40.6 C
Phnom Penh

គណៈកម្មការ​សិទ្ធិមនុស្ស​​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​មើល​​​ដីសម្បទាន​នៅ​ខេត្ត​កោះ​កុង​ឡើងវិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ តំណាងរាស្ត្រ​បី​រូប​មក​ពី​គណៈកម្មការ​សិទ្ធិ​មនុស្ស​នៃ​រដ្ឋសភា​ ដែល​ដឹក​នាំ​ដោយ​លោក អេង ឆៃអ៊ាង តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ បាន​វិល​ត្រឡប់​ពីការ​បំពេញ​​បេសកកម្ម​រយៈ​ពេល​ពីរ​ថ្ងៃ​ចុះ​ទៅ​ពិនិត្យ​មើល​​ស្ថានភាព​សហគមន៍​ចំនួន​បួន​​ក្នុង​ខេត្ត​កោះ​កុង ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន​​ដែល​មាន​ដី​សម្បទាន​ឯកជន​។

លោក អេង ឆៃអ៊ាង ដែល​អម​ដំណើរ​ដោយ​លោក ឡូយ សុផាត និង​លោកស្រី ឡោក ខេង ដែល​ជា​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​មាន​ប្រសាសន៍​ថា គោល​បំណង​នៃ​ការ​ចុះ​ទៅ​ដល់​មូលដ្ឋាន​នេះ គឺ​ដើម្បី​និយាយ​ជាមួយ​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​ដោយ​សារ​វិវាទ​​ដីធ្លី​នៅ​ក្នុង​ស្រុក​ស្រែអំបិល ស្រុក​បទុម​សាគរ​ និង​ស្រុកគិរីសាគរ​។

ក្រោយ​ពី​ដំណើរ​​ចុះ​ទៅ​ដល​់​មូលដ្ឋាន​នេះ តំណាង​រាស្ត្រ​ទាំង​នេះ​បាន​លើក​ឡើង​ថា ពួក​លោក​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​មើល​ឡើង​វិញ​នូវ​សម្បទាន​ ដែល​ផ្ដល់​ឲ្យ​ក្រុម​ហ៊ុន​ពាក់​ព័ន្ធ​ដូច​ជា ក្រុម​ហ៊ុន​ Heng Huy Agricultural Group ក្រុម​ហ៊ុន Union Development Group និង​ក្រុម​ហ៊ុនពីរ​ទៀត​​ដែល​ពាក់​ព័ន្ធ​នឹង​លោក លី យ៉ុងផាត់ សមាជិក​​ព្រឹទ្ធសភា​គណបក្ស​ប្រជា​ជន​កម្ពុជា​ ដែល​មាន​ដូច​ជា​ក្រុម​ហ៊ុន Koh Kong SEZ និង​ក្រុម​ហ៊ុន Koh Kong Sugar។

លោក​ អេង ឆៃអ៊ាង បាន​មាន​ប្រសាសន៍​ថា “យើង​បាន​មើល​ឃើញ​ថា ក្រុម​ហ៊ុន​ទាំង​នេះ​មិន​បាន​គោរព​តាម​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ទេ​ ហើយ​បាន​ពាក់​ព័ន្ធ​នឹង​ការ​បណ្ដេញ​ចេញ​ទាំង​បង្ខំ និង​ការ​ដុត​បំផ្លាញ​ផ្ទះ​សំបែង​របស់​អ្នកភូមិ​ ហេតុដូច្នេះ​ហើយ​យើង​នឹង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​មើល​ [សម្បទាន​របស់​ពួកគេ]”។ លោក​បាន​មាន​ប្រសាសន៍បន្ថែម​ទៀត​ថា គណៈកម្មការ​នេះ​នឹង​កោះ​ហៅ​លោក​អភិបាល​ខេត្ត​ ប៊ុន ឡឺត និង​អាជ្ញាធរ​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ដើម្បី​ធ្វើ​ការ​សាក​សួរ​នៅ​រដ្ឋសភា​។

លោក ឡូយ សុផាត តំណាង​រាស្ត្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​​​ ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា មាន​ភ័ស្តុតាង​យ៉ាង​ច្បាស់​បង្ហាញ​ថា ក្រុម​ហ៊ុនមួយ​ចំនួន​នៅ​ក្នុង​ខេត្ត​កោះកុង “​មិន​បាន​​​គោរព​តាម​​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ទេ”។ លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា “យើង​បាន​មើល​ឃើញ​ស្ថានភាព​នៅ​ទីនេះ​ដោយ​ផ្ទាល់​ភ្នែក និង​​បាន​​ស្ដាប់​ឮ​ក្ដី​បារម្ភ​​របស់​អ្នក​ភូមិ ហើយ​មាន​ការ​យល់​ដឹង​ច្រើន​ជាង​មុន​អំពី​បញ្ហា​នៅទីនេះ​។ យើង​នឹង​បន្ត​ស៊ើបអង្កេត​ករណី​នីមួយៗ”។

លោក អុិន គង់ចិត្រ មន្ត្រី​សម្រប​សម្រួល​នៅ​អង្គការ​សិទ្ធិមនុស្ស​​​ក្នុង​ស្រុក​លីកាដូ ប្រចាំ​ខេត្ត​កោះ​កុង បាន​មាន​ប្រសាសន៍ថា គណៈប្រតិភូ​នេះ​​បានជួប​​ជាមួយ​ប្រជាពលរដ្ឋចំនួន​៥២១​គ្រួសារ​ នៅ​ក្នុង​ស្រុក​ចំនួន​បី​នេះ។ ប៉ុន្តែ​លោក​បាន​លើក​ឡើង​ដែរ​ថា លោក​មាន​មន្ទិល​ថា របាយការណ៍​របស់​គណៈកម្មការ​នេះ​នឹង​គ្មាន​ឥទ្ធិពល​លើ​ស្ថានភាព​របស់​អ្នកភូមិ​ទាំង​នេះ​ឡើយ​។

លោក​បាន​មាន​ប្រសាសន៍ទៀត​ថា “រដ្ឋាភិបាល​តែង​តែ​​ធ្វើ​អ្វី​ទៅ​តាម​បុព្វសិទ្ធិ​ផ្ទាល់​ខ្លួន ដោយ​ចុះ​ហត្ថលេខា​លើ​សម្បទាន​ដីធ្លី​ដោយ​មិន​​ស្ដាប់​ពាក្យ​បណ្ដឹង​។ ដូច្នេះ ខ្ញុំ​មិន​សូវ​មាន​សង្ឃឹម​ថា ការ​ចុះ​ទៅ​ពិនិត្យ​នេះ​​នឹង​ដោះ​ស្រាយ​វិវាទ​នេះ​បាន​ឡើយ​ ពីព្រោះ​រដ្ឋាភិបាល​​គឺ​ជា​អ្នក​ធ្វើ​សេចក្ដី​សម្រេច​ និង​ជា​អ្នក​ដែល​បាន​ចុះ​កិច្ច​សន្យា​ទាំង​នេះ​”៕ សុខុម​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស