាញ់ រដ្ឋ​​​មន្ត្រី​​​ក្រសួងការ​​​ពារ​​​ជាតិ​​​សុំ​​​ឲ្យ​​​គាត់​​​ជួយ​​​ស្រង់​​​សាក​​​សព​​​មន្ត្រី​​​យោធា​​​ប្រាំ​​​នាក់​​​ដែល​​​បាន​​​ស្លាប់​​​នៅ​​​ពេល​​​ឧទ្ធម្ភាគចក្រ​​​ធ្លាក់​​​ចូល​​​រណ្តៅ​​​ដី​​​ដែល​​​មាន​​ទឹក​​​ពេញ​​​មួយ​​​កន្លែង​​​ក្នុង​​​ខណ្ឌ​​​ដង្កោ កាល​​​ពីខែ​​​កក្កដា។

កាល​​​ពី​​​ម្សិលមិញ សមាជិក​​​សហគមន៍​​​ដែល​​​លោក សារី រ៉ូម៉ាល រស់​​​នៅ​​​បាន​​​បញ្ជាក់​​​ថា ពួក​​​គេ​​​មាន​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​ក្នុង​​​ការ​​​​​រក​​​អ្នក​​​ដែលទទួល​​​តួនាទី​​​របស់​​​គាត់​​​ក្នុង​​​នាម​​​ជា​​​អ្នក​​​មុជ​​​ទឹក​​​ជួយ​​​សង្គ្រោះ​​​មនុស្ស​​​។

ស៊ូ ម៉ារី អាយុ​​​៥៥​​​ឆ្នាំ​​​បាន​​​និយាយ​​​ថា “យើង​​​រស់​​​នៅ​​​ជិត​​​ស្ពាន​​​បំផុត​​​។ វា​​​ជា​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​របស់​​​យើង ពីព្រោះ​​​យើង​​​គឺ​​​ជា​​​អ្នកដែល​​​អាច​​​ជួយ​​​សង្គ្រោះ​​​ជីវិត​​​មនុស្ស​​​បាន”។

អ្នក​​​ភូមិ​​​បាន​​​និយាយ​​​ថា មាន​​​អ្នក​​​នេសាទ​​​ក្នុងមូល​​​ដ្ឋាន​​​តិចតួច​ប៉ុណ្ណោះ​​​ដែល​​​អាច​​​ធ្វើ​​​អ្វី​​​ដែល​​​លោក សារី រ៉ូម៉ាល​​​ អាច​​​ធ្វើ​​​បាន​​​ ប៉ុន្តែ ជំនាញ​​​របស់​​​ពួកគេ​​​មិន​​​អាច​​​​​​ប្រៀប​​​ស្មើ​​​ទៅ​​​នឹង​​​ជំនាញ​​​របស់​​​គាត់​​​បាន​​​ឡើយ​​​។

លោក នី អាល់​​​ម៉ាត់ អាយុ​​​៣៣​​​ឆ្នាំ បាន​​​និយាយ​​​ថា “គាត់​​​ពិត​​​ជា​​​មនុស្ស​​​សំខាន់​​​​​​ចំពោះ​​​សហ​​​គមន៍​​​របស់​​​យើង​​​។ បុរស​​​រូប​​​នេះ​​​បាន​​​ចាត់​​​ទុក​​​លោក សារី រ៉ូម៉ាល ថា​​​ជា​​​មនុស្ស​​​ចេះ​​​ជួយ​​​យក​​​អាសា​​​គ្នា​​​ដោយ​មិន​ប្រកាន់ជាត​ិ​សាសន៍ឡើយ​​​។ លោក អាល់​​​ម៉ាត់ បាន​​​និយាយ​​​ថា “គាត់​​​មិន​​​ដែល​​​គិត​​​តែ​​​ពី​​​ខ្មែរ​​​អីុស្លាមនោះ​​​ឡើយ​​​។ គាត់​​​ចង់​​​ជួយ​​​មនុស្ស​​​គ្រប់​​​គ្នា​​​ទាំង​​​អស់​​​”៕សារុន​​​​​​​​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស