យោងតាមសេចក្តីថ្លែងការណ៍មួយចេញកាលពីម្សិលមិញបានឲ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានយល់ព្រមផ្តល់ប្រាក់កម្ចីចំនួន១៨លានដុល្លារ ដើម្បីសាងសង់កំពង់ផែមួយនៅក្នុងខេត្តកំពតក្នុងគោលបំណងប្រែក្លាយតំបន់ភាគខាងត្បូងនេះឲ្យអាចទាក់ទាញភ្ញៀវទេសចរឲ្យបានកាន់តែច្រើន។
លោក Eric Sidgwick នាយកប្រចាំប្រទេសរបស់ ADB បានលើកឡើងនៅក្នុងេសចក្តីថ្លែងការណ៍មួយថា កំពង់ផែនេះនឹងបង្កើតជាស្ពានមួយរវាងកម្ពុជា និងប្រទេសជិតខាង។
លោកបានមានប្រសាសន៍ថា “ការអភិវឌ្ឍកំពង់ផែនេះនឹងជួយធ្វើឲ្យវិស័យទេសចរណ៍នៅតំបន់ភាគខាងត្បូងមានភាពប្រសើរឡើង ហើយជួយបង្កើតច្រកថ្មីមួយរវាងតំបន់ភាគខាងត្បូងនៃប្រទេសកម្ពុជា និងប្រទេសវៀតណាម ព្រមទាំងតំបន់គោលដៅផ្សេងៗទៀតនៅឈូងសមុទ្រថៃផងដែរ”។
កម្ចីនេះក៏នឹងជួយឲ្យមានការស្ថាបនាផ្លូវឲ្យកាន់តែប្រសើរ និងជួយក្នុងការគ្រប់គ្រងទឹកស្អុយនៅតំបន់ទេសចរណ៍ក្នុងខេត្តកំពត និងរមណីយដ្ឋានមាត់សមុទ្រក្នុងខេត្តកែប ព្រមទាំងនៅកោះរុង ជាកោះកំពុងត្រូវបានអភិវឌ្ឍនៅក្នុងខេត្តព្រះសីហនុផងដែរ។
គម្រោងដែលគ្រោងនឹងបញ្ចប់នៅត្រឹមឆ្នាំ២០១៩នេះមានគោលដៅពង្រឹងវិស័យទេសចរណ៍ក្រៅពីខេត្តសៀមរាប។
សេចក្តីថ្លែងការណ៍នេះមានខ្លឹមសារដូច្នេះថា “ហេដ្ឋារចនាសម្ពន្ធដឹកជញ្ជូនមិនទាន់ល្អគ្រប់គ្រាន់នៅក្នុងតំបន់គោលដៅបន្ទាប់បន្សំ តំណភ្ជាប់ទីផ្សារខ្សោយរវាងវិស័យទេសចរណ៍និងវិស័យផ្សេងៗទៀត និងសមត្ថភាពមានកំណត់នៅក្នុងការលើកកម្ពស់វិស័យទេសចរណ៍ គឺជាកត្តារារាំងសមត្ថភាពរបស់ប្រទេសកម្ពុជាក្នុងការទាញយកសក្ដានុពលឲ្យបានពេញលេញពីវិស័យនេះ”៕ស៊ុយឈាង