ដោយមានប្រសាសន៍អស់រយៈពេលប្រាំមួយម៉ោងនៅពេលកោះប្រជុំរដ្ឋសភាកាលពីខែកញ្ញា ឆ្នាំ២០១៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យមានយុគសម័យថ្មីមួយនៃការឆ្លើយតបពីរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
បន្ទាប់ពីបាត់បង់អាសនៈយ៉ាងច្រើនគួរឲ្យភ្ញាក់ផ្អើលរបស់គណបក្សកាន់អំណាចនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីឆ្នាំមុន លោក ហ៊ុន សែន បានក្រើនរំឭកក្រុមមេដឹកនាំរបស់គណបក្សនេះឲ្យចូលរួមឡើងវិញជាមួយអ្នកបោះឆ្នោតដែលមានកំហឹង បើមិនដូច្នោះទេខ្លួននឹងបាត់បង់ការគាំទ្រទាំងស្រុង។
លោកបានមានប្រសាសន៍ថា “យើងមានកញ្ចក់ច្រើនសម្រាប់ប្រើ បើយើងចង់ប្រើ ហើយយើងត្រូវរៀនទទួលស្គាល់ការពិត រួមទាំងកម្មវិធីនយោបាយសម្រាប់ពិភាក្សាដេញដោលជាសាធារណៈជាមួយប្រជាពលរដ្ឋផងដែរ”។
រយៈពេល១ឆ្នាំមកនេះ សារនេះហាក់ដូចជាមិនត្រូវបានមន្ត្រីថ្នាក់លើរបស់គណបក្សប្រជាជនកម្ពុជាយកចិត្តទុកដាក់ដោះស្រាយឡើយ ដោយបច្ចុប្បន្នគណបក្សកាន់អំណាចនៅតែគ្មានអ្នកនាំពាក្យ។
លោក ជាម យៀប តំណាងរាស្ត្រជាន់ខ្ពស់ដែលចូលចិត្តនិយាយច្រើន និងដែលជាអ្នកនាំពាក្យយូរមកហើយរបស់គណបក្សប្រជាជនកម្ពុជា បានស្ងប់ស្ងាត់យ៉ាងចម្លែកដោយគ្មានការពន្យល់បកស្រាយអស់រយៈពេលជាងពីរខែមកហើយ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលជាអតីតអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍កាលពីម្សិលមិញថា គណបក្សកាន់អំណាចបាននិងកំពុងព្យាយាមយ៉ាងខ្លាំងដើម្បីស្វែងរកអ្នកនាំពាក្យថ្មីមួយរូប។
លោកបានលើកឡើងនៅក្នុងសារមួយតាមហ្វេសប៊ុកថា “មិនទាន់មានសេចក្ដីសម្រេចនៅឡើយទេ។ បញ្ហាគឺនៅត្រង់ថា ត្រូវស្វែងរកនរណាម្នាក់ដែលរីករាយនឹងទទួលយកមុខតំណែងនេះ។ ខ្ញុំបានស្នើសុំរួចហើយឲ្យតែងតាំងបុគ្គលណាម្នាក់ដែលកំពុងធ្វើការប្រចាំថ្ងៃនៅទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា”។ លោកបានមានប្រសាសន៍ដូច្នេះកាលពីដើមខែនេះ នៅពេលគេសួរថា តើពេលណាគណបក្សប្រជាជនកម្ពុជានឹងជ្រើសរើសអ្នកនាំពាក្យ។
លោក ខៀវ កាញារីទ្ធ បានធ្វើជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាជាយូរមកហើយ ប៉ុន្តែលោកបានដកខ្លួនចេញពីមុខតំណែងនេះក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយកម្រនឹងលើកទូរស័ព្ទណាស់ ហើយចូលចិត្តទំនាក់ទំនងគ្នាតាមហ្វេសប៊ុកជាង ដោយទុកភារកិច្ចផ្លូវការនេះឲ្យលោក ជាម យៀប។
ប៉ុន្តែតំណាងរាស្ត្រកាន់តំណែងយូរឆ្នាំរបស់គណបក្សប្រជាជនកម្ពុជារូបនេះបែរជាបានផ្លាស់ប្ដូរលេខទូរស័ព្ទរបស់ខ្លួនភ្លាមៗកាលពីខែសីហា។ ជំនួយការរបស់លោក ជាម យៀប បានបដិសេធមិនផ្ដល់លេខទូរស័ព្ទថ្មីរបស់លោកទេ ហើយជំនួយការផ្ទាល់ខ្លួនរបស់លោកបានលើកឡើងកាលពីដើមខែនេះថា លោកគ្មានពេលទំនេរនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយឡើយ។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ កន្លែងទំនេររបស់លោក ជាម យៀប បានបង្ហាញឲ្យឃើញកាន់តែច្បាស់ ខណៈគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានខ្វែងគំនិតគ្នាជុំវិញសេចក្ដីលម្អិតនៃកិច្ចព្រមព្រៀងនយោបាយថ្ងៃទី២២ ខែកក្កដា ដោយជាញឹកញាប់ តំណាងរាស្ត្រ និងមន្ត្រីគណបក្សប្រជាជនកម្ពុជាផ្សេងៗទៀតគ្មានឆន្ទៈនិយាយជួសមុខឲ្យគណបក្សនេះឡើយ។
គណបក្សប្រជាជនកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍មិនមានចុះហត្ថលេខាជាប្រចាំ ដើម្បីការពារខ្លួនអំឡុងពេលមានចលាចល ហើយបានតែងតាំងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ឲ្យឡើងនិយាយ បន្ទាប់ពីមានព្រឹត្តិការណ៍នានាដូចជា ការចរចាជាមួយគណបក្សសង្គ្រោះជាតិជាដើម។
ប៉ុន្តែការរក្សាទុកតំណែងរបស់ខ្លួនឲ្យនៅទំនេរចោលបានធ្វើឲ្យសាធារណជនធ្វើការទស្សន៍ទាយរហូតទាល់តែលោក ហ៊ុន សែន ចេញមុខដោះស្រាយបញ្ហានេះតាមរយៈសុន្ទរកថាមួយ។
លោក ខៀវ កាញារីទ្ធ បានទទួលស្គាល់ថា ផ្នែកនៃបញ្ហាក្នុងការជ្រើសរើសអ្នកនាំពាក្យថ្មីមួយរូបគឺការរកឲ្យឃើញនូវនរណាម្នាក់ដែលនឹងត្រៀមខ្លួនទទួលយកសំណួរពីប្រព័ន្ធផ្សព្វផ្សាយដោយមិនខ្លាចធ្វើឲ្យមេដឹកនាំគណបក្សមិនសប្បាយចិត្ត។ លោកបានមានប្រសាសន៍តាមហ្វេសប៊ុកថា “នេះគឺជាផ្នែកនៃការងារ”។
លោក ផៃ ស៊ីផាន ដែលអនុញ្ញាតឲ្យអ្នកយកព័ត៌មានអាចទាក់ទងលោកតាមទូរស័ព្ទបាននៅក្នុងនាមជាអ្នកនាំពាក្យដ៏សំខាន់របស់រដ្ឋាភិបាល បានគូសបញ្ជាក់ពីភាពខុសគ្នារវាងគណបក្សប្រជាជនកម្ពុជាជាស្ថាប័នមួយ និងរដ្ឋាភិបាលជាស្ថាប័ននីតិប្រតិបត្តិ។
លោក ផៃ ស៊ីផាន ដែលជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា “ខ្ញុំត្រូវតែគោរពតាមការទទួលខុសត្រូវរបស់ខ្ញុំ ហើយខ្ញុំធ្វើការឲ្យរដ្ឋាភិបាល។ ការទទួលខុសត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងការទទួលខុសត្រូវរបស់រដ្ឋាភិបាល គឺវាខុសគ្នា។ ខ្ញុំស្ថិតនៅក្នុងស្ថាប័ននីតិប្រតិបត្តិ ហើយផ្តោតលើការទទួលខុសត្រូវរបស់ស្ថាប័ននីតិប្រតិបត្តិនេះ”។
លោក ផៃ ស៊ីផាន បានមានប្រសាសន៍បន្ថែមថា “លោក ខៀវ កាញារីទ្ធ បាននិយាយជួសមុខឲ្យគណបក្សប្រជាជនកម្ពុជាជាច្រើនលើកកាលពីពេលកន្លងមក។ អ្វីដែលខ្ញុំអាចដឹងបាននៅពេលនេះគឺថា ឯកឧត្តម ឈាង វុន តែងតែនិយាយជួសមុខឲ្យគណបក្សប្រជាជនកម្ពុជាព្រោះលោកគឺជាសមាជិកសភា និងជាសមាជិកមួយរូបរបស់គណបក្ស”។
លោក ឈាង វុន ដែលជាផ្លូវការគឺជាអ្នកនាំពាក្យរដ្ឋសភា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជានោះបានលើកឡើងកាលពីម្សិលមិញថា តាមពិតទៅលោកមិនអាចនិយាយជួសមុខឲ្យគណបក្សកាន់អំណាចបានទេ។
លោក ឈាង វុន បានមានប្រសាសន៍ថា “ទេខ្ញុំមិនមែនជាអ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជាឡើយ ប៉ុន្តែ ខ្ញុំគឺជាអ្នកនាំពាក្យរបស់រដ្ឋសភា”។ លោកបានបន្ថែមថា លោកមិនដឹងទេថា តើនរណាអាចនិយាយជួសមុខឲ្យគណបក្សនោះ។ លោកបានមានប្រសាសន៍បន្ថែមថា “ខ្ញុំមិនដឹងទេ។ ទៅសួរគណបក្សប្រជាជនកម្ពុជាទៅ”។
គណបក្សសង្គ្រោះជាតិដែលផ្ទុយស្រឡះនឹងគណបក្សកាន់អំណាច មានមន្ត្រីជាន់ខ្ពស់មួយចំនួន ដែលនឹងត្រៀមខ្លួនរួចជាស្រេចដើម្បីនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយជួសមុខឲ្យគណបក្សប្រឆាំង ក្នុងនោះរួមមានដូចជា លោក យឹម សុវណ្ណ លោក យែ៉ម បុញ្ញាឫទ្ធិ និងលោកស្រី មូរ សុខហួរ ប្រធានផ្នែកទទួលកិច្ចការសាធារណៈជាដើម។
សូម្បីតែលោក សម រង្ស៊ី ដែលជាប្រធានគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា អនុប្រធានគណបក្សក៏បានផ្តល់់លេខទូរស័ព្ទផ្ទាល់ខ្លួនរបស់លោកដល់ប្រព័ន្ធផ្សព្វផ្សាយដែរ។
លោកស្រី មូរ សុខហួរ បានលើកឡើងកាលពីម្សិលមិញថា គណបក្សប្រជាជនកម្ពុជាមិនសូវជាចាប់អារម្មណ៍ក្នុងការជ្រើសរើសអ្នកនាំពាក្យដែលសកម្មមួយរូបឡើយ។ លោកស្រីបានមានប្រសាសន៍ថា “ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលថា ពួកគេគ្មានអ្នកនាំពាក្យនោះ ព្រោះថា ពួកគេមានមនុស្សជាច្រើនដែលសុទ្ធតែមានសមត្ថភាព។ ពួកគេបានគ្រប់គ្រងប្រទេសអស់ជាងពីរទសវត្សរ៍មកហើយ។ តើពួកគេពិតជាមិនអាចរកបានអ្នកនាំពាក្យមួយរូបណាសោះឬ?”។
លោក មឿន ឈានណារិទ្ធ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកព័ត៌មានបានលើកឡើងថា គណបក្សប្រជាជនកម្ពុជាកំពុងបាញ់ជើងខ្លួនឯងដោយលាក់បាំងព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយនោះ។
លោកបានមានប្រសាសន៍ថា “វាជារឿងសំខាន់សម្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងការរក្សាឲ្យមានតុល្យភាព និងអព្យាក្រឹត្យភាព ហើយយើងអាចធ្វើបានត្រឹមតែឲ្យភាគីទាំងអស់ទទួលបានព័ត៌មានពេញលេញនៃបញ្ហាមួយតែប៉ុណ្ណោះ។ ប្រសិនបើគណបក្សប្រជាជនកម្ពុជាមិននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយទេនោះ តើយើងអាចបំពេញព័ត៌មានខ្វះចន្លោះរបស់ពួកគេដោយវិធីណាទៅ?”៕ សុខុម និង ស៊ុយឈាង