28 C
Phnom Penh

អង្គការ​សហប្រជាជាតិ​បញ្ជាក់ពី​ក្រុម​ជន​ជាត​ិ​ភាគតិច​ម៉ុង​តាញ៉ា​ក្នុង​ប្រទេស​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ ទីភ្នាក់​ងារ​ជនភៀស​ខ្លួន​របស់​អង្គការ​សហប្រជា​ជាតិ​បាន​បញ្ជាក់​ថា ជន​ជាតិ​​ភាគ​តិច​ម៉ុងតាញ៉ា​១៣​នាក់ បាន​​ឆ្លង​ចូល​មក​ប្រទេស​កម្ពុជា​តាម​ប្រទេស​វៀតណាម ហើយ​បាន​ជំរុញ​ឲ្យ​​រដ្ឋាភិបាល​កម្ពុជា​កុំ​និរទេស​សមាជិកក្រុម​នេះ​ដែលកំពុង​​ប្រឈម​​ហានិ​ភ័យ​​ដល់​អាយុ​ជីវិត​របស់​​ខ្លួន។

លោកស្រី វីវៀន តាន ​មន្ត្រី​​ព័ត៌មាន​ប្រចាំ​តំបន់​នៅ​ការិយាល័យ​ឧត្តមស្នង​ការ​សហប្រជា​ជាតិ​ទទួល​បន្ទុក​ជនភៀស​ខ្លួន​បាន​លើក​ឡើង​តាម​អុីម៉េល​ថា “ឧត្តម​ស្នង​ការ​​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជនភៀស​ខ្លួន​ដឹង​ពី​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​១៣​នាក់​មកពី​ប្រទេស​វៀត​ណាម​ដែលបាន​មកដល់​ប្រទេស​កម្ពុជា​កាលពីពេល​ថ្មីៗនេះ”។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា “យើង​គាំទ្រ​ថា ពួកគេ​មិន​គួរ​បញ្ជូន​ទៅកន្លែង​ដែល​ពួកគេ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ឬ​ប៉ះពាល់​សិទ្ធិសេរីភាពឡើយ ហើយ​យើង​នឹង​សហការ​​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ធានា​ថា អ្នក​ទាំង​នេះទទួល​បាន​ការ​ការ​ពារ​ពី​អន្តរជាតិ​”។

ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ាទាំងនេះ​​បាន​ប្រឈម​​នឹង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ ហើយជារឿយៗ​ជាប់​ពន្ធ​នាគារ​​​ ដោយ​សារ​ពួកគេ​ភាគច្រើន​កាន់​សាសនា​គ្រិស្ត​។

ជនជាតិភាគតិច​ម៉ុង​តាញ៉ា​រាប់​រយ​នាក់ បាន​រត់គេច​ខ្លួន​មក​ប្រទេស​កម្ពុជា​ពី​ប្រទេស​វៀតណាម​កាលពី​​ទសវត្សរ៍​ឆ្នាំ​២០០០ ចាប់​​ពី​មាន​ការ​រត់​គេច​ក្នុង​ចំនួនដ៏ច្រើន​កាលពី​ឆ្នាំ​២០០១ ដែល​នៅ​ពេល​នោះ​ ពួកគេប្រហែល​១.០០០​នាក់​បាន​ស្វែង​រក​ការ​ជ្រក​កោន​ក្នុង​រាជ​ធានី​ភ្នំពេញ​។

កាលពី​ថ្ងៃ​ច័ន្ទ​ នគរ​បាល​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី បាន​លើក​ឡើង​ថា ពួកគេ​កំពុង​ស្វែង​រក​​ក្រុម​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​អំពីវត្តមាន​របស់​ពួកគាត​់​តាមរយៈ​អ្នកភូមិ​ដែលបាន​ឃើញ​ពួកគាត​់​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ។

លោក ជា ប៊ុនធឿន​ អធិការ​រង​នគរ​បាល​ស្រុក​បាន​ប្ដេជ្ញា​និរទេស​ “​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​​​” ប្រសិន​បើ​ពួកគេ​ត្រូវ​ចាប់​បាន​។

អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​​តិច​ម្នាក់​​រស់​នៅ​ក្នុង​តំបន់​នោះ ដែល​បាន​សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយ​ខ្លាច​ការ​រក​រឿង​ពី​អាជ្ញាធរ​បាន​និយាយ​កាលពី​ម្សិលមិញ​ថា គាត់​បាន​​​ទៅមើល​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​ទាំង​នោះ​ដែល​បាន​ឆ្លង​ព្រំដែន​ ជា​​ពីរ​ក្រុម​កាលពី​ខែ​មុន។ គាត់​បាន​និយាយ​ថា “ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​១៣​នាក់​កំពុង​រស់​នៅ​ក្នុង​ព្រៃ ប៉ុន្តែ​ខ្ញុំ​មិន​អាច​ប្រាប់​អ្នក​ពី​កន្លែង​ជាក់​លាក់​បាន​ទេ ពីព្រោះ​អាជ្ញាធរ​មូលដ្ឋាន​កំពុង​ស្វែង​រក​ពួកគេ ហើយ​ចង់​បញ្ជូន​ពួកគេ​ទៅ​ប្រទេស​វៀតណាម​វិញ”។

គាត់​បាន​និយាយ​ថា “ខ្ញុំ​បាន​ជួប​ពួកគាត់ទាំង​អស់​គ្នា​នៅ​ពេល​ក្រុម​ទី២​បាន​មក​ដល់ ហើយ​ខ្ញុំ​បាន​សួរ​ពួកគាត​់​ថា ហេតុ​អ្វី​បាន​ជា​ពួកគាត់មកពី​ប្រទេស​វៀតណាម​មក​រស់​នៅ​ក្នុង​​ខេត្ត​រតនគិរី​ទៅវិញ ហើយ​ពួកគាត​់បាន​ប្រាប់​ពួក​យើង​ថា ពួកគាត់​រត់​គេច​ពី​ពន្ធនាគារ​​ក្នុង​ប្រទេស​វៀត​ណាម នៅ​ពេល​ពួកគាត​់ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទៅ​បត់​ជើង​តូច​ ឬរក​ការ​ងារ​ធ្វើ​”។ គាត់​​បាន​និយាយ​ថា យើង​មាន​គម្រោង​អំពាវ​នាវ​ដល់​អង្គការ​អន្តរជាតិ​ ជា​ពិសេស​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជាឲ្យ​ជួយ​សង្គ្រោះ​ពួកគេ​ពីក្នុង​ព្រៃ”។

លោក ម៉ា វិចិត្រ អភិបាល​ស្រុក​អូរយា៉ដាវ​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ប្រសិន​បើ​រកឃើញ​ថា​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​ទាំង​នេះ​ចូល​មក​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់ យើង​នឹង​ចាត់​វិធានការ​​លើ​ពួកគេ​។

លោក​បាន​មាន​ប្រសាសន៍​ថា “មាន​ព័ត៌មាន​បង្ហាញ​ថា ជនជាតិភាគ​តិច​ម៉ុងតាញ៉ា​បាន​ឆ្លង​ចូល​ទឹក​ដី​របស់​យើង ប៉ុន្តែ​អាជ្ញាធរ​កំពុង​ស្វែង​រក​ពួកគាត​់ ហើយ​យើង​រក​ពួកគាត​់មិន​ឃើញ​ឡើយ​។ ប្រសិន​បើពួកគា​ត់​មក​ទី​នេះ​ដោយ​ខុស​ច្បាប់ យើង​នឹង​អនុវត្ត​ច្បាប់ ហើយ​បញ្ជូន​ពួកគាត​់ទៅ​តុលាការ​”។

កាលពី​ថ្ងៃ​ច័ន្ទ លោក ម៉ា វិចិត្រ បាន​មាន​ប្រសាសន៍ថា លោកជឿ​ថា​ក្រុម​នេះ​បាន​ឆ្លង​ព្រំដែន​បន្ទាប់ពី​មាន​ពាក្យ​ចចាមអារ៉ាម​ថា លោក​ ក្ស កុក មេដឹកនាំ​ជនជាតិ​ភាគ​តិច​ម៉ុង​តាញា៉​ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​នឹង​មក​​កាន់​ខេត្ត​នេះ​នៅ​ចុង​ឆ្នាំនេះ​៕ ​សារុន (រាយការណ៍​បន្ថែម​ដោយ ហ៊ុល រស្មី)​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស