27 C
Phnom Penh

ឧកញ៉ាល្បី​ឈ្មោះ​មួយ​រូប​ស្តី​បន្ទោស​អ្នក​ទទួលបាន​ដីសម្បទាន​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ម៉ុង ឫទ្ធី ដែលជា​​​ឧកញ៉ា​​​មួយ​​​រូប​​​ក្នុង​​​ចំណោម​​​ឧកញ៉ា​​​ល្បីឈ្មោះធំៗ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​បាន​​​ត្អួញ​​​ត្អែ​រ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា អ្នក​​​ទទួល​​​បាន​​​ដី​​​សម្បទាន​ថ្មីៗពីរដ្ឋាភិបាល​​​​​​មាន​​​មន​សិការ​​​សង្គម​​​តិច​​​ជាង​​​អ្នក​​​ដែល​​​ទទួល​​​បាន​​​ដី​​​សម្បទាន​​​កាល​​​ពី​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៩០។Reththy

មាន​​​ប្រសាសន៍​​​នៅ​​​ក្រៅ​​​សន្និសីទដែលរៀប​ចំឡើង​​​​ដោយ​​​អង្គការ​​ USAID និង​​​វេទិកា​​​នៃ​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ដែលមាន​ចំណងជើង​​​​​​ថា ​​​”ធ្វើ​​​ការ​​​រួម​​​គ្នា​​​ដើម្បី​​​លើក​​​កម្ពស់​​​កំណែ​​​ទម្រង់​​​ដី​​​ធ្លី និង​​​អភិបាល​​​កិច្ច​​​ធន​​​ធាន​​​ធម្មជាតិ​​​ប្រកប​​​ដោយ​​​ប្រសិទ្ធភាព​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា”  លោក ម៉ុង ឫទ្ធី បាន​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ថា វិវាទ​​​រវាង​​​អ្នក​​​ទទួល​​​បាន​​​ដី​​​សម្បទាន​​​ និង​​​អ្នក​​​ភូមិ​​​ដែល​​រងការ​បណ្តេញ​​​ចេញ​​​​មិន​​​​​​មែន​​​ជា​​​​​​​​​​​​រឿង​​​ថ្មី​​​ឡើយ​​​។

ដោយ​​​លោក​​​បន្ត​​​រៀប​​​រាប់​​​ពី​​​ការ​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​របស់​​​លោក​​​កន្លង​​​មក​​​​​​ក្នុង​​​ការ​​​ដោះ​​​ស្រាយ​​​វិវាទ​​​ដែល​​​បាន​​​កើត​​​ឡើង​​​ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​មាន​​​បទពិសោធន៍​​​ជាង​​​២០​​​ឆ្នាំ​​​ក្នុង​​​ការ​​​វិនិយោគពាក់ព័ន្ធសម្បទាន​​​ដី​​​សេដ្ឋ​​​កិច្ច​​​”។ លោក​​​បាន​​​បន្ថែម​​​ថា “ប្រជា​​​ជន​​​ត្អួញ​​​ត្អែរ​​​ថា ពួក​​​គាត់​​​មិន​​​មាន​​​ដី​​​សម្រាប់​​​សាង​​​សង់​​​ផ្ទះ​​​ ដូច្នេះ​​​ខ្ញុំ​​​បាន​​​ត្រៀម​​​ដី​​​សម្រាប់​​​ពួក​​​គាត់​​​ដើម្បី​​​សាង​​​សង់​​​ផ្ទះ ពេលនោះ​​ ប្រជាជន​​​មិន​​​មាន​​​ដី​​​សម្រាប់​​​ធ្វើ​​​ស្រែ​​​ ខ្ញុំ​​​បានធ្វើកសិកម្ម​សម្រាប់ពួក​​​គាត់​​​ ប៉ុន្តែ បន្ទាប់មកទៀត ពួក​​​គាត់​​​មិន​​​អាច​​​ប្រមូល​​​ផល​​​បាន​​​ ពីព្រោះ​​​ពួក​​​គាត់​​​ខ្ជិល​​​”។

លោក ម៉ុង​​​ ឫទ្ធី បាន​​​មាន​​​ប្រសាសន៍​​​ថា ផ្ទុយនឹង​សណ្តានចិត្ត​សប្បុរសធម៌របស់​លោក អ្នក​​​ទទួល​​​បាន​​​ដី​​​សម្បទាន​​​ក្នុង​​​រយៈពេល​​​ប៉ុន្មាន​​​ឆ្នាំ​​​ថ្មី​​​ៗ​​​នេះ នៅ​​​ពេល​​​ត្រូវ​​​បានគាបសង្កត់ឲ្យ​​​ដោះ​​​ស្រាយ​​​វិវាទ​​​ជាមួយ​​​អ្នក​​​ភូមិ​​​ដែលរងការ​បណ្តេញ​​​ចេញ ឬ​​​រង​​​ការ​​​គំរាម​​​កំហែង ភ្លេច​​​ថា ដី​​​ដែល​​​ពួក​​​គេ​​​ទទួល​​​បាន​​​សម្រាប់​​​ប្រើ​​​ប្រាស់​​​ដើម្បី​​​ផល​​​ប្រយោជន៍​​​ប្រទេស​​​ជាតិ​​​ទាំង​​​មូល​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “មាន​​​បញ្ហា​​​ជា​​​ច្រើន​​​ដែល​​​យើង​​​ត្រូវ​​​អង្គុយ​​​ពិភាក្សា​​​គ្នា​​​ ពីព្រោះ​​​អ្នក​​​ទទួល​​​បាន​​​ដីសម្បទាន​​​មួយ​​​ចំនួន​​​​​​មិន​​​យល់​​​ពី​​​កាតព្វកិច្ច​​​របស់​​​ខ្លួន​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “អ្នកដែល​​​ព្យាយាម​​​ដោះ​​​ស្រាយ​​​បញ្ហា​​​​​​មិន​​​គួរ​​​គិត​​​ពីផល​​​ប្រយោជន៍​​​បុគ្គល​​​ទេ​​​។ បញ្ហាជាច្រើន​​​​បន្ត​​​កើត​​​ឡើង​​ ពីព្រោះ​​​ពួក​​​គេ​​​ព្យាយាម​​​គិត​​​តែ​​​ពីប្រយោជន៍​​​ផ្ទាល់​​​ខ្លួន​​​។ ពួកគេ​​​គួរ​​​គិត​​​អំពី​​​ផល​​​ប្រយោជន៍​​​ប្រជា​​​ជន​​​ និង​​​ប្រទេស​​​ជាតិ​​​ជា​​​សំខាន់​​​ ហើយ​​បញ្ហាទាំងនោះនឹងត្រូវ​ដោះស្រាយ​​​”។

លោក ម៉ុង​​​ ឫទ្ធី ដែល​​​ជាឧកញ៉ា​​​ខាង​​​វិស័យ​​​កសិកម្ម​​​ធ្លាប់​​​បួស​​​នៅ​​​វត្តមួយ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ​​​ពេល​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន នៅ​​​ជា​​​ក្មេង​​​វត្ត​​​។ លោក​​​គឺ​​​ជា​​​អតីត​​​ទីប្រឹក្សា​​​លោកនាយក​​​រដ្ឋ​​​មន្ត្រី ហើយ​​​នៅ​​​មាន​​​ទំនាក់​​​ទំនង​​​ជិត​​​ស្និទ្ធ​​​ជា​​​មួយ​​​លោក​ដដែល។

សារ​​​ទូរលេខ​​​សម្ងាត់​​​របស់​​​ស្ថានទូត​​​អាមេរិក​​​ដែល​​​បាន​​​ចេញ​​​ផ្សាយ​​​ដោយ​​​ក្រុម​​​ប្រឆាំង​​​ការ​​​សម្ងាត់​​​ វីគីលីក កាល​​​ពី​​​ឆ្នាំ​​​២០១១​​​បាន​​​ចាត់​​​ទុក​​​លោក​​​ ម៉ុង ឫទ្ធី ថាជា “ពាណិជ្ជករម្នាក់​​​ដ៏មាន​​​ឥទ្ធិ​ពល​​​​បំផុត​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា និង​​​ជា​​​មនុស្ស​​​លុយ​​​របស់​​​លោក ហ៊ុន សែន​​​”។

មាន​​​ប្រសាសន៍​​​នៅ​​​សន្និសីទ​​​កាល​​​ពី​​​ម្សិលមិញ លោក សួន ប៊ុន​​​សក្តិ លេខា​​​ប្រតិបត្តិ​​​នៃ​​គណៈ​​​កម្មាធិការ​​​ប្រព្រឹត្តិកម្ម​​​នៃ​​​អង្គការ​​​​​​សមាគម​​​ការ​​​ពារ​​​សិទ្ធិ​​​មនុស្ស​​​កម្ពុជា​​​បា​​​ន​​​មាន​​​ប្រសាសន៍​​​ថា ដី​​​ទំហំ​​​៤លាន​​​ហិកតា ក្នុង​​​ចំណោម​​​ដីនៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ត្រូវ​​​បាន​​​ផ្តល់​​​ទៅ​​​ឲ្យ​​​ក្រុមហ៊ុន​​​ឯក​​​​​​ជន​​​ក្នុង​​​ទម្រង់​​​ជា​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ និង​​​សម្បទាន​​​រុក​​​រក​​​រ៉ែ​​​។ ផ្ទៃ​​​ដី​​​សរុប​​​នៅ​​​ប្រទេស​​​កម្ពុជា​​​គឺ​​​ប្រហែល​​​១៨​​​លាន​​​ហិកតា។

លោក ប៊ុន​​​សក្តិ​​​ បាន​​​លើក​​​ឡើង​​​ថា រដ្ឋាភិបាល​​​ត្រូវ​​​ទទួល​​​ខុស​​​​​​ត្រូវ​​​ដើម្បីធានា​​​ថា ប្រជា​​​ជ​​ន​​​មិន​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដោយសារ​​ការ​​​ផ្តល់​​​ដី​​​សម្បទាន​​​ថ្មី​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​អំពាវ​​​នាវ​​​ឲ្យ​​​រដ្ឋាភិបាល​​​ដោះ​​​ស្រាយ​​​បញ្ហា​​​របស់​​​ប្រជា​​​ជន​​​ដែល​​​រង​​​ផល​​​ប៉ះពាល់ និង​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​…ហើយ​​​យើង​​​ក៏​​​អំពាវ​​​នា​​​វ​​​ដល់​​​រដ្ឋាភិបាល​​​​​​ឲ្យបង្កើន​លទ្ធភាពដល់ប្រជាជន​​​​ក្នុងការ​​​ទទួលបាន​​​​ និង​តាមដាន​​​ព័ត៌​​​មាន​​​អំពី​​​ការ​​​អភិវឌ្ឍ​​​ផង​​​ដែរ”។

លោក ហ៊ុន សែន បាន​​ប្រកាសឲ្យផ្អាក​​​ការ​​​ផ្តល់​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ថ្មី​​​បណ្តោះ​​​អាសន្ន​​​កាល​​​ពី​​​ឆ្នាំ​​​២០១២​​​ ក៏​​​ប៉ុន្តែ ដី​​​សម្បទាន​​​មួយ​​​ចំនួន​​​ត្រូវ​​​បាន​​​ផ្តល់​​​ទៅ​​​ឲ្យ​​​ពាណិជ្ជករ​​​ទាំង​នោះនៅ​​ពេល​​​នោះ​​​ ដោយសារ​ពួកគេ​បាន​ដាក់ពាក្យសុំ​មុន​ការ​ដាក់​​​បម្រាម​​​។

លោក សាយ​​​ សំអាល់ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​បរិស្ថាន​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ខែ​​​កញ្ញា​​​ថា រដ្ឋាភិបាល​​​នឹង​​​កាត់​​​បន្ថយ​​​រយៈ​​​ពេល​​​ផ្តល់កិច្ច​សន្យាជួល​​​៩៩ឆ្នាំ​សម្រាប់​​​ដីសម្បទាន​​​សេដ្ឋកិច្ច​​​ថ្មី​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ពេល​​​​នោះ​​​ថា “សម្រាប់​​​ក្រុមហ៊ុន​​​ដែល​​​ធ្វើ​​​កិច្ច​​​សន្យាថ្មី​​​ជា​​​មួយ​​​រដ្ឋាភិបាល​​​ដើម្បី​​​ទទួល​​​បាន​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច យើង​​​បាន​​​កាត់​​​បន្ថយ​​​រយៈ​​​ពេល​​​ផ្តល់​​​កិច្ច​​​សន្យា​​​មក​​​ត្រឹម​​​តែ​​​៥០ឆ្នាំ​​​ប៉ុណ្ណោះ​​​”។

នៅ​​​ពេល​​​ត្រូវ​​​បាន​​​ទាក់​​​ទង​​​ បន្ទាប់​​​ពី​​​សន្និសីទ​​​កាល​​​ពីម្សិលមិញ លោក សៅ សុភាព អ្នក​​​នាំ​​​ពាក្យ​​​ក្រសួ​ង​​​បរិស្ថាន​​​បាន​​​បដិសេធ​​​របាយការណ៍​​​​​​បណ្តាញ​​​ផ្សព្វ​​​ផ្សាយ​​​ព័ត៌មាន​​​ដែល​​​ថា រដ្ឋាភិបាល​​​កំពុង​​​ពិចារណា​​​ផ្តល់​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ថ្មី។

លោក សុភាព​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “រដ្ឋាភិបាល​​​បន្ត​​​អនុវត្ត​​​គោល​​​នយោបាយ​​​របស់​​​ខ្លួន​​មិន​​​ផ្តល់​​​ដីសម្បទាន​​​សេដ្ឋ​​​កិច្ច​​​ថ្មី​  ដូច្នេះ បុគ្គល​​​ណា​​​ដែល​​​លើក​​​ឡើង​​​ពី​​​បញ្ហា​​​នេះ​​​ត្រូវ​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ការ​​​ផ្សព្វ​​​ផ្សាយ​​​នោះ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា “​​​រដ្ឋាភិបាល​​​មិន​​​មាន​​​គោល​​​នយោបាយ​​​ផ្ត​ល់ដី​​​សម្បទាន​​​​​​សេដ្ឋកិច្ច​​​ថ្មី​​​ឡើយ​​​”៕សារុន​​​​​​​​​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស