30 C
Phnom Penh

ចំណូល​របស់​រោងចក្រ​ Grand Twins ធ្លាក់​ចុះ​​បន្ទាប់ពីមាន​​​ស្ថានភាព​ចលាចល​​ក្នុង​វិស័យ​កាត់​ដេរ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ប្រាក់​ចំណូល​​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​រោងចក្រ​ Grand Twins International (GTI) របស់​ចិន​តៃវ៉ាន់​​នៅ​ក្នុង​ឆ្នាំ​២០១៤ ដោយ​សារ​តែ​កូដកម្ម​​ទូទាំង​ប្រទេស​​ដែល​បាន​ចាប់​ផ្ដើម​ផ្ទុះ​ឡើង​​កាល​ពីចុង​ឆ្នាំ​២០១៣​ និង​បញ្ចប់​ទៅ​វិញ​នៅ​​ដើម​​ឆ្នាំ​នេះ​ នេះបើ​យោង​តាម​របាយ​ការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ត្រីមាស​ចុង​ក្រោយ​របស់​ក្រុម​ហ៊ុន​នេះ។

យោង​តាម​​​​របាយការណ៍​មួយ​នៅ​លើ​​ផ្សារ​មូលបត្រ​កម្ពុជា​កាលពី​ថ្ងៃ​សុក្រ​បង្ហាញ​ថា ប្រាក់​ចំណូល​របស់​​រោងចក្រ​ផលិត​សម្លៀក​បំពាក់​កីឡា​នេះ ​​​មាន​ចំនួន​១០,៩៦​លាន​ដុល្លារ​ សម្រាប់​ត្រីមាស​បញ្ចប់​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ពោលគឺ​ធ្លាក់​ចុះ​​៤០,៧ភាគរយ បើ​ធៀប​នឹង​ចំណូល​១៨​,៤៩​លាន​ដុល្លារ​អំឡុង​រយៈ​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន។

សម្រាប់​រយៈ​ពេល​៩ខែ​ដើម​ឆ្នាំ​នេះ ប្រាក់​ចំណូល​បាន​ធ្លាក់​ចុះ​ពី​៤៧,២លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០១៣​ មក​នៅ​ត្រឹម​៤៣,៣​លាន​ដុល្លារ​នៅ​ឆ្នាំ​នេះ។

លោក​ ស្ទែនលី ស៊ិន (Stanley Shen) ​ជំនួយ​ការ​ប្រតិបត្តិ​របស់​ប្រធាន​​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ក្រុម​ហ៊ុន​ GTI បាន​មាន​ប្រសាសន៍​ថា កូដកម្ម​ទូទាំង​ប្រទេស​​ដើម្បី​ទាមទារ​ដំឡើង​​ប្រាក់​ខែ​ ដែល​បាន​ចាប់​ផ្ដើម​ផ្ទុះ​ឡើង​កាលពី​ខែ​ធ្នូ និង​បាន​បញ្ចប់​ទៅ​វិញ​ដោយ​ការ​បង្ហូរ​ឈាម​កាលពី​ខែ​មករា បាន​បង្ខំ​ឲ្យ​អតិថិជន​​កាត់​បន្ថយ​ការ​បញ្ជាទិញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​​។

លោក​បាន​លើក​ឡើង​នៅ​ក្នុង​អុីម៉េលមួយ​ថា “ដោយ​សារ​មហាកូដកម្ម​កាលពី​ឆ្នាំ​មុន អតិថិជន​របស់​យើង​​បាន​រើ​ផលិត​កម្ម​មួយ​ចំនួន​​ទៅ​កាន់​តំបន់​ផ្សេង​ដើម្បី​ធានា​ស្ថិរភាព​នៃ​ការ​ផ្គត់​ផ្គង់​។ ការ​រើ​ទីតាំង​នេះ បាន​ធ្វើ​ឲ្យ​ប្រាក់​ចំណូល​របស់​យើង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង”​។

ទោះបី​ជា​រោងចក្រ​នេះ​​​ទទួល​រង​ការ​ធ្វើ​កូដកម្ម​​ផ្ទាល់​ខ្លួន​កាលពី​ដើម​ខែ​នេះ​ ដែល​មាន​កម្មករ​រាប់​ពាន់​នាក់​បាន​ធ្វើ​ការ​តវ៉ា​​ទាមទារ​ដំឡើង​ប្រាក់​ខែ​ មុន​ពេល​តុលាការ​​បង្គាប់​ឲ្យ​​ពួកគេ​ត្រឡប់​ចូល​ធ្វើ​ការ​វិញ​ក្ដី ក៏លោក ស្ទែនលី ស៊ិន បាន​មាន​ប្រសាសន៍​ថា អាជីវកម្ម​​នឹង​ប្រសើរ​​ឡើង​វិញ​​នៅ​ក្នុង​ត្រីមាស​ចុង​ក្រោយ​នៃ​ឆ្នាំ​នេះ ដែល​ជា​រដូវ​កាល​​ប្រមូល​ផល​ខ្ពស់​បំផុត​របស់​ក្រុមហ៊ុន​នេះ​។

លោក ឡាមុន សូឡេល (Lamun Soleil) អ្នក​នាំពាក្យ​ផ្សារ​មូលបត្រ​កម្ពុជា ​បាន​មាន​ប្រសាសន៍​ថា ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល​នៅ​រោងចក្រ​ GTI នឹង​ធ្វើ​ឲ្យ​បណ្ដា​វិនិយោគិន​ខក​ចិត្ត ហើយ​បាន​លើក​ឡើង​ទៀត​ថា ផល​ប៉ះពាល់​មក​លើ​តម្លៃ​មូលបត្រ​របស់​ក្រុម​ហ៊ុន​នេះ ​ទំនង​ជា​នឹង​ឃើញ​ច្បាស់​នៅ​ប៉ុន្មាន​​ថ្ងៃ​ខាង​មុខ​។

លោក​បាន​មាន​ប្រសាសន៍ទៀត​ថា “ខ្ញុំ​គិត​ថា បណ្ដា​វិនិយោគិន​នឹង​មិន​សប្បាយ​ចិត្ត​ទេ​ចំពោះ​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល​នេះ។ វា​នឹង​ជះឥទ្ធិពល​លើ​ទស្សន​របស់​វិនិយោគិន។ យើង​នឹង​មើល​ឃើញ​ថា តើ​វា​នឹង​ប៉ះពាល់​ដល់​តម្លៃ​មូលបត្រ​ខ្លាំង​ប៉ុណ្ណា”។

តម្លៃ​ភាគហ៊ុន​របស់​ក្រុម​ហ៊ុន GTI ជា​ក្រុម​ហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​តែ​ពីរ​គត់​ដែល​បាន​ចុះ​បញ្ជី​នៅ​លើ​ផ្សារ​មូលបត្រ​កម្ពុជា​ បាន​បិទ​ការ​ជួញដូរ​កាលពី​ម្សិលមិញ​ក្នុង​តម្លៃ​៧.២០០រៀល ឬ​ប្រហែល​ ១,៨០ដុល្លារ​ ពោល​គឺ​ធ្លាក់​ចុះ​ពី​២,៤១​ដុល្លារ​ ដែល​ក្រុម​ហ៊ុន​នេះ​បាន​ប្រកាស​លក់​កាលពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា៕ សុខុម​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស