28 C
Phnom Penh

គណបក្ស​ប្រជា​ជន​កម្ពុជា​និយាយ​មិន​ចេញ​ ខណៈកំពុង​ស្វះ​​ស្វែង​រក​អ្នក​នាំពាក្យ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​មាន​ប្រសាសន៍​​អស់រយៈ​ពេល​ប្រាំមួយ​ម៉ោង​នៅ​ពេល​កោះ​ប្រជុំ​រដ្ឋសភា​កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៣ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវ​នាវ​ឲ្យ​មាន​យុគសម័យ​ថ្មី​មួយ​នៃ​ការ​ឆ្លើយ​តប​​ពី​រដ្ឋាភិបាល​​​ក្រោម​ការ​ដឹកនាំ​របស់​​គណបក្ស​ប្រជាជន​កម្ពុជា។

បន្ទាប់ពី​បាត់​បង់​អាសនៈយ៉ាង​ច្រើន​​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​របស់​គណបក្ស​កាន់​អំណាច​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​កាលពី​ឆ្នាំ​មុន លោក ហ៊ុន សែន បាន​ក្រើន​រំឭក​​ក្រុម​មេដឹក​នាំ​របស់​គណបក្ស​នេះ​ឲ្យ​ចូល​រួម​ឡើង​វិញ​ជាមួយ​អ្នក​បោះ​ឆ្នោត​​ដែល​មាន​កំហឹង​ បើ​មិន​​ដូច្នោះ​ទេ​ខ្លួន​នឹង​បាត់​បង់​ការ​គាំទ្រ​ទាំង​ស្រុង​​។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​មាន​កញ្ចក់​ច្រើន​សម្រាប់​ប្រើ​ បើ​យើង​ចង់​ប្រើ​ ហើយ​យើង​ត្រូវ​រៀន​ទទួល​ស្គាល់​ការ​ពិត​ រួម​ទាំង​កម្មវិធី​នយោបាយ​​សម្រាប់​​ពិភាក្សា​ដេញ​ដោល​ជាសាធារណៈ​ជាមួយ​ប្រជា​ពលរដ្ឋ​ផង​ដែរ”។

រយៈ​ពេល​១ឆ្នាំ​មក​នេះ សារ​នេះ​ហាក់​ដូច​ជា​មិន​ត្រូវ​បាន​មន្ត្រី​ថ្នាក់​លើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​ឡើយ​ ដោយ​បច្ចុប្បន្ន​គណបក្ស​កាន់​អំណាច​នៅ​តែ​គ្មាន​អ្នក​នាំពាក្យ​​។

លោក ជាម យៀប តំណាង​រាស្ត្រ​ជាន់​ខ្ពស់​ដែល​ចូល​ចិត្ត​និយាយ​ច្រើន​​ និង​ដែល​ជា​អ្នក​នាំពាក្យ​យូរ​មក​ហើយ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ បាន​ស្ងប់​ស្ងាត់​​​យ៉ាង​ចម្លែក​ដោយ​គ្មាន​ការ​ពន្យល់​បក​ស្រាយ​​អស់​រយៈ​ពេល​ជាង​ពីរ​ខែ​មក​ហើយ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ដែល​ជា​អតីត​អ្នកនាំពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​ បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា គណបក្ស​កាន់​អំណាច​បាន​និង​កំពុង​​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​​ស្វែង​រក​អ្នកនាំពាក្យ​ថ្មី​មួយ​រូប។

លោក​បាន​លើក​ឡើង​នៅ​ក្នុង​សារ​មួយ​តាម​ហ្វេសប៊ុក​ថា “មិន​ទាន់​មាន​សេចក្ដី​សម្រេច​នៅ​ឡើយ​ទេ។ បញ្ហា​គឺ​​នៅ​ត្រង់​ថា ត្រូវ​ស្វែង​រក​នរណា​ម្នាក់​ដែល​រីក​រាយ​នឹង​ទទួល​យក​មុខ​តំណែង​នេះ​។ ខ្ញុំ​បាន​ស្នើ​សុំ​រួច​ហើយ​ឲ្យ​​តែង​តាំង​បុគ្គល​ណាម្នាក់​ដែល​កំពុង​ធ្វើ​ការ​ប្រចាំ​ថ្ងៃ​នៅ​ទីស្នាក់​ការ​កណ្ដាល​​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​”។ លោក​បាន​មាន​ប្រសាសន៍​ដូច្នេះ​កាល​ពី​ដើម​ខែ​នេះ នៅពេល​គេ​សួរ​ថា តើ​ពេល​ណា​គណបក្ស​ប្រជា​ជន​កម្ពុជា​​នឹង​ជ្រើស​រើស​អ្នក​នាំពាក្យ​។

លោក ខៀវ កាញារីទ្ធ ​​បាន​ធ្វើ​ជា​អ្នក​នាំពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​​ជាយូរ​មក​ហើយ​ ប៉ុន្តែ​​លោក​បាន​ដក​ខ្លួន​ចេញពី​មុខ​តំណែង​នេះ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដោយ​កម្រ​​នឹង​​​​លើក​ទូរស័ព្ទ​ណាស់​ ហើយ​​ចូល​ចិត្ត​ទំនាក់​ទំនង​គ្នា​តាម​ហ្វេសប៊ុក​ជាង​ ដោយ​ទុក​​ភារកិច្ច​ផ្លូវការ​នេះ​ឲ្យ​លោក ជាម យៀប។

ប៉ុន្តែ​តំណាង​រាស្ត្រ​កាន់​តំណែង​យូរ​ឆ្នាំ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​រូប​នេះ​បែរ​ជា​​​បាន​ផ្លាស់​ប្ដូរ​លេខទូរស័ព្ទ​របស់​​​ខ្លួន​ភ្លាមៗ​​​កាលពី​ខែ​សីហា។ ជំនួយ​ការ​របស់​លោក ជាម យៀប បាន​បដិសេធ​​​មិន​​ផ្ដល់​លេខទូរស័ព្ទ​ថ្មី​របស់​លោក​ទេ ហើយ​ជំនួយ​ការ​ផ្ទាល់​ខ្លួន​របស់​លោក​បាន​លើក​ឡើង​កាលពី​ដើម​ខែ​នេះ​ថា លោក​គ្មាន​ពេល​ទំនេរ​និយាយ​​​ជាមួយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​​ឡើយ​​​។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ​ កន្លែង​ទំនេរ​របស់​លោក ជាម យៀប បាន​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ​បាន​​ខ្វែង​គំនិត​គ្នា​ជុំវិញ​សេចក្ដី​លម្អិត​នៃ​កិច្ច​ព្រមព្រៀង​នយោបាយ​ថ្ងៃ​ទី​២២ ខែ​កក្កដា ដោយ​ជា​ញឹក​ញាប់​ តំណាង​រាស្ត្រ​ និង​មន្ត្រី​គណបក្ស​ប្រជា​ជន​កម្ពុជា​​ផ្សេងៗ​ទៀត​​គ្មាន​ឆន្ទៈនិយាយ​ជួស​មុខ​ឲ្យ​គណបក្ស​នេះ​ឡើយ​។

គណបក្ស​ប្រជា​ជន​កម្ពុជាបាន​​​​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មិន​មាន​ចុះ​ហត្ថលេខា​ជា​ប្រចាំ​ ដើម្បី​ការ​ពារ​ខ្លួន​អំឡុង​ពេល​មាន​​ចលាចល​ ហើយ​បាន​តែង​តាំង​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​​ឲ្យ​ឡើង​និយាយ​ បន្ទាប់ពី​មាន​ព្រឹត្តិការណ៍​នានា​​ដូច​ជា ការ​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះជាតិ​ជាដើម​​។

ប៉ុន្តែ​ការ​រក្សា​ទុក​តំណែង​​របស់​ខ្លួន​ឲ្យ​នៅ​ទំនេរ​​ចោល​​បាន​ធ្វើ​ឲ្យ​​សាធារណជន​​​ធ្វើ​ការ​ទស្សន៍ទាយ​​រហូត​ទាល់​តែ​លោក ហ៊ុន សែន ចេញ​មុខ​ដោះ​ស្រាយ​បញ្ហា​នេះ​តាម​រយៈ​​សុន្ទរកថា​មួយ​។

លោក ខៀវ កាញារីទ្ធ ​​​បាន​​​ទទួល​​​ស្គាល់​​​ថា ផ្នែក​​​នៃ​​​បញ្ហា​​​ក្នុង​​​ការ​​​ជ្រើស​​​រើស​​​អ្នក​​​នាំ​​​ពាក្យ​​​ថ្មី​​​មួយ​​​រូប​​​គឺ​​​ការ​​​រក​​​ឲ្យ​​​ឃើញ​​​នូវ​​​​​​​​នរណា​​​ម្នាក់​​​ដែល​​​នឹង​​​ត្រៀម​​​ខ្លួន​​​ទទួល​​​យក​​​សំណួរ​​​ពី​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ដោយ​​​មិន​​​ខ្លាច​​​ធ្វើ​​​ឲ្យ​​​មេ​​​ដឹក​​​នាំ​​​គណបក្ស​​​មិន​​​សប្បាយ​​​ចិត្ត​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​តាម​​​ហ្វេសប៊ុក​​​ថា “​​​នេះ​​​គឺ​​​ជា​​​ផ្នែក​​​នៃ​​​ការ​​​ងារ​​​”។

លោក ផៃ ស៊ីផាន ​​​​​​ដែល​​​អនុញ្ញាត​​​ឲ្យ​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​អាច​​​ទាក់​​​ទង​​​លោក​​​តាម​​​ទូរស័ព្ទ​​​​​​បាន​​​នៅ​​​ក្នុង​​​នាម​​​​​ជា​​​អ្នក​​​នាំ​​​ពាក្យ​​​ដ៏​​​សំខាន់​​​របស់​​​រដ្ឋាភិបាល​​​ បាន​​​គូស​​​បញ្ជាក់​​​​​​ពី​​​ភាព​​​ខុស​​​គ្នា​​​រវាង​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ជា​​​ស្ថាប័ន​​​មួយ​​​ និង​​​រដ្ឋាភិបាល​​​​​​ជា​​​ស្ថាប័ន​​​នីតិប្រតិបត្តិ​​​​។

លោក​​​ ផៃ ស៊ីផាន ដែល​​​ជា​​​រដ្ឋលេខាធិការ​​​​​​ទី​​​ស្តី​​​ការ​​​គណៈ​​​រដ្ឋមន្ត្រី​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​ត្រូវ​​​តែ​​​គោរព​​​តាម​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​របស់​​​ខ្ញុំ​​​ ហើយ​​​ខ្ញុំ​​​ធ្វើ​​​ការ​​​ឲ្យ​​​រដ្ឋាភិបាល​​​។ ការ​​​ទទួល​​​ខុស​​​​​​ត្រូវ​​​របស់​​​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា និង​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​របស់​​​​​​រដ្ឋាភិបាល​​​ គឺ​​​វា​​​ខុស​​​គ្នា។ ខ្ញុំ​​​ស្ថិត​​​នៅ​​​ក្នុង​​​ស្ថាប័ន​​​នីតិប្រតិបត្តិ ហើយ​​​ផ្តោត​​​លើ​​​ការ​​​ទទួល​​​ខុស​​​​​​ត្រូវ​​​របស់​​​ស្ថាប័ន​​​នីតិប្រតិបត្តិ​​​នេះ”។

លោក ផៃ​​​ ស៊ីផាន បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “លោក​​​ ខៀវ កាញារីទ្ធ ​​​បាន​​​និយាយ​​​ជួស​​​មុខ​​​ឲ្យ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ជា​​​ច្រើន​​​លើក​​​កាល​​​ពី​​​ពេល​​​កន្លង​​មក​​​​​​។ អ្វី​​​ដែល​​​ខ្ញុំ​​​អាច​​​ដឹង​​​បាន​​​​​​នៅ​​​ពេល​​​នេះ​​​គឺ​​​ថា ឯក​​​ឧត្តម ឈាង វុន តែង​​​តែ​​​និយាយ​​​ជួស​​​មុខ​​​ឲ្យ​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​ព្រោះ​​​លោក​​​គឺ​​​ជា​​​សមាជិក​​​សភា​​​ និង​​​ជា​​​សមាជិក​​​មួយ​​​រូប​​​របស់​​​គណបក្ស”។

លោក ឈាង វុន ដែល​​​ជា​​​ផ្លូវ​​​ការ​​​គឺ​​​ជា​​​អ្នក​​​នាំ​​​ពាក្យ​​​រដ្ឋសភា ដឹកនាំ​​​ដោយ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​នោះ​​​​​​​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​​​​ម្សិលមិញ​​​ថា ​​​​​​​​​​​​តាម​​​ពិត​​​ទៅ​​​លោក​​​មិន​​​អាច​​​និយាយ​​​ជួស​​​មុខ​​​ឲ្យ​​​​​​គណបក្ស​​​កាន់​​​អំណាច​​​បាន​​​ទេ​​​។

លោក ឈាង វុន បាន​​​មាន​​​ប្រសាសន៍​​​ថា “ទេ​​​ខ្ញុំ​​​មិន​​​មែន​​​ជា​​​អ្នក​​​នាំ​​​ពាក្យ​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ឡើយ​​​ ប៉ុន្តែ ខ្ញុំ​​​គឺ​​​ជា​​​អ្នក​​​នាំ​​​ពាក្យ​​​របស់​​​​​​រដ្ឋ​​​សភា”។ លោក​​​បាន​​​បន្ថែម​​​ថា លោក​​​មិន​​​ដឹង​​​ទេ​​​ថា តើ​​​នរណា​​​អាច​​​និយាយ​​​ជួស​​​មុខ​​​ឲ្យ​​​គណបក្ស​​​នោះ​​​។ លោក​​​​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “ខ្ញុំ​​​មិន​​​ដឹង​​​ទេ​​​។ ទៅសួរ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ទៅ”។

​​​ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ដែល​​​ផ្ទុយ​​​ស្រឡះ​​​នឹង​​​គណបក្ស​​​កាន់​​​អំណាច​​​ មាន​​​មន្ត្រី​​​ជាន់​​​ខ្ពស់​​​មួយ​​​ចំនួន​​​ ដែល​​​នឹង​​​ត្រៀម​​​ខ្លួន​​​រួច​​​ជា​​​ស្រេច​​​ដើម្បី​​​និយាយ​​​ជា​​​មួយ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ជួស​​​មុខ​​​ឲ្យ​​​គណបក្ស​​​ប្រឆាំង​​​ ក្នុង​​​នោះ​​​រួម​​​មាន​​​ដូច​​​ជា លោក យឹម សុវណ្ណ លោក យែ៉ម បុញ្ញាឫទ្ធិ​​​ ​​​ និង​​​លោក​​​ស្រី មូរ សុខហួរ​​​ ប្រធាន​​​ផ្នែក​​​ទទួល​​​កិច្ច​​​ការ​​​សាធារណៈ​​​ជា​​​ដើម​​​។

សូម្បី​​​តែ​​​លោក សម រង្ស៊ី ដែល​​​ជា​​​ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ និង​​​លោក កឹម សុខា អនុ​​​ប្រធាន​​​គណបក្ស​​​​​​ក៏​​​បាន​​​ផ្តល់់​​​លេខ​​​ទូរស័ព្ទ​​​ផ្ទាល់​​​ខ្លួន​​​របស់​​​លោក​​​ដល់​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ដែរ​​​។

លោកស្រី មូរ សុខហួរ បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​មិន​​​សូវ​​​ជា​​​ចាប់​​​អារម្មណ៍​​​ក្នុង​​​ការ​​​ជ្រើស​​​រើស​​​អ្នក​​​នាំ​​​ពាក្យ​​​ដែល​​​សកម្ម​​​មួយ​​​រូប​​​ឡើយ​​​។ លោក​​​ស្រី​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​មាន​​​ការ​​​ភ្ញាក់​​​ផ្អើល​​​យ៉ាង​​​ខ្លាំង​​​ដែល​​​ថា ពួក​​​គេ​​​គ្មាន​​​អ្នក​​​នាំ​​​ពាក្យ​​​នោះ ព្រោះ​​​ថា ពួក​​​គេ​​​មាន​​​មនុស្ស​​​ជា​​​ច្រើន​​​ដែល​​​សុទ្ធ​​​តែ​​​មាន​​​សមត្ថភាព។ ពួក​​​គេ​​​​​​បាន​​​គ្រប់​​​គ្រង​​​ប្រទេស​​​អស់​​​ជាង​​​ពីរ​​​ទសវត្សរ៍​​​មក​​​ហើយ​​​។ តើ​​​ពួក​​​គេ​​​ពិត​​​ជា​​​មិន​​​អាច​​​រក​​​បាន​​​អ្នក​​​នាំ​​​ពាក្យ​​​មួយ​​​រូប​​​ណា​​​សោះ​​​ឬ​​​?”។

​​​​​​លោក មឿន ឈានណារិទ្ធ​​​ នាយក​​​វិទ្យាស្ថាន​​​កម្ពុជា​​​សម្រាប់​​​ការ​​​សិក្សា​​​ផ្នែក​​​ព័ត៌​​​មាន​​​​​​​​​បាន​​​លើក​​​ឡើង​​​ថា គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​កំពុង​​​បាញ់​​​ជើង​​​ខ្លួន​​​ឯង​​​ដោយ​​​​​​លាក់​​​បាំង​​​ព័ត៌​​​មាន​​​ពី​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​នោះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​ជា​​​រឿង​​​សំខាន់​​​សម្រាប់​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ក្នុង​​​ការ​​​រក្សា​​​ឲ្យ​​​មាន​​​តុល្យ​​​ភាព និង​​​អព្យាក្រឹត្យ​​​ភាព ហើយ​​​​​​យើង​​​អាច​​​ធ្វើ​​​បាន​​​ត្រឹម​​តែ​​​​ឲ្យ​​​ភាគី​​​ទាំង​​​អស់​​​ទទួល​​​បាន​​​ព័ត៌មាន​​​ពេញ​​​លេញ​​​នៃ​​​បញ្ហា​​​មួ​យ​​​តែ​​​ប៉ុណ្ណោះ​​​។ ប្រសិន​​​បើ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​មិន​​​និយាយ​​​ទៅ​​​កាន់​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​ទេ​​​នោះ​​​​​​ តើ​​​យើង​​​អាច​​​បំពេញ​​​​​​​​​ព័ត៌​​​មាន​​​ខ្វះ​​​ចន្លោះ​​​របស់​​​ពួក​​​គេ​​​ដោយ​​​វិធី​​​ណា​​​ទៅ​​​?”៕ សុខុម និង ស៊ុយ​​​ឈាង​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស