29 C
Phnom Penh

សម្រាប់​អ្នកដែល​មាន​លទ្ធភាព របរកសិកម្ម​នៅ​ទីក្រុង​ផ្តល់​ផ្លែផ្កា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុង​តាខ្មៅ, ខេត្ត​កណ្តាល-លោក ម៉ាន សុផល បាន​លាសំណាញ់​កៅស៊ូ​ថ្លា​ដែល​គ្រប​រោង​មួយ​នៅ​មុខ​ភូមិ​គ្រឹះ​របស់​គាត់ បង្ហាញ​ឲ្យ​ឃើញ​បំពង់​ចោះ​ជា​ច្រើន​ជួរ ដែល​មាន​ស្ពៃ​និង​សាឡាត់​ដុះ​លូតលាស់។farming1

នេះ​ជា​កសិដ្ឋាន​កន្និកា ដែល​មាន​ដាំ​ដំណាំ​មិន​មែន​ដុះ​លើ​ដី​ទេ ប៉ុន្តែ​ដុះ​ចេញ​ពី​ទឹក​មាន​សារធាតុ​ចិញ្ចឹម ដែល​បង្ហូរ​តាម​បំពង់​ក្នុង​អគារ​កញ្ចក់​កែច្នៃ ដែល​លោក​ សុផល ចំណាយ​ប្រាក់​អស់​២.០០០​ដុល្លារ។

សហគ្រិន​វ័យ​៤២​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា “ការងារ​សំខាន់​បំផុត​គឺ​ត្រូវ​រក្សា​ដំណាំ​ឲ្យ​ត្រជាក់​និង​មាន​សំណើម​ជាប់​ជានិច្ច។ គម្រប​សំណាញ់​កៅស៊ូ​ថ្លា ដែល​ធន់​នឹងកាំ​រស្មី​អ៊ុលត្រា​វីយ៉ូឡេ ការពារ​ដំណាំ​ពី​កម្តៅ​ព្រះ​អាទិត្យ ទឹកភ្លៀង និង​សត្វ​ល្អិត​ចង្រៃ​ផង​ទាំងពួង។ទឹក​ភ្លៀង​អាច​បំផ្លាញ​ល្បាយ​ទឹក​ដែល​សម្បូរ​សារធាតុ​ចិញ្ចឹម”។

លោក សុផល បាន​និយាយ​ថា ប្រព័ន្ធ​ដាំ​ដំណាំ​លើ​ទឹក មាន​លក្ខណៈ​ងាយ​ស្រួល​ជាងការ​ដាំ​ដំណាំ​បែប​ប្រពៃណី ដោយ​ដំណាំ​ដុះ​លូតលាស់​ក្នុង​ទីកន្លែង​តូច​ចង្អៀត​បិទ​ជិត ប្រើ​តែ​អគ្គិសនី​ដែល​ត្រូវ​ការ​ឲ្យ​ម៉ូទ័រ​បូម​ទឹក​តូច​មួយ​ដើរ​ប៉ុណ្ណោះ។

លោក​បាន​ចាប់​ប្រកប​របរ​នេះ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០១១​ តែ​បន្ទាប់ពី​បាន​ចូល​រួម​សិក្សា​វគ្គ​ខ្លីៗ​អំពី​ដំណាំ​មិន​និយម​ដី​ក្នុង​ប្រទេស​ថៃ​មក បទពិសោធ​ដាំ​ដំណាំ​ក្នុង​ក្រុង​របស់​លោក​ សុផល បាន​ពង្រីក​ពី​គម្រោង​ដាំ​តាម​ចំណង់​ចំណូល​ចិត្ត ទៅជា​សហគ្រាស​ពេញ​លក្ខណៈ​មួយ។farming2

រាល់​ពីរ​សប្តាហ៍​ម្តង លោក​បណ្តុះបណ្តាល​មនុស្ស​ពី៨​ទៅ​២០​នាក់ អំពី​របៀប​រៀបចំនិង​ថែទាំ​ថ្នាល​សម្រាប់​ដំណាំ​មិន​និយម​ដី។ គាត់​យក​តម្លៃ​ឈ្នួល​៣០០​ដុល្លារ​ទៅ​៥.០០០​ដុល្លារ​ដើម្បី​ដំឡើង​ប្រព័ន្ធ​ដោយ​ខ្លួន​ឯង។

កាលពី​២​ឆ្នាំ​មុន លោក​បាន​រៀបចំ​ប្រព័ន្ធ​ដំា​ដំណាំ​លើ​ទឹក​ខ្នាត​តូច​ជាង​១០០​លើ​ដំបូល​ផ្ទះ​ក្នុង​ក្រុង​ភ្នំពេញ។

ប៉ុន្តែ វិធីសាស្ត្រ​របស់​លោក សុផល ជា​វិធី​តែ​មួយ​ដែល​អ្នក​ទីក្រុង​អាច​ដាំ​បន្លែ​តាម​បែប​ជឿនលឿន​នេះ។

លោក ខាន់ ចាន់​ដារ៉ា អាយុ​២៩​ឆ្នាំ ជា​អតីត​គ្រូ​ជំនួយ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​រៀបចំ​ប្រព័ន្ធ​”វារី​វប្បកម្ម​ម្យ៉ាង” ដោយ​រួម​បញ្ចូល​ការ​ដាំ​បន្លែ​មិន​និយម​ដី​ជាមួយ​នឹង​វារីវប្បកម្ម ដើម្បី​ដាំ​បន្លែ​លើ​ដំបូល​អគារ​ក្នុងខណ្ឌ​ដង្កោ​រាជធានី​ភ្នំពេញ​កាលពី​ឆ្នាំ​២០១១។

លោក ចាន់ដារ៉ា បាន​រុះរើ​ប្រព័ន្ធ​នោះ​ចោល​នៅ​ពេល​ពីរបី​ខែ​ក្រោយ​មក នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​អាមេរិក​ដើម្បី​សិក្សា​អនុបណ្ឌិត្យ​ផ្នែក​ជលផល​និង​វារិវប្បកម្ម ប៉ុន្តែ​ ប្រព័ន្ធ​នេះ​រៀបចំ​ឡើង​វិញ និង​មាន​ដំណើរ​ការ​ហើយ។farming3

លោក ចាន់ដារ៉ា ចិញ្ចឹម​ត្រី​អណ្តែង​ក្នុង​អាង​ដែល​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​ដាំ​ដំណាំ​លើ​ទឹក។ សំណល់​និង​បាក់តេរី​ដែល​ចេះ​តែ​កើន​ឡើង​ជា​បន្ត​បន្ទាប់​ក្នុង​ទឹក ដែល​អាច​ធ្វើ​ឲ្យ​ត្រី​ពុល​បើ​មាន​ច្រើន​ពេក​នោះ គឺ​វា​ជួយ​ធ្វើ​ឲ្យ​ដំណាំ​ដុះ​លូតលាស់​បាន​ល្អ។​ នៅ​ពេល​ដំណាំ​ស្រូប​យក​សារធាតុ​ចិញ្ចឹមដោយ​ចម្រោះ​ទឹក ទឹក​ក៏​ហូរ​ចូល​ទៅ​ក្នុង​អាង​ចិញ្ចឹម​ត្រី​វិញ។

លោក ចាន់ដារ៉ា បាន​និយាយ​ថា “សមាសភាគ​សំខាន់​គឺ ត្រី ដំណាំ និង​ម៉ូទ័រ។ ប្រសិនបើ​ភាគ​ណាមួយ​មិន​ដំណើរ​ការ ប្រព័ន្ធ​ទាំងមូល​ក៏​គាំង​ដែរ”។ លោក​បាន​និយាយ​ថា ដោយសារ​ទំហំ​ទីកន្លែង​ដូចគ្នា “កសិដ្ឋាន​វារីវប្បកម្ម​ដាំ​បន្លែ​លើ​ទឹក​អាច​ឲ្យ​ទិន្នផល​ដំណាំ​ច្រើនជាង​កសិដ្ឋាន​ប្រពៃណី​៧​ដង។

ទាំង​លោក ចាន់ដារ៉ា ទាំង​លោក សុផល សុទ្ធតែ​បាន​និយាយ​ថា ប្រសិនបើ​មាន​កសិករ​ច្រើន​ទៀត​ចាប់​ប្រើ​វិធី​ដាំ​ទំនើប​របស់​ពួកគាត់ ឧស្សាហកម្ម​កសិកម្ម​ប្រទេស​កម្ពុជា ​នឹង​កាន់​តែ​មានស្ថិរភាព និងទទួល​បាន​ផល​ច្រើន។

លោក សុផល បាន​ឲ្យ​ដឹង​ទៀត​ថា ដំណាំ​លើ​ទឹក”ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ថ្លៃ​ពលកម្ម។ កសិករ​ក៏​អាច​គ្រប់គ្រង​កសិដ្ឋាន​របស់​ខ្លួន​បាន គឺ​មិន​ដូច​អ្នក​ដែល​មាន​កសិដ្ឋាន​លើ​ដី ហើយ​ប្រឈម​មុខ​នឹង​បញ្ហា​ជាច្រើន ដូចជា​ទឹក​ជំនន់​…​និង​សត្វ​ល្អិត​ជាដើម”។

លោក ហ៊ាន វ៉ាន់ហន អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​ក្រសួង​កសិកម្ម​បាន​និយាយ​ថា ប៉ុន្តែ​ដោយ​ការ​ចំណាយ​ថ្លៃ​ដើម​ខ្ពស់​ក្នុង​ការ​រៀបចំ​ប្រព័ន្ធ​នេះ ​ជាមួយ​នឹង​តម្លៃ​ខ្ពស់​ដែល​គេ​យក​ពី​អ្នក​ប្រើប្រាស់​ដើម្បី​បាន​ចំណេញ​នោះ ការ​ធ្វើ​ឲ្យ​កសិករ​ប្រពៃណី​ផ្លាស់​ប្តូរ​ចិត្ត​គឺ​មិន​ងាយ​ស្រួល​ទេ។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា “កសិករ​ធម្មតា​ព្យាយាម​កាត់​បន្ថយ​ការ​ចំណាយ​ដើម្បី​បង្កើន​ចំណេញ។ វិធី​[ទំនើប]​ទាំង​នេះ​ត្រូវ​ការ​ប្រាក់​ច្រើន​ណាស់”៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស